Showing posts with label Khmer literature:. Show all posts
Showing posts with label Khmer literature:. Show all posts

Friday, August 19, 2011

Khmer literature (Some aspects of semantics)

ឯកសារ​ និងការបោះពុម្ភផ្សាយ
                                                      សន្ទរកថា
                                                   និត្យានុកូលភាព

   សាវតារ និង បុព្វហេតុនៃការបង្កើត​គណៈ​កម្មាធិការជាតិភាសាខ្មែរ
I-សាវតារ ៖
ភាសាខ្មែរយើងបានរីកចម្រើនខ្លាំងនៅពេល ដែលវចនានុក្រមខ្មែរត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង នៅឆ្នាំ១៩៣៨ ដោយព្រះមហាក្សត្រខ្មែរបានបង្កើតក្រុមជំនុំមួយនៅឆ្នាំ១៩១៥ ឱ្យធ្វើវចនានុក្រមខ្មែរនេះ ដែល មានសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអ្នកទទួលខុសត្រូវនៅរយៈពេលចុងក្រោយ។ នៅឆ្នាំ ១៩៣៤ ព្រះមហា-ក្សត្រខ្មែរបានបង្កើតក្រុមជំនុំមួយទៀត ដែលក្រោយមកត្រូវគេហៅថា “គណៈ-កម្មការវប្បធម៌” គឺគណៈកម្មការ នេះហើយជាអ្នកបង្កើតបច្ចេកស័ព្ទថ្មីៗ ដែលពេលនោះគេហៅថា “ពាក្យវប្បធម៌” ដូចជា ពាក្យ“រដ្ឋាភិបាល”, “ធនាគារ” ជាដើម។ ព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រទី៣ក្នុង ការរីកចម្រើនភាសាខ្មែរ គឺការបង្កើតគណៈកម្មការជាតិ ខេមរយានកម្ម នៅឆ្នាំ១៩៦៧ ដែលមាន សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាព្រះប្រធាន និង ប្រធាននៃគណៈ-កម្មការបច្ចេកស័ព្ទនៃមុខ វិជ្ជានានាជាសមាជិក។ នៅពេលនោះ បច្ចេកស័ព្ទត្រូវទទួលការអនុម័តសិន មុននឹងយក ទៅប្រើប្រាស់ ក្នុងការបង្រៀន។

ដោយមានសង្គ្រាមស៊ីវិល និង ដោយប្រទេសកម្ពុជាត្រូវបានកាន់កាប់ដោយរបបខ្មែរក្រហម គណៈ-កម្មការជាតិខេមរយានកម្មត្រូវរលត់រលាយទៅ ហើយក្រោយមក ការបង្កើតពាក្យពុំត្រូវបានគ្រប់គ្រង ដូចសម័យ សម្ដេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ សព្វថ្ងៃនេះ ខ្មែរណាក៏ដឹងដែរថា ភាសាយើង ខ្វះឯកភាពទាំងក្នុងការ សរសេរពាក្យ និង ទាំងក្នុងការអានពាក្យមួយចំនួន ទាំងក្នុងការ បង្កើតពាក្យ ទាំងក្នុងការខ្ចីពាក្យពីភាសា បរទេស។
ដោយខ្វះឯកភាពដូចនេះ វិទ្យាស្ថានភាសាជាតិបានរៀបចំសិក្ខាសាលាស្ដីពីការស្រាវជ្រាវ ឯកភាព និង អភិវឌ្ឍន៍ភាសាខ្មែរ លើកទី១ នៅឆ្នាំ២០០០ និង លើកទី២ នៅឆ្នាំ២០០៥។
II- ការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ ៖
យោងតាមអនុសាសន៍របស់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងពីរលើក​របស់វិទ្យាស្ថាន ភាសា​ជាតិ បានស្នើសុំឱ្យរាជរដ្ឋាភិបាលបង្កើត “គណៈកម្មាធិការជាតិភាសាខ្មែរ” មួយឡើង។ នៅក្នុងពិធីបិទសិក្ខាសាលា លើកទី៣ របស់វិទ្យាស្ថានភាសាជាតិ ឆ្នាំ២០០៦ ឯកឧត្ដម ឧបនាយក រដ្ឋមន្ដ្រី សុខ អាន អញ្ជើញមកជាអធិបតីបិទ សិក្ខាសាលានេះ ក្នុងនាម​​​ឯកឧត្ដម​ជា​តំណាង​ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង ក្នុងនាមរាជរដ្ឋា-ភិបាលកម្ពុជា ឯកឧត្ដម អនុញ្ញាតឱ្យបង្កើត “គណៈកម្មាធិការជាតិភាសាខ្មែរ” នេះឡើង។

“គណៈកម្មាធិការជាតិភាសាខ្មែរ” ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃ ទី០៥ ខែមីនា ឆ្នាំ២០០៧ ដែលមានសមាជិកចំនួន៤០រូប។ គណៈកម្មាធិការនេះមានភារកិច្ច រកឯកភាពក្នុងការ សរសេរការអាន ការបង្កើតពាក្យថ្មី និង កម្ចីពាក្យពីបរទេស។
ដើម្បីអនុវត្ដភារកិច្ច និង គោលដៅរបស់ខ្លួនបានជោគជ័យ គណៈកម្មាធិការជាតិភាសាខ្មែរបានបង្កើត លេខាធិការដ្ឋានអចិន្ដ្រៃយ៍ និង បង្កើតគណៈកម្មការបច្ចេកទេសចំនួន០៨ ដូចខាងក្រោម ៖
១-លេខាធិការដ្ឋានអចិន្ដ្រៃយ៍ ៖
លេខាធិការរដ្ឋានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិភាសាខ្មែរត្រូវបានបង្កើតឡើងតាមរយៈសេចក្ដី សម្រេចលេខ ១២១ សសរ. ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ ដែលមានភារកិច្ចជាអង្គភាពជំនួយការ ឱ្យគណៈ-កម្មាធិការជាតិភាសាខ្មែរ។

លេខាធិការរដ្ឋានអចិន្ដ្រៃយ៍នេះមានសមាសភាពចំនួន១៥រូប និង មាន០៣ការិយាល័យ គឺ ៖
១.១.ការិយាល័យរដ្ឋបាល ៖ មានសមាសភាពចំនួន៥រូប ក្នុងនោះមានប្រធាន១រូប អនុប្រធាន២រូប និង សមាជិក២រូប)។

១.២.ការិយាល័យហិរញ្ញវត្ថុ ៖ មានសមាសភាពចំនួន៥រូប ក្នុងនោះមានប្រធាន១រូប អនុប្រធាន២រូប និង សមាជិក២រូប)។
១.៣.ការិយាល័យបោះពុម្ពផ្សាយ ៖ មានសមាសភាពចំនួន៥រូប ក្នុងនោះមានប្រធាន១រូប អនុប្រធាន២រូប និង សមាជិក២រូប)។
២-ការបង្កើតគណៈកម្មការបច្ចេកទេស ៖
គណៈកម្មការបច្ចេកទេសទាំង០៨បានបង្កើតឡើងតាមសេចក្ដីសម្រេចលេខ ១២៣ សសរ. ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ ដែលមានសមាសភាពសរុបចំនួន៦២រូប ហើយមានមុខងារ និង ភារកិច្ចដូចតទៅ ៖

២.១.គណៈកម្មការអក្ខរាវិរុទ្ធ និង អំណាន ៖
គណៈកម្មការអក្ខរាវិរុទ្ធ និង អំណានមានសមាសភាពចំនួន១១រូប ក្នុងនោះមានប្រធាន១រូប អនុប្រធាន ១រូប ទីប្រឹក្សា១រូប សមាជិក៧រូប និង លេខាធិការ១រូប។
ភារកិច្ចរបស់គណៈកម្មការនេះគឺប្រមូលពាក្យ និង កំណត់ការអានពាក្យនៅក្នុងភាសាខ្មែរ ដែលមាន បញ្ហា នាពេលបច្ចុប្បន្ននេះ ក្ន្នុងគោលបំណងស្វែងរកឯកភាពនៃការសរសេរពាក្យ និង ការអានពាក្យ ដើម្បីដាក់ជូន គណៈកម្មាធិការជាតិភាសាខ្មែរអនុម័ត។

២.២.គណៈកម្មការនៃការបង្កើតពាក្យ និង កម្ចីពាក្យ ៖
គណៈកម្មការនៃការបង្កើតពាក្យ និង កម្ចីពាក្យមានសមាសភាពចំនួន១១រូប ក្នុងនោះមានប្រធាន១រូប អនុប្រធាន១រូប សមាជិក៨រូប និង លេខាធិការ១រូប។
ភារកិច្ចរបស់គណៈកម្មការនេះគឺកំណត់គោលការណ៍ក្នុងការបង្កើតពាក្យ និង កម្ចីពាក្យ ក្នុងគោល បំណង ស្វែងរកឯកភាពនៃការបង្កើតពាក្យ និង កម្ចីពាក្យ ដើម្បីដាក់ជូនគណៈកម្មាធិការ ជាតិភាសា ខ្មែរអនុម័ត។
ចំពោះគណៈកម្មការបច្ចេក ស័ព្ទទាំង៦ខាងក្រោមនេះ គណៈកម្មការនីមួយៗ មានភារកិច្ចប្រមូល វាក្យស័ព្ទ មានប្រើរួចមកហើយ ដែលមានបញ្ហាមិនឯកភាពគ្នា និង បង្កើតពាក្យថ្មីបន្ថែមទៀត តាមមុខវិជ្ជារៀងៗខ្លួន ដើម្បី ស្វែងរកឯកភាពក្នុងការសរសេរ ការអាន និង ការបង្កើតបច្ចេកស័ព្ទថ្មីៗ ដាក់ជូនគណៈកម្មាធិការជាតិភាសាខ្មែរ អនុម័ត។

២.៣. គណៈកម្មការបច្ចេកស័ព្ទមនុស្សសាស្ដ្រ និង វិទ្យាសាស្ដ្រសង្គម ៖
គណៈកម្មការបច្ចេកស័ព្ទមនុស្សសាស្ដ្រ និង វិទ្យាសាស្ដ្រសង្គម មានសមាសភាពចំនួន៨រូប ក្នុងនោះមាន ប្រធាន១រូប អនុប្រធាន១រូប និង សមាជិក៦រូប។

២.៤.គណៈកម្មការបច្ចេកស័ព្ទវិទ្យាសាស្ដ្រនយោបាយ និង ការទូត ៖
គណៈកម្មការបច្ចេកស័ព្ទវិទ្យាសាស្ដ្រនយោបាយ និង ការទូត មានសមាសភាពចំនួន៨រូប ក្នុងនោះមាន ប្រធាន១រូប អនុប្រធាន១រូប និង សមាជិក៦រូប។

២.៥.គណៈកម្មការបច្ចេកស័ព្ទភាសាវិទ្យា និង អក្សរសិល្ប៍ ៖
គណៈកម្មការបច្ចេកស័ព្ទភាសាវិទ្យា និង អក្សរសិល្ប៍ មានសមាសភាពចំនួន៦រូប ក្នុងនោះមានប្រធាន ១រូប អនុប្រធាន១រូប និង សមាជិក៤រូប។

២.៦.គណៈកម្មការបច្ចេកស័ព្ទវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា ៖
គណៈកម្មការបច្ចេកស័ព្ទវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា មានសមាសភាពចំនួន៦រូប ក្នុងនោះមានប្រធាន ១រូប អនុប្រធាន១រូប និង សមាជិក៤រូប។

២.៧.គណៈកម្មការបច្ចេកស័ព្ទវប្បធម៌ និង វិចិត្រសិល្បៈ
គណៈកម្មការបច្ចេកស័ព្ទវប្បធម៌ និង វិចិត្រសិល្បៈ មានសមាសភាពចំនួន៦រូប ក្នុងនោះមានប្រធាន១ រូប អនុប្រធាន១រូប និង សមាជិក៤រូប។

២.៨.គណៈកម្មការបច្ចេកស័ព្ទជីវសាស្ដ្រ វេជ្ជសាស្ដ្រ និង កសិកម្ម ៖
គណៈកម្មការបច្ចេកស័ព្ទជីវសាស្ដ្រ វេជ្ជសាស្ដ្រ និង កសិកម្ម មានសមាសភាពចំនួន៦រូប ក្នុងនោះមាន ប្រធាន១រូប អនុប្រធាន១រូប និង សមាជិក៤រូប។
ទំនាក់ទំនង

លេខាធិការដ្ឋានអចិន្ត្រៃយ៍ៈ វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា (ជាន់ទី២)

Tel: 012 911 357 / 016 947 421

FAX : 023 983 871

E-mail: nckl_secretariat@yahoo.com