ខ្មែរខម
មង្គលរបស់ព្រះពុទ្ធៈគោលការណ៍៣៨ប្រការដែលត្រូវប្រតិបត្តិ
ពាក្យថា “មង្គល” មានន័យថា ការរីកចម្រើន, សេចក្តីសុខចម្រើនសួស្តីដែលជាទីប្រាថ្នារបស់មនុស្ស ។ ដោយហេតុ តែចង់បានមង្គលគឺក្តីសុខចំរើននេះមនុស្សមានការប្រព្រឹត្តិផ្សេងៗគ្នា ដោយអ្នកខ្លះបួងសួងពពួកទេវតា, អ្នកខ្លះបូជាដល់អាទិទេព ឬព្រះរបស់ពួកគេ, អ្នកខ្លះបួងសួងអារក្ស, អ្នកតា, ខ្មោចព្រាយបិសាច, ជីដូនជីតាជាដើម ។
ចំពោះព្រះពុទ្ធសាសនា ការបួងសួងទាំងនេះជាទង្វើមិនត្រឹមត្រូវឡើយ។នៅក្នុងគម្ពីរមង្គលត្ថទីបនី មានដំណាលថា មុនពេលព្រះពុទ្ធបានត្រាស់ដឹងនិងជំនាន់ពុទ្ធកាល នៅប្រទេសឥណ្ឌា ដែលជាប្រទេសរុងរឿងនោះពួកលោកអ្នកប្រាជ្ញ មានការមិនចុះសម្រុងគ្នាអំពីគោលការណ៍ដែលនឹងនាំមកនូវក្តីចំរើន ឬ មង្គល រហូតដល់មានការទាស់ទែងខ្វែងគំនិតគ្នាតាំងពីពួកអ្នកប្រាជ្ញរហូតដល់មន្ត្រីរាជការ, ប្រជារាស្ត្រ និង ដល់ពពួកទេវតា ។ លុះដល់ព្រះពុទ្ធត្រាស់ដឹងក្នុងលោក ពួកគេបាននាំគ្នាចូលគាល់ និងសួរព្រះសម្មា សម្ពុទ្ធអំពីមង្គល ។
ព្រះសម្មាសម្ពុទ្ធបានសម្តែងថា មង្គលបានមកពីការប្រតិបត្តិដ៏ត្រឹមត្រូវនិងមានគោល ការណ៍ច្បាស់លាស់ ប្រកបដោយភាពវៃឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់មិនមែនបានមកពីការបួងសួង អធិដ្ឋានចំពោះព្រះ ចំពោះអាទិទេព ឬទេវតាអង្គណាឬរង់ចាំ វាសនា ពីបុព្វជាតិឡើយ ។ ព្រះអង្គបានបង្រៀនថាផ្លូវដែលនាំទៅរកក្តីសុខប្រាស ចាកកង្វល់អោយបានដល់នូវការចំរើនលូតលាស់រុងរឿង និង សន្តិភាពនោះមាន ៣៨ប្រការគឺ៖
១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ ) ។ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថាបុគ្គលពាលមាន៣ជំពូកគឺ
ក. បុគ្គលលង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញាជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬ ចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមូយ ដោយហេតុធ្វើខ្លួនអោយជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនអោយបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួនមានឱកាសកើតជាមនុស្ស។
ខ. បុគ្គលស្វែងរកក្តីសុខ ឬប្រយោជន៍ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ អ្នកដទៃ ខូចក្តីសុខអ្នកដទៃឬស្វែងរក ក្តីសុខអោយខ្លួនឯងដោយការបៀតបៀតក្តីសុខអ្នកដទៃ។
គ. បុគ្គលធ្វើអោយខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង ។
ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំងជីវលោកអោយបានប្រសើរបុគ្គលគ្រប់រូបត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សផងគ្នាប៉ុន្តែការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថាបើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទ នោះដែរ។ បុគ្គលពាលទាំង៣ជំពូកនេះ ជាប្រភេទមនុស្សគួរអោយខ្លាចជាងអ្វីៗទាំងអស់ហើយមិនគប្បី សេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះក្រៅពីធ្វើអោយយើងវិនាសប្រយោជន៍ អាសោចិកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិខាតពេលវេលា គំនិតប្រាជ្ញាទៅថែមទាំងនាំអោយយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថាប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបអ្នកហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយហើយគប្បី នៅតែម្នាក់ ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយ័ត្នហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណា នេះជាមង្គលដ៏ឧត្តម ។
២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា ) ។
បណ្ឌិត គឺលោកអ្នកដែលមានចំណេះវិជ្ជាជ្រាលជ្រៅ ហើយមានគុណធម៌ខ្ពង់ខ្ពស់និងសីលធម៌ថ្លៃថ្នូរ មិនបំផ្លាញប្រយោជន៍ និង ក្តីសុខរបស់ខ្លួននិងមិនធ្វើអោយអ្នក ដទៃខូចប្រយោជន៍ ឬ ខូចក្តីសុខមិនធ្វើអោយគេឈឺចាប់ទាំងផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀតបុគ្គលដែលជាបណ្ឌិតតែងប្រកបដោយគុណធម៌ពីរយ៉ាងគឺ៖ជាបុគ្គលខ្មាសអៀនមិនហ៊ានធ្វើអំពើអាក្រក់ (ហិរិ ) និងខ្លាចក្តីអាក្រក់មិនហ៊ានធ្វើអំពើអាក្រក់ទាំងឡាយ ទាំងក្នុងទីកំបាំងនិងទីចំហរ (ឱត្តប្បៈ )។ ព្រះពុទ្ធ បង្រៀនថា ដើម្បីបានក្តីចំរើនទាំងគំនិត ប្រាជ្ញាទាំងក្នុងសេដ្ឋកិច្ច ជីវភាព និង ដើម្បីបានជាប្រយោជន៍ទាំង ឡាយពួកបុគ្គលគប្បីខ្នះខ្នែង ស្វែងរកការសេពគប់ជាមួយបុគ្គលជាបណ្ឌិត ។ដូច្នេះកិរិយាសេពគប់នូវបុគ្គលដែលមានគតិបណ្ឌិត ជាមង្គលដ៏ឧត្តម ។
៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ )។បូជាគឺការអោយ ឬ ការគោរពប្រតិបត្តិមានពីរយ៉ាងគឺ៖
ក. បូជាដោយការអោយសម្ភារៈផ្សេងៗ (អាមិសបូជា )
ខ. បូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់និង អនុវត្តតាម (បដិបត្តិបូជា )។
ការបូជា ជាការប្រសើរប៉ុន្តែបើបូជាដល់បុគ្គលពាល គ្មានគុណធម៌ គ្មានសីលធម៌ក្រៅពីមិនបានផលល្អដល់ខ្លួនឯង និង សង្គមទៅ ក៏នៅរមែងបាននូវក្តីអន្តរាយក្តៅ ក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផងជាពិសេសនឹងក្លាយជាអ្នកលើកតំកើងសភាវៈអាក្រក់ ។ ហេតុនេះការបូជាត្រូវតែធ្វើឡើងដោយបញ្ញា គឺធ្វើចំពោះបុគ្គលដែលគួរគោរពបូជាគឺជាបុគ្គលដែលមានគុណធម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃតែងធ្វើនូវសេចក្តីសុខចម្រើន ដល់សង្គមមនុស្សជានិច្ច ។ បូជនីបុគ្គលទាំងនេះមានជាអាទិ៍ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ, មាតា, បិតា, គ្រូអាចារ្យ និងអ្នកដែលមានគុណូ បក្ការៈចំពោះខ្លួន ឬ ចំពោះសង្គមជាតិជាដើម ។ដូច្នេះការគោរពបូជាដល់បូជនីយ បុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។
៤. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោច )។
ប្រទេសដ៏សមគួរគឺប្រទេស ដែលមានសុខសន្តិភាពគ្មានសង្គ្រាមកាប់សំលាប់គ្នា និងបរិបូណ៌ដោយធម៌វិន័យ ច្បាប់ទម្លាប់ល្អប្រពៃនិងសម្បូរ ដោយអ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមានគុណធម៌ និង សីលធម៌ថ្លៃថ្នូរប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋ និងធម៌វិន័យត្រឹមត្រូវជាប្រទេសដែលមានអ្នកដឹកនាំ និង មន្ត្រីប្រកបដោយធម៌ ដឹកនាំសង្គមជាតិដោយការគោរពច្បាប់ ដោយយុត្តិធម៌ និង ជាហេតុនាំឱ្យមានក្តីចម្រើនរុងរឿង ។ការរស់នៅក្នុងប្រទេសបែបនេះជាការប្រពៃព្រោះជាគ្រឹះក្នុង ការអភិវឌ្ឍន៍គំនិតប្រាជ្ញាជាដើម ។ កិរិយារស់នៅក្នុងប្រទេសដ៏សមគួរបែបនេះជាមង្គលដ៏ឧត្តម ។
៥. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា ) ។
ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិត និងផលអាក្រក់នៃអំពើទុច្ចរិតតែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់គ្រប់យ៉ាង ហើយ រួតរះធ្វើបុណ្យរាល់ៗជាតិព្រោះអំពើល្អតែងផ្តល់ផលជាសុខ ។ ន័យនេះក៏បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាព និង លក្ខណៈសម្បត្តិគ្រប់យ៉ាង ដូចជាការត្រៀមធនធានទុកជាមុន លុះពេលត្រូវការ ក៏អាចយកសមត្ថភាព លក្ខណៈសម្បត្តិ និងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះការខិតខំលះបង់បាននូវអំពើអាក្រក់ហើយព្យាយាមធ្វើឱ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។
៦. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )។
តំកល់ខ្លួន មានន័យថាការធ្វើខ្លួននៅក្នុងប្រភេទណាមួយ ។ ប្រការនេះ បានដល់កិរិយាចេះពិចារណាឱ្យយល់ច្បាស់លាស់ថា អំពើល្អពិតជាផ្តល់ផលល្អ ឯអំពើអាក្រក់ពិតជាផ្តល់ផលអាក្រក់ ហើយក៏កើតមានសទ្ធាជឿកម្មផល យ៉ាងមុតមាំព្រមទាំងញ៉ាំងខ្លួន ឱ្យព្យាយាម ធ្វើតែអំពើល្អ មានធ្វើទាននិងរក្សាសីលជាដើម ។ កិរិយាយល់ច្បាស់អំពីវិបាកនៃកម្មហើយប្រញាប់តម្កល់ខ្លួនក្នុងទានសីល ភាវនា សមាធិអោយនៅតែក្នុងសេចក្តីព្យាយាម មិនខ្ជឹលច្រអូស តាំងខ្លួនអោយនៅក្នុងសត្តិអោយនៅ ឆ្ងាយពីការធ្វេសប្រហែស ឬមិនយកខ្លូនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ យ៉ាងនេះជាមង្គលដ៏ឧត្តម។
៧. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )។
ប្រការនេះបានដល់ការស្តាប់ ការអាននិងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្ញូវលោក និង ផ្លូវធម៌ស្តាប់ឱវាទរបស់បណ្ឌិតទាំងឡាយ និងដំបូន្មាន របស់ព្រឹទ្ធាចារ្យ មាតា បិតា គ្រូនិង រៀមច្បងជាដើម ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានសមត្ថភាពនិង មានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯង និងអ្នកដទៃយ៉ាងពិតប្រាកដ ។ ការខិតខំស្តាប់អាន និងសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
៨. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )។
ប្រការនេះបានដល់ការចេះដឹង និង ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ យ៉ាងហោចណាស់អោយស្ទាត់ជំនាញនូវ មុខវិជ្ជាណា ដែលខ្លួនបានសិក្សា (ឬ នៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ ) ដែលនាំមកនូវប្រយោជន៍ និងសេចក្តីសុខចម្រើនដល់ខ្លួនឯង និងអ្នកដទៃ ។ ដូច្នេះកិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួងជាមង្គលដ៏ឧត្តម ។
៩. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ចសុសិក្ខិតោ ) ។
វិន័យគឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។ សម្រាប់បព្វជិតបានដល់វិន័យរបស់អ្នកបួស និងច្បាប់របស់រដ្ឋជាដើម ។បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសស័ក្តមានត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើគេជាបុគ្គលអាណាចារ គ្មានវិន័យគ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះគេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញគឺបានតែពួកមនុស្សអែបអបរណេបរណបប៉ុណ្ណោះហើយមិនយូរប៉ុន្មានគេនឹងទទួលបាននូវក្តី វិនាសជាមិនខាន ។ហេតុនេះកិរិយារៀនវិន័យនិងច្បាប់រដ្ឋ និងព្យាយាមប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ ជាមង្គលដ៏ឧត្តម ។
១០. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )។
មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនង និងផ្តល់ព័ត៌មានដល់គ្នា នឹងគ្នា ប៉ុន្តែព្រះពុទ្ធបានបង្រៀនអោយយើងចេះជ្រើសរើសពាក្យសំដីសម្រាប់និយាយស្តីអោយដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ ដាំដុះសាបព្រួសយ៉ាងនោះដែរ ហើយព្រះអង្គតែងបានបង្រៀនយើងកុំអោយពោលពាក្យណាដែលធ្វើអោយអ្នកដទៃឈឺចាប់ ខូចប្រយោជន៍បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។ ពាក្យល្អ ពីរោះមានប្រយោជន៍សូម្បីតែមួយឃ្លា មួយប្រយោគ ក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាប់ប្រយោគដែរ ។ ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុគឺពាក្យដែលបុគ្គលគប្បីពោល ១០យ៉ាង គឺពោលអំពីការមិនលោភលន់១, អំពីការសណ្តោស១, អំពីការសប់សាត់កាយនិងចិត្ត១, អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម១, អំពីការព្យាយាម១, អំពីសីល១, អំពីសមាធិ១, អំពីបញ្ញា១, អំពីព្រះនិព្វាន១ និងអំពីធម៌រំលត់ទុក្ខ១ ។កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
១១-១២. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតានិងបិតា (មាតាបិតុ ឧបដ្ឋានំ ) ។
កូនប្រុស-ស្រី មានកាតព្វកិច្ចត្រូវចិញ្ចឹម មាតា បិតាធ្វើការងារជំនួសគាត់រក្សាវង្សត្រកួលឱ្យគង់វង្ស និងខ្ពង់ខ្ពស់ធ្វើខ្លួនឱ្យសមរម្យជា អ្នកទទួលមរតកពីគាត់ ធ្វើបុណ្យជូនគាត់ជាដើម ។ព្រោះថា កូនដែលដឹងគុណមាតា បិតា ហើយប្រព្រឹត្តប្រតិបត្តិគោរពមាតា បិតាដូចពោលមកនេះ រមែងមិនច្យុតឡើយ ។ ដូច្នេះកិរិយាបម្រើ ទំនុកបម្រុង មាតា បិតាជាមង្គលដ៏ឧត្តម ។
១៣. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )។
មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូនគឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១, ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិតទាំងសកម្មភាពនិងពាក្យសំដី )ជាអំពើមានតែប្រយោជន៍មិននាំផលក្តៅក្រហាយ១, ទំនុកបម្រុងកូនឱ្យបានរៀនសូត្រអោយមានចំណេះដឹងមានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១, ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១, និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១, ឈ្មោះថាជាមាតាបិតាសង្គ្រោះបុត្រយ៉ាងល្អ។ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺនិយាយពាក្យផ្អែមល្ហែមនឹងភរិយា១, មិនមើលងាយភរិយា១, មិនក្បត់ភរិយា១, ផ្គត់ផ្គង់ភរិយា១និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ឈ្មោះថាស្វាមីសង្គ្រោះភរិយា។បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថាជាអ្នកបានកសាងគ្រឺះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិ។ដូច្នេះកិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិង ភរិយាជាមង្គលដ៏ឧត្តម។
១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )។
នេះបានដល់ការចេះបែងចែកប្រភេទការងារអោយដាច់ដោយឡែកពីគ្នា និងបំពេញស្រេចរួចរាល់មិនទុកចោលកណ្តាលទី ។ អ្នកដែលធ្វើការ មិនច្របូកច្របល់គឺជាអ្នកដែលមានសេចក្តីព្យាយាម ហ្មឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។ ធ្វើបានយ៉ាងនេះពិតជានាំមកសេចក្តីចម្រើនជាលំដាប់ ។ ដូច្នេះការងារទាំងឡាយដែលមិនច្របូកច្របល់ ជាមង្គលដ៏ឧត្តម ។
១៥. កិរិយាបរិច្ចាគទាន (ទានំ ) ។
ទានគឺការអោយហើយគោលដៅនិងបំណងនៃការអោយនេះគឺមិនមែនក្នុងបំណងដើម្បីទទួលបានការតបពីគេមកវិញឡើយ។បុគ្គលដែលបានអោយរបស់អ្វីម្យ៉ាងទៅបុគ្គលណាហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយបុគ្គលនោះមិនមែនជាអ្នកធ្វើទានទេគឺជាអ្នកធ្វើវិនិយោគ។ការធ្វើទានគឺដើម្បីកាត់បន្ថយនូវគំលាតគ្នារវាងអ្នកមាននិងអ្នកក្រនិងជាការលើកស្ទួយវប្បធម៌ចែករំលែកក៏ជាវិធីដើម្បីកុំអោយមនុស្សគិតតែពីការបានដែលជាហេតុបង្កអោយមានទំនាស់ផ្សេងៗដោយសារដណ្តើមផលប្រយោជន៍។ធ្វើទានបានដល់ការធ្វើអំណោយពីរយ៉ាងគឺការឱ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជាសម្លៀកបំពាក់ចំណីអាហារផ្ទះសម្បែងនិងថ្នាំព្យាបាលរោគជាដើម ហៅថាអាមិសទានគឺការអោយវត្ថុសម្ភារៈ១ និងការឱ្យចំណេះវិជ្ជាគំនិតយោបល់ល្អដើម្បីគេបានស្គាល់ខុសត្រូវស្គាល់ផ្លូវទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់បុណ្យបាបជាដើមហៅថាធម្មទានគឺការអោយចំណេះវិជ្ជាគំនិតប្រាជ្ញា១។កិរិយាដែលបានធ្វើនូវទានទាំងពីរប្រការនេះជាមង្គលដ៏ឧត្តម។
១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា ) ។
បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១, កិរិយាមិនលួចប្លន់១, កិរិយាមិនប្រព្រឹត្ត ល្មើសក្នុងកាមតណ្ហា១, កិរិយាមិនកុហកឆបោកកេងប្រវ័ញ្ច១, កិរិយាមិនពោលពាក្យញុះញង់ អុចអាលបំបែកបំបាក់១, កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១, កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១, កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១, កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវគឺយល់ថាធ្វើល្អបានល្អ ធ្វើ អាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និង លោកិយ១ ។កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់ហើយប្រព្រឹត្តឱ្យបានត្រឹមត្រូវតាមធម៌ទាំង១០ ប្រការនេះ ជាមង្គលដ៏ឧត្តម។
១៧. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ ) ។
ដែលហៅថាញាតិ បានដល់បងប្អូនជាញាតិសន្តានទាំងពីរខាងគឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមក និងតាំងពីដូនតាទី៧ខាងបិតាចុះមក (ដែលហៅថា ញាតិប្រាំពីរ សន្តាន )។ មនុស្សល្អតែងស្រឡាញ់រាប់អាន និងសង្គ្រោះយិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយញាតិសន្តានរបស់ខ្លួនអោយ បានសិក្សាអប់រំមានមុខរបរការងារសុចរិត និង ជួយដាស់តឿនដឹកនាំអោយពួកគេដើរលើផ្លូវល្អផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយ័ត្ន ប្រយែងក្រែងក្លាយជាជនអគតិគឺលំអៀងប្រព្រឹត្តប្រាសចាកច្បាប់ និង គុណធម៌ (ដោយសារតែការយោគយល់ថា ជាសាច់ញាតិ ) ។ដូច្នេះការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយ ប្រពៃជាមង្គលដ៏ឧត្តម ។
១៨. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ ) ។
ការងារទាំងឡាយដែល ផ្ទុយនឹងអំពើអាក្រក់ទុច្ចរិត អយុត្តិធម៌ទាំងឡាយ លោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។ការងារដែលមិន មានទោសដូចជា ការ ចិញ្ចឹមមាតា បិតា គ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ផ្លូវថ្នល់ សាលារៀនជាដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះគឺជាការងារមិនមានទោស ។ការប្រព្រឹត្តតែការងារមិនមានទោស ជាមង្គលដ៏ឧត្តម ។
១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា ) ។
ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹង ឬឮ ឬឃើញគេគិត ឬកំពុងធ្វើអំពើអាក្រក់ អំពើបាបទាំងឡាយ មានការប្រព្រឹត្តខុសក្នុងុកាម ការកុហកកេងប្រវ័ញ្ច ឆបោក និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬ មានការកាប់សម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញបៀតបៀតក្តីសុខដល់គ្នានឹងគ្នាជាដើមផង ថែមទាំងមានក្តីសង្វេគតក់ស្លុតចំពោះអំពើទាំងនោះទៀតផង ។ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាប ទាំងឡាយដូចដែលបានពោលមកហើយជាដើម ព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អធ្វើអាក្រក់ពិតជា បានអាក្រក់ ។ ដូច្នេះកិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
២០. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ ) ។
នេះបានដល់ការតមសុរានិងមេរ័យគ្រប់ប្រភេទព្រោះបានយល់ច្បាស់នូវផលអាក្រក់នៃការផឹកទឹកស្រវឹងនេះ ដូចជាអស់ប្រាក់កាសខាតពេល វេលា ខូចសុខភាព ធ្វើអោយខ្សោយគំនិតប្រាជ្ញា និងជួនកាលបណ្តាលឱ្យមានកិរិយាថោកទាបនិងឈ្លោះ ទាស់ទែងគ្នាទៀតផង ។ ដូច្នេះការពិចារណាឱ្យឃើញច្បាស់ នូវទោសនៃសុរាហើយ តាំងចិត្តព្យាយាមចៀសវាងឱ្យបាននូវការផឹកទឹកស្រវឹងគ្រប់ប្រភេទ ជាមង្គលដ៏ឧត្តម ។
២១. ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ ) ។
នេះបានដល់ការមិនធ្វេសប្រហែស ភ្លេចខ្លួនព្រោះថាការបណ្តោយខ្លួនឱ្យលង់លក់ទៅក្នុងអំពើអកុសលនិងអបាយមុខមាន ស្រី ស្រានិងល្បែងស៊ីសងជាដើម គឺជាមូល ហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។បុគ្គលមិនប្រមាថរមែងមិនភ្លេចខ្លួន ហើយតែងភ្ញាក់រលឹក យល់ត្រូវជានិច្ចដែលជាកត្តានាំមកនូវសេចក្តីចម្រើនដល់ខ្លួនឯងនិងសង្គម សមដូចពុទ្ធភាសិតថា “អប្បមាទោ អមតំបទំ” ការមិនប្រមាទ ជាផ្លូវនៃក្តីមិនស្លាប់ ។ដូច្នេះការមិនប្រមាថភ្លេចខ្លួន ហើយភ្ញាក់រលឹកព្យាយាមធ្វើតែអំពើ ល្អ សុចរិតយុត្តិធម៌ ជាមង្គលដ៏ឧត្តម ។
២២. កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច ) ។
ការគោរពត្រូវប្រកបដោយអង្គបី គឺដោយ កាយគឺឱនលំទោនលើកដៃសំពះ១, ដោយវាចា គឺពោលពាក្យទន់ភ្លន់សុភាពរាបសា១និងដោយចិត្ត គឺមិនប្រមាថ មើលងាយ១ ។ ឯបុគ្គលដ៏ជាទីគោរពនោះគឺបានដល់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់ទាំងឡាយ មានព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យជាដើម១បុគ្គលដែលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាលោកជា អ្នកប្រាជ្ញ និងអ្នកដឹកនាំរដ្ឋ មានមន្ត្រី រាជការ ដែលមានភាពសុចរិតទៀងត្រង់តាំងនៅក្នុច្បាប់ជាដើម១ និងបុគ្គលដែលមានអាយុច្រើនដូចជារៀមច្បងនិងចាស់ព្រឹទ្ធាចារ្យ ជាដើម១ ។ ការធ្វើនូវសេចក្តីគោរពចំពោះគារវបុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។
២៣. កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច )។
នេះបានដល់ការខិតខំជម្រុះនូវគំនិតដែលសម្គាល់ខ្លួនឯងជាតិសាសន៍ខ្លួន ជាតិត្រកូលខ្លួន ពូជអម្បូរខ្លួនថាប្រសើរជាងគេ ។ព្រោះថាគំនិតនេះ នឹងនាំឱ្យកើតអស្មិមានៈក្នុងខ្លួន ហើយមើលងាយអ្នកដទៃដែលជាមូលហេតុអោយមានការប្រជែងវាសនា និងជាហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។ បុគ្គលទោះមានឋានៈ យសស័ក្តទ្រពសម្បត្តិ ចំណេះវិជ្ជា យ៉ាងណាក្តី បើជាបុគ្គលក្រអឺតក្រទម មិនសង្រួមទេនោះនឹងមិនទទួលបានការគោរពរាប់អាន និង កោតសរសើរឡើយប៉ុន្តែបើបែរជាបានវិញគឺបានតែពីសំណាក់ពួកជនប្លមប្រចុបប្រចែង និងជនពាលតែប៉ុណ្ណោះ ។ ដរាបណាគំនិតប្រកាន់ពូជសាសន៍ជាតិ ត្រកូលនិងអស្មិមានៈបានត្រូវលះបង់អស់ ហើយ ហើយប្រព្រឹត្តធ្វើតែអំពើល្អព្រោះក្តីមិនប្រមាថ ដរាបនោះសេចក្តីសុខចម្រើននឹងកើតមានជាមិនខាន ។ ដូច្នេះការប្រព្រឹត្តបន្ទាបខ្លួនជាមង្គលដ៏ឧត្តម ។
២៤. សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច ) ។
នេះបានដល់សភាពនៃចិត្តដែលត្រេកអរទៅតាមមានតាមបាន គឺទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួនដែលមាន ។ព្រះពុទ្ធបានបង្រៀនមនុស្ស អោយចេះខិតខំប្រងប្រែងព្យាយាមបំពេញការងារអោយយ៉ាងអស់ពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន ប៉ុន្តែ ការដែលបានសម្រេចសម តាមបំណងប៉ុណ្ណាក៏តោងចេះអោយតម្លៃ និង ពេញ ចិត្តរបស់ទាំងនោះ ព្រោះថាក្នុងលោកនេះ ប្រសិនបើមនុស្សប្រាថ្នាអ្វីបានហ្នឹងនោះពិភពលោកមុខជាមិនបានគង់វង្សមកដល់ថៃ្ងនេះទេ ។ ម្យ៉ាងសោតរឿងពិតក្នុងលោកតែងតែមានការមិនសមបំណងជារឿយៗ ហេតុនេះដើម្បីរស់នៅដោយចុះសម្រុងនិងមានក្តីសុខនោះ គឺត្រូវចេះទទួលស្គាល់ការពិតនិង ស្កប់ស្កល់ ចំពោះអ្វីដែលបានមកពីការខិតខំរបស់ខួន ។ បុគ្គលដែលមានសណ្តានចិត្តសណ្តោស រមែងមិនភ្លើតភ្លើន លោភលន់ ភ្លេចខ្លួនរហូតមើលងាយ ឬច្រណែននឹងអ្នកដទៃ នៅពេលដែលខ្លួនមានលាភយសស័ក្តិទ្រព្យសម្បត្តិក្តី ឬធ្លាក់ខ្លួនក្រខ្សត់ បាត់យសស័ក្តិក្តី ។ ដូច្នេះការព្យាយាមអប់រំចិត្តខ្លួនឱ្យបានជាចិត្តសណ្តោសយ៉ាងនេះ ជាមង្គលដ៏ឧត្តម។
២៥. ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ( កតញ្ញូតា ) ។
បុគ្គលបែបនេះឈ្មោះថា កតញ្ញូបុគ្គល ។ បុគ្គលកតញ្ញូដែលបានតបស្នងសងឧបការ គុណគេវិញឈ្មោះថា កតញ្ញូតកត្តវេទីបុគ្គល ។ឯបុគ្គលដែល បានធ្វើឧបការគុណ គឺសេចក្តីល្អគ្រប់យ៉ាងដល់អ្នកដទៃឈ្មោះថាបុព្វការី ។ មាតា បិតា ជាបុព្វការីរបស់កូន ព្រោះលោកបានបង្កើតព្រោះលោកបានបង្ហាត់បង្រៀនបុត្រ ។ ព្រះសម្មាសម្ពុទ្ធជាបុព្វការីរបស់ពុទ្ធបរិស័ទ និងមនុស្ស សត្វទាំងឡាយព្រោះព្រះអង្គបានព្យាយាមរកឃើញនូវមាគ៌ារំដោះទុក្ខ គឺអដ្ឋង្គិកមគ្គដើម្បីមនុស្ស សត្វ ទេព្តាទាំងអស់ ៘ បើមិនមាន បុព្វការីជន មានមាតា បិតាជាដើមទេនោះ សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីកចម្រើនបានឡើយ តោងប្រយ័ត្នបុគ្គល ខ្លះដឹងថាយើងជាមនុស្សមិនបំភ្លេចគុណ និងតែងតបស្នងសងគុណគេវិញជាប្រក្រតីនោះ ក៏បានឆ្លៀតឱកាសបង្កហេតុហើយធ្វើជាមកជួយយកអាសារយើង ដើម្បីអោយយើងជំពាក់គុណគេ (ទើបគេអោយយើងធ្វើអ្វីម្យ៉ាងដែលនាំមកនូវផលអាក្រក់ណាមួយ ) ។ ដូច្នេះការខិតខំកសាងខ្លួនឱ្យបានជា កតញ្ញូតកវេទីបុគ្គលផងទាំងបុព្វការីបុគ្គលផង ជាមង្គលដ៏ឧត្តម ។
២៦. កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ ) ។
ធម៌ជាផែនទីសម្រាប់ស្វែងរកកំណប់គឺផលប្រយោជន៍ និងក្តីសុខក្នុងជីវិត ។ ប្រការនេះបានដល់ការខិតខំឆ្លៀតពេលដ៏មមាញឹកនៃជីវិតប្រចាំថៃ្ង ទៅស្តាប់ព្រះធម៌យ៉ាង ហោចណាស់មួយអាទិត្យបានម្តងព្រោះថាធម៌គឺជាគុណជាតិ បំភ្លឺបង្ហាញប្រាប់ឱ្យ ស្គាល់ខុស ស្គាល់ត្រូវគុណទោស ល្អអាក្រក់ បុណ្យបាប យ៉ាងសត្យានុម័តដែលអាចយកទៅប្រព្រឹត្តបានសេចក្តីសុខខ្លួន ឯងនិងសង្គមជាតិ (ចំពោះទស្សនៈដែលថា ចាំដល់ចាស់ ឬ ពេលចូលនិវត្តន៍ពីការងារ សឹមស្តាប់ធម៌នោះជាទស្សនៈមិនទាន់ត្រឹមត្រូវឡើយ ) ។ ដរាបណាមានអ្នកប្រព្រឹត្តប្រតិបត្តិធម៌គឺសេចក្តីល្អកាន់តែច្រើន ដរាបនោះសង្គមជាតិនិងពិភព លោកកាន់តែរីកចម្រើននិងសុខសាន្ត ។ ដូច្នេះការព្យាយាមស្តាប់ធម៌តាមកាល ជាមង្គលដ៏ឧត្តម ។
២៧. សេចក្តីអត់ធ្មត់ (ខន្តិ ច ) ។
ខន្តីគឺសភាពនៃចិត្តស្ងៀមស្ងាត់ស្ងប់រំងាប់នឹងនរទោះត្រូវរងនូវអំពើអាក្រក់បែបណាមួយដូចជារងការប្រមាថមើលងាយ ឬភាពអយុត្តិធម៌ជាដើម ។ តាមធម្មតាក្នុងស្ថានភាពបែបនេះ អ្នកដែលគ្មានខន្តីរមែងមានសេចក្តីក្រោធខឹងក្តៅក្រហាយជាប្រាកដហើយតែងតបទៅវិញដោយអំពើហិង្សា ឬ ពាក្យទ្រគោះ ដោយប្រការណា មួយមិនខានដែលជាហេតុនាំមកនូវជម្លោះគ្រប់ប្រភេទ ។ ចំណែក ឯអ្នកមានខន្តីធម៌វិញពេលរងនូវអំពើអាក្រក់បែបណា រមែងមិនក្រោធខឹង មិនក្តៅក្រហាយផ្តេសផ្តាសឡើយហើយតែងមានប្រតិកម្មទៅវិញដោយអហិង្សាប្រកបដោយវិចារណញ្ញាណយ៉ាងថ្លៃថ្នូរបំផុត ដែលជាហេតុនាំមកនូវសុខសន្តិភាពយ៉ាងប្រពៃ ប្រការនេះគួរតែមិនមែនមានន័យថា ទោះជាត្រូវរងគ្រោះអយុត្តិធម៌យ៉ាងណាក៏មិនអើពើឡើយ ។ តាមពិតបើឃើញថាគួរតែឆ្លើយតបនោះគឺតោងតែឆ្លើយតបប៉ុន្តែធ្វើដោយចិត្តស្ងប់ មិនមែនធ្វើតាមកំហឹង ។ដូច្នេះការព្យាយាមកសាងអប់រំខ្លួនឱ្យមានសណ្តានចិត្តប្រកបដោយខន្តីគឺសេចក្តី អត់ធន់ដ៏ប្រពៃហើយ ជាមង្គលដ៏ឧត្តម ។
២៨. ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា ) ។
មនុស្សប្រដៅដោយងាយគឺជាអ្នកដែលឆាប់ទទួលយកនូវដំបូន្មានឪពុកម្តាយ គ្រូ អាចារ្យចាស់ព្រឹទ្ធាចារ្យ និងមតិយោបល់របស់បណ្ឌិតទាំងឡាយព្រោះភាពខ្លួនជាអ្នកឈ្លាសវៃមានការចេះដឹងច្រើនឆាប់ពិចារណាឃើញនូវហេតុផលច្បាស់លាស់ ថែមទាំងជាបុគ្គលមាន ចិត្តបើកទូលាយបន្ទាបខ្លួន មិនប្រកាន់មានៈ តែ ទោះយ៉ាង ណាតោងតែធ្វើដោយបញ្ញាប្រយ័ត្នត្រូវជនពាលបញ្ចុះបញ្ចូល អូសទាញអោយលុះក្នុងគំនិត គិតខុស។ឯអ្នកដែលមិនលុះតាមដំបូន្មានមាតាបិតានិងបណ្ឌិតជាដើមក៏ព្រោះតែភាពនៃខ្លួនជា អ្នកមិនឆ្លៀសវៃ មិនមានការចេះដឹងម្ល៉ោះហើយក៏មានការងងឹតងងល់ក្នុងអស្មិមានៈយ៉ាងធ្ងន់ធរ ។មានតែការខិតខំរៀនសូត្រ និងស្តាប់ធម៌ ទេសនាជាដើមទេទើបអាចធ្វើខ្លួនឱ្យទៅជាបុគ្គលងាយប្រដៅបាន ។ ដូច្នេះការខិតខំកសាងខ្លួនឱ្យបានក្លាយជាបុគ្គល ដែលគេងាយប្រដៅ ជាមង្គលដ៏ឧត្តម ។
២៩. កិរិយាបានឃើញ បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ (សមណានញ្ច
ទស្សនំ )។
សមណៈគឺជាបព្វជិតដែលលះបង់ផ្ទះទៅបួសហើយខិតខំប្រព្រឹត្តប្រតិបត្តិធម៌ធ្វើកាយវាចាចិត្តឲ្យសប់សាត់ចាកកិលេសគឺលោភៈទោសៈមោហៈមានឥរិយាបថសប់សាត់ស្រគត់ស្រគំគួរជាទីគោរពជ្រះថ្លានៃជនទាំងពួង។លើសពីនេះទៅទៀតសមណៈទាំងឡាយលោកតែងឲ្យដល់អ្នកដែលបានមកជួបនូវដំបូន្មានដ៏ប្រពៃជាមាគ៌ា សម្រាប់ប្រព្រឹត្តប្រតិបត្តិឲ្យបានសុខចម្រើនក្នុងជាតិនេះនិងជាតិខាងមុខ។ដូច្នេះការបានជួបនឹងសាមណៈទាំងឡាយជាមង្គលដ៏ឧត្តម។
៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា) ។នេះបានដល់ការចេះបែងចែកពេលវេលាឲ្យមានឱកាសសម្រាប់ជួបជុំគ្នាញឹកញាប់ ដើម្បីពិក្សាផ្លាស់ប្តូរយោបល់គ្នាអំពីធម៌វិន័យក្រោមអធិបតីភាពនៃ លោកអ្នកចេះដឹងជ្រៅជ្រះ ដែលជាអ្នកមានគុណធម៌និងសីលធម៌ខ្ពង់ខ្ពស់ ដើម្បីអាចបំបាត់នូវចមល់គ្រប់យ៉ាងបាន ។ មួយសោតដើម្បីពិភាក្សាដោះស្រាយនូវបញ្ហានានា និងស្វែងរកនូវការចុះសម្រុងគ្នា ។ទង្វើបែបនេះ ក៏ជាការសាបព្រួសនូវវប្បធម៌អហឹង្សា និងសន្តិភាពផងដែរ ។ធ្វើយ៉ាងនេះគឺពិតជាបានបង្កើតនូវការចេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយច្បាស់លាស់ជាបន្តបន្ទាប់ដែលអាចយកទៅប្រព្រឹត្តប្រតិបត្តិបានត្រឹមត្រូវនិងកើតផលប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិពិតប្រាកដ ។ដូច្នេះកិរិយាចូលរួមក្នុងការសន្ទនាសាកសួរសីលធម៌តាមកាលជាមង្គលដ៏ ឧត្តម។
៣១. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច ) ។
បាបធម៌បានដល់លោភៈគឺការជាប់ចិត្តលោភលន់ហួសហេតុទៅលើសម្ភារៈគ្រប់យ៉ាង១, ទោសៈគឺចិត្តប្រទូសរ៉ាយស្អប់ក្រោធខឹងគ្រប់យ៉ាង១និងមោហៈគឺក្តីងងឹតងងល់វង្វេងវង្វាន់មានកាប់សម្លាប់លួចបន់និងកុហកឆបោកកេងប្រវ័ញ្ចជាដើម។រីឯតបៈធម៌បានដល់ការព្យាយាមដុតបំផ្លាញនូវកិលេសទាំងបីខាងលើផងនិងព្យាយាមកសាងនូវអំពើល្អគ្រប់យ៉ាងមានទានសីលភាវនាសាងផ្លូវថ្នល់សាលារៀនជាដើមផងដែលសុទ្ធតែមានប្រយោជន៏ដល់ខ្លួនឯងនិងសង្គមជាតិយ៉ាងពិតប្រាកដ។ដូច្នេះសេចក្តីព្យាយាមដុតនូវបាបធម៌ជាមង្គលដ៏ឧត្តម។
៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច ) ។
នេះបានដល់កិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរទាំង៨យ៉ាងគឺ៖មិនសម្លាប់ជីវិតសត្វ១, មិនលួចប្លន់១, មិនប្រព្រឹត្តស្នេហា១, មិនភូតកុហក១, មិនផឹកទឹកស្រវឹង១, មិនបរិភោគពេលរសៀលនិងយប់១, មិនរាំច្រៀងលេងភ្លេងនិងមិនតុបតែងកាយដោយគ្រឿងអលង្ការ១, មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីដ៏ប្រសើរពេក១។នេះគឺជាការប្រព្រឹត្តសង្រួមកាយវាចាចិត្តយ៉ាងប្រពៃដែលមានប្រយោជន៍ដល់ខ្លួនឯងព្រោះបានធ្វើចិត្តឲ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដល់សង្គមជាតិព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ។ដូច្នេះកិរិយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម។
៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ )។
អរិយសច្ចធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់៤យ៉ាងគឺទុក្ខសច្ចៈសេចក្តីទុក្ខ១, សមុទយសច្ចៈហេតុនៃសេចក្តីទុក្ខ១, និរោធសច្ចៈទីដែលក្តីទុក្ខត្រូវបានរំលត់១, និងមគ្គសច្ចៈវិធីរំលត់ទុក្ខ១។សេចក្តីពិតនៃជីវិតមនុស្សសត្វទេព្តាក្នុងត្រៃភពគឺពោរពេញទៅដោយសេចក្តីទុក្ខប្រែប្រួលឥតខ្លឹមសារទាំងអស់។មូលហេតុនៃសេចក្តីទុក្ខនេះគឺបណ្តាលមកពីជីវិតដែលពោរពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង។ដរាបណាកិលេសតណ្ហាត្រូវបានរំលត់អស់ហើយដរាបនោះសេចក្តីទុក្ខក៏មិនមានទៀតឡើយ។ព្រះអរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធានសុទ្ធតែបានយល់ច្បាស់នូវអរិយសច្ចធម៌នេះហើយព្យាយាមប្រព្រឹត្តប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ាដើម្បីរំលត់ទុក្ខប្រកបដោយអង្គ៨គឺអដ្ឋង្គិកមគ្គទើបបានរំលត់កិលេសតណ្ហាឆ្លងផុតពីសេចក្តីទុក្ខគ្រប់យ៉ាង។ដូច្នេះកិរិយាឃើញនូវអរិយសច្ចធម៌ជាមង្គលដ៏ឧត្តម។
៣៤.កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច ) ។នេះបានដល់ការប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់ សីល សមាធិបញ្ញា ឲ្យចេញជាលទ្ធផលច្បាស់លាស់ ។ ព្រះនិព្វានគឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨គឺសម្មាទិដ្ឋិ ការយល់ឃើញត្រឹមត្រូវពិតប្រាកដ ១, សម្មាសង្កប្បៈ ការត្រិះរិះត្រឹមត្រូវគឺគិតនិងរំលត់តណ្ហា១, សម្មាវចាពោលតែពាក្យត្រឹមត្រូវ១, សម្មាកម្មន្តៈ ប្រព្រឹត្តធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១, សម្មាអាជីវៈប្រកបមុខរបរត្រឹមត្រូវ ដោយចៀសវាងនូវអំពើបាប៥ យ៉ាងមានការលក់មនុស្សជាដើម១, សម្មាវាយាមៈ ខំព្យាយាមត្រឹមត្រូវគឺព្យាយាមលះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើឲ្យអស់និងព្យាយាមចៀសវាងមិនធ្វើអំពើអាក្រក់ជាថ្មីទៀត, ព្យាយាមរក្សាគុណធម៌និងសេចក្តីដែលមានស្រាប់អោយតាំងនៅ និងកាន់តែ ចម្រើនឡើង, ព្យាយាមសាងគុណធម៌និងក្តីល្អដែលមិនទាន់មាន អោយមានជាប្រាកដ១, សម្មសតិ ការរលឹកដ៏ត្រឹមត្រូវមានការរលឹកនូវ វេទនាខាងក្នុង និងវេទនាខាងក្រៅជាដើម១, និងសម្មាសម្មាធិ ការតម្កល់ចិត្តឲ្យនឹងខ្ជាប់ខ្ជួនក្នុងអារម្មណ៍តែមួយ១ ។ដូច្នេះការប្រព្រឹត្តប្រតិបត្តិក្នុងមាគ៌ាប្រកបដោយអង្គ៨ រហូតធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោកជាមង្គលដ៏ឧត្តម ។
៣៥. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ) ។លោកធម៌គឺជាធម្មជាតិជាទីប្រាថ្នានិងជាទីស្អប់របស់មនុស្សនិងជាធម៌ដែលតែងកើតមាននៅក្នុងលោក ដល់មនុស្សគ្រប់រូបមិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬ មិនចេះធម៌ឡើយ ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬ ជាសាសនិករបស់សាសនា ណាមួយឡើយ ។ លោកធម៌មាន៨ប្រការគឺការមានលាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភសក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១ ។ អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធាន រមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង ៨ នេះឡើយទើបពួកលោករមែងរស់នៅជាក្សេមក្សាន្តជានិច្ច ។ ដូច្នេះការព្យាយាមអប់រំចិត្តឲ្យបានទៅជាចិត្ត ដែលមិនញាប់ញ័រដោយលោកធម៌ទាំង ៨ នេះជាមង្គលដ៏ឧត្តម ។
៣៦. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ ) ។
មនុស្សគ្រប់រូបតែងតែជួបនូវអារម្មណ៍គឺហេតុការណ៍គ្រប់យ៉ាងរាល់នាទីនៃជីវិតរបស់ខ្លួន។ជាការពិតណាស់តាំងពីភ្ញាក់ពីដំណេកដឹងខួនឡើងត្រចៀកជួបនឹងសម្លេងភ្នែកជួបនឹងរូបច្រមុះជួបនឹងក្លិនអណ្តាតជួបនឹងរសជាតិកាយប៉ះនឹងវត្ថុគ្រប់យ៉ាង។អារម្មណ៍ទាំងនេះខ្លះជាទីពេញចិត្តនាំឲ្យសប្បាយខ្លះជាទីស្អប់ខ្ពើមនាំឲ្យខឹងមួម៉ៅក្តៅក្រហាយ។ប៉ុន្តែព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធចាកកិលេសតណ្ហាលោភៈទោសៈមោហៈហើយនោះលោកមិនសោយសោកក្តៅក្រហាយនឹងអារម្មណ៍ទាំងឡាយនោះឡើយ។ដូច្នេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅជាមង្គលដ៏ឧត្តម។
៣៧. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ ) ។
នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបីគឺលោភៈចិត្តស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាងដែលនាំឲ្យមានសេចក្តីលោភលន់គ្មានទីបំផុត១, ទោសៈចិត្តថ្នាំងថ្នាក់ស្អប់ខ្ពើមក្រោធខឹងទោមនស្សប្រទូស្តនឹងសម្ភារៈគ្រប់យ៉ាងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១, មោហៈចិត្តវង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុចរឹត១។ដូច្នេះកិរិយាអប់រំចិត្តឲ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេសជាមង្គលដ៏ឧត្តម។

៣៨. ចិត្តក្សេមក្សាន្ត (ខេមំ) ។
នេះបានដល់សន្តានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយដែលមានព្រះពុទ្ធ ជាប្រធានដែលបានឆ្លងផុតពីអន្លង់ទាំង៤គឺ៖អន្លង្ល់គឺកាមតណ្ហា១, អន្លង់គឺភពទាំងបី១, អន្លង់គឺទិដ្ឋិយល់ខុស១និងអន្លង់គឺអវិជ្ជាការមិនយល់មិនដឹងនូវសច្ចធម៌១។ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤ហើយគឺជាចិត្តស្អាតបរិសុទ្ធនិងស្ងប់ក្សេមក្សាន្តក្រៃលែង។ដូច្នេះកិរិយាខំកសាងខ្លួនគឺអប់រំចិត្តឲ្យបានទៅជាចិត្ត ក្សេមក្សាន្តយ៉ាងនេះជាមង្គលដ៏ឧត្តម។បុគ្គលទាំងឡាយណាបានខិតខំកសាងខ្លួនដោយខិតខំប្រព្រឹត្តិប្រតិបត្តិនូវមង្គលទាំង៣៨ប្រការនេះឲ្យបរិបូ ណ៌ហើយរមែងមិនចាលចាញ់ក្នុងទីទាំងពួងរហូតសម្រេចមគ្គផលនិព្វានជាទីអវសាន៕

(ថ្ងៃទី 25 កញ្ញា 2009)
ផ្សាយដោយ http://www.cambodiaonlinenews.com/
ឧបករណ៍ភ្លេងបុរាណខ្មែរ៖ ខ្សែដៀវ
ខ្សែដៀវ ឬសាយដៀវ(អាចហៅថាសាដៀវក៏បាន)
គឺជាឧបករណ៍ភ្លេងមួយមានវ័យចំណាស់ជាងគេទាំងអស់ក្នុងចំណោមឧបករណ៍ភ្លេង
ខ្មែរទាំងឡាយ។ ឧបករណ៍គឺជាឧបករណ៍ខ្មែរតន្ត្រីខ្មែរសុទ្ធសាធ ទាំងរូបរាង
ទាំងសំនៀង ព្រមទាំងវត្ថុធាតុដើមដែលផ្សំឡើង។
ពាក្យថាខ្សែដៀវ មានន័យថា ខ្សែមួយ
ហើយនេះជាលក្ខណៈពិសេសរបស់ឧបករណ៍ខ្សែដៀវនេះ។
គេតែងតែចាប់អារម្មណ៍យ៉ាងខ្លាំងនូវគំនិតច្នៃប្រឌិតរបស់
បុព្វបុរសខ្មែរយើង ដែលលោកបានបង្កើតឧបករណ៍ដែលមានសូរស័ព្ទយ៉ាងពិសេស
លន្លង់លន្លោចនេះឡើង។
ខ្សែរដៀវមានអាយុរាប់ពាន់ឆ្នាំមកហើយ
ដែលខ្មែរយើងនៅរក្សាបានរហូតមកទល់សព្វថ្ងៃនេះ។
ខ្សែដៀវគឺជាឧបករណ៍ដែលប្រើប្រាស់នៅក្នុងវង់ភ្លេងការ ភ្លេងអារក្ស
ដែលមានកំណើតមុន ឬដំណាលគ្នានិងសម័យព្រះថោងនាងនាគ។ បច្ចុប្បន្ននេះ
ឧបករណ៍ខ្សែដៀវនេះគឺនៅសល់តិចតួចបំផុត
ដោយសារតែអ្នកចេះលេងពុំសូវមានច្រើន ព្រមទាំងវាជាឧបករណ៍ដែលពិបាករៀន
និងពិបាកកេះឲ្យចេញជាសំនៀង។
ខ្សែដៀវ
គឺជាឧបករណ៍បុរាណខ្មែរដែលមានភាពស្រឡះស្រឡំស្រស់ជាងគេ
មានប្រអប់សំនៀងធ្វើពីសំបកផ្លែឃ្លោកទុំ(ឃ្លោកក្អម)
និងមានខ្សែលួសស្ពាន់តែមួយសរសៃចងសន្ធឹងពីចុងដងទៅព្រលួត(របួត)។
គេដាក់សំបកឃ្លោកជាប់ទៅនឹងដង ត្រង់កន្លែងដែលចងសំបកឃ្លោក។
សំបកឃ្លោកនេះមិនមានពាសស្បែកអ្វីទេ។ នៅពេលសំដែង
អ្នកលេងយកសំបកឃ្លោកដែលចំហម្ខាងនេះទៅផ្ទប់ផ្អិបថ្នមៗ
ជាប់នឹងដើមទ្រូង ឬពោះ ដើម្បីឲ្យមានសម្លេងខ្ទ័រងំ។
នៅពេលដែលគេចង់ធ្វើឲ្យមានសម្លេងញ័រ គេត្រូវអង្រួនសំបកឃ្លោក។
គេច្រើនប្រើខ្សែដៀវនៅក្នុងវង់ភ្លេងការ
ភ្លេងអារក្ស ឬក៏សំដែងទោលដូចចាប៊ីដងវែងដែរ។ ដងនិងព្រលួត
ខ្សែដៀវធ្វើពីឈើខ្លឹម ដែលមានបញ្ចុះភ្លុក ឬឆ្អឹងជាគ្រឿងលំអ។
នៅខាងចុងដែលពត់ងខ្វង់ឡើងនោះ គេមានឆ្លាក់ជាក្បាច់ក្បាលនាគយ៉ាងសង្ហា។
ខ្សែដៀវមានបណ្តោយប្រវែង ០,៨០ ម៉ែត្រ
ព្រលួតមានប្រវែង ០,១៥ ម៉ែត្រ រីឯមុខសំបកឃ្លោកវិញ មានបន្ទាត់ផ្ចិតប្រវែង
០,២០ ឬ ០,២៥ ម៉ែត្រ។ គេកេះខ្សែដៀវ នឹងក្រចកដែកធ្វើពីបំពង់ស្ពាន់
កាត់រាងបញ្ឆិត ហើយដែលអ្នកលេងពាក់នៅចុងម្រាម ចង្អុរខ្មោច ឬនាងដៃស្តាំ។
នៅពេលកេះ គេតែងយកមេដៃទៅប៉ះនឹងខ្សែ ហើយដកមកវិញយ៉ាងរហ័ស
ដើម្បីធ្វើអោយមានសម្លេង តូមៗ។ បើពុំធ្វើដូចនេះទេ
វានិងគ្មានបញ្ចេញសម្លេងអ្វីឡើយ។ គេប្រើម្រាមដៃឆ្វេង
សម្រាប់ចុចសង្កត់ខ្សែនៅជិតសំបកឃ្លោក ដែលផ្អោបខ្ទប់ទៅនឹងដើមទ្រូងនោះ។
ខ្សែដៀវជាឧបករណ៍
ភ្លេងមួយដែលបន្លឺសម្លេងផ្តក់ ដាច់ៗ កាត់ៗ ពីមុខពីក្រោយឧបករណ៍ដទៃទៀត
ធ្វើឲ្យគេឭសូរសម្លេងវាលេចធ្លោពីចន្លោះ សម្លេង ឧបករណ៍ផ្សេងៗ
នៅពេលប្រគំ។
ដកស្រង់ចេញពី៖ សៀវភៅកម្រងឯកសារស្តីពី ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ និពន្ធដោយលោក មៀចប៉ុណ្ណ
អ្នកប្រហែលជាធ្លាប់បានឭហើយនូវឃ្លា មួយដែលចាស់ៗតែងនិយាយថា “ ដើរអោយមានបី ស្រដីអោយមានបួន”។ តើអ្នកដឹងថាឃ្លានេះមានន័យយ៉ាងដូចម្តេចដែរឬទេ? ប្រសិនបើអ្នកមិនបានដឹងទេនោះ អត្ថបទនេះប្រហែលជាអាចបកស្រាយនូវចម្ងល់ពីឃ្លាមួយនេះដល់អ្នកបាន។ដើរអោយមានបី ស្រដីអោយមានបួនមានន័យដូចម្តេច?
+ដើរអោយមានបី
ឃ្លានេះមានន័យថា នៅពេលធ្វើដំណើរទៅណាមកណា ទោះយប់ក្តីថ្ងៃក្តី គួរគប្បីរកគ្នាអោយបានបីនាក់ព្រោះថា៖
-
ការដែលមានគ្នាបីនាក់គឺវាងាយស្រួលក្នុងការរក្សាគ្នា។
ឧទាហរណ៍ណោពេលមានម្នាក់ឈឺទៅមិនរួច នៅមានពីរជួយសែងគ្នា
ឬរត់ហៅអោយគេជួយ រីឯម្នាក់ទៀតនៅថែរក្សា។
- បានគ្នាជាសាក្សី : នៅពេលដែលមានមនុស្សពីរនាក់មានទំនាស់នឹងគ្នា គឺនៅសល់ម្នាក់ទៀតដឹងឭ ជួយការពារ ឬឃាត់។
- បើជាជូនដំណើរនរណាម្នាក់ ពេលត្រឡប់មកវិញបានគ្នាពីរនាក់មិនបារម្មណ៍ខ្លាចខ្មោចលង ឬចោរខ្មាំងនៅតាមផ្លូវ។
+ស្រដីអោយមានបួន:
ក្នុងន័យនេះ មានន័យថា យើងត្រូវចេះប្រើសំដីអោយពិរោះពិសា ចៀសវាងពាក្យទ្រគោះបោះបោក។
- ប្រើសំដីដែលជាទីពេញចិត្ត និងជាទីស្រលាញ់របស់អ្នកដ៏ទៃដោយមិនចាក់ដោតឆ្កិះឆ្កៀល ឬមើលងាយគេឯង។
- ប្រើសំដីសច្ចៈ ពិតទៀងត្រង់ យុត្តិធម៌ មិនភូតភរ។
- ប្រើសំដីជាធម្ម
គឺមិនបៀតបៀនខ្លួនឯង ឬអ្នកដទៃ។
សំដីទាំងបួននេះហើយដែលពេញលេញជាសំដីរបស់សង្ឃ ពោលគឺពាក្យសង្ឃ
ពាក្យសត្យ(សច្ចៈពិត)។
ទាន : ការធ្វើអំណោយ
សីល: ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០មួយដងមួយកាល
បរិច្ចាក: ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ
អាជ្ជវៈ : មានសេចក្តីទៀងត្រង់
មន្ទវៈ : មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា
តបៈ : ការកាន់ឧបោសថសីល តាមកាលកំណត់ម្តងៗ
អាក្រោធនៈ : មិនធ្វើអោយអ្នកដ៏ទៃក្តៅក្រហាយ
អវិហឹសា : មិនបៀតបៀនអ្នកដ៏ទៃ
ខន្តិ : មានសេចក្តីអត់ធន់
អវិរោធនៈ : មិនបំពានលើធម៌ លើច្បាប់។
ដកស្រង់ចេញពី៖ សៀវភៅវិញ្ញាសា វប្បធម៌ទូទៅ របស់លោក ប៉ែន ពុទ្ធសភា ឆ្នាំ ២០០៦
អ្នកប្រាកដជាធ្លាប់លឺហើយអំពីពាក្យថាទសពិធរាជធម៌ ដែលតែងតែនិយាយបរិយាយពីព្រះមហាក្សត្រ។តើពាក្យនេះមានន័យយ៉ាង ដូចម្តេច? ពាក្យថាទសពិធរាជធម៌ គឺជាធម៌ទាំង១០ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តដែលក្នុងនោះ មាន៖តើទសពិធរាជធម៌គឺជាអ្វី?
ទាន : ការធ្វើអំណោយ
សីល: ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០មួយដងមួយកាល
បរិច្ចាក: ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ
អាជ្ជវៈ : មានសេចក្តីទៀងត្រង់
មន្ទវៈ : មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា
តបៈ : ការកាន់ឧបោសថសីល តាមកាលកំណត់ម្តងៗ
អាក្រោធនៈ : មិនធ្វើអោយអ្នកដ៏ទៃក្តៅក្រហាយ
អវិហឹសា : មិនបៀតបៀនអ្នកដ៏ទៃ
ខន្តិ : មានសេចក្តីអត់ធន់
អវិរោធនៈ : មិនបំពានលើធម៌ លើច្បាប់។
ដកស្រង់ចេញពី៖ សៀវភៅវិញ្ញាសា វប្បធម៌ទូទៅ របស់លោក ប៉ែន ពុទ្ធសភា ឆ្នាំ ២០០៦
No comments:
Post a Comment