ទំលាក់ មួយវិចារ »
កំណត់់ហេតុរបស់ ជីវ តាក្វាន់
លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុង
ភូមិភាគចិនខាងត្បូង ។
លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ
១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់
គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ
ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។
កំណត់ហេតុដែលត្រូវបានបកប្រែជាភាសាខ្មែរដោយលោក លី ធាមតេង បោះពុម្ពផ្សាយ
នៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១
ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០
ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ
និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់
កត់ត្រាតាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក
ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ
ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី
ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក
និងទាសាទាសី ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក
ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់
សត្វអូសទាញ និងការជួញដូរ
នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។
ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង
និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់
ត្រូវបានកែប្រែនៅសតវត្សទី១៩ ។
ប្រពៃណីអ្នកស្រុកចេនឡា
សេចក្ដីផ្ដើម
រឿងរ៉ាវទាំងនេះ លោក ជីវ តាក្វាន់ បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់ (ក្នុងរាជ្យព្រះបាទ ងន់ ចេង) គឺនៅស្រុកវ៉េងតា ហើយក្រោយមកលោក ហ្កូវ គង់ បានកែសម្រួលក្នុងរវាងរាជសន្តតិវង្ស ម៉េង (សតវត្សទី១៣‑១៤) ក្នុងស្រុកសេងអាន (ខេត្តហូណាន់) ។ សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ ៖
ចេនឡា ឬចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា “កាន់ផៃចី” តាមកំណត់ខ្លះរបស់ពួកបស្ចិមប្រទេស បានហៅថា កាំពូចី ដែលមានសម្លេងស្រដៀងនឹង “កាំពួចេ” ដែរ ។
ខ្ញុំចាប់ធ្វើដំណើរចេញពីស្រុកអ៊ូជីវ (ខេត្តជាក់កាង) តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងគូយ និងគង់តុង កាត់សមុទ្រ “ឈិតជីវ” ទៅដល់សមុទ្រ “កាវជីវ” ក៏បានទៅដល់ទីក្រុង “ចាម” បន្តដំណើរបណ្ដោយខ្យល់ចេញពីក្រុងចាមទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ?) ដែលជាព្រំដែននៃប្រទេសនេះ ។ លុះចេញពី ចេង ផូវ ទៅទៀតឆ្លងសមុទ្រឃុនលុន ក៏
ទៅដល់មាត់ពាម
គឺបែកចេញពីមាត់សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់ ។
ក្នុងបណ្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ ទើបអាចចូលទៅបាន
ក្រៅពីនេះគេដឹងថា
មានទឹករាក់ណាស់នាវាធំៗមិនអាចធ្វើដំណើរបានឡើយ ។
ត្រង់ពាមជាមាត់ច្រកនោះ ឃើញមានព្រៃស៊ុបទ្រុប
ហើយក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបូស និងអំពៅព្រៃ
ដុះបែកផ្កាសសំព្រូស
ម៉្លោះហើយអ្នកដំណើរពិបាកចំណាំផ្លូវរកច្រកចូលទៅណាស់ ។
ចូល
ផុតពីមាត់ពាម
ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈដំណើរប្រមាណកន្លះ
ខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេណាំ (ឆ្នាំង?) ដែលជាខេត្តមួយនៃប្រទេសនេះ ។ លុះធ្វើដំណើរពី ឆេណាំ បណ្ដោយតាមទឹកហូរទៅជើងអស់រយៈ១០ថ្ងៃទៀត កាត់ភូមិពូឡូវឈឹង (ប្រែថាភូមិកណ្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ) ឆ្លងកាត់សមុទ្រទឹកសាប (ទន្លេសាប) ទៅទៀត ទើបបានដល់ទីក្រុងកាងពាងឈូ (កំពែងជួរ?) ។
ក្រុងនេះមានទំហំ ៥០ លី (១ លីប្រវែង ១.៨០០ ហត្ថ)
បើតាមសៀវភៅពួកបស្ចិមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី ៧.០០០ លី
និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចម៉្បា
គឺត្រូវធ្វើដំណើរអស់ពេលកន្លះខែ
ខាងនិរតីនៅឃ្លាតពីស្រុកសៀមចម្ងាយផ្លូវកន្លះខែដែរ
នៅខាងត្បូងឃ្លាតពីទីក្រុង “ហួងអ៊ូ” ចម្ងាយផ្លូវ១០
ថ្ងៃ ឯខាងកើតប្រទេសគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទង
ខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង ។
នៅ
គ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល)
បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល (មេទ័ពធំ)
ឈ្មោះ ជុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាម បានចាត់មន្ត្រី២នាក់ គឺលោក ហ៊ូ ប៉េកហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ ឲ្យទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុកមិនឲ្យមកវិញ ។ លុះមកដល់រជ្ជកាលស្ដេច ងន់ ចេង (គ.ស
១២៩២) ខែទី៦ ព្រះរាជាអង្គនេះ
ទ្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា
ហើយពេលនោះខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ ។
គឺនៅក្នុងខែទី២ នៃឆ្នាំបន្ទាប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ
នោះមកទៀត ។ លុះថ្ងៃ១៥ ខែទី៣ ទើបមកដល់ទីក្រុងចាម ។
នៅកណ្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ
ដែលជាហេតុនាំឲ្យមានការរអាក់រអួលក្នុងដំណើរ ។
ដល់មកខែ៧ដែលជាសរទរដូវទើបបានមកដល់ប្រទេសនេះ
ព្រមចំណុះចុះចូលទៅ (ព្រមទទួលរាក់ទាក់បេសកជន) ។
លុះដល់មករជ្ជកាលស្ដេច តាយ តេក (គ.ស ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ ទើបនាវាចូលចតដល់កំពង់ផែស្រុកស៊ីម៉េង ។
ចំពោះ
រឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ
ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន
តែខ្ញុំបានដឹងដោយត្រួសៗ អាចនឹងជម្រាបជូនបានដែរ ។
១. បរិវេណនៃទីក្រុង
បរិវេណ
នៃទីក្រុងនេះ មានទំហំ ២០ លី មានទ្វារ៥ ។
ទ្វារទាំងនោះសុទ្ធតែសាងកម្រាស់ជា២ជាន់ក្នុងក្រៅ
គឺនៅទិសខាងកើតមានទ្វារ២ ។ ក្រៅពីនេះ
ក្នុងមួយទិសមានទ្វារតែមួយទេ ។ នៅក្រៅកំពែងក្រុង
សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្រឡាយនោះ
មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននីមួយៗ
មានទេវរូបថ្ម៥៤ ដូចជារូបមេទ័ពថ្មដ៏ធំៗដូច្នេះដែរ ។
រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំង៥ ។ បង្កាន់ដៃស្ពានទាំងនេះ
គេធ្វើអំពីថ្មហើយមានឆ្លាក់ជារូបពស់ដ៏ធំ (នាគ) ដែលមានក្បាល៩
ឯរូបថ្មទាំង៥៤នោះ
សុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់ឲ្យស្ទុះទៅ
រួច ។ នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម៥អង្គ
បែរភ័ក្ត្រទៅទិសខាងលិច ហើយមួយអង្គដែលស្ថិតនៅចំកន្ដាលគេ
មានទឹកមាសល្អស្រស់ផង ។ នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត ។
កំពែង
ទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថ
តម្រៀបថ្មយ៉ាងជិតហើយមាំណាស់ ។ នៅពីលើគ្មានស្មៅដុះឡើយ
តែនៅចន្លោះមួយដុំៗមានដាំដើមជ្រៃ ។ ឯផ្ទៃក្នុងនៃកំពែង
ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ ហត្ថនោះ
ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់ ។
លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ
មានទ្វារធំៗដែលបិទជិតនៅពេលយប់
ហើយបើកចំហនៅពេលថ្ងៃតាំងពីព្រលឹម
និងមានអ្នកយាមប្រចាំការជានិច្ច ។ សត្វឆ្កែ
គេមិនឲ្យចូលក្នុងទ្វារនេះទេ ។
ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនឲ្យចូលដែរ ។
កំពែងព័ទ្ធជុំវិញនោះ មានជ្រុងជ្រោយល្អណាស់
ហើយនៅត្រង់ជ្រុងនីមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់
ជ្រុង ។
នៅ
កណ្ដាលទីក្រុងនេះ មានប្រាសាទមាសមួយ (ប្រាសាទបាយ័ន្ត)
និងនៅជិតខាងនេះមានប្រាង្គប្រសាទជាង២០ទៀត
ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង ។
នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមខាងឆ្វេង
និងខាងស្ដាំស្ពានមាស ។ មានព្រះពុទ្ធរូបមាស៨អង្គ
តម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា ។
នៅខាងជើងប្រាសាទមាសចម្ងាយប្រមាណជាងមួយលី
មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទមាស
គួរឲ្យគយគន់ណាស់ ។ ចំពីក្រោមប្រាសាទស្ពាន់នេះ
ឃើញមានបន្ទប់ថ្មប្រហែលជា១០ដែរ ។
ចេញពីនេះទៅខាងជើងថែមមួយលីទៀត
គឺជាព្រះរាជដំណាក់ដែលស្ដេចគង់នៅ ។
នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត ។
ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា
ថ្កុំថ្កើងរុងរឿងណាស់ ។
ចេញពីកំពែងតាមទ្វារខាងត្បូងទៅចម្ងាយប្រមាណជាជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាមានចេតិយ លូប៊ូន (ប្រាសាទ
អង្គរវត្ត) សង់តែមួយយប់ ។ ផ្នូរសព ឬចេតិយ លូប៊ូន
ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី
ហើយមានបរិវេណព័ទ្ធជុំវិញប្រមាណជាង១០លី
និងមានបន្ទប់ថ្មជាច្រើនរយទៀតផង ។
នៅស្រះខាងកើតកំពែងនគរប្រមាណចម្ងាយ១០លី មានប្រាសាទថ្មីមួយទៀត
(ប្រាសាទមេបុណ្យខាងលិច
ដែលគេច្រឡំថាជាទិសខាងកើត)ដ៏មានបរិវេណព័ទ្ធជុំវិញប្រវែង១០០
លី ។ នៅក្នុងប្រាសាទនេះ
មានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំពីស្ពាន់
ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត
ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ ។
នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ៥លី មានប្រាសាទមាសរាង៤ជ្រុង
(ទំនងជាប្រាសាទនាគព័ន្ធ) និងមានបន្ទប់ថ្មជាច្រើនរយ
ហើយនៅក្នុងនោះ គេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី
រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា ។
២. ដំណាក់‑លំនៅឋាន
ព្រះ
ដំណាក់ ផ្ទះនាម៉ឺនមន្ត្រី
និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត ។
ព្រះរាជដំណាក់ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស
ហើយនៅជិតមាត់ទ្វារដ៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី ។
ក្បឿងប្រក់តួប្រាសាទកណ្ដាលធ្វើពីសំណរ
ឯអគារផ្សេងទៀតសឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង ។ សសរ
និងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗ
តែភាគច្រើនគឺរូបព្រះពុទ្ធ ។ ដំបូលទាំងនោះល្អមើលណាស់ ។
របៀងប្រាសាទ និងថែវយ៉ាងវែង អាចដើរបានជាផ្លូវខ្វាត់ខ្វែង
ហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់ ។
ទីនេះជាកន្លែងព្រះរាជវាំងដែលស្ដេចទ្រង់ប្រកបកិច្ចការផែនដី
មានបង្អួចមាសមួយនៅខាងស្ដាំ
និងខាងឆ្វេងនៃកន្លែងស្ដេចគង់ប្រថាប់
មានសសរបួនជ្រុងតម្កល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិប
ឬហាសិបបន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ
កំណល់ទ្រមានរូបរាងជាដំរី (ត្រង់នេះគឺបុស្បុកមួយ
ដែលមានសសរបួន និងក្បាច់លម្អដោយកញ្ចក់ជើងទ្រធ្វើជារូបដំរី
តែលោក ជីវ តាក្វាន់ សរសេរថាជាស៊ុមមួយ ព្រោះឃើញមានគែមក្របជុំវិញ) ។
ខ្ញុំ
ឮគេនិយាយថា ទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់
ប៉ុន្តែបម្រាមតឹងតែងពេក មិនអាចអនុញ្ញាតឲ្យចូលមើលបាន ។
ក្នុងបណ្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកណ្ដាលប្រាសាទ
មានប្រាង្គមាសមួយ ហើយថារាល់យប់
ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ ។
អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា
នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ក្បាលប្រាំបួន (ពស់ក្បាលប្រាំបួននេះ គឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ឯនាគចិនមានជើង ក្បាលតូច ឥតពពារទេ) ។
បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់
បិសាចតែងតំណែងខ្លួនជាមនុស្សស្ត្រី
ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី
ឬស្នំស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ ។
លុះដល់មជ្ឈិមយាម ទើបស្ដេចចេញមកពីនាងពស់នោះ
មករួមរ័ក្សនឹងមហេសី ឬស្ត្រីស្នំដទៃទៀតបាន ។
បើបាត់ពស់នោះមិននិម្មិតមកទេ
នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេច
ហើយរឿងរ៉ាវអាក្រក់នឹងកើតឡើង ។
បើស្ដេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយ
ពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ ។
បន្ទាប់
មក ដំណាក់ព្រះញាតិវង្ស ឬលំនៅនាម៉ឺន‑មន្ត្រីធំៗ
សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ ។
ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ
និងវិហារទេដែលប្រក់ក្បឿង ។
ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅតាមលំដាប់យសសក្តិនៃម្ចាស់ផ្ទះ
ផង ។
ចំណែក
ផ្ទះប្រជារាស្ត្រវិញ សុទ្ធតែប្រក់ស្លឹក (ឬស្បូវ)
គេមិនហ៊ានប្រក់ក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន
តែមិនហ៊ានសង់ឲ្យដូចលំនាំអ្នកធំឡើយ ។
៣. សម្លៀកបំពាក់ និង គ្រឿងអលង្ការ
អ្នក
ស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ
ទាំងស្រីទាំងប្រុសសុទ្ធតែបួងសក់ទាំងអស់ ហើយគេលែងខ្លួនទទេស្អាត
មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចងពុង
ហើយបើត្រូវការចេញទៅណាមកណា គេយកកំណាត់មួយផ្ទាំងទៀតធំជាងមុន
មករុំស្រោបថែមពីលើ ។ ការស្លៀកពាក់នេះ
មានលក្ខខណ្ឌទៅតាមឋានៈទៀត ។ ព្រះពស្ត្ររបស់ស្ដេច
មានតម្លៃជាមាសបី ឬបួនតម្លឹង
គឺល្អដាច់ពីសម្លៀកបំពាក់អ្នកផងទាំងពួង ។ អ្នកស្រុកនេះ
ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម
និងចាមផងដែរ ។ សំពត់ពិសេសមកពីបស្ចិមប្រទេសដែលមានសាច់ម៉ដ្ធល្អ
មានតែស្ដេចទេដែលមានប្រើ គឺជាសំពត់ផ្កាសរសៃសូត្រឆ្មារ ។
ស្ដេចពាក់មកុដមាស បើជួនកាលមិនពាក់មកុដទេ
គឺពាក់កម្រងផ្កាដូចជាផ្កាម្លិះជាដើម ព័ទ្ធជុំវិញព្រះសិរ ។
នៅលើកំពូលព្រះកេស មានស្នៀតសក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង ។
គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ត
មានទម្ងន់ដល់ទៅជាងបីនាឡិ ។
នៅគ្រប់តែម្រាមមានពាក់ចិញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា ។
បាតព្រះហស្ត និងបាតព្រះបាទមានលាបពណ៌ក្រហម
ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗតែងកាន់ព្រះខ័នមាសមួយ
ជានិច្ច ។
ចំណែក
ប្រជារាស្ត្រវិញ
មានតែស្ត្រីភេទទេដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន
ឯប្រុសៗមិនហ៊ានលាបទេ ។ ព្រះញាតិវង្ស
និងមន្ត្រីធំអាចប្រើកំណាត់ផ្ការង្វើលៗបាន
ឯមន្ត្រីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុណ្ណោះ
ចំណែករាស្ត្រសាមញ្ញ បើស្រីៗអាចប្រើសំពត់ផ្កាបានខ្លះដែរ ។
ជនជាតិ
ចិនដែលទើបនឹងមកដល់ប្រទេសនេះថ្មីៗ
ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ
ព្រោះគេសន្មតថាជាពួកមិនទាន់ដឹងទំនៀម អ្នកស្រុកហៅថា ពួកង៉ានទីង ប៉ា ឆា (មិនដឹងភាសា?) ។
៤. អំពីមន្ត្រី
ប្រទេស
នេះមានរដ្ឋមន្ត្រី មេទ័ព និងហោរា ហើយមន្ត្រីក្រោមពីនោះ
មានច្រើនឋានៈទៀត ដូចជានៅប្រទេសចិនដែរ ប្លែកគ្នាតែឈ្មោះហៅ ។
មន្ត្រីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច
បើមានអ្នកក្រៅចូលធ្វើជាមន្ត្រីផងទាល់តែអ្នកនោះយកកូនទៅថ្វាយ
ឲ្យធ្វើជាស្នំស្ដេច ។ ការធ្វើដំណើរនៃមន្ត្រីទាំងនោះ
គេសម្គាល់តាមគ្រឿងហែហមតាមឋានៈ ។
អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន ។
អ្នកបន្ទាប់មកទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ
ចុះមកទៀតមានគ្រែស្នែងមាសដែរ តែក្លស់ដងមាសមួយ ។
អ្នកតូចមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ ។
អ្នកតូចបន្តមកចេះតែថយមកក្លស់ដងមាសតែមួយ
រួចក្លស់ដងប្រាក់មួយ ឥតមានគ្រែស្នែង ។
ចំពោះមន្ត្រីដែលត្រូវជិះគ្រែស្នែងប្រាក់ និងក្លស់ដងមាសមួយឡើងទៅ សុទ្ធតែហៅថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នកដែលមានតែក្លស់ដងប្រាក់ ហៅថា “សីឡាត់ទី” (ស្រិស្ធិន?) ។
ក្លស់នោះ គេយកសំពត់ជាតីសូត្រដែលធ្វើមកពីប្រទេសចិនពាស
ហើយទម្លាក់ចុងរំភាយចុះសឹងដល់ដី ។ ឯឆ័ត្រតាំងយូរ
គេយកសំពត់សូត្រពណ៌ខៀវមកពាស ហើយទម្លាក់រំភាយខ្លីបន្តិចដែរ
រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង ។
៥. អំពីលទ្ធិសាសនាបីបែប
អ្នកចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ានឃាប (ទំនងមកពីពាក្យ “បណ្ឌិត”) លោកសង្ឃគេហៅថា ជូគូ (ប្រហែលមកពីពាក្យ “ចៅគូ”) ពួកតាបសគេហៅ ប៉ាស៊ីវ៉ី (ប្រហែលមកពីពាក្យ “បស្វៈ” ឬ “បស្វិ”) ។
ដែលហៅថា ប៉ានឃាប នេះ
មិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា
ឬទីកន្លែងរៀនសោះ
ខ្ញុំឃើញតែរូបពួកនេះឯងដែលស្លៀកពាក់ដូចតែជនធម្មតាដែរ
ប៉ុន្តែមានប្លែកត្រង់ពាក់អំបោះសវេញមួយខ្សែនៅក ហើយអំបោះនេះ
ពាក់ជាប់នឹងកអស់មួយជីវិត ។ គេតែងរើសយកពួក ប៉ានឃាប នេះឯង ធ្វើជាមន្ត្រី ព្រោះគេទុកជាអ្នកចេះដឹងជាន់ខ្ពស់ហើយ ។
ចំណែក
លោកសង្ឃវិញ កោរព្រះកេស គ្រងចីវរពណ៌លឿងបញ្ចេញស្មារខាងស្ដាំ
ហើយនិមន្តដោយជើងទទេ ឥតពាក់ស្បែកជើងឡើយ ។ ព្រះវិហារមួយ
គេអនុញ្ញាតឲ្យប្រក់ក្បឿងបាន
ហើយនៅកណ្ដាលព្រះវិហារនោះមានតម្កល់ព្រះពុទ្ធរូបមួយអង្គ
ដែលមានភិនភាគដូចជាព្រះសក្យមុនីដែរ (តាមមហាយាន
គេជឿថា មានព្រះពុទ្ធ២អង្គ គឺព្រះពុទ្ធដើមនៅឋានសួគ៌នាម
“អាមិតាតៈ” និងព្រះពុទ្ធដែលត្រាស់ដឹងនៅស្ថានមនុស្សនាម “សក្យមុនី”) គេហៅថា “ពុតឡៃ” លាប
លនពណ៌ក្រហម ដោយគេយកដីសមកសូនធ្វើ ហើយលាបពណ៌ផ្សេងៗ
គ្មានភិនភាគអ្វីក្រៅពីនេះទេ ។ មានព្រះពុទ្ធរូបតូចៗច្រើនអង្គទៀត
មានព្រះភក្ត្រមិនដូចគ្នាទេ ច្រើនតែកសាងអំពីស្ពាន់ ហើយគ្មានជួង
ស្គរ រគាំង ទង់អ្វីទាំងអស់ ។ ព្រះសង្ឃឆាន់ត្រីសាច់បាន
តែមិនឆាន់ស្រាទេ
ហើយគេអាចរៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង ។
ក្នុងមួយថ្ងៃលោកនិមន្តទៅបិណ្ឌបាតពីផ្ទះបាសកតែមួយដងទេ
ហើយគ្មានរៀបដណ្ដាំស្លនៅក្នុងវត្តឡើយ ។
លោកឆាន់មួយដងក្នុងមួយថ្ងៃ ។
ធម៌
ដែលលោកសូត្រមានច្រើនណាស់ គេចងក្រងនៅនឹងស្លឹកតាលព្រឹក្ស
ដិតស្នាមអក្សរពណ៌ខ្មៅ តែមិនមែនសរសេរដោយជក់ ឬខ្មៅដុសឡើយ ។
ខ្ញុំមិនដឹងគេសរសេរដោយអ្វីទេ (ការពិតគេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងមកលុប ទើបបានជាស្នាមខ្មៅនេះ) ។
គេមានយកគ្រែស្នែង និងក្លស់ដងមាស ឬដងប្រាក់
មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ
ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស ។
ប៉ុន្តែពុំឃើញមានដូនជីនៅក្នុងវត្តទាំងនោះទេ ។
រីឯពួកតាបសដែលហៅ ប៉ាស៊ីវ៉ី នេះស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំណាត់ពណ៌ស ឬពណ៌ក្រហម របៀបដូចពួកស្រីតារតា
នៃជាតិម៉ុងហ្គោលដែរ តែទាបជាងបន្តិច ។
ពួកនេះមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរ តែមានទំហំតូចជាង ។
លទ្ធិពួកតាបសនេះ គ្មានឥទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ ។
ពួកគេគោរពចំពោះតែថ្មមួយដុំធំ (លិង្គ)
ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ ។ ប្រភពក្ដី
របៀបប្រតិបត្តិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ ។
ពួកនេះមានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតឲ្យប្រក់ក្បឿងបានដែរ ។
ពួក ប៉ាស៊ីវ៉ី មិនបរិភោគរបស់អ្នកដទៃទេ
ហើយមិនបរិភោគនៅចំពោះទីសាធារណៈផង ហើយមិនសេពសុរាជាដាច់ខាត ។
ខ្ញុំមិនដែលឃើញតាបសសូត្រធម៌
ឬក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ ។
ចំណែក
ក្មេងកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រ
គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃ ហើយបួសជាសង្ឃផង
លុះដល់អាយុច្រើនក៏វិលត្រឡប់មកកាន់ជីវភាពជាជនធម្មតាវិញ ។
ឯការល្អិតល្អន់ជាងនេះទៅទៀត ខ្ញុំមិនបានដឹងឲ្យច្បាស់លាស់ឡើយ ។
៦. អំពីអ្នកស្រុក
តាម
ទម្លាប់របស់ពួកមនុស្សដែលមិនទាន់ស៊ីវិល័យ
ច្រើនតែមានរូបឆោមខ្មៅគម្រីងគម្រាំង
មិននិយមទៅនៅលើកោះដែលសម្បូណ៌ដោយទឹកទេ
ចូលចិត្តតែនៅក្នុងភូមិឆ្ងាយដាច់ស្រយាលពីគេ ។
ទម្លាប់បែបនេះជាការពិតណាស់ ។
ចំណែក
ស្ត្រីក្នុងវាំង
ឬស្ត្រីក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន
ព្រោះតែគេមិនងាយប្រទះនឹងកម្ដៅថ្ងៃឡើយ ។ តាមធម្មតាទាំងស្រី
ទាំងប្រុស
គ្មានស្លៀកដណ្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹង
ចង្កេះនោះទេ ។ គេលែងខ្លួនទុកដើមទ្រូងនៅកណ្ដាលវាល ឯសក់បួង
ជើងទទេ គ្មានស្បែកជើងឡើយ ទោះជាស្ត្រីមហេសីស្ដេចក៏ដោយ ។
ព្រះ
មហាក្សត្រមានមហេសីប្រាំអង្គ គឺអគ្គមហេសីមួយ
និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ ។ ចុះពីនោះមក
ខ្ញុំឮថាមានស្ត្រីស្នំ បួនពាន់ ឬប្រាំពាន់នាក់
ហើយមានចែកជាជាន់ថ្នាក់
និងមិនឲ្យចេញដើរទៅណាមកណាផ្ដេសផ្ដាស់ឡើយ ។
ខ្ញុំចូលទៅក្នុងវាំងពេលណា
ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី ហើយគង់ប្រថាប់នៅក្នុងស៊ុមមាស (បុស្បុកដែលជាទីប្រថាប់ក្នុងក្រឡាព្រះគំនាល់)
នាល្វែងកណ្ដាលធំទូលាយ ។ ចំណែកមន្ត្រី អ្នកក្នុងវាំងវិញ
នាំគ្នាទៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្តិ
រៀងខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក ។
ខ្ញុំបានចូលទៅឃើញម្ដង គឺឲ្យតែនរណាមានកូនក្រមុំល្អ
ច្បាស់ជាត្រូវគេហៅឲ្យនាំចូលទៅក្នុងវាំង ។
ពួកស្រីនៅខាងក្រោយនេះ ដែលដើរច្រវាត់ចេញចូលបម្រើគេហៅថា “តាំងកេឡាង” (ស្រឹង្គារ?) ។
ពួកនេះមានចំនួនមិនតិចជាងមួយពាន់ ឬពីរពាន់នាក់ទេ
តែអាចយកប្ដីរស់នៅជាមួយអ្នកធម្មតាបាន ។
ស្ត្រីទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាស់បន្តិច
ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង
ហើយគេលាបជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសង
ខាង ។ នេះហើយជាសញ្ញាសម្គាល់ពួក តាំងកេឡាង ឬ ជេនគាឡាង គឺ
មានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន ឯអ្នកថយថោកពីនេះទៀត
ចូលទៅកាន់ផ្លូវខ្វែងខ្វាត់ខាងក្រោមប្រាសាទនោះមិនបានទេ ។
ស្ត្រី
អ្នកភូមិធម្មតា ក៏បួងសក់ដែរ ប៉ុន្តែគ្មានសៀតស្នៀតសក់
និងតុបតែងលម្អលើសក់ក្បាល ឬលម្អមុខឡើយ ។
នៅកដៃមានពាក់កងមាសនៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស ។
ម្យ៉ាងទៀត ពួកជេនគាឡាង និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី សុទ្ធតែលាបប្រេងក្រអូបដែលផ្សំធ្វើឡើងពីជាតិឈើក្រអូប និងក្រលៀនប្រើស ។
គ្រប់គ្រួសារទាំងអស់សុទ្ធតែគោរពប្រណិបតន៍ព្រះពុទ្ធ ។
ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ ឬលើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយ
ណាស់មានបំណងទាក់ទងពួកចិនៗ ដូរយករបស់មានតម្លៃ ដែលជាទម្លាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ ។
៧. អំពីស្ត្រីសម្រាលកូន
ស្រី
អ្នកស្រុកនេះ ក្រោយដែលសម្រាលកូនរួចទៅ
គេយកបាយក្ដៅប្រឡាក់លាយអំបិល ហើយញាត់ចូលទៅក្នុងទ្វារមាស
លុះដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ ។ ការធ្វើដូច្នេះ
ជាហេតុនាំឲ្យមិនសូវមានជម្ងឺ
និងឲ្យបានរួមទ្វារមាសតូចដូចជាស្រីក្រមុំទៀតផង ។
កាលខ្ញុំទើបនឹងដឹងរឿងនេះដំបូង ឆ្ងល់ថា
ក្រែងមិនពិតដូច្នោះទេដឹង ? ព្រោះថា បើបានជាមានប្ដី
និងមានកូនទៅហើយ ចុះម៉េចខ្លាចគេដឹងរឿងនេះទៀត ?
ប៉ុន្តែនៅនឹងផ្ទះដែលខ្ញុំសំណាក់នៅមានស្រីម្នាក់សម្រាលកូន
ដែលជាហេតុនាំឲ្យខ្ញុំដឹងរឿងនេះច្បាស់លាស់ៈ
នៅក្រោយពេលសម្រាលកូនហើយ មួយថ្ងៃទៀត
ស្រីនោះពរកូនខ្ចីទៅមុជទឹកទន្លេ
ដែលជាការចម្លែកមិនដែលជួបប្រទះទេ ។
នៅ
ពេលដែលខ្ញុំទៅជួបនឹងគេម្ដងណា គេតែងពោលថា
ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់ ។
ក្រោយពេលដែលសម្រាលកូនហើយមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ
គេក៏រួមដំណេកជាមួយប្ដីទៀតហើយ ។
បើប្ដីនោះបំពេញចំណង់ខ្លួនមិនបានទេ
នឹងត្រូវគេបោះបង់ចោលដូចពួកបូយឆេង (ពួកដែលគេទិញដាច់មិនឲ្យទៅនៅមានប្រពន្ធកូនឡើយ)
មិនខាន ។ ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ពេលច្រើនយប់
ចាប់ពីដប់យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីឲ្យថា
“ខ្ញុំមិនមែនស្រីខ្មោចទេ
តើឲ្យខ្ញុំដេកម្នាក់ឯងម្ដេចនឹងបាន ?” ។
ខ្ញុំឮថាមានស្ត្រីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន ។
ស្រីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី
ឆាប់មានកូនពេក ។ មនុស្សដែលមានអាយុ ២០ ឬ ៣០
គឺប្រហែលគ្នានឹងជនជាតិចិនដែលមានអាយុ ៤០ ឬ ៥០ ឆ្នាំដូច្នោះដែរ ។
៨. អំពីស្ត្រីក្រមុំ
ពួកឪពុក ម្ដាយដែលមានកូនស្រី តែងឲ្យពរកូនថា “សូមឲ្យឯងទៅអនាគតបានជាស្រីដែលមានប្ដីរាប់រយពាន់ (ឲ្យមានគេស្រឡាញ់ច្រើន)” ។
កូន
ស្រីក្នុងគ្រួសារអ្នកមាន ចាប់ពីអាយុ ៧ ទៅ ៩ ឆ្នាំ
គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ ឆ្នាំ គេនិមន្តលោក
ឬតាបសមកបើកមុខកូនស្រីហៅថា ឆឺនថាន ។
ពិធី
នេះ រាជការដាក់កម្រិតឲ្យធ្វើមួយឆ្នាំម្ដង
នៅក្នុងខែដែលត្រូវនឹងខែទី៤របស់ចិន
ដោយរើសយកថ្ងៃណាមួយធ្វើតែម្ដង ។
អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជម្រាបរាជការជាមុន
ហើយអ្នករាជការ គេក៏ឲ្យទៀនធំមួយដើមមកទុកមុន
និងមានគូសគំនូសមួយជាកំណត់សញ្ញាផងថាដល់ពេលយប់ធ្វើពិធីនេះ
បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយត្រូវចាប់ពិធី ឆឺនថាន ឡើង ។
នៅ
មុនពេលដែលធ្វើពិធីនេះមួយខែ ឬកន្លះខែ ឬដប់ថ្ងៃ
ឪពុកម្ដាយត្រូវជ្រើសរើស លោក ឬតាបសណាមួយ ប្រកាន់ទុកជាមុន
ទោះបីនៅវត្តណាក៏ដោយ ក៏តែងតែមានគេទៅនិមន្តដែរ ។
លោក
គ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្ត្រី
ឬអ្នកមានគេនិមន្តទុកអស់ហើយ
ឯអ្នកក្រពុំអាចជ្រើសរើសរកលោកបានតាមចំណង់ឡើយ ។ មន្ត្រី
ឬអ្នកមាន គេបូជាលោកនូវសុរា អង្ករ កំណាត់សំពត់ ស្លាម្លូ
និងគ្រឿងប្រាក់យ៉ាងច្រើនរហូតដល់ទៅ ១០០ អម្រែកផង
ហើយមានតម្លៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០ ឬ ៣០០ តម្លឹងឡើយ ។
អ្នកមានរបស់របរតិច ក៏គង់ ៣០‑៤០ ឬ ១០‑២០ អម្រែកដែរ ។ ដូច្នេះ
គ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១
ឆ្នាំទើបចាប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះឯង ។
មាន
អ្នកខ្លះ
គេជួយលុយដល់កូនអ្នកក្រឲ្យធ្វើពិធីនេះដែលគេទុកជាការសាងកុសល
មួយដែរ ។ ក្នុងមួយឆ្នាំ លោក
ឬតាបសមួយអង្គអាចទទួលនិមន្តធ្វើពិធីនេះឲ្យក្មេងស្រីបានតែមួយ
នាក់ទេ
បើលោកយល់ព្រមនឹងអ្នកណាមួយហើយមិនអាចទទួលអ្នកដទៃទៀតបានទេ ។
នៅ
ពេលយប់ដែលធ្វើពិធីនេះ គេមានរៀបចំគ្រឿងស៊ីផឹក
និងភ្លេងភ្លាត់ទ្រហឹងអឹងកង ។ ក្រៅពីការជួបជុំញាតិមិត្តជិតឆ្ងាយ
គេមានសង់ធ្វើជារោងមួយ តម្កល់រូបមនុស្ស
រូបសត្វដែលសូនធ្វើអំពីដី ។ អ្នកមានយសសក្ដិ
ធ្វើរូបនេះដល់ទៅជាងដប់ ឯអ្នកហោចមក ក៏មានបី ឬបួនដែរ ។
ចំពោះ
អ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ
គិតតែរៀបពិធីតែម្ដងទៅ លុះដល់គ្រប់ពេលប្រាំពីរថ្ងៃ
ទើបគេរុះរោងនោះចេញ ។ នៅយប់ដែលធ្វើពិធីនោះទៀត
គេយកគ្រែស្នែងទៅនិមន្តលោក ហើយបាំងក្លស់
និងលេងភ្លេងដង្ហែនាំយកមក ។
គេមានកូនតូបពីរដូចគ្រែស្នែងដែរដែលបិទបាំងលម្អដោយព្រែពណ៌
ភ្លឺព្រាល ។ តូបមួយសម្រាប់ឲ្យកូនស្រីនោះអង្គុយ ឯតូបមួយទៀត
សម្រាប់លោក ឬតាបសគង់សូត្រធម៌ តែខ្ញុំមិនដឹងជាលោកសូត្រអ្វីឡើយ ។
ពេលនោះភ្លេងក៏ប្រគុំឮគឹកកងរំពងដែរ ។
ខ្ញុំឮថាយប់នេះគ្មានត្រណមអ្វីទេ គ្រាន់តែដឹងថា
ដល់ពេលវេលាភ្លាម លោក ឬតាបសនោះក៏ចូលទៅក្នុងបន្ទប់ជាមួយកូនស្រី
ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា ។
ខ្លះថាឪពុកម្ដាយ និងញាតិមិត្ត យកទៅផ្ដិតនឹងថ្ងាស់
ឬមុខរៀងខ្លួន ។ ខ្លះទៀតថា យកមកភ្លក្សគ្រប់គ្នា ហើយខ្លះថា
លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា ឥតមានទេ ។
រឿងនេះ គេមិនឲ្យពួកចិនបានឃើញផ្ទាល់ទេ ហេតុនេះ
ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ ។
លុះ
ដល់ពេលទៀបភ្លឺ ទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេង
និងបាំងក្លស់នាំយកទៅវិញ ហើយគេយករបស់ល្អៗ មានព្រែពណ៌ជាដើម
ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ ។ បើពុំធ្វើដូច្នេះទេ
កូនស្រីនេះមិនអាចយកទៅឲ្យមានប្ដីដទៃទៀតបានឡើយ
ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ ។
ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃទី៦ ខែទី៤ នៃឆ្នាំ តេងអ៊ីវ ក្នុងរជ្ជកាលស្ដេច តាយតេក (គ.ស ១២៩៧) ។
នៅ
ពេលដែលមុនធ្វើពិធីនេះ
កូនស្រីត្រូវនៅដេកក្នុងបន្ទប់ជាមួយឪពុកម្ដាយ
លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅដេកបន្ទប់ដទៃ
ហើយនាងចង់ទៅដេកកន្លែងណាក៏បាន
តាមចិត្តចង់ឥតមាននរណាតាមមើលគយឃ្លាំឡើយ ។
ចំពោះ
រឿងរៀបអាពាហ៍ពិពាហ៍វិញ
ពិតមែនតែមានតម្រូវឲ្យជូនលុយកាក់ជាច្រើន
ប៉ុន្តែគេមានអនុគ្រោះច្រើនដែរ ។
មានខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយ
ទើបរៀបការជាក្រោយក៏បាន ។
តាមប្រពៃណីគេមិនមានចាត់ទុកការណ៍នេះជាការគួរខ្មាសអៀន
ឬជាចម្លែកឡើយ ។
នៅយប់ដែលធ្វើពិធី “ឆឺនថាន” នោះ
ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះឯនោះ
រៀបធ្វើពិធីនេះ ។ នៅតាមទីក្រុង អ្នកណាហ៊ានដើរកាត់ហ្វូងពិធី
ពីមុខលោក ឬតាបសទាំងនេះ ច្បាស់ជាវង្វេងវង្វាន់ផ្លូវហើយ
ណាមួយឮគឹកកងស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ ។
៩. អំពីទាសាទាសី
គេ
សុទ្ធតែទិញមនុស្សព្រៃយកមកបង្ខំឲ្យធ្វើជាទាសាទាសី ។
អ្នកដែលមានច្រើន គឺទាសាដល់ទៅជាងមួយរយនាក់ ឯអ្នកដែលមានតិច
ក៏ត្រឹមដប់ ម្ភៃនាក់ដែរ លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ ។
ចំណែកមនុស្សព្រៃទាំងនោះ គឺជាអ្នករស់នៅក្នុងព្រៃភ្នំមានជាវង្សត្រកូលមួយហៅថាអាចោរ “ថុង” (ជង?) ។
ពួកនេះបើមកនៅកន្លែងណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ ។
ពួកអ្នកស្រុកក្រុង គេឈ្លោះគ្នា គេជេរគ្នាថា “អាថុងៗ” ដូច្នេះ
គេខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់ ។
ក្មេងៗមានកម្លាំងពេញ គេលក់បានតម្លៃមួយរយ “ប៉ូវ” (កំណាត់សំពត់) បើចាស់ៗ ខ្សោយកម្លាំងបានតែសាមសិប ឬសែសិបទេ ។
ពួក
នេះ គេឲ្យនៅតែក្រោមផ្ទះ
លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតឲ្យឡើងលើផ្ទះ
ហើយត្រូវឲ្យលុតជង្គង់លើកដៃសំពះគេសិន
ទើបអាចដើរចូលក្នុងផ្ទះបាន ។ គេហៅម្ចាស់គេថា ប៉ាថូ (ទំនងមកពីពាក្យ ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយហៅឪពុក) ហៅម្ចាស់ស្រីថា មី (មេ ម្ដាយ) ។
ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ
ពួកនេះសុខចិត្តជ្រប់មុខបណ្ដោយឲ្យគេវាយតាមចិត្ត
មិនហ៊ានរើបម្រះឡើយ ។ ពួកនេះស្រី‑ប្រុស
គេយកតែគ្នាគេជាប្ដី‑ប្រពន្ធ គ្មានសិទ្ធិយកអ្នកដទៃឡើយ ។
បើមានពួកចិនទៅនៅស្រុកនោះយូរ លួចរួមរ័កជាមួយស្ត្រីពួកនោះ
ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់
នោះអ្នកផងគេលែងឲ្យចិននេះអង្គុយជាមួយគេហើយ
ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ ។ បើពួកទាសៈទាំងនេះ
ទាក់ទងលួចលាក់ជាមួយអ្នកក្រៅ រហូតដល់មានផ្ទៃពោះ កើតបានជាកូនទៅ
ក៏ចៅហ្វាយនាយឥតសួររកហេតុផលឡើយ ។ បានជាគេមិនសួរមកពីគេយល់ថា
បើទាសៈនោះ កាលណាបានកូនមក នឹងបានផលដល់គេ
ព្រោះថ្ងៃក្រោយគេនឹងចម្រើនទាសៈឡើងទៀត ។
បើ
ទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញ គេត្រូវយកមកសាក់មុខ
ចំកណ្ដាលថ្ងាស់ពណ៌ខៀវ ជាគ្រឿងចំណាំ ហើយគេដាក់ឃ្នាងជាប់នឹងក
ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង ។
១០. អំពីភាសា
ភាសា
ចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ
តែនិយាយប្រាស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះមានភាសាមួយពិសេស
ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជា ចាម ឬសៀម
ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ ។ ១ គេថាបួយ ២ ថាព័ក ៣ ថាបេក ៤ ថាពួន ៥ ថាពុណាំ ៦ ថាពុណាំបួយ ៧ ថាពុណាំព័ក ៨ ថាពុណាំបេក ៩ ថាពុណាំពួន ១០ ថាតាប់ ។ គេហៅឪពុកថា “ប៉ាថូ” ឪពុកធំ ឪពុកមាក៏ហៅ ប៉ាថូ ដែរ ។ ម្ដាយ គេហៅ “មី” ឯម្ដាយមីង និងស្ត្រីអ្នកជិតខាងក៏គេហៅមីដែរ ។ បងស្រី ប្រុស ហៅថា “ប៉ង” ប្អូនប្រុសស្រី ហៅថា “ផូវអ៊ូង” ។ មាខាងម្ដាយហៅថា “ងាកឡៃ” ឯប្ដីរបស់ម្ដាយមីងខាងឪពុក ហៅថា “ពូឡៃ” ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា ។ ឧបមាដូចពាក្យ “នេះមនុស្សទាសាំ ជាប្អូន គេថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យថា “នេះមនុស្ស លីស៊ឺមាខាងឪពុក” គេថា “ងានឡៃលីស៊ឺ” ឧបមាមួយទៀត ដូចពាក្យគេហៅចិនថា “ពីស៊ី” ហៅមន្ត្រីថា “ប៉ាតេង” ហៅអ្នកប្រាជ្ញថា “ប៉ានឃាប” លុះដល់គេចង់ថា មន្ត្រីចិន ឬ អ្នកប្រាជ្ញចិន គេមិនថា ពីស៊ីប៉ាតេង ឬ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី ឬ ប៉ានឃាបពីស៊ី ទៅវិញ ។
ទាំង
នេះ គ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ ។ មួយយ៉ាងទៀត
គឺមន្ត្រីគេនិយាយតាមបែបមន្ត្រី
អ្នកប្រាជ្ញនិយាយគ្នាតាមភាសាអ្នកប្រាជ្ញ លោកសង្ឃ
ឬតាបសក៏មានពាក្យសម្ដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស
ឯអ្នកស្រែចម្ការក៏និយាយប្លែកតាមបែបរបស់គេដែរ
មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ ។
១១. អំពីមនុស្សព្រៃ
មនុស្ស
ព្រៃមាន ២ បែប ។
មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន
គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង ។ មួយពួកទៀត
គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន
គ្មានរវល់នឹងការចម្រើន ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ
តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ ។
ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង ។
បើដើរទៅជួបនឹងសត្វព្រៃ គេបាញ់នឹងព្រួញ ឬពួយនឹងលំពែង
បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើងចម្អិនសត្វ
រួចអង្គុយដំកង់ចែកគ្នាស៊ី ។ រួចហើយដើរទៅទៀត ។
ពួកនេះកាចសាហាវណាស់ តែងសម្លាប់គ្នានៅក្រុមជាមួយ
ហើយចេះផ្សំថ្នាំពិសពូកែសក្ដិសិទ្ធណាស់ ។
នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសណ្ដែកគួ ដើមក្រវាញ
និងដាំកប្បាសត្បាញសំពត់ជាវិជ្ជាជីវៈ ។ សំពត់របស់គេនោះ
សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង ។
១២. អំពីអក្សរសាស្ត្រ
លិខិត
ធម្មតា និងអត្ថបទទាំងអស់ ដូចជាឯកសារផ្លូវការជាដើម
សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬ ស្បែកដទៃទៀត
ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ ។ គេកាត់ស្បែកនោះឲ្យមានទំហំធំ
ឬតូច ទៅតាមសេចក្ដីត្រូវការ និងយកម្សៅម៉្យាងមកប្រើ
មានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឲ្យវែង ចិតចុងស្រួច គេហៅថា សោ ហើយ
គេសរសេរដោយដៃបានជាប់ដិតល្អណាស់មិនងាយនឹងរលុបឡើយ ។
កាលណាគេសរសេរហើយ គេយកដីសនោះមកសៀតនឹងត្រចៀក
នាំឲ្យគេចំណាំបានថាអ្នកនេះ ហើយជាអ្នកសរសេរ ។ បើសរសេរហើយ
ត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅ
វិញ ។ អក្សរនេះ មានសណ្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍)
ដូច្នោះដែរ ។ ការសរសេរជាលិខិតអ្វីក៏ដោយ
គេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនមែនសរសេរពីលើចុះក្រោមទេ ។
ខ្ញុំឮអ៊ាសាយហាយ៉ា និយាយថា ស្រៈនៃអក្សររបស់គេ
ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ
មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ ។ កាលនោះ គ្មានអត្ថបទបោះពុម្ពទេ
ប៉ុន្តែមានអ្នកនិពន្ធ និងអ្នកតែងពាក្យពេចន៍ដែរ ។
១៣. អំពីពេលចូលឆ្នាំ
គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះមានឈ្មោះថា កាតិ (កក្ដិក?) ។
នៅពីមុខវាំង គេមានសង់វេទិកាមួយយ៉ាងធំ
ដែលអាចដាក់បានមនុស្សជាងមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា
និងផ្កាភ្ញីជាដើម លម្អនៅលើថ្នាក់នោះ ។ នៅពីមុខ
ដែលឃ្លាតពីទីនេះប្រមាណជា ២០០ ហត្ថ មានទីលានមួយទៀត
គេបន្តឈើធ្វើជារោងរន្ទា ដែលមានកំពស់ដល់ទៅជាង ២០០ ហត្ថ ។
ក្នុងយប់នោះ គេមានអុជកាំជ្រួច រន្ទា ឬ ផាវ បី‑បួន ឬ ប្រាំកន្លែង ។
នៅក្នុងរោងនោះ មានសុទ្ធតែមន្ត្រីធំ‑តូច គ្រប់ជាន់ថ្នាក់ ។
វេលានោះ ស្ដេចក៏យាងចេញមកទត កាំជ្រួច រន្ទា និង ផាវ
ដែលគេអុជនៅខាងក្រៅចម្ងាយ ១០០ លី តែគេអាចមើលឃើញ
និងស្ដាប់ឮសូរយ៉ាងច្បាស់
ឮខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង ។
មន្ត្រី
និងញាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន
និងម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើន ។
នៅក្នុងពិធីនេះ ស្ដេចបានអញ្ជើញពួកទូតបរទេសទៅចូលរួបរួមផងដែរ ។
គេធ្វើដូចនេះ អស់រយៈកន្លះខែបានចប់ ។
នៅក្នុងខែនិមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់ ពិធី
នេះ គេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង
ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង ។ ខែទី៥
គេទទួលយកទឹកមន្តព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រ
យកមកស្រោចស្រង់ថ្វាយព្រះរាជាជម្រះកាយ ហើយអុំនាវានៅលើគោក
(អុំទូកគោក) ឯស្ដេចយាងឡើងលើកើយប្រាសាទ ទតមកពិធីនេះ ។ ខែទី៧
ធ្វើពិធីដុតភ្នំស្រូវ ។ ពេលនោះ ស្រូវទើបនឹងទុំថ្មី
គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត
ថាជាការបូជាចំពោះព្រះពុទ្ធ ។ មានស្រីៗជាច្រើនណាស់ជិះរទេះ
ឬជិះដំរី នាំគ្នាមកមើលពិធីនេះ
ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ ទ្រង់គង់នៅឯព្រះដំណាក់ ។
ខែទី៨ ធ្វើពិធី អៃឡាំ ពិធីនេះគឺគេរាំរែក ។
គេចាត់អ្នករាំ និងអ្នកភ្លេងពូកែៗឲ្យចូលទៅរាំអៃឡាំ
ឯក្នុងវាំងរាល់ៗថ្ងៃ ។ ក្រៅពីនេះមានប្រជល់ជ្រូក
និងប្រជល់ដំរីទៀត ។ ពិធីនេះ
ស្ដេចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ ។ គេធ្វើដូច្នេះ
រហូតដល់គ្រប់ដប់ថ្ងៃ ។ ឯខែដទៃទៀត
ខ្ញុំមិនបានកត់ត្រាឲ្យច្បាស់លាស់ទេ ។ អ្នកស្រុកនេះ
ក៏មានអ្នកចេះវិជ្ជាតារាសាស្ត្រដូចចិនដែរ
អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ
តែថ្ងៃ‑ខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ ។
បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែដែរ ។ ខែដែលត្រូវលើកនោះ
គឺខែទី៩ ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ ។
ក្នុងមួយយប់ គេចែកចេញជាប្រាំយាម ។ ប្រាំពីរថ្ងៃរាប់ជាមួយជុំ
គឺដូចគ្នានៅស្រុកចិន ហៅថាកាយ‑ពី‑ភៀន‑ជូ ។
អ្នក
ស្រុកនេះ គ្មានប្រើនាមត្រកូល (សែ) គ្មានឈ្មោះ
ហើយមិនចេះកត់ថ្ងៃខែកំណើតផង ភាគច្រើន គេយកឈ្មោះថ្ងៃដែលកើត
ហៅជាឈ្មោះមនុស្ស ។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍
មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃអាក្រក់
ហើយថ្ងៃណាត្រូវចេញដំណើរបែរមុខទៅទិសបូព៌
ឬត្រូវឆ្ពោះទៅទិសបស្ចិម ។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ ។
ឆ្នាំទាំង ១២ មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរ តែគេហៅឈ្មោះខុសគ្នា ឧបមាដូចគេហៅឆ្នាំសេះថា “ប៉ុកសាយ” ឆ្នាំមាន់ហៅថា “ឡាក់” ឆ្នាំជ្រូក ហៅថា “ចេកលូ” និងឆ្នាំគោ ហៅ “គូ” ជាដើម ។
១៤. អំពីការកាត់ក្ដី
រឿងប្រជារាស្ត្រក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាចប៉ុន្តែជាការមួយគួរឲ្យចង់ដឹងចង់ឮដែរ ។
រឿង
ក្ដីក្ដាំរបស់រាស្ត្រ
សុទ្ធតែឡើងគាល់រហូតដល់ស្ដេចឲ្យជម្រះក្ដី ។ ដើមឡើយ
ស្ដេចឥតមានវាយតប់ដោយរំពាត់ធំឬតូចឡើយ
មានតែពិន័យជាមាសប៉ុណ្ណោះ ។ បើអ្នកនោះមានៈមិនព្រមធ្វើតាម
ឬមានទោសធ្ងន់នោះ គេមិនចាប់ចងយកទៅប្រហារជីវិតដែរ
គ្រាន់តែនាំចេញទៅទ្វារខាងលិច ហើយឲ្យជីករណ្ដៅកប់អ្នកទោសនោះ
និងយកដីឬថ្មកប់គ្របពីលើប៉ុណ្ណោះ ។
ទោស
ស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង
មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ ។ រឿងសហាយស្មន្ធ
និងលេងល្បែង ឥតមានហាមឃាត់ទេ ។
បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ
ទៅចងគាបជើងរបស់ប្រុសសហាយនោះឲ្យឈឺស្ទើរនឹងស្លាប់ ។
បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន ។
ឯអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ ។
បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង
គេយកខ្សែចងអូសទៅទីវាលក្រៅទីក្រុង ហើយសម័យនោះ
គ្មានការពិនិត្យសាកសពអ្វីទេ ។ បើគេចាប់បានចោរ
ក៏អាចនាំទៅឃុំឃាំងសួរចម្លើយដែរ តែមានការគួរឲ្យអស់សំណើច
គឺថាបើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព
គេនឹងយកខ្ទះមកដាំខ្លាញ់ឲ្យក្ដៅមែនទែន ហើយគេឲ្យជននោះ
លូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះឯង ។
បើជននោះជាចោរមែនក៏ត្រូវរលាករលួយដៃ បើមិនមែនជាចោរទេ
ឥតមានរលាកឡើយ ។ គេប្រាប់ខ្ញុំថា
អ្នកស្រុកនេះចេះមន្តអាគមពូកែណាស់ ។ ម៉្យាងទៀត
បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីថា
នរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ
នៅពីមុខវាំងមានប្រាសាទថ្មតូចៗ ១២ ខ្នង
ហើយបញ្ជាកូនក្ដីឲ្យចូលទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់ ។
គេឲ្យអង្គុយតាំងពីមួយថ្ងៃ ពីរ បី ឬបួនថ្ងៃទៅ
បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ
ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ
ក៏ក្អកក្ដៅផ្ដាសាយដែរ ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ ។
ការវិនិច្ឆ័យដូច្នេះ គេហៅថាគុកសួគ៌ ។ រឿងធ្វើដូច្នេះបាន មកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្តិសិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត ។
១៥. អំពីជម្ងឺស្រែង
អ្នក
ស្រុកមានកើតជម្ងឺស្រែងច្រើនគ្នាណាស់
មកពីគេចូលចិត្តមុជត្រាំក្នុងទឹក ហើយឧស្សាហ៍កក់លាងសក់ក្បាល
តែងមានកើតជម្ងឺស្រែងច្រើនណាស់ ។ នៅតាមផ្លូវធ្លា
ពួកនេះមិនសូវអៀនខ្មាសទេ ។
ខ្ញុំ
ឮគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ
ដូច្នេះតែងមានជម្ងឺមួល បណ្ដាលឲ្យស្លាប់អស់ ៨‑៩ នាក់ដែរ
ក្នុងបណ្ដាមួយពាន់នាក់ ។ នៅទីផ្សារ មានលក់ថ្នាំសម្រាប់កែរោគដែរ
តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ
ថែមទាំងមានគ្រូមន្តអាគមដើរព្យាបាលរោគឲ្យគេជាការគួរអស់សំណើច
ណាស់ ។
១៦. អំពីមរណភាព
មនុស្ស
ស្លាប់ គេឥតមានដាក់ក្ដារមឈូូសទេ គេយកតែកន្ទេលក្រាលពីក្រោម
យកកំណាត់សំពត់គ្របពីលើ ហើយគេយកទៅព្រៃហើយ ។ កាលពីដើម
គេក៏ប្រើទង់ព្រលឹង និងភ្លេងភ្លាត់ហែខ្មោចដែរ
ហើយគេលីងលាចពីមុខ បាចតាមផ្លូវនាំមុខខ្មោច
លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់
គេដ៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ ។ បើមានសត្វខ្លែង
ឬតិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថា
ឪពុកម្ដាយនោះ មានភ័ព្វបានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ
ឬមានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា ឪពុកម្ដាយនេះ
មានពៀរមានទោសទើបបានជាដូច្នេះ ។
លុះ
មកដល់គ្រាឥឡូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ ។
ពួកអ្នកដែលមានជាប់ពូជជាកូនចៅចិន ឪពុកម្ដាយស្លាប់ទៅ
គេឥតស្លៀកពាក់សកាន់ទុក្ខទេ ។ ប្រុសគ្រាន់តែកោរសក់
ស្រីគេគ្រាន់តែកាត់សក់ខាងមុខធ្លាក់មកលើថ្ងាស់ប៉ុនមួយទះ
ក៏ចាត់ជាការកាន់ទុក្ខហើយ ។
ចំណែកស្ដេចវិញ មានប្រាសាទសម្រាប់កប់ ប៉ុន្តែមិនដឹងជាកប់ខ្លួនទាំងមូល ឬកប់តែឆ្អឹងទេ ។
១៧. អំពីការភ្ជួរដាំ
ប្រហែល
ជាក្នុងមួយឆ្នាំ គេអាចសាបព្រោះ និងច្រូតស្រូវបានបី ឬបួនលើក
ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អ ដូចជានៅខែទី៥ ទី៦
ដែរ ។ ម៉្យាងទៀត ស្រុកនេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល
ឬទឹកកកឡើយ ។ ស្រុកគេ កន្លះឆ្នាំមានភ្លៀង
កន្លះឆ្នាំឥតមានភ្លៀងសោះ ។ ចាប់តាំងពីខែ៤ ដល់ខែទី៩
តែដល់ពេលរសៀល មានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុងសមុទ្ទទឹកសាប
(ទន្លេសាប) ជោរឡើងមានកម្ពស់ ៧០ ឬ ៨០ ហត្ថ ។
ដើមឈើធំៗលិចនៅសល់តែចុង
ឯពួកអ្នកស្រុករស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រក
ខាងក្រោយភ្នំវិញ ។
ចាប់
ពីខែទី១០ ដល់ខែទី៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយតំណក់ទេ
នៅក្នុងសមុទ្ទទឹកសាបនោះ ធ្វើដំណើរបានតែដោយកូននាវាតូចៗទេ ។
ត្រង់កន្លែងទឹកជ្រៅ មានជម្រៅតែត្រឹម ៣ ឬ ៥ ហត្ថប៉ុណ្ណោះ ។
ពេលនោះអ្នកស្រុករើទីលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរដាំវិញ ។
ចំពោះស្រូវដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម ។
គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សារៀងខ្លួន ។
គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ ។ ចប និងកណ្ដៀវរបស់គេ
ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ
តែមិនដូចគ្នាឡើយ ។
មាន
ស្រែព្រៃមួយបែបទៀត គេមិនព្រោះដូចស្រូវធម្មតាទេ
ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់កម្ពស់ ១០
ហត្ថ ក៏ស្រូវលូតលាស់កម្ពស់នោះដែរ ។
នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ ។ ស្រែអំពក
និងថ្នាលបន្លែ
គេមិនប្រើគ្រឿងស្មោគគ្រោកដែលជាហេតុនាំឲ្យមិនស្អាតនោះទេ ។
ពួកចិនដែលទៅដល់ស្រុកនោះ
ក៏គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនឲ្យពួកនោះដឹងដែរ
ព្រោះខ្លាចគេមើលងាយ ។ នៅក្នុងផ្ទះពីរបីខ្នង
គេជីករណ្ដៅបង្គន់អាចម៍មួយហើយគេប្រក់ស្បូវ ។ ដល់កាលណាពេញទៅនោះ
គេលប់ចោលវិញ ហើយទៅជីករណ្ដៅមួយទៀត ។
នៅរាល់ពេលដែលបន្ទោរបង់រួច
គេតែងតែចុះទៅលាងឯក្នុងស្រះឲ្យបានស្អាតជានិច្ច
តែគេយកតែដៃឆ្វេងទៅលាងទេ ឯដៃស្ដាំ គេទុកបរិភោគបាយ ។
ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយ យកក្រដាសកិតគេសើច
ថែមទាំងមិនចង់ឲ្យឡើងលើផ្ទះគេទៀតផង ។ ស្រីៗស្រុកនេះ
បត់ជើងតូចក៏ឈរដូចប្រុសដែរ ជាការគួរឲ្យអស់សំណើចណាស់ ។
១៨. អំពីទឹកដី
ចាប់តាំងពីចូលក្នុងស្រុក “ចេងផូវ” មក
ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង
មានដើមឈើធំចាស់បុរាណ និងគុម្ពផ្ដៅស៊ុបទ្រុបចម្ងាយរាប់រយលី
ហើយមានសម្លេងបក្សាបក្សីស្រែកទ្រហឹងអឺងកង នៅទីនោះផង ។
លុះទៅដល់ពាក់កណ្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង
គ្មានឃើញដើមឈើមួយដើមឡើយ
គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ ។
មាន
សត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ ។
មានឫស្សីដុះជាប់គ្នាជាដងព្រៃ មានចម្ងាយរាប់រយលី
ហើយឫស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង ។
ទំពាំងឫស្សីមានរសជាតិហាងខ្លាំងណាស់
ហើយនិងមានភ្នំនៅគ្រប់ទិសទាំងបួនទៀតផង ។
១៩. អំពីផលានុផល
ស្រុក
នេះមានភ្នំច្រើន និងមានដើមឈើប្លែកៗ ។
កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាស
និងដំរីរស់នៅ ។ ពពួកសត្វស្លាបដ៏មានតម្លៃ និងសត្វម្រឹគដ៏ប្លែកៗ
មានច្រើនឥតគណនា ។ មានសត្វចចាតពណ៌ និងរោមល្អិត ភ្លុកដំរី កុយរមាស
ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង)
ប្រេងសំរោង (តៃហួងជឺ)... ។
ចចាត
ជាសត្វព្រៃមួយបែប គេកម្រចាប់វាបានណាស់ ។ នៅក្នុងព្រៃមានស្រះ
ឬត្រពាំង ហើយនៅក្នុងទឹកនោះ មានត្រីជាច្រើន ។ សត្វចចាត
វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ ។ ពួកអ្នកព្រៃ
គេយកស្លឹកឈើបិទបាំងខ្លួន ហើយទៅអង្គុយនៅក្បែរមាត់ទឹក ។
គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង
ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល
គឺនៅនឹងដៃគេមានកាន់កូនលប់មួយទៀត
រង់ចាំកាលណាចចាតឈ្មោលនោះមកជិត គេក៏គ្របលប់នោះយកវា ។
គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច
ជួនកាលចាប់ឥតបានសោះក៏មានដែរ ។ ភ្លុកដំរី
មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន ។
ដំរីមួយស្រុតស្លាប់ទៅនៅសល់តែភ្លុកមួយគូប៉ុណ្ណោះ ។
ដូច្នេះពាក្យដែលគេធ្លាប់និយាយថា
សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដងនោះ មិនពិតទេ ។
ភ្លុកណាដែលចាក់នឹងច្បូក ឬលំពែងបានមក គេទុកជាភ្លុកល្អលេខមួយ
បើភ្លុកដែលគេបានដោយឃើញថាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជា
ភ្លុកល្អលេខពីរ
បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ
គេចាត់ជាធុនអន់ជាងគេ ។
ក្រមួន
ឃ្មុំគេរកបានពីដើមឈើចាស់ៗ
នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ
ដូចសត្វអង្ក្រង វាធ្វើសម្បុក ។ អ្នកស្រុកដែលទៅយកឃ្មុំ
តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត ។
ផ្លិតណាដែលធំជាងគេមានទម្ងន់ដល់ទៅ ៣០‑៤០ នាឡិ
ឯផ្លិតណាដែលតូចក៏មិនតិចជាង ១៨ ឬ ១៩ នាឡិដែរ ។
កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញ គេទុកជាកុយអន់មិនសូវល្អ ។
ឈើ
ចន្ទន៍ក្រស្នា ដុះតែនៅក្នុងព្រៃស្បាត ព្រៃស្ដុក ។
អ្នកស្រុកទៅកាប់យកមកបានដោយពិបាកណាស់ ព្រោះជាឈើដែលមានខ្លឹម ។
ឈើនេះមានសាច់ស្រាយកម្រាស់ ៨ ឬ ៩ តឹក ។
ទោះបីដើមតូចក៏មានសាច់ស្រាយ ៤ ឬ ៥ តឹកដែរ ។
ក្រវាញ គឺជាពួកអ្នកព្រៃ គេដាំនៅលើភ្នំ ។
ជ័រ
ចុង គឺជាជ័រឈើមួយយ៉ាងដែលអ្នកស្រុកនេះ
គេយកកាំបិតទៅចោះឈើសម្រក់ជ័រមុនមួយឆ្នាំ
ដល់ឆ្នាំបន្ទាប់មកទើបគេទៅយកជ័រនោះមក ។ បញ្ញើក្អែកជីកេង
(អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ
ដូចគ្នានឹងដើមមនដែលដុះផ្ញើសាំនឹងគេដូច្នេះដែរ
ហើយគេកម្រនឹងរកបានណាស់ ។
ប្រេង
សំរោង
គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិត
មូលៗ ។ នៅក្នុងផ្លែនោះមានគ្រាប់ជាច្រើនទៅទៀត ។ ឯម្រេច
ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូចផ្លែស្មៅ
បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់ផង ។
២០. អំពីរបរជំនួញ
អ្នក
ស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះ
ពួកចិនៗគេត្រូវរកប្រពន្ធមួយជាមុនសិន
ហើយនឹងបានចំណេញច្រើនដោយគេប៉ិនប្រសប់រកស៊ី ។ រាល់ថ្ងៃ
គេទៅលក់តាំងពីភ្លឺព្រាងៗដល់ពេលថ្ងៃត្រង់ទើបឈប់
ហើយពួកនេះគ្មានគ្រែ ឬផ្ទះសម្រាប់ដាក់លក់ឥវ៉ាន់ទេ
គេច្រើនតែក្រាលវត្ថុ
ហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតម្រៀបគ្នា ។ ខ្ញុំឮគេថា
មានបង់ឈ្នួលដីជាលុយឲ្យពួកមន្ត្រីទៀតផង ។
ជំនួញ
តូចតាច គឺគេជួញស្រូវអង្ករ និងរបស់ដែលធ្វើមកពីស្រុកចិន ។
បន្ទាប់មក មានលក់ដូរកំណាត់សំពត់ផ្សេងៗ ។ ជំនួញធំ
គឺគេជួញមាសប្រាក់ ។ តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់
គេគោរពចិនសម្បើមណាស់ ទុកដូចបានជួបនឹងព្រះ
ហើយក្រាបក្បាលគោរពទៀតផង ។ លុះមកដល់ពេលថ្មីៗនេះ
ទើបមានការបោកប្រាស់ និងមើលងាយចិន
ដោយហេតុមកពីមានមនុស្សទៅច្រើនពេក ។
២១. ទំនិញចិនដែលគេត្រូវការ
អ្នក
ស្រុកនេះ គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន
គឺមាសប្រាក់ជាផលលេខ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ២ ។
បន្ទាប់មក គេត្រូវការសំណមកពីស្រុកកេងជីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ ថូផ្កាពណ៌មកពីស្រុកជួរជីវ និង
ទឹកប្រាក់ ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប
ឫសប៉េកជី ក្រលៀនប្រើស សំពត់សរសៃឆ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក
ថាស់ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាសឈើ ម្ជុល ជាដើម ។ ក្រៅពីនេះ
របស់ដែលធំៗដូចជាកន្ទេលស្រុកម៉េងជីវ ដែលគេពេញចិត្តបំផុត គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ ។
២២. អំពីស្មៅ និង ដើមឈើ
មាន
ដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេមម៉ា ចេក ដូចនៅស្រុកចិនដែរ ។
គូលែន និងក្រូចឃ្វិច ក៏មានរាងរៅដូចតែជូរ ។ ក្រៅពីនេះ
មានឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ
ហើយប្លែកៗទៀតផង ។ មានផ្កាជាច្រើន ដែលល្អៗ
ហើយមានក្លិនក្រអូបណាស់ ។
ផ្កាដែលដុះនៅក្នុងទឹកក៏មានជាច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថា
ជាឈ្មោះផ្កាអ្វីទេ ។ ចំណែកដើមថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ
អ៊ាងលីវ គុយឡាង កេកលូយ ឈើប្រភេទអស់នេះ គ្មានទេ ។ នៅស្រុកនោះខែទី១
ក៏មានផ្កាឈូកដែរ ។
២៣. អំពីសត្វស្លាប
បណ្ដា
សត្វស្លាប ឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន ។
ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក
និងចាបពូកជាដើមសុទ្ធតែមានទាំងអស់ ។ សត្វស្លាបដែលស្រុកនេះគ្មាន
ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ
(ត្រចៀកកាំ) ... ។
២៤. អំពីសត្វជើងបួន
សត្វ
ចតុបាទ មានរមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះ ខ្លាធំ
ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និងកញ្ជ្រោងជាដើម
សុទ្ធតែមានច្រើនណាស់ ។ សត្វដែលស្រុកនេះគ្មាន គឺ តោស៊ីងស៊ីង
(ស្វាគីងកុង) និងឱដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង ពពែ
មានច្រើនក្រៃលែង ។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗ
ក៏មានច្រើនណាស់ដែរ ។ សត្វគោនៅរស់ គេហ៊ានជិះតែដល់វាស្លាប់ទៅ
គេមិនហ៊ានស៊ី និងមិនហ៊ានវះយកស្បែកវាទេ
គេទុកឲ្យវារលួយទៅតាមចិត្តចុះ
ពីព្រោះវាធ្លាប់ជួយដល់កម្លាំងមនុស្សលោក ។ វាធ្លាប់តែអូសរទេះ ។
ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្តែឥឡូវនេះមានហើយ
ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ ។
កណ្ដុរស្រុកនេះធំៗដូចសត្វឆ្មា ហើយមានកណ្ដុរមួយមុខទៀត
មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។
២៥. អំពីបន្លែបង្ការ
បន្លែ
មានត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។
បន្លែដែលគ្មានសោះ គឺឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម ។
បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទី១ មានហើយ ។
ដើមត្រប់មានដុះរាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន ។ ដើមគរខ្ពស់ៗ
ជាងផ្ទះទៅទៀត អាយុជាង ១០ ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ ។
មានបន្លែច្រើនមុខទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ
ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ ។
២៦. អំពីត្រី និង សត្វលូន
ពួកត្រី និងអណ្ដើកមានៈ ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន និងត្រីល្អិតៗ ឯទៀតរិតតែច្រើនណាស់ទៅទៀត មានត្រីថូវពូ
ដែលធំនោះ មានទម្ងន់ដល់ជាងពីរនាឡិ
ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ
ដែលជាត្រីមកពីសមុទ្ទទឹកសាប (ទន្លេសាប) ។ ចំណែកត្រីទឹកប្រៃវិញ
ក៏មានច្រើនមុខ រាងដូចអន្ទង់ និងត្រីខ្ជឹងបឹងដែរ ។
ពួកអ្នកស្រុកនេះ មិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់
គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ ។
អណ្ដើក‑កន្ធាយធំៗប៉ុនចង្អេរអុំ ។ ទោះជាអណ្ដើកនោះមានអាយុដល់ទៅ
៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ ។ បង្កងនៅស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ មានទម្ងន់ដល់ជាងមួយនាឡិ ។ ជើងអណ្ដើកនៅស្រុកចេនភូមាន
ប្រវែងជាង ៨‑៩ តឹក ។ ក្រពើធំប៉ុនៗទូក ។
មាននាគជើងបួនមួយប្រភេទយ៉ាងចម្លែកឥតមានស្នែងទេ ។ ចំពុះទា លៀស
ខ្យង ខ្ចៅ នៅក្នុងសមុទ្ទទឹកសាបនោះ
គ្រាន់តែលូកដៃទៅក៏យកបានភ្លាមហើយ តែខ្ញុំមិនឃើញមានក្ដាមទេ
ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ ។
២៧. អំពីការបិទស្រា
ស្រាស្រុកគេនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំ និងទឹកឃ្មុំលាយជាមួយទឹក ហើយផ្សំធ្វើឡើង ។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះ ផេងកេស៊ី (ភ្ងាស) នេះឯង ជាឈើមួយប្រភេទ ។ បន្ទាប់មកទៀត គេយកអង្ករ ឬបាយដែលសេសសល់ទៅបិទស្រាហៅ ប៉ាវឡេងកាក ព្រោះ
ពាក្យថា ប៉ាវឡេងកាក បានន័យថា អង្ករ ។ ក្រោមពីនោះមកទៀត
មានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឲ្យកើតទៅជាស្រា ។
បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ
គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់
ព្រោះក្រចាប់ដុះនៅមាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ
ដែលគេអាចយកមកធ្វើជាស្រាបាន ។
២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
នៅប្រទេសនេះ ការធ្វើរបស់ទាំងនេះ ឥតមានហាមឃាត់ទេ ។ តាមឆ្នេរសមុទ្ទចាប់ពីចេនភូ (ចន្ទបូរ) និងប៉ាកាង (បាកាន)
គេធ្វើអំបិលដោយទឹកសមុទ្ទ ។ នៅក្នុងភ្នំមានរ៉ែ
ដែលគេបានជាតិថ្មធ្វើជាអំបិលប្រសើរជាងអំបិលសមុទ្ទទៀត
និងយកថ្មធ្វើជាវត្ថុដទៃៗទៀត ។ ពួកអ្នកស្រុកនេះ
មិនចេះធ្វើទឹកខ្មេះតែគេចូលចិត្តប្រើជាតិជូរនៅក្នុងម្ហូបណាស់
គេត្រាំទឹកកាំផេង (អម្ពិល) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់ គេយកស្លឹក ឬទងខ្ចី កាលណាមានផ្លែ គេយកផ្លែវិញ ។
គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាឡី និងសណ្ដែក ។
ពួក
នេះ មិនចេះធ្វើដំបែគ្រាប់ទេ ។ កាលណាគេបិទស្រា គេលាយទឹកឃ្មុំ
និងទឹកត្រាំស្លឹកឈើ ឲ្យបានជាក្បាលស្រា ហើយក្បាលស្រានេះ
ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើងដែរ ។
២៩. អំពីដង្កូវនាង និង ដើមមន
អ្នក
ស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ ។
ស្រីៗមិនចេះប៉ាក់ជុល និងដេរប៉ះឡើយ ។
គេចេះត្បាញសំពត់តែគេមិនចេះរវៃអំបោះទេ
គេយកដៃត្រគួញសរសៃកប្បាសឲ្យកើតបានជាអំបោះ
ហើយគេយកមកត្បាញមិនបាច់មានកីទេ ។
គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញពីចុងម្ខាងទៀត
ដោយមានត្រល់ជាបំពង់ឫស្សី ។ ប៉ុន្មានឆ្នាំក្រោយមកនេះ
មានពួកសៀមចូលមកនៅ គេក៏ដាំមន ចិញ្ចឹមនាងធ្វើសូត្រ
ដោយយកពូជមកពីស្រុកសៀម ។ នៅស្រុកនេះ គ្មានដើមឆ្មៃទេ
មានតែដើមក្រចៅ ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់
បើសំពត់អ្នកស្រុកនេះរហែក គេយកមកពឹងស្រីសៀមឲ្យដេរប៉ះឲ្យ ។
៣០. អំពីប្រដាប់ប្រើប្រាស់
អ្នក
ស្រុកធម្មតាមានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក ឬថាំងជាដើម
ប្រើទេ គេប្រើឆ្នាំងដីសម្រាប់ដណ្ដាំបាយ
ហើយឆ្នាំងមួយទៀតសម្រាប់ស្ល ។
គេយកថ្មបីដុំតម្កល់ធ្វើជាជើងក្រាន
និងយកត្រឡោកដូងធ្វើជាវែក ។
គេប្រើចានទាបមកពីស្រុកចិនសម្រាប់ដាក់បាយ ឯសម្ល
គេដាក់នឹងកន្ទោងស្លឹកឈើដែលកេវខ្ទាស់មិនលិចទឹកទេ ។ គេយកស្លឹកក្រចាប់ធ្វើ
ជាស្លាបព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួច គេបោះចោលទៅ ។
ម្ហូបថ្វាយព្រះ ឬថ្វាយទេពតាក៏គេដាក់នឹងស្លឹកដូច្នោះដែរ ។
គេយកគ្រឿងដែលធ្វើពីស្ពាន់សដែលដាក់ទឹកនៅក្បែរខ្លួន
សម្រាប់ជ្រលក់ដៃកុំឲ្យជាប់បាយនឹងដៃ
ព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ ។
គេប្រើផ្តិលសំរឹទ្ធិសម្រាប់ចាក់ស្រាផឹក
ចំណែកអ្នកក្រប្រើផ្តិលដែលធ្វើអំពីដី រីឯពួកមន្ត្រី
គេប្រើផ្តិលធ្វើពីប្រាក់ ឬមាសផងក៏មាន ។ បើក្នុងឱកាសបុណ្យធំៗ
ដូចជាបុណ្យជាតិវិញ គេប្រើប្រដាប់ទាំងនេះ សុទ្ធតែពីមាសទាំងអស់
ហើយមានរបៀបផ្សេងពិសេសទៀតផង ។ នៅនឹងដីគេក្រាលកន្ទេលមកពីស្រុកម៉េងជីវ (ស្រុក
ចិន) ឬមួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង... ពុំនោះទេ
គេប្រើកន្ទេលផ្ដៅ ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ
មានកំពស់ប្រហែលមួយហត្ថ ។ សម្រាប់កន្លែងគេដេក គេប្រើកន្ទេលឫស្សី
តែឥឡូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ
ដែលជាគ្រែធ្វើមកពីស្រុកចិន ។ ម្ហូបចំណី គេគ្របដោយសំពត់
ឯនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន ឬខ្សែសយ
ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ ។
ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ ។
៣១. អំពីរទេះ និង អង្រឹងស្នែង
ការ
ធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកណ្ដាលអ៊ែនចុះក្រោម
ចុងសងខាងឡើងលើ ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញី
និងមានស្រោបមាស ឬប្រាក់ពីក្រៅឈើនោះផង គេហៅថាអង្រឹងដងមាស
ដងប្រាក់ សម្រាប់តាមលំដាប់ថ្នាក់ ។ ចម្ងាយពីចុងដងប្រមាណមួយហត្ថ
គេវាយដែកធ្វើជាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ
ហើយក្រាស់
មកបត់ធ្វើជាត្រចៀកសម្រាប់ស៊កខ្សែភ្ជាប់ទៅនឹងស្រយូវដែកនោះ ។
អ្នកជិះអង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង
ហើយឲ្យមនុស្សពីរនាក់ជាអ្នកសែង ។
នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀតមានសណ្ឋានដូចដំបូលទូក
តែធំជាងដ៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌
ហើយមានមនុស្សបួននាក់សែង និងមានមនុស្សដើរតាមហែរពីក្រោយផង ។
បើធ្វើដំណើរទៅឆ្ងាយ គេអាចជិះដំរី និងសេះ ព្រមទាំងប្រើរទេះដែរ ។
រទេះនៅស្រុកនេះ ក៏មានលក្ខណៈ ដូចរទេះស្រុកឯទៀតដែរ តែគេជិះសេះ
ឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សម្រាប់អង្គុយដែរ ។
៣២. អំពីទូ‑ច្រវា
អំពី
ទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន
រួចទើបវាយផ្ដុំឡើងជាទូក ។ មេជាងឥតមានប្រើរណារទេ គេប្រើតែដឹង
ហើយនិងដែកខួង ដែលជាហេតុនាំឲ្យខាតឈើ និងកម្លាំងច្រើនណាស់ ។
នៅគ្រប់ពេលដែលគេចង់កាត់ឈើជាកំណាត់
គេតែងយកដែកខួងមកខួងទម្លុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះ
ក៏ធ្វើរបៀបដូចគ្នានេះដែរ ។ គេមានប្រើដែកគោលវាយធ្វើទូកដែរ ។
គេយកស្លឹកឡេង (ក្រចាប់) មកប្រក់ធ្វើដំបូល
ដោយយកដើមស្លាមកពុះជាបន្ទះគាបសង្កត់ស្លឹកនោះផង ។ ទូករបៀបនេះ
គេហៅថា “ស៊ីនណា” ។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី
លាយនឹងកំបោរ ។ ចំណែកទូកតូចៗវិញ គេលុងធ្វើពីឈើមួយដើមធំ ។
គេយកភ្លើងដុតឆេះរោលឲ្យទន់សាច់ឈើ
ទើបទល់បំប៉ោងពង្រីកពោះទូកឲ្យធំ
ក្បាលកន្សៃស្រួចឥតមានប្រើដំបូលទេ
តែដាក់បានមនុស្សច្រើននាក់ដែរ ។ ទូករបៀបនេះហៅថា “កុយឡាំង” ។
៣៣. អំពីខេត្ត
ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម ។
ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ ។
ខេត្តនិមួយៗសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់
ហើយមានធ្វើបន្ទាយឈើជារបាំងផង ។
៣៤. អំពីស្រុកភូមិ
នៅក្នុងភូមិនិមួយៗជួនមានវត្ត ជួនមានប្រាសាទ ហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់ ។ មន្ត្រីនោះគេហៅថា បួយស៊ី ។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសម្រាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់ ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានកើតចម្បាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ ។
៣៥. អំពីប្រមាត់ប្រមង់
កាល
ពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់
ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយថូ
ដែលមានចំនួនរាប់ពាន់ ។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់
(ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង និងក្នុងភូមិ ។
បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ
គេចាប់យកខ្សែចងក្បាលឲ្យជាប់
ហើយយកកូនកាំបិតចាក់ក្រោមឃ្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់
ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម ។
ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ ។
ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ
ក៏បណ្ដាលឲ្យស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់
ពេលក្រោយមក គេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ
ហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រោម
អំណាចខ្លួន ដែលតាំងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើង ។
៣៦. អំពីរឿងចម្លែកមួយ
នៅ
ក្នុងកំពែងនាទិសខាងកើត
មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីឯងបង្កើត
ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ
ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជិវិតទៅ ។
អ្នកស្រុកខ្ញុំម្នាក់សែ “ស៊ិ”
គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថា
គេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើក ហើយគេថា
បានជាសក្តិសិទ្ធិដូច្នេះ
ព្រោះបារមីព្រះរបស់ស្រុកនេះខ្លាំងពូកែណាស់ ។
៣៧. អំពីការងូតទឹក
ប្រទេស
នេះក្ដៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗបើមិនងូតទឹកច្រើនលើកទេ
គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ
ទោះបីនៅពេលយប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង ឬពីរដងដែរ ។
គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ ។
ក្នុងផ្ទះមួយតោងមានស្រះមួយ បើពុំនោះទេ គេព្រួតគ្នា ២‑៣
ផ្ទះទៅងូតទឹកស្រះមួយដោយលែងខ្លួនចោល
ឥតគិតអៀនខ្មាសគ្នាស្រីប្រុសទេ ។ ប៉ុន្តែបើឪពុកម្ដាយចាស់
គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ
ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះនោះមុនវិញ ក៏ចាស់ទុំនោះ
នាំគ្នាគេចចេញដែរ ។ មនុស្សមានវ័យស្របាលគ្នា
ឥតគិតអៀនខ្មាសគ្នាឡើយ ។
គេយកតែដៃឆ្វេងបិទបាំងកេរ្តិ៍ខ្មាសរបស់ខ្លួន
ហើយដើរចុះក្នុងទឹកទៅ ។ ជួនកាលក្នុងរយៈ ៣‑៥ ថ្ងៃ ឬ ៥‑៦ ថ្ងៃម្ដង
ពួកស្រីៗក្នុងទីក្រុងមួយក្រុមមានគ្នា ៣‑៤ នាក់
នាំគ្នាចេញទៅមុជទឹកទន្លេឯខាងក្រៅកំពែងក្រុង ។
នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំពត់ដែលវ័ណ្ឌខ្លួនចេញ
ដើរចុះទៅក្នុងទឹកហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់
នាក់ ។ សូម្បីតែពួកស្រីៗដែលមានត្រកូលខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ។
គេឥតមានការអៀនខ្មាសអ្វីទេ
ចាប់តាំងពីក្បាលដល់ចុងជើងមើលគ្នាឃើញទាំងអស់ ។
នៅ
មាត់ទន្លេក្រៅទីក្រុងនោះ រាល់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ
ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិលខូច
ហើយឮថាគេលួចឆ្លៀតពេលនៅក្នុងទឹកនោះផង ។
ទឹកនោះនៅក្ដៅឧណ្ហៗជានិច្ច លុះត្រាដល់ពេលយប់យាមបួនទើបត្រជាក់
លុះដល់ព្រឹក ថ្ងៃរះឡើងក៏ក្ដៅឧណ្ហៗឡើងវិញទៀត ។
៣៨. ការចូលជ្រកនៅ (អន្តោប្រវេសន៍)
ពួក
ជនជាតិចិន ដែលជាអ្នកស៊ីឈ្នួលដើរសំពៅ កាលមកដល់ស្រុកនេះ
ក៏ពេញចិត្តគេខ្លាំងណាស់
ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើន
ហើយអង្ករគេក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន
ឯផ្ទះសម្បែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក
ការលក់ដូរក៏ធូរងាយ
ម៉្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅមករស់នៅស្រុកនេះច្រើន
ណាស់ ។
៣៩. អំពីកងទ័ព
កងទ័ព
ក៏ធ្វើដំណើរដោយលែងខ្លួនឥតអាវ ។ ដៃស្ដាំគេកាន់លំពែង
ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូ និងព្រួញទេ កាំភ្លើងធំ ឬ
អាវក្រោះក៏គ្មានដែរ ។ តាមឮគេថា
កាលកើតចម្បាំងនឹងជាតិសៀមគេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយ
កម្លាំងតែម្ដង ពុំមានប្រើល្បិចកលឧបាយអ្វីឡើយ (តាមឯកសារជា
ច្រើនថា ខ្មែរចេះរៀបចំទ័ពត្រឹមត្រូវមានសាស្ត្រាវុធ
និងក្បួនយុទ្ធសាស្ត្រផង រឿងនេះប្រហែលមកពី ជីវ តាក្វាន់ មិនបានឃើញ
និងមិនបានស៊ើបព័ត៌មាន) ។
៤០. ការយាងចេញនៃមហាក្សត្រ
ខ្ញុំ
បានឮគេនិយាយថា ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ
ព្រោះខ្លាចមានរឿងហេតុ ។ ស្ដេចអង្គថ្មីនេះ
ត្រូវជាសុណិសាស្ដេចមុន ។ កាលពីដើម លោកមានឋានៈជាមេទ័ព ។
បិតាក្មេកនោះសព្វព្រះទ័យនឹងបុត្រីព្រះអង្គណាស់បានជាកូនស្រី
នេះ លួចយកព្រះខ័នមាសបាន ហើយយកទៅឲ្យប្ដីរបស់ព្រះនាង ។
បុត្រាបង្កើតក៏មិនបានទទួលរាជ្យស្នងបិតា ក៏លើកទៅវាយដណ្ដើមរាជ្យ
តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង
ហើយយកទៅដាក់គុកងងឹត ។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក
ទោះបីគេប្រើកាំបិត ឬព្រួញក៏មិនអាចមុតបានដែរ ។ ដូច្នេះហើយ
ទើបព្រះអង្គហ៊ានយាងចេញក្រៅ ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ
បានឃើញព្រះអង្គយាងចេញមកបួន‑ប្រាំដង ។ ការយាងចេញមកម្ដងណា
តែងមានទ័ពនៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ
និងមានតន្ត្រីនៅខាងក្រោយ ។ ស្រីស្នំបួន
ឬប្រាំនាក់ស្លៀកសំពត់ផ្កាសៀតផ្កានៅសក់ក្បាល
ដៃកាន់ទៀនធំដើរជាមួយក្រុមៗ ។ ទោះបីនៅពេលថ្ងៃភ្លឺក្រឡែតក្ដី
ក៏គេអុជទានដែរ ។ នៅក្នុងចំណោមស្រីស្នំទាំងនោះ
មានខ្លះកាន់គ្រឿងមានដូចជា ភាជន៍មាស
និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា
មិនដឹងជាគេយកទៅប្រើការអ្វីខ្លះឡើយ ។
នៅមានស្រីស្នំខ្លះទៀតកាន់ស្នរ លំពែង ខែល ជាទ័ព
នៅខាងក្នុងមួយក្រុមទៀតផង មានរទេះទឹមពពែ និងរទេះទឹមសេះ
ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ ។
ពួក
នាម៉ឺនសព្វមុខមន្ត្រី និងពួកញាតិវង្ស សុទ្ធតែជិះដំរីនៅខាងមុខ
បើមើលពីចម្ងាយទៅ ឃើញសុទ្ធតែក្លស់ពណ៌ក្រហមឥតគណនា ។ បន្ទាប់មក
ទើបដល់ព្រះមហេសីធំ‑តូចតាមលំដាប់ថ្នាក់ ជិះអង្រឹងស្នែង
ជិះរទេះសេះ ឬជិះដំរីដ៏មានក្លស់បើកបាំងមិនតិចជាងមួយរយទេ ។
បន្ទាប់មកទៀត ទើបដល់ព្រះរាជាទ្រង់ឈរនៅលើខ្នងដំរី
ព្រះហត្ថកាន់ព្រះខ័នទិព្វ ។ ភ្លុកដំរី
ព្រះទីនាំងសឹងមានពាក់ចង្កំមាស ។ មានក្លស់ស (ស្វេច្ឆត្រ) ចំនួន ២០
ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គ ដែលសុទ្ធតែជាក្លស់ដងមាស
នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ ។
បើប្រសិនជាស្ដេចយាងទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ)
ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ ។ សឹងតែរាល់ដង
កាលណាស្ដេចយាងចេញដំណើរតែងមានរូបស្តូបតូចមួយ
ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា ។
បណ្ដាជនដែលនៅតាមដងផ្លូវ
ត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា “សាំប៉ា” (សំពះ?) បើពុំដូច្នោះទេ នឹងត្រូវគេចោទថា មើលងាយព្រះចេស្ដា ហើយនឹងត្រូវគេចាប់យកទៅឃុំចោល ឥតដោះលែងឡើយ ។
ក្នុង
មួយថ្ងៃ ព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក
គឺទទួលសវនាការពីរដ្ឋមន្ត្រី និងរាស្ត្រ
ប៉ុន្តែគ្មានបញ្ជីកត់កំណត់ចំនួនមនុស្ស និងកិច្ចការនោះទេ ។
បើមន្ត្រី ឬរាស្ត្រណាចង់ចូលគាល់
ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុន ។
មួយសន្ទុះក្រោយមក ទើបគេឮសូរសម្លេងតន្ត្រីរងំពីខាងក្នុង ។
អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ ។ ខ្ញុំឮគេថា
គេប្រើតែទីនាំងគ្រែស្នែងមាស (ព្រះវរមាស) ទេ បើគ្រាន់តែយាងជិតៗ ។
បន្តិចមក គេឃើញស្រីស្នំពីរនាក់រូតវាំងននព្រះវរនោះឡើង
ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខ័ន
នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់ ។ ពេលនោះ ទាំងមន្ត្រី
ទាំងរាស្ត្រសុទ្ធតែឱនក្បាលលើកដៃសំពះ
លុះត្រាតែផុតសម្លេងស័ង្ខដែលជាសញ្ញាឲ្យងើបមុខឡើង
ទើបហ៊ានងើបព្រមគ្នា ។ ស្ដេចក៏គង់ប្រថាប់ដែរ ។ ព្រះទែននោះ
ក្រាលដោយស្បែកសត្វសិង្ហ ដែលជាកេរ្តិ៍ដំណមកច្រើនស្ដេចហើយ ។
លុះទ្រង់ប្រាស្រ័យការចប់ហើយ
ស្ដេចយាងចូលវិញដោយមានស្រីស្នំពីរនាក់រូតរនាំងបិទដូចដើម
អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ ។
ពិតមែនតែស្រុកនេះមិនសូវស៊ីវិល័យ តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ ៕
Read more: http://choukhmer.blogsome.com/khmer-civilization/the-record-of-chiv-takuan/#ixzz1Vv4uMAUM
No comments:
Post a Comment