Wednesday, August 24, 2011

រឿងសាមកុក,


 



ជីវប្រវត្តិសង្ខេប'
លោក នូ កន កើតនៅឆ្នាំ១៨៧៤ នៅអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ មាតាឈ្មោះ នូ បិតាឈ្មោះ អ៊ុក ។
  • អាយុ ៩ឆ្នាំ បានទៅរៀនវត្តត្នោត
  • អាយុ ១៤ឆ្នាំ បួសជាសាមណេរបានមួយវស្សា
  • អាយុ ១៧ឆ្នាំ ចូលធ្វើជាស្មៀនចាហ្វាយខេត្តទ្រាំង
  • ឆ្នាំ១៨៩១ ចូលធ្វើកាតក្នុងក្រុមអាលក្សណ៍ ក្នុងវាំងបាន៤ឆ្នាំ
  • ឆ្នាំ១៩០២ ប្រឡងជាប់លេខ១ផ្នែកអក្សរសាស្រ្ត រាជការបារាំងចាត់បន្តវិជ្ជាខាងច្បាប់នៅក្រុងប៉ារីស លុះត្រឡប់វិញ បានធើ្វជាចៅហ្វាយខេត្ត្​កំពង់សៀម
  • ឆ្នាំ១៩០៩​​ ខែ៦ ថ្ងៃ​១៦ ចៅហ្វាយខេត្តពញ្ញាឮ
  • ឆ្នាំ១៩០៩ ខែ១១ ថ្ងៃ១១ ចៅហ្វាយខេត្តស្ទឹងត្រែង
  • ឆ្នាំ១៩១៦ ខែ១១ ថ្ងៃ១៥ ចៅហ្វាយខេត្តកំពង់ធំ កំពង់ស្វាយ
  • ឆ្នាំ១៩១៩ ខែ៧ ថ្ងៃ៣១ ចៅហ្វាយខេត្តកំពង់សៀម កំពង់ចាម
  • ឆ្នាំ១៩២១ ខែ១០ ថ្ងៃ១៨ ឧកញ៉ាវិបុលរាជសេនា ភូឈួយសេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្រ្តីលេខ២
  • ឆ្នាំ១៩២៦ ឧកញ៉ាវិបុលរាជសេនា ភូឈួយក្រសួងពាណិជ្ជការ
  • ឆ្នាំ១៩៤៥​-១៩៤៩ ជាប់ជាតំណាងរាស្រ្ត មណ្ឌលកោះសូទិន
ស្នាដៃអក្សរសាស្រ្ត
  1. រឿង ទាវឯក ពាក្យកាព្យ ១៩២៣ ជាប់លេខ១ខាងអក្សរសាស្រ្ត
  2. រឿង សាមកុក ប្រែពីចិន ១៩៣៣
  3. រឿង អ៊ីណាវ កំណាព្យ
  4. រឿង តុង ឈិន ប្រលោមលោកពាក្យរាយ ឆ្នាំ១៩៤៧
គ្រឿងឥស្សារិយយស
  1. អាល្លឺយ៉ង់ ហ្រ្ចង់សេស ១៩០៣
  2. មេដាយមាស ១៩០៩
  3. មេដាយ មុនីសារភណ្ឌ័ ១៩០៩
  4. មេដាយ អស្សឫទ្ធិ ១៩១២
  5. អូស្វីសៀ ប្រទេសអណ្ណាម ១៩២១
  6. ធិបឌិន កុម្មងឌ័រ ១៩២៦
អវសានកាល
ដោយមានរោគចាស់ជរា លោកឧកញ្ញ៉ា បានទទួលមរណភាពនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ១៩៥០ វេលាម៉ោង ៨យប់ ជន្មាយុ ៧៨ឆ្នាំ នៅគេហដ្ឋាន នាខេត្តកំពង់ចាម។
ឯកសារយោង​
  • សៀវភៅ ជីវប្រវត្តិ អ្នកនិពន្ធខ្មែរ,​ អ្នកនិពន្ធ ឯកឧត្តម​ ជ័យ ចាប ឆ្នាំ១៩៨៨
  • សៀវភៅ អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី,​ លោកលី ធាមតេង ឆ្នាំ១៩៧២បានពី

«​រឿង​សាមកុក​នេះ ចាប់​ផ្ដើម​មាន​រឿង​កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​​ឡេន​តេ កាល​ពី​ ព.ស ៧១១ (រវាង គ.ស ១៥៨) ដែល​ជា​បឋម​ហេតុ​បណ្ដាល​ឲ្យ​រាជាណាចក្រ​ចិន​បែក​ខ្ញែក​ចេញ​ទៅ​ជា​បី​ភាគ ដែល​ចិន​ហៅ​ថា សាមកុក” ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​នេះ ឥត​សមត្ថភាព ទ្រង់​ជឿ​ស្ដាប់​ពាក្យ​ទូល​ញុះញង់​របស់​ពួក​ខន្ធី (ពួក​មនុស្ស​ប្រុស​កម្រៀវ​ក្នុង​ព្រះរាជ​សំណាក់) ពួក​មន្ត្រី​​តូច​ធំ​ក្នុង​ក្រុង​ក៏​​គ្មាន​អ្នក​ណា​មួយ​ខ្លាំង​ពូកែ ល្ម​ម​ជា​ទី​គោរព​កោត​ក្រែង​របស់​ជនទូទៅ ដរាប​ដល់​ទ្រង់​ទីវង្គត​ទៅ  ក្សត្រ​​ព្រះអង្គ​នេះ ទ្រង់​មាន​ព្រះរាជ​បុត្រ​២​ព្រះអង្គ ព្រះ​អង្គ​ច្បង​ព្រះ​នាម ហង់ជូពៀន ទ្រង់​ទទួល​គ្រង​រាជ្យ​ជា​តំណ​ព្រះរាជវង្ស តែ​ព្រះ​នាង ​ហូហៅ ជា​ព្រះ​វរជននី​ស្ដី​រាជការ​ផែន​ដី​ជំនួស ព្រោះ​ព្រះរាជបុត្រ​នៅ​កុមារ​ណាស់ ។ ព្រះរាជបុត្រ​ព្រះ​នាម ហង់ជូហៀប កំព្រា​ព្រះ​ជននី នាង តាំងថៃហ ជា​អយ្យិកា​ចិញ្ចឹម​តាំង​ពី​នៅ​ជា​ទារក ហើយ​ក៏​ខ្វល់ខ្វាយ​ចង់​ឲ្យ​ចៅ​បាន​រាជសម្បត្តិ​ទើប​នាង​ទាំង​ពីរ​ទៅ​ជា​អរិ​ នឹង​គ្នា ។ ក្រោយ​ព្រះ​បាទ​ ឡេនតេ ទីវង្គត​ទៅ​នោះ ហូជិន ជា​បង​ព្រះ​នាង​ ហូហៅ បាន​ធ្វើ​ជា​មន្ត្រី​ធំ​ក្នុង​ព្រះរាជវាំង ធ្វើ​កល​ឧបាយ​ឲ្យ​គេ​សម្លាប់​នាង​ ថៃហ ទៅ ហើយ​គិត​កំចាត់​ពួក​ខន្ធី​ចេញ​ទៀត ប៉ុន្តែ​ព្រះ​នាង​ ហូហៅ រារាំង​ការពារ​ពួក​ខន្ធី ។ ត​មក ហូជិន លប​មាន​ចុតហ្មាយ​សម្ងាត់​ទៅ​ដល់ តាំងតុះ ចៅ​ហ្វាយ​ស្រុក ឈីឡុង ឲ្យ​លើក​ទ័ព​ទៅ​បង្ក្រាប​ពួក​ខន្ធីៗ​បាន​ដឹង​រឿង​ ក៏​ធ្វើ​កល​ល្បួង​ឲ្យ ហូជិន ចូល​ទៅ​ក្នុង​វាំង ព្រួត​ដៃ​គ្នា​ចាប់​ ហូជិន សម្លាប់​ទៅ ។ ពួក​ខាង ហូជិន បាន ​ដឹង ខឹង​ណាស់​ក៏​នាំ​គ្នា​ដុត​ព្រះរាជវាំង ហើយ​លើក​គ្នា​ចូល​លុក​លុយ​កាប់​សម្លាប់​ពួក​ខន្ធី​ជា​ចលាចល  ក្សត្រ​គ្រង​រាជ្យ​ទ្រង់​គេច​រត់​ទៅ​ស្នាក់​នៅ​ទីដទៃ ។ ឯ​ តាំងតុះ កាល​បាន​ឱកាស​ជា​ប្រយោជន៍​ដល់​ខ្លួន ក៏​លើក​ទ័ព​ចូល​ក្រុង​បង្ក្រាប​ការ​ចលាចល​រាប​ទាប ​ហើយ​ទើប​ដក​ព្រះមហាក្សត្រ និង​ព្រះ​នាង​ ហូហៅ ជា​ព្រះ​វរជននី​ចេញ​ចាក​រាជសម្បត្តិ លើក​ ហង់ជូហៀប ជា​ព្រះ​អនុជ​ឡើង​គ្រង​រាជ្យ ទ្រង់​ព្រះនាម ព្រះ​បាទ​ហៀនតេ  តាំងតុះ ក៏​តាំង​ខ្លួន​ឯង​ជា សៀងកុក” (តំណែង​អគ្គមហាសេនាបតី) សម្រេច​រាជការ​ផែនដី ។ កាល តាំងតុះ បាន​ឡើង​ជា​សៀងកុក​ហើយ ក៏​តាំង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេងៗ ពួក​មន្ត្រី​នៅ​ក្រុង គ្មាន​អ្នក​ណា​មួយ​អាច​កំចាត់​ តាំងតុះ ​ចេញ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ​នៅ​ខេត្ត​ក្រៅ​អស់​ជាច្រើន  ក្នុង​ចំណោម​ពួក​ដែល​រត់​ទៅ​នោះ មាន​មន្ត្រី​ពូកែ​ម្នាក់​ឈ្មោះ ចូឆូ បាន​បបួល​ចៅហ្វាយ​ស្រុក​ជា​ច្រើន​ស្រុក លើក​ទ័ព​ទៅ​បង្ក្រាប តាំងតុះ ប៉ុន្តែ ​ធ្វើ​ការ​មិន​សម្រេច ព្រោះ​មិន​រួម​សាមគ្គី​គ្នា ដោយ​ចៅហ្វាយ​ស្រុក​អស់​នោះ​គិត​តែ​ចង់​បាន​ប្រយោជន៍ និង​អំណាច​តែ​សព្វៗ​ខ្លួន ម៉្លោះ​ហើយ​ទៅ​ជា​ទាស់​ទែង​ច្បាំង​តែ​គ្នា​ឯង 
ត​មក​មិន​យូរ​ប៉ុន្មាន អងអ៊ុន ជាមន្ត្រី​ធំ​នៅទីក្រុង​ក៏គិត​ធ្វើ​កល​ឧបាយ​កំចាត់​ តាំងតុះ ចេញ​បាន​សម្រេច ដោយ​យក​ស្ត្រី​រូប​ឆោម​ឆើត​ធ្វើ​ជានុយ ប៉ុន្តែ អងអ៊ុន មិន​អាច​ចាត់​ការ​ស្រុក​ទេស​ឲ្យ​រៀប​រយ​ទៅ​បាន ថែម​ទាំង​ក្សត្រ​ទ្រង់​រាជ្យ​ក៏​ឥត​មាន​សមត្ថភាព ទើប​ជា​ហេតុ​ឲ្យ​ពួក​របស់​ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើ​ការ​សង​សឹក​សម្លាប់ អងអ៊ុន ទៅ​ទៀត ហើយ​បង្ខំ​ឲ្យ​ព្រះ​បាទ​ហៀនតេ តាំង​ពួក​ខ្លួន​ឲ្យ​ធ្វើ​ជា​ធំ​ក្នុង​ទីក្រុង ។ នៅ​ទី​បំផុត ពួក​នេះ​គិត​កំចាត់​ព្រះ​បាទ​ហៀនតេ ចេញ ទ្រង់​គេច​រត់​ចោល​ទីក្រុង​ទៅ ទ្រង់​បាន​សេចក្ដី​លំបាក​វេទនា​ជា​អនេក ហើយ​មាន​ព្រះរាជ​ឱង្ការ​ឲ្យ​ហៅ​ ចូឆូ ចូល​មក​ជួយ​ទំនុក​បម្រុង​ទ្រង់​ក្នុង​ឱកាស​នោះ ។ ចូឆូ លើក​ទ័ព​ចូល​ទៅ​បង្ក្រាប​ពួក​ក្បត់​បាន​រាបទាប​នៅ​ទីក្រុង ហើយ​បាន​ទទួល​តំណែង​ជា​សៀងកុក​សម្រេច​រាជការ​ផែន​ដី តែ​បណ្ដា​ខែត្រ​ក្រៅ​នៅ​តែ​បះបោរ​រឹង​ទទឹង​តាំង​ពី​កាល តាំងតុះ លីឈុយ‑គុយគី មក​នោះ ។ ឯ​ពួក​មន្ត្រី​ដែល​រត់​ចោល​ក្រុង​ទៅ​ក្នុង​សម័យ​ តាំងតុះ ក៏​បាន​ត្រឡប់​ចូល​មក​ទីក្រុង​វិញ ក្នុង​ពេល​ដែល​ ចូឆូ បាន​ធ្វើ​សៀង​កុក ដោយ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​ ចូឆូ ក៏​មាន ដែល​នៅ​ស្ងៀមៗ​ចាំ​មើល​បំណាំ​ក៏​មាន ដែល​នៅ​រឹង​ទទឹង​ក៏​នៅ​មាន 




ឯ​ ចូឆូ នោះ ជា​មនុស្ស​មាន​សតិបញ្ញា​វាង​វៃ ជា​មេទ័ព​មាន​សតម្ថភាព​ជា​អ្នក​អាច​គ្រប់គ្រង​បង្គាប់​បញ្ជា​ខែត្រ​ក្រៅ​ នានា អាច​ធ្វើ​ឲ្យ​ទីក្រុង​មាន​អំណាច​ មាន​កម្លាំង​កើន​ចម្រើន​ឡើង​ជាង​កាល​ជាន់​មុន​នេះ ។ ប៉ុន្តែ ចូឆូ ច្រើន​ធ្វើ​ការ​តាម​តែ​ទំនើង​ចិត្ត​ខ្លួន ពួក​នាម៉ឺន​ដែល​មិន​មែន​ជា​បក្ខ​ពួក ចូឆូ ច្រើន​ស្អប់ គិត​កំចាត់​ចេញ តែ​គ្មាន​អ្នកណា​ហ៊ាន​កំចាត់​ចេញ​ទេ ព្រោះ​ពួក​នៅ​ក្រុង​ស្រឡាញ់ ចូឆូ ដោយ​ភាគ​ច្រើន ។ ចូឆូ ប្រើ​អំណាច​មុខ​ក្រសួង​ជ្រុល​ហួស​ពេក ជា​ហេតុ​ឲ្យ​ព្រះ​បាទ​ហៀនតេ ទ្រង់​ក្រំ​ព្រះទ័យ​យ៉ាង​ខ្លាំង ដល់​ទៅ​ទ្រង់​យក​ព្រះលោហិត​សរសេរ​ព្រះឱង្ការ​សម្ងាត់ ហៅ​រក​អ្នក​ស្វាមី​ភ័ក្ដិ​ឲ្យ​គិត​កំចាត់​ ចូឆូ ចេញ  ដំណឹង​នេះ​ផ្សាយ​ដល់​ខែត្រ​ក្រៅ បណ្ដា​ពួក​ចៅហ្វាយ​ស្រុក​ដែល​មាន​កម្លាំង មិន​មែន​ជា​បក្ខ​ពួក​ខាង ចូឆូ ក៏​យល់​ថា ចូឆូ ជា​សត្រូវ​នឹង​ផែនដី​ដូច​ជា​ តាំងតុះ ដែរ ទើប​នាំ​គ្នា​រឹង​ទទឹង​ឡើង ។ ឯ​ ចូឆូ ដែល​ប្រកាន់​សក្តិ​ខ្លួន​ជាសៀងកុក ក៏​យល់​ថា​ត្រូវ​តែ​បង្ក្រាប​ខែត្រ​ក្រៅ​ដែល​រឹង​ទទឹង​ជា​សត្រូវ​នឹង​ផែនដី ទើប​ជាហេតុ​ឲ្យ​កើត​ជា​ចម្បាំង​ឡើង ដោយ​ទាំង​សង​ខាង​អាង​ថា​ច្បាំង​បង្ក្រាប​ពួក​ក្បាត់​ផែនដី  ផល​នៃ​ការ​ច្បាំង​គ្នា​ជា​យូរ​អង្វែង​នោះ ប៉ែក​ខាង​កង​ទ័ព ចូឆូ ច្បាំង​បង្ក្រាប​ខែត្រ​ក្រៅ​បាន​ជា​ចំនួន​ច្រើន បង្កា្រប​មិន​បាន​តែ​បណ្ដា​ខែត្រ​ដែល​នៅ​ក្រោម​ឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ 
ស៊ុនគួន ជា​ម្ចាស់​ស្រុក​កន្តាំង ជា​ខែត្រ​ធំៗ​តាំង​នៅទិស​ខាង​កើត ជា​អ្នក​គ្រប់​គ្រង​ស្រុក​ទេស​បាន​ល្អ​តាំង​នៅ​ក្នុង​សីលធម៌ មាន​មនុស្ស​និយម​រាប់​អាន​ច្រើន ត្រា​តែ​មាន​កម្លាំង​ខ្លាំង​ពូកែ​ឡើង​ច្រើន ។ ឯ ឡៅពី នោះ ដំបូង​ជា​មនុស្ស​អនាថា តែ​មាន​ត្រកូល​ខ្ពស់​ជាប់​សែស្រឡាយ​ក្នុង​រាជវង្ស​ហ័ន ជា​អ្នក​មាន​អធ្យាស្រ័យ​ល្អ ហើយ​គាប់​ចួន​បាន​មនុស្ស​ពូកែ​មាន​ថ្វី​ដៃ​មក​ចូល​ធ្វើ​ជា​នាយ​ទាហាន​ច្រើន​ ​នាក់ ទើប​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ឡើង ត​​មក​បាន​ ខុងមេង ជា​ទីប្រឹក្សា​ខាង​សឹក​សង្គ្រាម បាន​ណែនាំ​ឲ្យ​ចង​មិត្រ​នឹង​ ស៊ុនគួន ព្រួត​ដៃ​គ្នា​តស៊ូ​នឹង​ ចូឆូ ទើប​រក្សា​ខ្លួន​បាន​សុខ ហើយ​គាប់​ចួន​បាន​ខែត្រ​ សេឆួន តាំង​នៅ​ទិស​ខាង​លិច​ជា​បង្អែក ទើប​តាំង​ឡាក់​ឋាន​បាន​មាំមួន ។ ឯ​ព្រះ​បាទ​ហៀនតេ ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន តែ​ព្រះ​នាម​ដូច​រួប​អ្នកតា តែ​ពង្សាវតារ​ចិន​នៅ​រាប់​ថា​ជា​ព្រះ​មហក្សត្រ​ប្រទេស​ចិន​ទាំង​មូល 

លុះ ចូឆូ អនិច្ច​កម្ម​ទៅ ចូភី ជា​កូន​ចូឆូ​បាន​ទទួល​តំណែង​សៀងកុក​ជា​តំណ​ត​មក​ជំនួស​បិតា រួច​បាន​ដក​ព្រះបាទ​ហៀនតេ ​ចេញ​ពី​រាជសម្បត្តិ ហើយ​ប្រកាស​តាំង​ខ្លួន​ឯង​ឡើង​ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន​ ផ្លាស់​រាជវង្ស​ថ្មី​ហៅថា រាជរង្ស​វុយ កាល​ពី​ ព.ស ៧៦៣ ។ ប៉ែក​ខាង​ ឡៅពី ក៏​បាន​តាំង​ខ្លួន​ជាក្សត្រ​ឡើង​ដែរ ចាត់​តាំង​រាជវង្ស​ហ័ន ឡើង​ថ្មី​ទៀត​នៅ​ខែត្រ​ដែន​សេឆួន ។ ខាង​ស៊ុនគួន មិន​ចង់​នៅ​ចំណុះ​ ចូភី ឬ ឡៅពី ក៏​តាំង​ជា​ឯករាជ្យ​ឡើង​នៅ​ខែត្រ​ដែន​កន្តាំង ។ តាំង​អំពី​កាល​ណោះ​មក ប្រទេស​ចិន​ទាំង​មូល​ក៏​បែក​ខ្ញែក​ចេញ​ជា​សាមកុក គឺ​បែក​ចេញ​ជា​បី​អាណាចក្រ​សឹង​មាន​ឥស្សរៈ​ដាច់​ដោយ​ឡែក​ពី​គ្នា  អាណា​ខែត្រ​របស់​ព្រះ​បាទ​ចូភី ហៅថា វុយកុក ។ អាណា​ខែត្រ​របស់​ឡៅពី​ហៅថា ចុកកុក ។ អាណា​ខែត្រ​របស់​ព្រះបាទ​ស៊ុនគួន​ ហៅថា ង៉កុក ។ អំណឹះ​កាល​ត​មក កាល​អស់​បុណ្យ​ព្រះបាទ​ឡៅពី ចូភី ស៊ុនគួន ហើយ អ្នក​គ្រប់​គ្រង​ប្រទេស​ជា​តំណ​តមក ជា​​អ្នក​ឥត​សមត្ថភាព​ទាំង​បី​កុក ទើប ស៊ុម៉ាចៀវ ដែល​ជា​អ្នក​សម្រេច​រាជការ​ផែនដី​ខាង​វុយកុក បង្ក្រាប​ចុកកុក​បាន​មុន រួច​ត​មក ស៊ុម៉ាអៀន បុត្រ​ស៊ុម៉ាចៀវ​ដណ្ដើម​រាជសម្បត្តិ​វុយកុក​បាន ​ផ្លាស់​រាជវង្ស​ថ្មី​ហៅថា​រាជវង្ស​ជិន ហើយ​បង្ក្រាប​ង៉កុក​ បាន​មួយ​កុក​ទៀត  ទើប​មហា​អាណា​ចក្រ​ចិន​ត្រឡប់​ចូល​រួបរួម​គ្នា​មូល​តែ​មួយ​បាន​ឡើង​វិញ ចប់​រឿង​សាមកុក​ដោយ​សង្ខេប​ខ្លី​ត្រឹម​ប៉ុណ្ណោះ​» 
(សង្ខេប​រយៈ​សម័យ​ក្នុង​រឿង​សាមកុក​នេះ គឺ​សម័យ​រាជវង្ស​ហ័ន​រៀវរោយ ក្នុង​រជ្ជកាល​ព្រះបាទ​ឡេនតេ ២១​ឆ្នាំ ក្នុង​សម័យ​តាំងតុះ ក្នុង​រជ្ជកាល​ព្រះបាទ​ហៀនតេ ៣០​ឆ្នាំ សម័យ​សាមកុក ៦០​ឆ្នាំ ប្រមូល​សម័យ​កាល​ក្នុង​រឿង​សាមកុក​នេះ​ជា​រយៈ ១១១​ឆ្នាំ​) 
        
   មានតទៅទៀត!​    សូមអរគុណ!







ចរិតលក្ខណៈ និងធនធាន​មនុស្ស​សម័យ​សាមកុក

ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជំនាន់​សាមកុក​គឺ​ថា «ខ្លួន​អ្នក​ណា ខ្លួន​អ្នក​នោះ» មិន​អាច​គ្រប់​គ្រង​គ្នា​បាន​ឡើយ ព្រោះ​ម្នាក់ៗ​ប្រកាន់​ពាក្យ​ថា «ធ្វើ​យ៉ាង​ណា អាត្មា​អញ​រស់​ជា​ការ​ប្រសើរ» ។ ប្រជានុរាស្ត្រ​មាន​តម្លៃ​ស្មើ​នឹង​ស្មៅ អ្នកណា​អាច​ដើរ​ជាន់​ក៏​បាន​តាម​ចិត្ត​ចង់ មន្ត្រី​រាជការ​ចាំ​តែ​ធ្វើ​តាម​ពាក្យ​បញ្ជា​របស់​ចៅហ្វាយ​នាយ ថា​ឲ្យ​ទៅ​ចុះ​នរក ក៏​ត្រូវ​តែ​ទៅ ។ ជីវិត​របស់​ពួក​គេ​បូជា​ជូន​អ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់ ។
ដោយ​ហេតុ​នេះ​ហើយ ទើប​រឿង​សាមកុក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ប្រជាជន​ចិន ហើយ​ខ្មែរ​យើង​ក៏​និយម​អាន ដោយ​មាន​ពាក្យ​មួយ​និយាយ​ថា «អ្នកណា​មិន​អាន​សាមកុក ធ្វើ​ធំ​មិន​កើត» ។

ហង់តេ​ចិន​សម័យ​សាមកុក


«ហង់តេ» ចិន​ខុស​ពី​ក្សត្រ​ប្រទេស​នានា ព្រោះ​ថា ​ហង់តេ (ស្ដេច​ចិន) តាំង​ខ្លួន​ជា​ឱរស​នៃ​ស្ថានសួគ៌​ដែល​អវតា​ចុះ​មក​សោយរាជ្យ​សម្បត្តិ ព្រោះ​តែ​ជា​អ្នក​មាន​បុណ្យ ។
រាជាធិបតេយ្យ​បែប​ហង់តេ​ចិន កំណត់​ឲ្យ​មាន​តែ​មនុស្ស​ម្នាក់​ដែល​មាន​អំណាច​ដាច់​ខាត់​ជា​ម្ចាស់​ជីវិត ទទួល​ឱង្ការ​ពី​ស្ថានសួគ៌ ពាក្យ​សម្ដី​របស់​ហង់តេ​គឺ​ជា​ច្បាប់​ខ្ពស់​បំផុត ដែល​ពុំ​មាន​នរណា​ហ៊ាន​ល្មើស​បាន​ឡើយ ធ្វើ​ឲ្យ​ហង់តេ​មាន​សិទ្ធិ​ដាច់​ខាត​ខ្ពស់​បំផុត ។ ព្រោះ​តែ​ហេតុ​នេះ ដោយ​ធម្មជាតិ​ជា​មនុស្ស​ដែល​កើត​មក​ហើយ​ពុំ​មាន​នរណា​ចង់​រស់​នៅ​ក្រោម​បង្គាប់​នរណា​ម្នាក់​ទៀត​រហូត​ទៅ​នោះ​ទេ មិន​ថា​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន ឬ​អ្នក​ក្រ ទើប​មាន​ជនជាតិ​ចិន​មិន​តិច​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង​របស់​ចិន បាន​ព្យាយាម​តស៊ូ​រើបម្រះ​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​នៅ​ជា​ឱរស​នៃ​ស្ថាន​សួគ៌​ដូច​គេ​ខ្លះ សូម្បី​តែ​កូន​ធម៌​ក៏​យក​ដែរ ។
ហង់តេ​របស់​ចិន​ពុំ​មែន​មាន​តែ​សេចក្ដី​សុខ​រហូត​នោះ​ទេ ព្រោះ​រាល់​លើក​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រាជវង្ស សុទ្ធ​តែ​ជា​ការ​ផ្លាស់​ប្ដូរ​ដោយ​វិធី​រដ្ឋប្រហារ​ទាំង​អស់ តែ​មាន​រាជវង្ស​មួយ​ពីរ​ដែរ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​ស្ម័គ្រ​ចិត្ត ។
ហង់តេ​របស់​ចិន​ចាត់​ថា​ជា​ម្ចាស់​មហាជីវិត បើ​ប្រកាន់​យក​ធ្វើ​ជា​អាជីព​មួយ​ហើយ ចាត់​ថា​ជា​អាជីព​ដ៏​មាន​គ្រោះ​ថ្នាក់​ មាន​ការ​ផ្សងព្រេង​ច្រើន ត្រូវ​ប្រយ័ត្ន​ខ្លួន​ក្រែង​ត្រូវ​ផ្ដួល​រំលំ​ជានិច្ច ជា​អាជីព​មួយ​ដែល​សូម្បី​តែ​ក្រុមហ៊ុន​ធានារ៉ាប់រង​ក៏​មិន​ហ៊ាន​ធានា​ដែរ ។
ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស ពុំ​មាន​ជាតិ​ណា​មួយ​ស្ថិត​នៅ​បាន​ព្រោះ​តែ​មនុស្ស​ម្នាក់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ជាតិ​សាសន៍​មួយ​អាច​រលំ​រលាយ​ទៅ​បាន​ដោយ​សារ​តែ​មនុស្ស​ម្នាក់ ។


បុគ្គល​សំខាន់ៗ​ក្នុង​រឿង​សាមកុក


ក្នុង​រឿង​សាមកុក មាន​៣​បក្ស ឬ​៣​ពួក​ ជា​គូ​ប្រឈម​នឹង​គ្នា​គឺៈ ១. បក្ស​ចូឆូ នគរ​វុយកុក ២. បក្ស​ស៊ុនគួន នគរ​ង៉កុក ៣. បក្ស​ឡៅពី នគរ​ចុកកុក ។ បក្ស​ទាំង​៣​នេះ បក្ស​ឡៅពី​ហាក់​ដូច​ជា​មាន​អំណាច​ច្រើន ព្រោះ​សែ «ឡៅ» មាន​ច្រើន​គ្រប់​ទិសទី ហើយ​ម្យ៉ាង​ទៀត ឡៅពី​ជា​អ្នក​នយោបាយ​ដែល​សុភាព ចូល​ចិត្ត​សំពះ​មិន​ថា​អ្នក​ណាៗ​ឡើយ ហើយ​អ្នក​ណា​បរិច្ចាគ​អ្វី​ឲ្យ​ទទួល​យក​ទាំង​អស់ ហើយ​ចូល​ចិត្ត​លើក​មនុស្ស​ដោយ​ឲ្យ​ងារ​ជា​ទីប្រឹក្សា ជា​មន្ត្រី ដើម្បី​ឲ្យ​ខំ​ធ្វើការ​បម្រើ​ខ្លួន ។ សម្រាប់​ឡៅពី និង​ខុងបេង ប្រៀប​បាន​ទៅ​នឹង​ខ្លា​ពីរ​ក្នុង​ល្អាង​តែ​មួយ ទាស់​តែ​អ្នក​ទាំង​ពីរ​បាន​ស្លាប់​មុន​បាន​ធ្វើ​ធំ​លើ​ប្រទេស​ចិន​ទាំង​មូល ។
ខាងក្រោម​នេះ​ជា​បុគ្គល​សំខាន់ៗ​ក្នុង​រឿង​សាមកុក ព្រម​ទាំង​ព្រឹត្តិការណ៍​របស់​ពួក​គេ​ម្នាក់ៗ​ដែល​ជា​យុទ្ធវិធី​ប្រចាំ​ខ្លួន ៖
ចូឆូ ស្ថាបនិក​នគរ​វុយកុក (១៥៥-២២០)


ចូឆូ ស្ថាបនិក​នគរ​វុយកុក (១៥៥-២២០)

បោកៈ ប្រើ​ឧបាយកល​បោក​សត្រូវ
អង្អែលៈ ប្រើ​ទឹក​ត្រជាក់​លាប​អង្អែល​ឲ្យ​គូ​សត្រូវ​ព្រម​ចាញ់
បង្ក្រាបៈ ប្រើ​កម្លាំង​ដែល​លើ​ជាង​កម្ទេច​ចោល
ចូឆូ ចូល​បម្រើ​ការងារ​កាល​អាយុ​ទើប​បាន​២០​ឆ្នាំ ជា​សិស្ស​មក​ពី​ខេត្ត​ក្រៅ ចូល​ប្រលង​ជ្រើស​រើស​តំណែង​មេកង​ទាហាន​ការពារ​ទីក្រុង ។ ប្រលង​ជាប់​បាន​ពិន្ទុ​ល្អ បាន​ត្រូវ​បញ្ជូន​ឲ្យ​មក​ធ្វើ​មេកង​ទទួល​ខុស​ត្រូវ​សុវត្ថិភាព​តំបន់​ខាងជើង​ទីក្រុង ជា​តំបន់​សំខាន់​បំផុត ព្រោះ​ជា​ទីសាង​នៃ​វាំង​ហ្លួង និង​មន្ទីរ​រាជការ​សំខាន់ៗ ។
មេកង​ចូ ប្រើ​វិធានការណ៍​ដាច់​ខាត​ក្នុង​ការ​រក្សា​សុវត្ថិភាព ប្រកាស់​ប្រើ​អាជ្ញាសឹក​ក្នុង​តំបន់​ទទួល​ខុស​ត្រូវ ហាម​មនុស្ស​ដើរ​ខុស​ពេល​វេលា​នៅ​ពេល​យប់ ។ មាន​កូន​ចៅ​មន្ត្រី​ធំៗ​ធ្វើ​ខ្លួន​ជា​អន្ធពាល ចង់​សាក​ជាមួយ​បញ្ជា​របស់​មេកង​ចូ ។ មេកង​ចូ​ចាប់​បាន​យក​មក​ផ្ដន្ទាទោស​យ៉ាង​ដាច់​ខាត គ្មាន​យល់​មុខ​អ្នក​ណា​សោះ​ឡើយ ធ្វើ​ឲ្យ​មន្ត្រី​ធំៗ​ទាំង​នោះ​ស្រែក​មិន​ចេញ​តែ​រៀងៗ​ខ្លួន ។ មាន​អ្នក​ខ្លះ​មក​ឈរ​ច្រត់​ចង្កេះ​ធ្វើ​គ្រាន់​បើ គំរាម​ថា​នឹង​ផ្លាស់​មេកង​ចូ​ក្នុង​២៤​ម៉ោង ទើប​មេកង​ចាប់​យក​មក​វាយ​នឹង​ខ្សែ​តី ស្នាម​រវាម​ពេញ​ខ្នង ។ កិត្តិសព្ទ​អំពី​ការ​បំពេញ​ការងារ​របស់​មេកង​ចូ ធ្វើ​ឲ្យ​អ្នក​ផង​ខ្លាច​រអា​ពន់​ពេក មិន​យូរ​មិន​ឆាប់​មេកង​ចូ ក៏​បាន​ឡើង​កាន់​តំណែង​ទៅ​ជា​មេបញ្ជាការ​ក្រុម​ទាហាន​ជើង​សេះ ។ មេបញ្ជាការ​ចូ​ជា​អ្នក​មាន​ថ្វី​ដៃ​ក្នុង​ការងារ ទើប​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ធំ អាច​ចេញ​ចូល​ក្នុង​ព្រះដំណាក់​បាន​គ្រប់​ពេល ។
ក៏​ប៉ុន្តែ​មេបញ្ជាការ​ចូ មិន​សូវ​ពេញ​ចិត្ត​ជាមួយ​អ្នក​ធំ​អស់​នោះ​ប៉ុន្មាន​ទេ ទើប​ដាក់​ផែនការ​នឹង​លប​សម្លាប់​ចោល (មន្ត្រី​ធំ​ឈ្មោះ តាំងតុះ) ។ ដោយ​ហេតុ​ថា ធ្វើ​ពុំ​បាន​សម្រេច ក៏​សម្រេច​ចិត្ត​រត់​ចោល​ស្រុក​យក​រួច​ជីវិត​មួយ​គ្រា​សិន ហើយ​ក៏​ទៅ​ប្រកាស​បង្កើត​ជា​គណៈបដិវត្តន៍ ដោយ​លើក អ៊ួនសៀវ ធ្វើ​ជា​ប្រធាន ។ ចំណែក​មេបញ្ជាការ​ចូ សុំ​ត្រឹម​ជា​លេខា ។ មាន​ក្រុម​ដទៃ​ទៀត​មក​ចូល​រួម​ដល់​ទៅ​១៧​ក្រុម តែ​កិច្ចការ​នេះ​ធ្វើ​ពុំ​បាន​សម្រេច ដោយ​ហេតុ​ថា​ក្រុម​នីមួយៗ​មិន​ចុះ​សម្រុង​គ្នា មាន​ខ្លះ​មិន​ព្រម​ចូល​រួម​ប្រជុំ ។
ចូឆូ បាន​ត្រូវ​ប្រកាស​បក​ស័ក្តិ ហើយ​ធ្វើ​បដិវត្ត​ពុំ​បាន​សម្រេច​ទៀត ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ក្បត់​តាម​របៀប ។ ក្រោយ​មក​បាន​ទៅ​បង្រួប​បង្រួម​បក្សពួក​ជាថ្មី ហើយ​នៅ​ទីបំផុត ដោយសារ​មាន​ថ្វីដៃ សតិ​បញ្ញា ហើយ​មាន​ក្រុម​ការងារ​ល្អ ចូឆូ​ក៏​បាន​ឡើង​ដល់​មេ​បញ្ជាការ​ទាហាន​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កណ្ដាល នាំ​ព្រះ​ចៅហៀនតេ ទៅ​គង់​នៅ​រាជធានី​ថ្មី​នៅ ហ៊ូតោ ។
មេទ័ព​ចូ បាន​ព្យាយាម​បង្ក្រាប​ចលនា​ប្រឆាំង​ផ្សេងៗ​បាន​ជិត​អស់ ហើយ​ធ្វើ​ដំណើរ​ទ័ព​ធំ​ចុះ​មក​ភាគ​ខាងត្បូង​ប្រទេស​ចិន កាល​អាយុ​បាន​៥៤​ឆ្នាំ ។ មេទ័ព​ដែល​មាន​ប្រវត្តិ​ធ្វើ​សង្គ្រាម​ច្រើន​រាប់​មិន​អស់​ហើយ​នោះ បាន​ត្រូវ​ព្រះចៅ​ហៀនតេ ដែល​មាន​ព្រះជន្ម​២៨​ព្រះវស្សា តែង​តាំង​ជា​មេទ័ព​ធំ ឲ្យ​បង្ក្រាប​ចលាចល​ដែល​មាន​មក​៣០​ឆ្នាំ​ហើយ ដោយ​មាន​សត្រូវ​ក្រៅ​រាជា​ណាចក្រ និង​ជនជាតិ​បរទេស​ទាំង​បួន​ទិស ។ ក្រៅ​ពី​នេះ​ត្រូវ​ធ្វើ​សង្គ្រាម​ជាមួយ​ជាតិ​សាសន៍​ដូច​គ្នា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កណ្ដាល ។
នៅ​ក្នុង​វ័យ​៥៤​ឆ្នាំ​នោះ ចូឆូ​បង្ក្រាប​កម្លាំង​នៅ​កន្លែង​ដទៃៗ​ស្ងប់​រៀប​រយ​អស់​ហើយ​នៅ​សល់​តែ​ពួក​ត្រកូល «ស៊ុន» នៅ​ភាគ​ខាងត្បូប​ដែល​កាន់​កាប់​៤៣​ខេត្ត នៅ​តំបន់​ទី​រាប​ទន្លេ​កាំងតាំង ។ ក្រុម​នេះ​មិន​ធ្វើ​ឲ្យ​ពិបាក​ចិត្ត​ណាស់​ណា​ទេ ព្រោះ​មាន​កម្លាំង​ខ្សោយ​ជាង​ជាច្រើន ។
បញ្ហា​ធំ​ដែល​ចូឆូ​ពិបាក​ចិត្ត​នោះ គឺ​ពួក​ត្រកូល «ឡៅ» បុគ្គល​សំខាន់​នោះ​គឺ​ឡៅពី ហើយ​ម្យ៉ាង​ទៀត​មនុស្ស​សែ​ឡៅ​មាន​ពាស​ពេញ​ផែនដី តាំង​ពី​ក្នុង​រាជដំណាក់ ក្រសួង មន្ទីរ ក្រុម កង គ្រប់​ខេត្ត​ស្រុក ភូមិ ឃុំ ។ ទោះ​ចេញ​ពី​ទីក្រុង​រាប់​រយ​គីឡូម៉ែត្រ​ក៏​ទៅ​ជួប​នឹង​មនុស្ស​សែ​ឡៅ​បាន​ដែរ ។
ជា​ខែ​ទី​៧​ដែល​ទ័ព​ជើង​គោក និង​ទ័ព​ជើង​ទឹក​មក​ប្រមូល​គ្នា​នៅ​កេងជីវ ចំនួន​១៥​ម៉ឺន​នាក់ ក្រោម​ការ​ដឹកនាំ​របស់​មេទ័ព​ចូឆូ ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​ ឡៅពៀវ ឡៅពី ជា​បង​ប្អូន ។ ពេល​នោះ ឡៅពៀវ​កំពុង​ឈឺ ទើប​ប្រឹក្សា​ជាមួយ​នាម៉ឺន​មន្ត្រី​ថា គួរ​ព្រម​ចុះ​ចាញ់​ឬ​យ៉ាង​ណា ?
ចំណែក​ឡៅពី ដែល​ទើប​បាន ខុងបេង ​មក​ជា​លេខាបក្ស ក៏​តក់​ស្លុត​មិន​តិច​ឡើយ តែ​បាន​ខុងបេង​ឲ្យ​យោបល់​ថា គួរ​រត់​សិន​ទៅ ប្រញាប់​នាំ​ប្រពន្ធ​កូន​រត់​ទៅ​មុន កេណ្ឌ​រាស្ត្រ​ឲ្យ​បាន​ច្រើន​រត់​ទៅ​តាម ចាំ​ខ្លួន​សូម​អាសា​ទៅ​ចរចា​ជាមួយ​បក្ស​មួយ​ទៀត (ស៊ុនគួន) ។
ឡៅពី​ពោល​រអ៊ូ ស្មាន​ថា​គ្រាន់​បើ ការងារ​ធំ​គឺ​ត្រូវ​រត់ តែ​ធ្វើ​ដូច​ម្ដេច​ព្រោះ​គ្មាន​ផ្លូវ​ជ្រើស​រើស ហើយ​ក៏​ដេញ​ប្រជា​រាស្ត្រ​ឲ្យ​ទៅ​តាម​ដោយ​ឃោសនា​ថា ចូឆូ​សាហាវ​ព្រៃផ្សៃ​ខ្លាំង​ណាស់ សម្លាប់​សូម្បី​តែ​កូនង៉ា​ក្នុង​អង្រឹង​ក៏​មិន​សល់ ចំណែក​ខ្លួន​ឡៅពី​ខ្លួន​ឯង​ជា​មនុស្ស​ចិត្ត​បុណ្យ មាន​អ្វី​ចែក​អស់ មនុស្ស​សែ​ឡៅ​រាប់​សែន​ជឿ​តាម ។
ចូឆូ​នាំ​ទ័ព​មក​ប្រហារ​ ឡៅពី​ឃើញ​ថា អន្តរាយ​មក​ក្បែរ​ខ្លួន​ហើយ ទើប​រត់​ចោល​កូន​ប្រពន្ធ នៅ​សល់​តែ​កូន​តូច តែ​មិន​អី​ទេ​ប្រពន្ធ​អាច​រក​បាន​ច្រើន​ទៀត ។
ឡៅពី​រត់​គេច​ទៅ​នៅ​សៀខូវ ចូឆូ​ចូល​កាន់​កាប់​កេងជីវ ចាត់​របៀប​គ្រប់គ្រង​ជាថ្មី ឲ្យ​មេ​ស្រុក​ដែល​ចូល​ស្វាមី​ភក្តិ​បន្ត​មើល​ខុស​ត្រូវ​ត​ទៅ​ទៀត ពេល​នោះ​ជា​ខែ​៩ ។ មក​ដល់​ខែ​១២ ស៊ុនគួន​សហការ​ជាមួយ​ឡៅពី លើក​ទ័ព​ទៅ​វាយ​ចូឆូ ។ ចូឆូ​លើក​ទ័ព​ប្រយុទ្ធ​ជាមួយ​ឡៅពី ស៊ុនគួន គាប់​ជួន​នៅ​ពេល​នោះ កើត​អាសន្នរោគ​ក្នុង​តំបន់ ទើប​ចូឆូ​បញ្ជា​ឲ្យ​ទ័ព​សម្រាក ជា​ឱកាស​ឲ្យ​ឡៅពី​ដណ្ដើម​បាន​ខេត្ត​៤​ទៅ​វិញ ។
ឆ្នាំ​ទី​១៤ ក្នុង​ខែ​៣ ចូឆូ​ចាត់​កម្លាំង​ទ័ព​ជើងទឹក​ជាថ្មី ចាត់​ទូក​លឿន​ចេញ​យាម​ល្បាត​តាម​ដង​ទន្លេ ហើយ​ជួយ​រាស្ត្រ​ដែល​ជួប​នឹង​ជំងឺ​អាសន្នរោគ ។ ចម្បាំង​ជើងទឹក​ពេល​នេះ ចូឆូ​បរាជ័យ​ដោយ​ត្រូវ​ឧបាយ​សត្រូវ​ដុត​ទូក​ចម្បាំង​ឆេះ​អស់ ។ តាំង​ពី​ព្រឹត្តិការណ៍​នេះ​មក (សង្គ្រាម​ឈឺពី "Red Cliff") ចូឆូ​ពុំ​ដែល​បាន​លើក​ទ័ព​ចុះ​មក​ភូមិភាគ​ខាងត្បូង​ទៀត​ទេ ​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព ។
ស៊ុនគួន ហង់តេ​ជំនាន់​ទី​បី​នៃ​ស្ថាបនិក​នគរ​ង៉កុក (១៨២-២៥២)


ស៊ុនគួន ហង់តេ​ជំនាន់​ទី​បី​នៃ​ស្ថាបនិក​នគរ​ង៉កុក (១៨២-២៥២)


ព្រមៈ ព្រម​ឱន​លំទោន​ចំពោះ​អ្នក​ដែល​ខ្លាំង​ជាង
ងាករេៈ ម្ដង​ចូល​ជា​ពួក​ជាមួយ​ខាងនេះ ម្ដង​ទៅ​ចូល​ជា​ពួក​ជាមួយ​ម្ខាង​ទៀត
លើក​ឲ្យៈ សម្រប​សម្រួល​ព្រម​លើក​ស្រុក​ឲ្យ​ខ្លះ ព្រម​លើក​ប្អូនស្រី​ឲ្យ​ក៏​មាន
ត្រកូល «ស៊ុន» ជា​លោក​ម្ចាស់​នៃ​ទំនាប​ទន្លេ​យ៉ែងស៊ីកៀង មក​ជា​ច្រើន​ជំនាន់​អាយុ​មនុស្ស​មក​ហើយ ។ ទឹកដី​កន្លែង​នេះ​មាន​ជីជាតិ​ល្អ​ណាស់ សម្បូណ៌​ទៅ​ដោយ​ដំណាំ​ដាំដុះ ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ទន្លេ ។ ទិស​ខាងកើត​ជាប់​នឹង​សមុទ្រ​ចិន មាន​ធនធាន​ធម្មជាតិ​ជាច្រើន ។ ទឹកដី​តំបន់​នេះ​បច្ចុប្បន្ន​មាន​ទីក្រុង​ធំៗ​ដូចជា ណានគិង ស៊ាងហៃ ជាដើម មាន​ទស្សនីយភាព​ល្អ ស្រង់ ហង់តេ (ស្ដេច​ចិន) ជាច្រើន​សម័យ ចូល​ចិត្ត​បន្លំ​ខ្លួន​ជា​ជន​សាមញ្ញ​មក​ចែចង់​នារី​នៅ​ទី​នេះ រហូត​មាន​និទាន​រឿង​ស្នេហា​ជា​ច្រើន​និយាយ​តៗ​គ្នា​មក ។
អ្នក​ដែល​ចាត់​ទុក​ថា​ជា​លោក​ម្ចាស់​នៃ​ទន្លេ​នេះ មាន​កងទ័ព​ជើង​ទឹក​ដ៏​ខ្លាំង​ក្លា អាច​ច្បាំង​បាន​មិន​ថា​នៅ​លើ​ទឹក​សាប ឬ​ទឹក​ប្រៃ ។ មេទ័ព​ដែល​ល្បី​ឈ្មោះ​បោះ​សំឡេង​បំផុត​របស់​ស៊ុនគួន​មាន ជីវយី ជា​មេ​បញ្ជាការ​ទ័ព​ជើង​តាំង​ពី​អាយុ​ទើប​ជាង​២០​ឆ្នាំ ។ នៅ​ពេល​ដែល​ចូឆូ​លើក​កម្លាំង​ចុះ​មក​ភាគ​ខាងត្បូង​នោះ ជីវយី​អាយុ​៣៤​ឆ្នាំ ស៊ុនគួន​អាយុ​២៦​ឆ្នាំ ។
ជីវយី អ្នកស្រុក​ភាគ​ខាងត្បូង​លើក​សរសើរ​ជា​ខ្លាំង ព្រោះ​ព្រម​ទៅ​ដោយ​ជាតិ​ត្រកូល​ និង​ចំណេះ​ដឹង ធ្វើ​ការងារ​ធំៗ​បាន​សម្រេច​តាំង​ពី​ខ្លួន​នៅ​ក្មេង ជា​បុរស​គួរ​ឲ្យ​គោរព ជា​មនុស្ស​សុភាព ទន់​ភ្លន់ មនុស្ស​ទាំងឡាយ​ស្រលាញ់​ចូល​ចិត្ត សូម្បី​តែ​ចូឆូ​នៅ​បាន​សរសើរ​ជីវយី​ដោយ​ស្មោះ​ទៀត​ផង ។
ឡៅពី ស្ថាបនិក​នគរ​ចុកកុក (១៦១-២២៣)


ឡៅពី ស្ថាបនិក​នគរ​ចុកកុក (១៦១-២២៣)

សំពះ: សំពះ​គ្រប់​គ្នា​ដើម្បី​ឲ្យ​គេ​គាំទ្រ
រត់ៈ ស៊ូ​មិន​បាន មាន​តែ​រត់​ម្យ៉ាង​គត់
អំនួតៈ អួត​គ្រាន់​បើ តែ​នាំ​ទ័ព​ទៅ​ស្លាប់
ឡៅពី មាន​ប្រភព​អាថ៌កំបាំង អាង​ខ្លួន​ថា​មាន​ខ្សែ​លោហិត​ជាមួយ​ស្ដេច​ផែនដី តែ​ធ្លាប់​រត់​ចោល​ស្រុក​មក​យូរ​ហើយ ។ កាល​នៅ​ក្មេង​ធ្លាប់​ដើរ​លក់​ស្បែកជើង​ធ្វើ​ពី​ចំបើង ស្ទាត់​ខាង​រត់​លឿន​យក​រួច​ខ្លួន​រាល់​លើក​ដែល​សត្រូវ​ដេញ​តាម ។ ធ្លាប់​ចូល​បម្រើ​រាជការ​ខ្លះៗ​ដែរ តែ​នៅ​ទីណា​មិន​សូវ​បាន​យូរ ព្រោះ​ចូល​ចិត្ត​អាង​ថា​ខ្លួន​មនា​ខ្សែ​ព្រះវង្ស​ជា​ស្ដេច ទើប​អ្នក​ផង​គេ​រអែង​មិន​សូវ​ចូល​ជិត ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​ឡៅពី​ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​បង​ប្អូន​រួម​សម្បថ​ពីរ​នាក់​ដែល​មាន​ថ្វីដៃ​ខាង​ចម្បាំង​គឺ គួនអ៊ូ និង​ តៀវហ៊ុយ ហើយ​មាន​អង្គរក្ស​ថ្វីដៃ​ឆើត​ម្នាក់​ទៀត​ឈ្មោះ ជូឡុង ។
ឡៅពី បាន​ត្រូវ​កម្លាំង​ទ័ព​ចូឆូ​រុក​ដេញ​តាម ទើប​រត់​មក​សំងំ​មើល​របួស​នៅ​ជាមួយ​ឡៅពៀវ នៅ​កេងជីវ រស់​នៅ​បែប​ស្អប់​ខ្ពើម​ពី​សំណាក់​ភរិយា​របស់​ឡៅពៀវ តែ​ទោះ​ជា​យ៉ាង​ណា​ ឡៅពី​ទ្រាំ​នៅ​បាន​ដល់​ទៅ​៧​ឆ្នាំ ដោយ​ធ្វើ​គ​ធ្វើ​ថ្លង់ មិន​ដឹង​មិន​ឮ​អ្វី​ទាំង​អស់ ។
នៅ​ឆ្នាំ​ទី​៧ ឡៅពី​បាន​ស្ដាប់​ឮ​គេ​និយាយ​ពី​មនុស្ស​២​នាក់​ពូកែ​អស្ចារ្យ មាន​មាន​ឆាយា​ថា «នាគមង្ករ» (ខុងបេង) ម្នាក់​ទៀត​ឆាយា​ថា «ហង្ស» (បាំងថង) ។ នៅ​ពេល​នោះ ឡៅពី​អាយុ​បាន​៤៧​ឆ្នាំ មាន​មហិច្ឆតា​ចង់​ធ្វើការ​ធំ ប្រាថ្នា​ចង់​បាន​អ្នក​ពូកែ អ្នក​ណា​ម្នាក់​ក៏​បាន​ឲ្យ​មក​ជួយ​គិត​ការ ។
ពេល​ជាមួយ​គ្នា​នោះ ចូឆូ​ធ្វើ​សង្គ្រាម​មាន​ជ័យ​ជម្នះ​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន ។ មាន​មនុស្ស​សំខាន់ៗ​ជាច្រើន​បាន​មក​និយាយ​ប្រាប់​ឡៅពី​អំពី​មនុស្ស​ពិសេស​ម្នាក់​ឈ្មោះ ខុងបេង ហើយ​បាន​លើក​សរសើរ​ថា ខុងបេង​ប្រៀប​បាន​នឹង​អ្នក​ប្រាជ្ញ អាច​ជួយ​ឲ្យ​ឡៅពី​គិត​ការ​ធំ​បាន ទើប​ឡៅពី​ដាច់​ចិត្ត​ទៅ​រក​ខុងបេង ដោយ​និយាយ​សរសើរ​ខុងបេង​យ៉ាង​ច្រើន ។
ខុងបេង​ឃើញ​ឡៅពី​និយាយ​សរសើរ​ខ្លួន​ដូច្នោះ យល់​បាន​ថា ឡៅពី​មាន​បំណង​អ្វី​ហើយ ទើប​និយាយ​តម្រូវ​ចិត្ត​ឡៅពី​ទៅ​វិញ​ថា «ស្រុក​កេងជីវ​នេះ​អ្នក​មាន​សតិបញ្ញា​ទើប​អាច​រក្សា​បាន ហើយ​ស្រុក​នេះ​មិន​យូរ​មិន​ឆាប់​ក៏​នឹង​ធ្លាក់​មក​ជា​របស់​លោក ចំណែក​ស្រុក​សែឈួន​វិញ ជា​ស្រុក​ធំ ខ្លួន​លោក​ជា​ព្រះវង្ស​ស្ដេច​ស្រាប់ ហើយ​កាល​បើ​បាន​ស្រុក​កេងជីវ​ហើយ ស្រុក​សែឈួន​ក៏​នឹង​បាន​ដោយ​ងាយ» ។
ខុងបេង​ក៏​ដោយ ឡៅពី​ក៏​ដោយ ទាំង​ពីរ​នាក់​នេះ​សុទ្ធ​តែ​ធ្លាប់​បាន​ពឹង​ពាក់​បារមី​របស់​ឡៅពៀវ​នៅ​ពេល​មាន​ទុក្ខ​លំបាក តែ​ការ​និយាយ​គ្នា​រវាង​អ្នក​ទាំង​ពីរ​នេះ ចាប់​ពី​ពេល​ដំបូង​ម្ល៉េះ​គឺ​ជា​ផែនការ​អាក្រក់​ទុរយស​ចំពោះ​អ្នក​មាន​ឧបការគុណ​របស់​ខ្លួន ។ អាច​និយាយ​បាន​ថា ផែនដី​ចិន​ត្រូវ​ឆេះ​ជា​ភ្លើង​ច្រើន​សតវត្ស ចាប់​តាំង​ពី​ថ្ងៃ​ដែល​មនុស្ស​អស្ចារ្យ​ទាំង​ពីរ​នាក់​នេះ​បាន​ជួប​និយាយ​គ្នា​ក្នុង​ថ្ងៃ​នោះ តើ​អ្នក​ទាំង​ពីរ​មក​ពី​ស្ថានសួគ៌​មក​កើត ឬ​មក​ពី​នរក​មក​កើត ។
ហេតុ​អ្វី​បាន​ជា​ខុងបេង​មិន​ជ្រើស​រើស​ចូល​ជា​បក្ស​ពួក​ជាមួយ​ចូឆូ ឬ​ស៊ុនគួន បែរ​ជា​ទៅ​ចូល​ជាមួយ​ឡៅពី​ទៅ​វិញ ។ ហេតុ​ផល​ដែល​ខុងបេង​ជ្រើស​រើស​ឡៅពី​ពីព្រោះ​ថា ៖
  1. ខុងបេង​មាន​ការ​ចេះ​ដឹង មាន​សតិ​បញ្ញា​ តែ​គ្មាន​បទពិសោធន៍ ។ រហូត​១០​ឆ្នាំ​ដែល​ខុងបេង​ពួន​សំងំ​លាក់​ខ្លួន​នោះ ខុងបេង​មិន​ដែល​ដឹង​រឿង​រ៉ាវ​អ្វី​សោះ​ឡើយ​ថា ឡៅពី​ជា​មនុស្ស​បែប​ណា ធ្លាប់​ទុរយស​ក្បត់​ចិត្ត​អ្នក​ណា​ខ្លះ លុះ​ឡៅពី​មក​ដល់​ផ្ទះ លើក​ដៃ​សំពះ ក៏​ទទួល​ខ្លួន​រ៉ាប់​ជួយ​យ៉ាង​អស់​កម្លាំង​កាយ​ចិត្ត មិន​គិត​ពី​ការ​ហត់​នឿយ ។ ការ​មិន​ស្គាល់​មនុស្ស​បែប​នេះ ទុក​ដូច​ជា​មនុស្ស​មាន​ភ្នែក​ តែ​អត់​ប្រស្រី ។
  2. ខុងបេង​អាច​មើល​ឡៅពី​ដឹង​ថា ជាមនុស្ស​យ៉ាង​ណាៗ តែ​ដោយ​ការ​ជឿ​ជាក់​លើ​ខ្លួន​ពេក នឹក​ថា​ខ្លួន​ឯង​ខ្ពស់​ជាង​ឡៅពី សង្ឃឹម​ថា អាច​ប្រើ​ឡៅពី​ជា​ឧបករណ៍​ប្រើ​ប្រាស់​ជា​ប្រយោជន៍​បាន ។ ខុងបេង​គិត​បែប​នេះ​ពិត​ជា​មិន​ត្រូវ ព្រោះ​ឡៅពី និង​ខុងបេង​មើល​ទៅ​វិញ​ទៅ​មក​យល់​ដូច​គ្នា ។ ឡៅពី​អាច​ឆ្លាត​ជាង​ខុងបេង តែ​ជា​មនុស្ស​និយាយ​តិច ។ ខុងបេង​ពូកែ​និយាយ តែ​បញ្ញា​មិន​ដល់​ឡៅពី ។ ខុងបេង​ជា​មនុស្ស​មើល​ទាបៗ តែ​ឡៅពី​មើល​ខ្ពស់​ ទើប​ឡៅពី​មាន​ប្រៀប​ជាង ។
  3. ខុងបេង​ពិចារណា​ឃើញ​ថា ក្រុម​ការងារ​របស់​ឡៅពី​មាន​តែ​ពួក​ខ្សោយ បើ​នៅ​ជាមួយ​ឡៅពី ខុងបេង​មាន​ឱកាស​ល្អ​ជាង​នៅ​ជា​មួយ​បក្ស​ផ្សេង​ដែល​សម្បូណ៌​ទៅ​ដោយ​មនុស្ស​ពូកែ មនុស្ស​ឆ្លាត នៅ​ជាមួយ​ឡៅពី​ពុំ​មាន​មនុស្ស​ប្រជែង ។
អ្នក​ដែល​អាន​រឿង​សាមកុក ច្រើន​តែ​សរសើរ​ខុងបេង​ជា​អ្នក​ប្រាជ្ញ (ប្រហែល​រឿង​នេះ​សរសេរ​ដោយ​អ្នក​រស់​នៅ​នគរ​ចុកកុក ?) តែ​តាម​ការ​ពិត​ខុងបេង​មិន​ធ្លាប់​បាន​សិក្សា​រៀន​សូត្រ​ពិត​ប្រាកដ មាន​ជីវភាព​ទន់​ខ្សោយ ត្រូវ​ពឹង​ពាក់​អ្នក​ដទៃ លុះ​ដល់​ពេញ​វ័យ​កំលោះ ក៏​លាក់​ពួន​សំងំ​ខ្លួន​អស់​១០​ឆ្នាំ បទ​ពិសោធន៍​ដែល​បាន​ចេះ​ដឹង​គឺ​បាន​មក​ពី​តម្រា គ្មាន​មិត្តភក្តិ មិន​ធ្លាប់​ទៅ​ណា​មក​ណា​លើស​ពី​កន្លែង​ដែល​ខ្លួន​នៅ តើ​ទៅ​ដឹង​ពី​ភូមិសាស្ត្រ មេឃ ដី សង្គម​មនុស្ស យ៉ាង​ណា​ទៅ ?
ស៊ុម៉ាអ៊ី មេទ័ព​នគរ​វុយកុក (១៧៩-២៥១)


ស៊ុម៉ាអ៊ី មេទ័ព​នគរ​វុយកុក (១៧៩-២៥១)

ជា​ស្ថាបនិក​រាជវង្ស​ជិន ដែល​បង្រួប​បង្រួម​បិទ​បញ្ចប់​សម័យ​សាមកុក

ព្រងើយៈ អត់​ធ្មត់ ធ្វើ​ហី
ចាក់ៈ ប្រើ​កម្លាំង​ខ្លាំង​ជាង​ចាក់​ទម្លុះ
ឆ្លៀតៈ ឆ្លៀត​ឱកាស​សង្កត់​ក​សត្រូវ
បន្ទាប់​ពី​ត្រូវ​បាន​ដក​បុណ្យស័ក្តិ​តំណែង​កងទ័ព​ដោយ​ព្រះចៅ​នគរ​វុយកុក ព្រោះ​ចាញ់​ល្បិច​ខុងបេង​ក្លែង​បិទ​ប្រកាស​ថា​ស៊ុម៉ាអ៊ី​ជ្រើស​រើស​ទ័ព​ដើម្បី​ប្រឆាំង​នឹង​រាជបល្ល័ង្ក​រួច​មក ស៊ុម៉ាអ៊ី​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ចាំ​ស្ដាប់ និង​សង្កេត​សភាពការណ៍ ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​ត្រលប់​ចូល​ទៅ​កាន់​តំណែង​វិញ​មិន​ខាន ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ស៊ុម៉ារី​បាន​ប្រឹងប្រែង​បង្ហាត់​បង្រៀន​កូន​ប្រុស​ទាំង​ពីរ​អំពី​យុទ្ធសាស្ត្រ​សង្គ្រាម និង​របៀប​របប​គ្រប់​គ្រង​រដ្ឋ ដែល​ពេល​ក្រោយ​មក កូន​ទាំង​ពីរក្លាយ​ទៅ​​ជា​អ្នក​សម្រេច​ការ​ផែនដី​វុយកុក​ដូច​បំណង ​ដោយ​ម្នាក់​កាន់​ការងារ​យោធា និង​ម្នាក់​ទៀត​កាន់​ការងារ​រដ្ឋបាល​ស៊ីវិល ហើយ​ចៅ​របស់​ស៊ុម៉ាអ៊ី​ឈ្មោះ ស៊ុម៉ាអៀន បាន​បង្ក្រាប​បង្រួប​បង្រួម​បញ្ចប់​យុគ​សម័យ​សាមកុក ដោយ​បង្កើត​រាជវង្ស​ថ្មី​ឡើង​គឺ «រាជវង្ស​ជិន» គ្រប់​គ្រង​លើ​ប្រទេស​ចិន​ទាំង​មូល ។
រាល់​ពេល​ចេញ​ច្បាំង​ត​ទល់​មុខ​គ្នា ស៊ុម៉ាអ៊ី​តែង​តែ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ខុងបេង​ជានិច្ច ដូចនេះ មាន​តែ​សំងំ​នៅ​តែ​ក្នុង​បន្ទាយ រង់ចាំ​ឱកាស​ទប់​ទល់​ និង​វាយ​បក​វិញ​ប៉ុណ្ណោះ​ទោះ​ជា​ត្រូវ​ខុងបេង​ឲ្យ​ទាហាន​ស្រែក​មុខ​បន្ទាយ​បបួល​ច្បាំង​ជា​ច្រើន​ដង និង​ប្រមាថ​មើល​ងាយ​យ៉ាង​ណា​ក៏​ដោយ ។ ទីបំផុត កង​ទ័ព​ខុងបេង​ដែល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​ខ្វះ​ខាត​ស្បៀង​ត្រូវ​ទទួល​បរាជ័យ​នៅ​ចំពោះ​មុខ​ការ​អត់​ធ្មត់​ធ្វើ​ហី​របស់​ស៊ុម៉ាអ៊ី ។
ជីវយី មេទ័ព​​នគរ​ង៉កុក (១៧៥-២១០)


ជីវយី មេទ័ព​​នគរ​ង៉កុក (១៧៥-២១០)

ជីវយី ជា​មេទ័ព​ជើង​ទឹក ជា​មនុស្ស​មាន​ថ្វីដៃ មាន​ប្រវត្តិ​ធ្វើ​សង្គ្រាម ពូកែ​ច្បាំង ចាត់​ថា ជា​មេទ័ព​ជើងទឹក​កំពូល​បំផុត​នៅ​សម័យ​នោះ មាន​បញ្ញា​ឈ្លាស​វៃ មាន​បទពិសោធន៍​គ្រប់​គ្រាន់ មាន​ទូក​ធ្វើ​ការ​យាម​ល្បាត​តាម​ដង​ទន្លេ​យ៉ែងស៊ីកៀង ដែល​ជា​តំបន់​ឥទ្ធិពល​របស់​គេ ។ រដូវ​ណា​មាន​រលក​ធំៗ មាន​ព្យុះ​បក់​បោក គេ​ដឹង​ទាំង​អស់ ទើប​គេ​ក្លាយ​ទៅ​ជា​មេទ័ព​តាំង​ពី​អាយុ​នៅ​ជាង​២០​ឆ្នាំ ។ ជីវយី​គ្មាន​វិជ្ជា​ហៅ​ខ្យល់​ហៅ​ភ្លៀង តែ​គេ​ដឹង​ថា​ថ្ងៃ​ណា​គួរ​ចេញ​ទូក ឬ​មិន​គួរ​ចេញ ។ ជីវយី​ជា​មនុស្ស​សង្ហា មាន​សមត្ថភាព ជា​មនុស្ស​ដែល​អ្នក​ស្រុក​កាំងតាំង​និយម​ពេញ​ចិត្ត គេ​មាន​ភរិយា​ស្អាត ។
ជីវយី​សម្រេច​ចិត្ត​ច្បាំង​ជាមួយ​ចូឆូ ព្រោះ​បាន​ពិចារណា​មើល​ស្ថានការ​ និង​បច្ច័យ​ផ្សេងៗ​ទៀត​ឃើញ​ថា អាច​ប្រយុទ្ធ​គ្នា​បាន ។ ពិត​មែន​តែ​កម្លាំង​ខាង​ចូឆូ​មាន​ដល់​ទៅ​២២​-​២៣​ម៉ឺន​នាក់ តែ​ទាហាន​ទាំង​នោះ​ជា​ទាហាន​ឈ្លើយ​សឹក​របស់​ពួក​កេងជីវ​ដល់​ទៅ​៦​-​៧​ម៉ឺន​នាក់ ហើយ​កម្លាំង​គោល​របស់​ចូឆូ​ដែល​មក​ពី​ទិស​ខាងជើង​នោះ ក៏​មិន​ធ្លាប់​ជាមួយ​នឹង​ធាតុ​អាកាស​នៅ​ភាគ​ខាងត្បូង​កំពុង​ឈាន​ចូល​រដូវ​រងារ មាន​រោគ​រាតត្បាត ហើយ​ក៏​ខ្វះ​ស្បៀង​អាហារ ។
ដែល​ថា កងទ័ព​ចូឆូ​ខ្វះ​បទពិសោធន៍​ចម្បាំង​ខាង​ជើង​ទឹក​នោះ ពុំ​មែន​ជា​ការ​ពិត ព្រោះ​ថា​ចូឆូ​ជា​មនុស្ស​ធំ​វ័យ​នៅ​តំបន់​ទីរាប​ខាង​ទន្លេ​ហួងហូ ជា​ដង​ទន្ល​ដែល​មាន​ភាព​សាហាវ​ជាង​ដង​ទន្លេ​យ៉ែងស៊ីកៀង​យ៉ាង​ច្រើន ហើយ​កងទ័ព​ដែល​នាំ​មក​ជាមួយ​នោះ ទើប​តែ​បាន​ទទួល​ជ័យជម្នះ​ថ្មីៗ​ពី​កង​កម្លាំង​ទ័ព​ដែល​មាន​ច្រើន​ជាង​របស់​អ៊ួនសៀវ រហូត​ល្បី​ឈ្មោះ​ខ្ទរខ្ទារ តែ​ចំណុច​ខ្សោយ​របស់​ចូឆូ​ពេល​នេះ គឺ​ធ្វើ​ដំណើរ​ទ័ព​មក​ឆ្ងាយ​ពេក ហើយ​ទ័ព​ជើងទឹក​ដែល​បើក​ផ្លូវ​មក​មុន​ក៏​ជា​ទ័ព​ពួក​ឈ្លើយ​សឹក​ដែល​ទន់​ខ្សោយ សំខាន់​ជាង​នេះ​ទៀត គឺ​ជួប​នឹង​ពេល​មាន​រោគ​រាតត្បាត មាន​អាសន្នរោគ​ជាដើម ។
ជីវយី​ហ៊ាន​តស៊ូ​ព្រោះ​ល្មម​មើល​ឃើញ​ផ្លូវ​ឈ្នះ ។ ជីវយី​ត្រូវ​គេ​បន្ទាប់​ដោយ​ចោទ​ថា ច្រណែន​នឹង​ខុងបេង​ដែល​ឆ្លាត​ជាង ហើយ​ចោទ​ទៀត​ថា មាន​បំណង​គិត​សម្លាប់​ខុងបេង និង​ឡៅពី​ចោល ។ បើ​ជីវយី​មាន​បំណង​ដូច​នោះ​មែន មិន​បាច់​មាន​ផែនការ​អ្វី​ឡើយ ព្រោះ​ជីវយី​ជា​ម្ចាស់​ទឹកដី​នៅ​កាំងតាំង​ស្រាប់​ហើយៗ​ខុងបេង និង​ឡៅពី អ្នក​ស្រុក​កាំងតាំង​មិន​សូវ​ចូល​ចិត្ត​ប៉ុន្មាន​ទេ ។
ខុងបេង ឬ ជូកើ​លៀង គ្រូ​កលយុទ្ធ​នគរ​ចុកកុក (១៨១-២៣៤)

ខុងបេង ឬ ជូកើ​លៀង គ្រូ​កលយុទ្ធ​នគរ​ចុកកុក (១៨១-២៣៤)


ក្អេងក្អាងៈ ប្រើ​សំនួន​ពាក្យ​សម្ដី អួត​ពូកែ​ខ្លាំង
វោហារៈ ប្រើ​វោហារ​សម្ដី​ធ្វើ​ឲ្យ​ងាប់​ចិត្ត
វេទៈ ប្រើ​សៃយសាស្ត្រ
រួម​ឡៅពី ជាមួយ​ខុងបេង មាន​យុទ្ធ​វិធី​ច្រើន​ជាង​គេ ។ ជីវិត​របស់​ខុងបេង​ចែក​តាម​វ័យ​នីមួយៗ​គឺ ៖
    • វ័យ​ដំបូងៈ ១ ដល់ ១៧ ឆ្នាំ
    • វ័យ​រៀនៈ ១៧ ដល់ ២៧ ឆ្នាំ
    • វ័យ​ដឹងៈ ២៧ ដល់ ៤៥ ឆ្នាំ
    • វ័យ​ចម្បាំងៈ ៤៥ ដល់ ៥៤ ឆ្នាំ
      បើ​ចែក​ជា​រយៈពេល គឺ​២៧​ឆ្នាំ​ដំបូង​ជា​វ័យ​ពនេចរ​ដើរ​ចោល​ស្រុក ដោយ​សារ​ស្រុក​ទេស​កើត​ចលាចល គ្រួសារ​លំបាក​តោក​យ៉ាក ទៅ​អាស្រ័យ​នៅ​ជាមួយ​អ្នក​នេះ​អ្នក​នោះ ហើយ​ខំ​រៀន​ខ្លួន​ឯង​ដោយ​អាស្រ័យ​ក្បួន​តម្រា​ដែល​ខ្ចី​ពី​គេ ។ រយៈ​ពេល​២៧​ឆ្នាំ​ក្រោយ ជា​ការ​រៀន​ដឹង​ពី​សមរភូមិ​ពិត រហូត​ដល់​ស្លាប់​ក្នុង​សមរភូមិ​ចម្បាំង ។
      ខុងបេង​ធ្វើ​ការ​មិន​បាន​សម្រេច​ច្រើន​យ៉ាង ទាំង​ខាង​នយោបាយ ការ​គ្រប់​គ្រង និង​សង្គ្រាម តែ​ខុងបេង​ជា​អ្នក​ពូកែ​ខាង​ទំនាក់​ទំនង ។ ទោះបី​ខុងបេង​ស្លាប់​ទៅ​ហើយ​ជាង​មួយ​ពាន់​ឆ្នាំ តែ​នៅ​មាន​មនុស្ស​រាប់​លាន​នាក់​នៅ​មាន​ជំនឿ​ថា ខុងបេង​ជា​អ្នក​ប្រាជ្ញ ហើយ​ឈ្មោះ​របស់​លោក​នៅ​លក់​បាន​ដោយ​មាន​អ្នក​សរសេរ​ជាច្រើន​នាំ​រឿង​របស់​លោក​ទៅ​សរសេរ​លក់​បាន​ប្រាក់​កាក់​កប​ដែរ ។ ខុងបេង​ជា​អ្នក​ពូកែ​និយាយ​បោក​ប្រាស់​គេឯង​បាន​ច្រើន ហើយ​នៅ​មាន​អ្នកខ្លះ​យក​វិធី​នេះ​ទៅ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព ។
      តើ​ខុងបេង​ជា​មនុស្ស​ប្រភេទ​ណា ជា​អ្នក​ប្រាជ្ញ​ដូច​អ្នក​ខ្លះ​លើក​ដំកើង​មែន​ឬ ? សូម​ងាក​មើល​ការ​ធ្វើ​សង្គ្រាម​របស់​ខុងបេង ។
      1. ខុងបេង​ចូល​ចិត្ត​ដាក់​ផែនការ​សង្គ្រាម​ក្នុង​លក្ខណៈ​ដែល​ខ្លួន​ឯង​ជា​អ្នក​គិត​បញ្ជា ជា​អ្នក​កំណត់​ចម្បាំង​តែ​ម្នាក់​ឯង គ្មាន​អ្នក​ណា​ចូល​រួម អ្នក​ឯ​ទៀត​ចាំ​តែ​ទទួល​បញ្ជា​យក​ទៅ​អនុវត្ត​តាម គ្មាន​ការ​តវ៉ា គ្មាន​ការ​ជំទាស់ មិន​ចូល​ចិត្ត​វិធី​ពិគ្រោះ​ពិភាក្សា​គ្នា​យក​យោបល់​ពី​ច្រើន​គ្នា នឹក​គិត​ថា​មាន​តែ​ខ្លួន​ម្នាក់​ឯង​ឆ្លាត​ជាង​អ្នក​ដទៃ​ទាំង​អស់ ធ្វើ​ឲ្យ​មេទ័ព មេកង​ខ្វះ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​មាន​ការ​សង្ស័យ​តែ​ទៅ​លើ​គ្នា​ឯង ដោយ​មិន​ដឹង​ថា​ខុងបេង​ប្រើ​អ្នក​ណា​ទៅ​ធ្វើ​អ្វី​ខ្លះ ម្ល៉ោះ​ហើយ​ក្នុង​កង​ទ័ព​ខុងបេង មាន​ការ​សង្ស័យ​គ្នា​រហូត ។
      2. ខុងបេង​ស្អប់​មនុស្ស​មាន​បញ្ញា មាន​ខួរ​ក្បាល​ល្អ ព្រោះ​មនុស្ស​ពួក​នេះ​មិន​ព្រម​ទន់​ភ្លន់​ជាមួយ​ខុងបេង ដូចជា ជីវយី​ជាដើម ដែល​មិន​ព្រម​លើក​ឲ្យ​ខុងបេង​គ្រាន់​បើ​ជាង​ខ្លួន ទើប​មិន​ចុះ​សម្រុង​គ្នា មាន​តែ​ឡៅពី​ម្នាក់​ទេ​ដែល​ឆ្លាត​ជ្រៅ ប្រើ​ខុងបេង​ជា​សេះ​បម្រើ​បាន ព្រោះ​ដឹង​ថា​ខុងបេង​ជា​មនុស្ស​ចូល​ចិត្ត​ឲ្យ​គេ​សរសើរ មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​ជំទាស់ ។
      មាន​មេទ័ព​ម្នាក់​ទៀត​ឈ្មោះ អ៊ុយអៀន ដែល​ខុងបេង​មិន​ចូល​ចិត្ត​ព្រោះ​តែ​ហ៊ាន​ស្នើ​ផែនការ​ធ្វើ​សឹក​ផ្សេង​ពី​គំនិត​ខុងបេង ។ អ៊ុយអៀន​ស្នើ​កម្លាំង​តែ​៥​ពាន់​នាក់ ដើរ​ផ្លូវ​កាត់​ទៅ​ស្ទាក់​កងទ័ព​ខាង​ចូឆូ រវាង​ផ្លូវ​ស្រុក​ឆាងអាន និង​ស្រុក​ឡូយ៉ាង ព្រោះ​ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​នៅ​តំបន់​នោះ ជំនាញ​ខាង​ភូមិសាស្ត្រ​នៅ​តំបន់​នោះ តែ​ខុងបេង​មិន​ព្រម​ឲ្យ​ព្រោះ​យល់​ថា​ព្រហើន​មក​ប្រើ​វិធាន​ការណ៍​ខុស​ពី​របស់​ខ្លួន ។
      ក្រោយ​ដែល​គួនអ៊ូ និង​តៀវហ៊ុយ​ស្លាប់​បាត់​ទៅ មេទ័ព​ដែល​ពូកែ​ច្បាំង​របស់​ស្រុក​សែឈួន​គឺ​មាន​តែ​អ៊ុយអៀន​នេះ​ឯង ព្រោះ​ចេះ​ប្រើ​ទាំង​ខួរក្បាល ទាំង​កម្លាំង ដោយ​ហេតុ​នេះ​ហើយ​ទើប​ខុងបេង​ស្អប់​អ៊ុយអៀន​ជាទី​បំផុត គិត​កម្ចាត់​អ៊ុយអៀន​ចោល​ជាច្រើន​លើក ដោយ​ចោទ​ថា អ៊ុយអៀន​មាន​គំនិត​ក្បត់ ។ ខុងបេង​ស្រលាញ់​ចូល​ចិត្ត ម៉ាចេក ព្រោះ​ចេះ​អែបអប សុំ​ទ័ព​ដល់​ទៅ​ជាង​២​ម៉ឺន​នាក់ ខុងបេង​ក៏​ព្រម ហើយ​ម៉ាចេក​ធ្វើ​ឲ្យ​សង្គ្រាម​នេះ​ខូច​ការ​អស់ ហើយ​ម៉ាចេក​ត្រូវ​មាន​ទោស​ប្រហារ​ជីវិត​ចោល ធ្វើ​ឲ្យ​ខុងបេង​ត្រូវ​បង្ហូរ​ទឹក​ភ្នែក ។
      ចេញ​ច្បាំង​ម្ដងៗ គ្រាន់​តែ​ទាហាន​ហែហម​ខុងបេង មាន​អ្នក​សែង​ហិប​ខោ​អាវ​សម្លៀក​បំពាក់ ហិប​ក្បួន​តម្រា របស់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ខុងបេង​ម្នាក់​ឯង​ចំនួន​រាប់​រយ​នាក់ ។
      មាន​ចម្បាំង​មួយ​លើក​ទៀត ខុងបេង​បញ្ជា​ឲ្យ​អ៊ុយអៀន​លើក​កម្លាំង​ទៅ​វាយ​លុក​ឈើនឆាង ដែល​មាន​ ហឹចាវ ជា​នាយ​ទាហាន​រក្សា​ស្រុក​នៅ​ជាយ​ដែន មាន​កម្លាំង​ទាហាន​ប្រហែល​បី​ពាន់​នាក់ ។ អ៊ុយអៀន​នាំ​កម្លាំង​ទ័ព​ប្រហារ​៥​ពាន់​នាក់​ចូល​វាយ តែ​វាយ​មិន​បែក ព្រោះ​ហឹចាវ​ការពារ​យ៉ាង​ស្វិតស្វាញ ។ អ៊ុយអៀន​សម្រុក​វាយ​អស់​៥​ថ្ងៃ វាយ​មិន​បែក ខុងបេង​ខឹង​ណាស់​គិត​សម្លាប់​អ៊ុយអៀន​ចោល តែ​ពល​ទាហាន​ទាំងឡាយ​នាំ​គ្នា​តវ៉ា​មិន​សុខ​ចិត្ត ទើប​ខុងបេង​ព្យួរ​ទោស​ទុក​សិន ។
      ខុងបេង​ចេញ​ច្បាំង​ខ្លួន​ឯង ដោយ​ប្រើ​វិធី​លួងលោម​ហឹចាវ តែ​ហឹចាវ​មិន​ព្រម​លេង​ចូល ហើយ​ហឹចាវ​ជេរ​ស្ដី​ឲ្យ​ខុងបេង​ថា អា​មនុស្ស​ថោក​ទាប ខុងបេង​ខឹង​ខ្លាំង​ណាស់ ប្រើ​ឲ្យ​ពល​ទាហាន​សម្រុក​ចូល​វាយ​យក​ផ្ដាច់​ព្រ័ត្រ ព្រោះ​អ្នក​ស្រុក​ប្រាប់​ថា​ទាហាន​ខាង​ហឹចាវ​មាន​គ្នា​តែ​បី​ពាន់​នាក់​ប៉ុណ្ណោះ ។ ទាហាន​ខាង​ខុងបេង​ស្លាប់​អស់​ជា​ច្រើន ខុងបេង​ខឹង​ខ្លាំង​ណាស់ បញ្ជា​ឲ្យ​ទាហាន​ជីក​រូង​ឆ្លង​កំពែង​ចូល​ទៅ​ច្បាំង​គ្នា​អស់​២០​ថ្ងៃ ធ្វើ​អ្វី​ហឹចាវ​មិន​បែក ក៏​បង្ខំ​ចិត្ត​ដក​ទ័ព​ថយ​យ៉ាង​អាម៉ាស់ ។
      ខុងបេង ឬ ជូកើ​លៀង គ្រូ​កលយុទ្ធ​នគរ​ចុកកុក (១៨១-២៣៤)

      ជីវិត​នយោបាយ​របស់​ខុងបេង

      ចេញ​ពី​សង្គម​តូចៗ​មក​កាន់​សង្គម​ធំ​ទូលាយ ខុងបេង​ក៏​ចាប់​ផ្ដើម​ការងារ​នយោបាយ​មួយ​រំពេច ។ ខុងបេង​ស្នើ​គំនិត​ឲ្យ​ឡៅពី ឲ្យ​ទទួល​យក​ថា បើ​ចង់​ធ្វើ​ធំ ចិត្ត​ត្រូវ​កាច​សាហាវ ឡៅពី​ត្រូវ​រក​កន្លែង​រស់​នៅ​ប្រាកដ​ប្រជា មិន​ត្រូវ​ធ្វើ​ខ្លួន​ជា​អ្នកតា​គ្មាន​ខ្ទម​ដូច​ពី​មុន​ទៀត ដូច​អ្នក​លក់​រែក​លក់​តាម​ចិញ្ចើម​ផ្លូវ ចាំ​តែ​រត់​ពេល​ប៉ូលិស​ដេញ រស់​បែប​នេះ​ត​ទៅ​ទៀត​មិន​បាន​ទេ ចាំ​បាច់​ត្រូវ​មាន​កន្លែង​រក​ស៊ី​ខ្ជាប់​ខ្ជួន ។
      ឡៅពី​សួរ​ទៅ​ខុងបេង​ថា លោក​ឲ្យ​ខ្ញុំ​ទៅ​រក​ផ្ទះ​ថ្ម​ឯ​ណា​នៅ​បាន ខុងបេង​ឆ្លើយ​ថា មិន​បាច់​អស់​ប្រាក់​ទិញ​ទេ ឡើង​ទៅ​នៅ​ផ្ទះ​គេ​ទទេៗ​ក៏​បាន​ដែរ ។ ឡៅ​ពី​សង្ស័យ​សួរ​ថា ឡើង​ទៅ​នៅ​ផ្ទះ​គេ​មាន​ម្ចាស់ មិន​ត្រូវ​គេ​ដេញ​ទាត់​ហើយ​ទេ ។ ខុងបេង​ញាក់​ចិញ្ចើម​ប្រាប់​ទៅ​ថា ងាយ​បំផុត យក​បាន​ភ្លាម កេងជីវ នេះ​ឯង ។ ឡៅពី​ធ្វើ​ភ្នែក​ស្លឺ លើក​ដៃ​ហាម​ថា «មិន​បាន​ទេ ឡៅពៀវ និង​ខ្ញុំ​សែ​ជាមួយ​គ្នា ខ្ញុំ​រស់​នៅ​ជាមួយ​គេ​៧​ឆ្នាំ​ហើយ គេ​មុខ​ជា​ថា​ឲ្យ​ខ្ញុំ​ស៊ី​បាយ​លើ​ផ្ទះ ជុះ​អាចម៍​លើ​ដំបូល» ។
      ខុងបេង​ដែល​ធ្លាប់​បាន​ឡៅពៀវ​ជួយ​សង្គ្រោះ​នៅ​ពេល​តោកយ៉ាក បែរ​ជា​សង​គុណ​ដោយ​ប្រាប់​ឡៅពី​ថា «លោក​ឡៅពី​... កើត​ជា​មនុស្ស កុំ​ធ្វើ​ចិត្ត​បុណ្យ​ពេក កើត​ជា​ប្រុស​ត្រូវ​ចិត្ត​សាហាវ ចង់​ធ្វើ​ធំ កុំ​បាច់​ទៅ​ដឹង​គុណ​អ្នកណា ។​ ខ្លួន​ខ្ញុំ​នៅ​ជាមួយ​ឡៅពៀវ​១០​ឆ្នាំ​មក​ហើយ ផ្ទះ​សម្បែង​គ្មាន គេ​ចាត់​ឲ្យ​បាន​អាស្រ័យ​នៅ មិន​បាច់​ខ្វល់​ថា​មាន​គេ​និទ្ទា ។ ឡៅពៀវ​គេ​ជា​មនុស្ស​ចិត្ត​ល្អ​មែន តែ​ជា​មនុស្ស​គ្មាន​បុណ្យ​វាសនា សម្រាប់​លោក​វិញ​មាន​លក្ខណៈ​ជា​មនុស្ស​មាន​បុណ្យ​វាសនា​ខ្ពស់ កុហក​អ្នក​ណា​ក៏​គេ​ជឿ ជា​លក្ខណៈ​មហា​បុរស​ដូច​ក្បួន​ថា កើត​មក​នៅ​ពេល​ស្រុក​កើត​កលិយុគ ដៃ​អ្នក​ណា​វែង​ស្រាវ​យក លោក​ជា​អ្នក​មាន​ដៃ​វែង​ស្រាប់ ម្ដេច​មិន​ប្រើ​គុណសម្បត្តិ​នេះ​ឲ្យ​ទៅ​ជា​ប្រយោជន៍» ។
      និយាយ​ហើយ​ខុងបេង​អង្គុយ​ស្ងៀម ស្ទង់​មើល​ចិត្ត​ឡៅពី​គិត​យ៉ាង​ណា ។ ឡៅពី​ជា​មនុស្ស​និយាយ​តិច តែ​ចូល​ចិត្ត​គិត​ល្អិត​ល្អន់ ទើប​និយាយ​ឡើង​ថា «លោក​គ្រូ​ជា​អ្នក​បង្ហាញ​ផ្លូវ​ខ្ញុំ» ព្រម​ទាំង​លើក​ដៃ​សំពះ សម្ដែង​ការ​គោរព​យ៉ាង​ខ្ពង់​ខ្ពស់ ។ ឮ​តែ​ប៉ុណ្ណេះ ខុងបេង​ក៏​សម្ដែឫទ្ធិ នាំ​ឡៅពី​ទៅ​ជួប​ឡៅពៀវ​ភ្លាម ។
      ឡៅពៀវ​កំពុង​ឈឺ​ធ្ងន់ កំពុង​គិត​ថា លើក​សម្បត្តិ​ទៅ​ឲ្យ​កូន​ប្រុស​ណា​មួយ​ក្នុង​កូន​ប្រុស​ពីរ​នាក់​គឺ ឡៅគី និង ឡៅចង ។ ទទួល​ឃើញ​ខុងបេង​ចូល​មក ឡៅគី​ដែល​ធ្លាប់​ស្និទ្ធ​ស្នាល​ជាមួយ​ខុងបេង ក៏​ចូល​ទៅ​ជួប ហើយ​ខ្សិប​ប្រាប់​ខុងបេង​ពី​អ្វី​ក៏​មិន​ដឹង ។
      ស្រាប់​តែ​ព្រឹក​ឡើង ឡៅគី​សុំ​អនុញ្ញាត​ឡៅពៀវ​នាំ​កម្លាំង​ទៅ​មើល​ការពារ​សត្រូវ​ជួរ​មុខ ។ ខុងបេង​ញញឹម​ដែល​បាន​ធ្វើ​ឲ្យ​បងប្អូន​បែក​បាក់​គ្នា ។ ឡៅគី​នៅ​ក្មេង​ល្ងង់​ ចាញ់​បោក​ខុងបេង​ឲ្យ​ចេញ​ពី​កេងជីវ ទុក​ឡៅចង​ជា​ប្អូន​ដែល​នៅ​ក្មេង​ខ្ចី​នៅ​ជាមួយ​ឡៅពី ។ លុះ​ឡៅពៀវ​ស្លាប់​ទៅ ឡៅគី​ចង់​ចូល​ស្រុក​វិញ​ក៏​ពុំ​បាន ព្រោះ​ឡៅចង​មិន​ព្រម ត្រូវ​ត្រលប់​ទៅ​កន្លែង​ដើម​វិញ ។
      ពេល​នោះ​កម្លាំង​ទ័ព​របស់​ចូឆូ លើក​កម្លាំង​មក​ភាគ​ខាងត្បូង វាយ​ឈ្នះ​រហូត​មក​តាម​ដង​ផ្លូវ ឡៅចង​ចង់​បាន​សុខ ក៏​ប្រគល់​ស្រុក​កេងជីវ​ទៅ​ឲ្យ​ចូឆូ ធ្វើ​ឲ្យ​ឡៅពី និង​ខុងបេង​ខុស​បំណង ។ ខុងបេង​ប្រើ​ឧបាយ​ឲ្យ​ឡៅពី​ប្រញាប់​រត់​ទៅ​មុន កេណ្ឌ​រាស្ត្រ​ឲ្យ​ទៅ​ជាមួយ​ឲ្យ​បាន​ច្រើន សម្រាប់​ជួយ​សាង​ស្រុក​ថ្មី​មួយ​ឲ្យ​ខ្លួន ។ មនុស្ស​ម្នា​ស្មាន​ថា ឡៅពី​ស្រលាញ់​រាស្ត្រ ខំ​នាំ​គ្នា​ទៅ​ជាមួយ តែ​ការ​ពិត​ត្រូវ​បោក​ឲ្យ​ទៅ​ជា​កម្លាំង​ជួយ ពេល​ណា​ត្រូវ​រត់​ក៏​រត់​ទៀត សូម្បី​ប្រពន្ធ​កូន​ក៏​រត់​ចោល​ដែរ ។ ចំណែក​ខុងបេង​រត់​ទៅ​កាំងតាំង ដើរ​ចាក់​រុក​គេ​ឯង តែ​ឥត​ប្រយោជន៍ ព្រោះ​អ្នក​ស្រុក​កាំងតាំង​សាមគ្គី​គ្នា​ការពារ​ខ្លួន​ឯង​បាន ។
      នៅ​ពេល​ដែល​ជីវយី​កំពុង​ច្បាំង​ជាមួយ​ចូឆូ ខុងបេង​ក៏​ឆ្លៀត​ឱកាស​ទៅ​ដណ្ដើម​ស្រុក​កេងជីវ​បាន​មួយ​ភាគ ។ កេងជីវ​ជា​ចំណុច​យុទ្ធសាស្ត្រ នៅ​ចំ​កណ្ដាល​ប្រទេស​ចិន​សម័យ​សាមកុក អ្នក​ណា​មាន​ឥទ្ធិពល​លើ​កេងជីវ ទុក​ដូច​ជា​មាន​កាំបិត​ចុង​ស្រួច ចាំ​ចាក់​ក​សត្រូវ​បាន ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រែប្រួល​បាន ។
      ស៊ុនគួន ជីវយី និង​អ្នកស្រុក​កាំងតាំង​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខំ​ច្បាំង​ឈ្នះ​ចូឆូ តែ​ត្រូវ​ឡៅពី​ឆ្លៀត​ឱកាស​យក​ផែនដី​កេងជីវ​មួយ​ភាគ​ទៅ​បាន ព្រោះ​តែ​ខ្លួន​ជាប់​ដៃ​ច្បាំង​ជាមួយ​សត្រូវ ។ ស៊ុនគួន​ជា​មនុស្ស​ចាត់​បាន​ថា ជា​មេដឹកនាំ​ដែល​ប្រកាន់​សច្ចធម៌​បំផុត​ក្នុង​បណ្ដា​អ្នក​ដឹកនាំ​សាមកុក ។ នយោបាយ​របស់​ខុងបេង​គឺ​មិន​ស្មោះ​ត្រង់​ជាមួយ​បក្ស​ជា​មិត្ត នៅ​គ្រា​លំបាក​ទៅ​សំ​ឲ្យ​គេ​ជួយ ដល់​ពេល​ឃើញ​គេ​ភ្លេច​ខ្លួន ងាក​ទៅ​ខាំ ។
      សាមកុក​ជា​យុគ​សម័យ​ដែល​មនុស្ស​ស៊ី​មនុស្ស​ ហុត​ឈាម​គ្នា អ្នក​ដែល​កើត​មក​មាន​សតិបញ្ញា​ច្រើន​ជាង​អ្នក​ដទៃ បែរ​ជា​យក​សតិបញ្ញា​នោះ​ទៅ​ប្រព្រឹត្ត​ក្នុង​ការ​បំផ្លាញ មិន​បាន​យក​ទៅ​កសាង​មនុស្ស​ឲ្យ​ដឹង​ខុស​ត្រូវ ល្អ​អាក្រក់ ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍ ត្រលប់​ជា​ជំរុញ​ឲ្យ​មនុស្ស​ប្រើ​ឧបាយ​គ្រប់​បែប​យ៉ាង ជិះជាន់​អ្នក​ដទៃ សូម្បី​តែ​បងប្អូន​ខ្លួន​ឯង​ក៏​ដោយ រឿង​បែប​នេះ​មាន​ពាស​ពេញ​ក្នុង​យុគ​សាមកុក ។ មនុស្ស​សែ​ជាមួយ​គ្នា សម្លាប់​គ្នា​ឯង បាវព្រាវ​សម្លាប់​ចៅហ្វាយ សិស្ស​សម្លាប់​គ្រូ រឿង​បែប​នេះ​គ្មាន​នរណា​ប្រកាន់ ។
      ក្រោយ​ពី​ឆ្លៀត​ឱកាស​នៅ​ពេល​ស្រុក​វឹកវរ ដណ្ដើម​យក​ស្រុក​កេងជីវ​ភាគ​ខាង​ត្បូង​បាន​ហើយ ខុងបេង​ស្ម័គ្រ​មើល​ខុសត្រូវ​ទឹក​ដី​នៅ​ទី​នោះ​ជាមួយ​នឹង​គួនអ៊ូ និង​តៀវហ៊ុយ ។
      នៅ​សម័យ​សាមកុក ក្មេងៗ​ចូល​ចិត្ត​លេង​សន្មត​ថា ខ្លួន​ធំ​ឡើង​ជា​ហង់តេ (ស្ដេច​ចិន) ហើយ​ជា​ការ​ពិត សម័យ​នោះ​អ្នក​ណា​គ្រាន់​បើ ឬ​មិន​គ្រាន់​បើ ក៏​អាច​តាំង​ខ្លួន​ជា​ហង់តេ​បាន​ដែរ តែ​នៅ​បាន​យូរ ឬ​មិន​បាន​យូរ​ជា​រឿង​មួយ​ផ្សេង ។ ដូច​នេះ​ឡៅពី​ក៏​មាន​សិទ្ធិ​អាង​ថា ខ្លួន​ជា​ព្រះវង្ស​ហង់តេ​បាន​ដែរ ។
      ឡៅពី​មាន​ការ​រៀន​សូត្រ​តិចតួច អាយុ​១៥​ឆ្នាំ​ហើយ​ទើប​បាន​រៀន​អក្សរ ប្រសិន​បើ​ឡៅពី​បាន​ធ្វើ​ហង់តេ​មែន តើ​ឡៅពី​មាន​សតិបញ្ញា​គ្រប់គ្រង​ផែនដី​ចិន​ដ៏​ធំ​មហាសាល​បាន​ដែរ​ឬ​ទេ ? តើ​ខុងបេង គួនអ៊ូ តៀវហ៊ុយ អស់​នេះ ស្មោះ​ត្រង់​ជាមួយ​អ្នកណា​ដែរ​ទេ ។
      នៅ​ក្នុង​រឿង​សាមកុក បើ​អាន​ឲ្យ​ហ្មត់ចត់​ទៅ នឹង​ឃើញ​ថា អ្នក​ដែល​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​ល្អ ការ​ពិត​ជា​មនុស្ស​អាក្រក់ ហើយ​អ្នក​ដែល​គេ​សម្គាល់​ថា​អាក្រក់ បែរ​ជា​មនុស្ស​ល្អ ។ ដូចជា​ចូឆូ អ្នកណាៗ​ក៏​ថា​ចូឆូ​អាក្រក់ ព្រោះ​ថា​ចូឆូ​ក្ដោប​ក្ដាប់​ហង់តេ​ជា​ឧបករណ៍​សម្រាប់​ដោះស្រាយ​បញ្ហា​សំខាន់ៗ ។ ការ​ពិត​ចូឆូ​ជា​ប្រមុខ​រដ្ឋាភិបាល​ស្រប​ច្បាប់ បាន​បំពេញ​មុខ​នាទី​បង្ក្រាប​ពួក​បះបោរ​បំបែក​ទឹកដី​ប្រឆាំង​ហង់តេ នោះ​ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់ ក្រៅ​ពី​នេះ​បាន​បង្ក្រាប​បក្ស​ពួក​ប្រឆាំង​ហង់តេ​ដែល​ចង់​រំលំ​រាជបល្ល័ង្ក គឺ​ព្រោះ​តែ​ចង់​រក្សា​តំណ​វង្ស​ហង់តេ​បន្ត​ទៅ​មុខ​ទៀត ហើយ​ចង់​ឲ្យ​ស្រុក​ទេស​មាន​សន្តិភាព ។ ហង់តេ​ដូច​ជា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ចូឆូ​ទាល់​តែ​សោះ មាន​តែ​ធ្វើ​ឲ្យ​រវល់​ការពារ​ថែរក្សា​បីបាច់​ប៉ុណ្ណោះ ។
      ចំណែក​ឡៅពី​បាន​ចូល​គាល់​ហង់តេ​តែ​ម្ដង ស្រាប់​តែ​ហង់តេ​បញ្ជា​ឲ្យ​ផ្ដួល​រំលំ​ចូឆូ នេះ​ព្រោះ​តែ​ឡៅពី​បង្កើត​រឿង​មិន​ពិត ពិត​ទូល​ហង់តេ​ដោយ​ឧបាយកល ។ ក្រោយ​នោះ ឡៅពី​បាន​ទៅ​ជា​ហង់តេ​នៅ​សែឈួន ហើយ​ក៏​មាន​អ្នក​គាំទ្រ​លើក​គ្នា​ស្រែក​សរសើរ​ថា «ឡៅពី​ល្អ​លេខ​មួយ ជា​ទីពឹង​របស់​ប្រជានុរាស្ត្រ ដូច​ត្រី​បាន​ទឹក ឡៅពី​ល្អ​ឯក ស្រលាញ់​ប្រជានុរាស្ត្រ ដូច​ឪពុក​ស្រលាញ់​កូន អាត់​បាយ​ស្លាប់ អត់​ឡៅពី​ស្លាប់​ដូច​គ្នា មាន​តែ​ឡៅពី ទើប​ប្រជា​សុខសាន្ត» ។
      នៅ​ពេល​ជាមួយ​គ្នា​នោះ ក៏​មាន​មនុស្ស​មួយ​ក្រុម​មក​ស្រែក​ប្រឆាំង​ដែរ តែ​ត្រូវ​ចេញ​បំបែក​ហ្វូង ទុក​ចោល​តែ​ប៉ាយ​សរសេរ​ថា «ឡៅពី​មនុស្ស​បោក​ប្រាស់ ទាំង​ពី ទាំង​បេង មក​ទម្ងន់​ផែនដី ប្រជាជន​អត់​ឃ្លាន» ។
      ឡៅពី​ជា​មនុស្ស​មាន​បុណ្យ​តែ​គ្មាន​វាសនា បាន​ឡើង​ជា​ហង់តេ​អាយុ​៦១​ឆ្នាំ​ទៅ​ហើយ ដើម្បី​បង្ហាញ​ខ្លួន​ថា​គ្រាន់​បើ ទើប​បញ្ជា​លើក​ទ័ព​ប៉ង​យក​កេងជីវ ព្រោះ​តែ​សែឈួន​ជា​ស្រុក​តូច​គ្មាន​ន័យ ។ នាំ​ទ័ព​ឡើង​ទៅ​ភាគ​ខាង​ជើង មាន​ទាហាន​ដល់​ទៅ​៧​សែន​នាក់ ។ អំពី​សង្គ្រាម​លើក​នេះ មេទ័ព​ធំ​ដូច​ជា​គួនអ៊ូ​ក៏​ស្លាប់ កេងជីវ​ក៏​យក​មិន​បាន ទាហាន​ក៏​ស្លាប់​ច្រើន កូន​សម្លាញ់​របស់​ខុងបេង​ជា​មេទ័ព​ក៏​ស្លាប់​អស់​ពីរ​នាក់ ។

      ចម្បាំង​ចុងក្រោយ​លើក​ទី​៥

      ខុងបេង​បាន​ចេញ​ច្បាំង​ជាច្រើន​លើក មុន​ពេល​ក្រោយ​នេះ​ដោយ​ជួប​ជាមួយ​ឧបសគ្គ​ជាច្រើន មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​មាន​ជួប​បញ្ហា​ស្បៀង​ខ្វះខាត ធ្វើ​ឲ្យ​ខុងបេង​ធ្វើ​ការ​សម្រាក​ទ័ព​មួយ​គ្រា​សិន ។ ខុងបេង​សម្រាក​បន្ស៊ាំ​កម្លាំង សន្សំ​ស្បៀង​អាហារ គ្រឿង​សាស្ត្រា​វុធ សត្វ​ពាហនៈ គ្រប់​យ៉ាង​គ្រប់​គ្រាន់​ហើយ ប្រមូល​ទ័ព​បាន​មួយ​សែន​នាក់ ។
      ចាប់​តាំង​ពី​ឡៅពី​ចូល​មក​តាំង​ខ្លួន​នោ​សែឈួន​អស់​រយៈ​ពេល​ប្រហែល​២០​ឆ្នាំ ប្រជានុរាស្ត្រ​ស្រុក​សែឈួន​ត្រូវ​បក្ស​ពួក​ឡៅពី​ខុងបេង​បង្ខំ​ឲ្យ​ចេញ​ច្បាំង​សឹង​តែ​គ្មាន​លោះ​ថ្ងៃ​ណា​ឡើយ ។
      ឡៅពី​នាំ​ទ័ព​លើក​ដំបូង​ទៅ​សង​សឹក​ឲ្យ​គួនអ៊ូ ចំនួន​៧៥​ម៉ឺន​នាក់ នៅ​សល់​មក​វិញ​ប៉ុន្មាន​នាក់​មិន​មាន​និយាយ ដឹង​ត្រឹម​តែ​ថា​ខុងបេង​លើក​ទ័ព​ទៅ​វាយ​បេងហេក​ចំនួន​៥០​ម៉ឺន​នាក់ មក​វិញ​នៅ​សល់​ទាហាន​ប៉ុន្មាន​មិន​បាន​និយាយ​ដូច​គ្នា ក៏​ប៉ុន្តែ​នៅ​ពេល​ច្បាំង​លើក​ណា​ក៏​ដោយ​ត​មក​ទៀត ចំនួន​ទាហាន​ថយ​ចុះ​រឿយៗ សូម​ពិចារណា​មើល តើ​ទាហាន​បាត់​ទៅ​ណា​បាន​ជា​សល់​តិច​ទៅៗ ។
      នៅ​ពេល​ច្បាំង​ចុង​ក្រោយ ខុងបេង​ព្យាយាម​ចាត់​កម្លាំង​ឲ្យ​បាន​ល្អ​បំផុត តែ​រក​បាន​ត្រឹម​មួយ​សែន​នាក់​ល្មម​ចេញ​ច្បាំង​បាន មួយ​សែន​នាក់​ទៀត​ត្រូវ​នៅ​បម្រុង​ចាំ​ការពារ​សែឈួន ព្រោះ​ពួក​នេះ​ត្រូវ​មើល​របួស​ទាំង​រាងកាយ ទាំង​ខាង​ផ្លូវ​ចិត្ត ក្រោយ​សង្គ្រាម​បន្ត​បន្ទាប់​ឥត​ស្រាកស្រាន្ត ។ ទាហាន​វ័យ​ក្មេងៗ​អាយុ​មិន​ដល់​២០​ឆ្នាំ សុទ្ធ​តែ​កើត​ក្រោយ​ដែល​ឡៅពី​ចូល​មក​នៅ​សែឈួន ។ ពួក​នេះ​ភាគ​ច្រើន មិន​ដែល​បាន​ឃើញ​មុខ​ឪពុក​របស់​ខ្លួន​ថា​មាន​មុខ​មាត់​យ៉ាង​ណា មាន​តែ​ម្ដាយ​ដែល​ជា​ស្រី​មេម៉ាយ និយាយ​ឲ្យ​កូន​បាន​ស្ដាប់​ពី​ឈ្មោះ​របស់​ឪពុក​ខ្លួន ។ ពេល​នេះ​កូនៗ​កំពុង​តែ​ដើរ​តាម​គន្លង​ជើង​របស់​ឪពុក​ខ្លួន ដើរ​ទៅ​កាន់​សង្គ្រាម​ដើម្បី​កិត្តិយស​របស់​ត្រកូល​ឡៅ ដើម្បី​ជ័យជម្នះ​នាំ​យក​ស្ដេច​ទៅ​ឡើយ​អង្គុយ​លើ​បល្ល័ង្ក​ដ៏​សង្ហា​ដូច​ដើម​វិញ ។ ទោះបី​ថា​បល្ល័ង្ក​នោះ​ស្ថិត​នៅ​លើ​គំនរ​ឆ្អឹង និង​សាកសព​នៃ​ប្រជានុរាស្ត្រ​សែឈួន​ដ៏​ដោយ ។
      កងទ័ព​សែឈួន​បាន​ចេញ​ដំណើរ​សន្សឹមៗ ទង់​មេទ័ព​មេកង​បក់​រវិចៗ​តាម​វាយោ​ខ្យល់ សំឡេង​ស្គរ​បន្លឺ​ឡើង​សូរស័ព្ទ​អឺងកង​សឹង​មេឃ​រលំ លោក​មេទ័ព​មហា​វីរបុរស​ដឹក​នាំ​សែឈួន​ដ៏​មាន​ចិត្ត​ប្រកប​ដោយ​គុណធម៌ ស្រលាញ់​ប្រជានុរាស្ត្រ​ស្មើ​នឹង​ជីវិត អង្គុយ​យ៉ាង​សង្ហា​នៅ​លើ​រថ​តូច មាន​ទាហាន​កិត្តិយស​ហែហម បាន​ងាក​មើល​ទាហាន​កំលោះៗ​ដែល​កំពុង​ចេញ​ច្បាំង ដោយ​អារម្មណ៍​ថា ពេល​នេះ​អាត្មា​អញ​នឹង​ឈ្នះ​សង្គ្រាម បាន​ត្រលប់​ទៅ​រាជវាំង​វិញ លែង​ត្រលប់​មក​សែឈួន ស្រុក​ស្រែ​ចម្ការ​បែប​នេះ​ទៀត​ហើយ ។
      ចំណែក​ទាហាន​កំលោះៗ​ដែល​ទើប​ចេញ​ច្បាំង​ជា​លើក​ដំបូង មាន​ទឹក​មុខ​ស្រស់​បស់ ញញឹម​ញញែម គិត​ថា​បាន​ទៅ​កាប់​ស្រីៗ​នៅ​ភាគ​កណ្ដាល តើ​វា​មាន​រសជាតិ​ខុស​ពី​ស្រីៗ​នៅ​សែឈួន​យ៉ាង​ណា រី​ឯ​ទាហាន​ដែល​ធ្លាប់​ចេញ​ច្បាំង​ហើយ ម្នាក់ៗ​ឱន​មុខ អ្នក​ខ្លះ​អាច​កំពុង​គិត​អំពី​ប្រពន្ធ​ដែល​ទើប​តែ​នឹង​សម្រាល​កូន​ហើយ​ថ្មីៗ ។
      «បើ​អញ​ត្រលប់​មក​.... តើ​វា​នឹង​ដឹង​ទេ​ថា​អញ​ជា​ឪពុក​.... ហើយ​បើ​អញ​មិន​បាន​ត្រលប់​មក​វិញ​ទេ តើ​អ្នកណា​ជា​ឪពុក​របស់​វា ឬ​មួយ​ត្រលប់​មក​វិញ ត្រូវ​កាប់​ចាក់​ដណ្ដើម​ប្រពន្ធ​មក​វិញ​ពី​អ្នក​ជិត​ខាង​ដែល​ដណ្ដើម​យក​ទៅ !» ។ គិត​ហើយ​ឈឺ​ក្បាល គិត​ហើយ​ស្ទើរ​បែក​ទ្រូង ។
      ទាហាន​ខ្លះ​ងាក​មើល​ទៅ​លោក​មេទ័ព​ពាក់​អាវក្រោះ បញ្ចេញ​រស្មី​គួរ​ឲ្យ​កោត​សរសើរ​អំណាច​វាសនា​របស់​លោក ។ ខ្លះ​ទៀត​ដើរ​ផង​សូត្រ​ភាវនា​ធម៌​បណ្ដើរ​ផង លើក​កម្លាំង​ចិត្ត ។
      បងប្អូន​ប្រជានុរាស្ត្រ​ដែល​មក​ហែហម​ជូន​ដំណើរ​ទ័ព មាន​ខ្លះ​ខ្យល់​ចាប់​ព្រោះ​នឹក​អាណិត​កូន មាន​ខ្លះ​ថា​អញ​ឈប់​ឲ្យ​មាន​កូន​ប្រុស​ទៀត​ហើយ ចេញ​ច្បាំង​ពេល​ណា មិន​ដែល​ឃើញ​ត្រលប់​មក​វិញ ។ មាន​កូន​ប្រុស​ថា​ជួយ​ធ្វើ​ស្រែ​ចម្ការ​ក៏​គ្មាន​សល់ ត្រូវ​ទៅ​ធ្វើ​ទ័ព​អស់ មាន​កូន​ស្រី បាន​កូន​ប្រសារ​ក៏​ទៅ​ធ្វើ​ទ័ព​អស់ មិន​ដែល​បាន​ឃើញ​មក​វិញ​សោះ ។
      គួរ​ឲ្យ​អាណោច​អាធ័ម​ពន់​ពេក ចាប់​តាំង​ពី​ព្រះចៅ​ឡៅពី​មក​នៅ​សែឈួន ប្រជា​ជន​មិន​ដែល​មាន​ឮ​ថា​កើត​រោគ​កាច​សាហាវ​អ្វី​សោះ តែ​ហេតុ​អ្វី​បាន​ជា​ប្រជានុរាស្ត្រ​កាន់​តែ​អស់​ទៅៗ តើ​បាត់​ទៅ​ណា ? សង្គ្រាម​មែន​ទេ ? ឬ​មួយ​ព្រោះ​នយោបាយ​ដ៏​ឈ្លាសវៃ​របស់​អ្នក​ដឹក​នាំ​ដែល​ពូកែ​និយាយ​ឲ្យ​ប្រជាជន​ជឿ​លើ​ខ្លួន លោក​ពូកែ​និយាយ​សូម្បី​តែ​ស្វា​នៅ​លើ​ដើម​ឈើ​ស្ដាប់​ពីរោះ ភ្លេច​ខ្លួន​ធ្លាក់​ពី​លើ​ដើម​ឈើ ។
      ធ្វើ​ចម្បាំង​លើក​នេះ ខុងបេង​ចាត់​ឲ្យ​អ៊ុយអៀន​ជា​មេទ័ព​ជួរ​មុខ​នាំ​ពល​ពាក់​កណ្ដាល​ទៅ​ខាង​ឈាគុ ច្រក​ភ្នំ​ភាគ​ខាង​ជើង តម្រង់​ទៅ​ស្រុក​វូកុង ហើយ​ទៅ​បោះ​ទ័ព​នៅ​ត្រើយ​ខាង​ត្បូង​ទន្លេ​វ៉ើយស៊ុយ មាន​ដឹក​ស្បៀង​អាហារ​តាម​រទេះ​គោ រទេះ​សេះ​យ៉ាង​សម្បើម ដើម្បី​បញ្ជាក់​ឲ្យ​សត្រូវ​ដឹង​ថា ពេល​នេះ​ធ្វើ​មែនទែន​ហើយ ។
      ស៊ុម៉ាអ៊ី មេ​ទ័ព​វ័យ​៦០​ឆ្នាំ ញញឹម​យ៉ាង​ត្រជាក់​ចិត្ត នាំ​ពល​បី​សែន​នាក់​មក​រង់​ចាំ​នៅ​ត្រើយ​ខាងជើង ហើយ​បញ្ជា​ឲ្យ​អ្នក​ស្រុក​នៅ​ទី​នោះ​សហការ​ជាមួយ​ទាហាន ចាត់​ធ្វើ​ស្នាម​ភ្លោះ ការងារ​យ៉ាង​រឹងមាំ ត្រៀម​ចម្បាំង​ចាំ​ទុក​ស្រេច ។ លោក​មេទ័ព​ស៊ុម៉ាអ៊ី​និយាយ​ប្រាប់​កង​ទ័ព និង​ប្រជារាស្ត្រ​ថា បើ​ខុងបេង​នាំ​ទ័ព​ឆ្លង​ភ្នំ​ទិស​ខាងកើត​មក​កាន់​ស្រុក​វុយកុង នគរ​វុយកុក​យើង​ពិបាក​ចិត្ត តែ​បើ​ចេញ​ពី​ទិស​ខាងត្បូង​ជា​តំបន់​ទី​រាប ពួក​យើង​សប្បាយ​ចិត្ត ។
      មិន​ដឹង​ជា​ពាក្យ​នេះ​លេច​ឮ​ទៅ​ដល់​ខុងបេង​ឬ​យ៉ាង​ណា តែ​ខុងបេង​បាន​នាំ​ទ័ព​ទោ​តាំង​នៅ​វូចាងយួន ហើយ​ឲ្យ​ធ្វើ​សង្គ្រាម​យូរ​អង្វែង ឲ្យ​ទាហាន​ចេញ​ធ្វើ​ស្រែ​ចម្ការ​ជាមួយ​ប្រជាជន​នៅ​តំបន់​នោះ ។
      ស៊ុម៉ាអ៊ី​ឲ្យ​ទាហាន​បី​នាក់ នាំ​ទ័ព​ចេញ​ទោ​សាក​កម្លាំង​ជាមួយ​ទ័ព​ជួរ​មុខ​របស់​ខុងបេង ដោយ​បើក​ឆាក​ប្រយុទ្ធ​គ្នា​នៅ​វាល​រាប ទ័ព​វុយកុក​មាន​ជ័យជម្នះ​នៅ​គ្រា​ដំបូង ទ័ព​សែឈួន​ថយ​ទៅ​បោះ​ទ័ព​កន្លែង​ដើម តែ​ទ័ព​វុយកុក​មិន​ដេញ​តាម ទាំង​សង​ខាង​ចាំ​ស្ទង់​មើល​កម្លាំង​តែ​រៀងៗ​ខ្លួន ។
      នៅ​ពេល​ខុងបេង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ទាក់​ទង​ជាមួយ​ស៊ុនគួន ស៊ុនគួន​យល់​ព្រម​បញ្ជូន​ទាហាន​មួយ​សែន​នាក់​មក​ជួយ​ច្បាំង ដោយ​ស៊ុនគួន​ជា​មេទ័ព​នាំ​ទ័ព​មក​ខ្លួន​ឯង ។
      ព្រះចៅ​ចូយ៉យ ដឹង​រឿង​នេះ ចាត់​ទ័ព​ហ្លួង​មក​វាយ​ស្កាត់​ទ័ព​ស៊ុនគួន ។ ស៊ុនគួន​ថយ​កម្លាំង​ទៅ​កាំងតាំង​វិញ ។ ចូយ៉យ​ឃើញ​ស៊ុនគួន​ថយ​ទ័ព ទើប​ព្រះអង្គ​បញ្ជា​ឲ្យ​ទ័ព​ថយ​ទៅ​តាំង​នៅ​ស្រុក​ចាស់​គឺ​ឆាងអាន ដើម្បី​ចាំ​ស្ដាប់​ដំណឹង​ល្អ​ពី​ស៊ុម៉ាអ៊ី ។
      ស៊ុម៉ាអ៊ី​មាន​អារម្មណ៍​ត្រជាក់ គ្មាន​រឿង​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ជាមួយ​ខុងបេង​សោះ​ឡើយ ។ ខុងបេង​ទោះបី​ជា​មាន​អាយុ​ជាង​ពាក់​កណ្ដាល​សតវត្ស​ហើយ​ក៏​ដោយ តែ​នៅ​មាន​កម្លាំង​ពលំ​ពេញ​បរិបូណ៌ ។ ពេល​នេះ​យើង​គួរ​ប្រើ​ក្បាច់​អី ឲ្យ​វា​ស្លាប់​តែ​ម្ដង​ទៅ ។ កៀងអ៊ុយ​បាន​ឮ​សំឡេង​រអ៊ូ ក៏​ដើរ​ចូល​មក​ជិត​ ហើយ​និយាយ​ថា យប់​ជ្រៅ​ហើយ​សូម​លោក​ថែរក្សា​សុខភាព​ផង ។ ខុងបេង​ឆ្លើយ​ថា ទៅ​ដេក​មុន​ទៅ ចាំ​ខ្ញុំ​រក​វិធី​កម្ចាត់​ស៊ុម៉ាអ៊ី​ឲ្យ​បាន​សិន បើ​គិត​មិន​ចេញ​ទេ ដេក​មិន​លក់ ។
      គិត​ចុះ​គិត​ឡើង ទៅ​បើក​ហិប​មើល​ថា​តើ​គួរ​ប្រើ​ក្បួន​ណា​អាច​ឈ្នះ​ស៊ុម៉ាអ៊ី​បាន ស្រាប់​តែ​ទៅ​ឃើញ​សំបុត្រ​របស់​ប្រពន្ធ​ខ្លួន​មាន​សេចក្ដី​ថា «បង​សម្លាញ់ អូន​នឹក​បង​ណាស់ កូន​តូច​យើង​វា​ចេះ​តែ​យំ​ចង់​ឃើញ​មុខ​បង អូន​បាន​តែ​ប្រាប់​ទៅ​កូន​ថា ពុក​ទៅ​រាជការ​ផែនដី មិន​យូរ​នឹង​ត្រលប់​មក​វិញ ម្ដង​នេះ​មុខ​ជា​មក​យក​អូន និង​កូន​ទៅ​លេង​រាជធានី​នៅ​ភាគ​កណ្ដាល​ជា​មិន​ខាន សង្ឃឹម​ថា​បង​គិត​ការ​នេះ​បាន​សម្រេច ។ ដើម្បី​ឲ្យ​បង​នឹក​អូន​ខ្លះ អូន​បាន​ផ្ញើ​របស់​សំខាន់​មួយ​នៅ​ក្នុង​កញ្ចប់​នេះ​មក​ជូន​បង ចំណែក​អូន​យក​រូប​បង​ឱប​នឹង​ដើម​ទ្រូង​រាល់​យប់​នៅ​ពេល​គេង ហើយ​អូន​ថើប​រូប​នេះ​មួយ​រយ​ដង មួយ​ពាន់​ដង​ក្នុង​មួយ​ថ្ងៃ» ។
      ខុងបេង​បើក​កញ្ចប់​មើល​ឃើញ​ខោ​ទ្រនាប់​ក្នុង​របស់​ប្រពន្ធ ខឹង​យ៉ាង​ខ្លាំង​ចាប់​គ្រវែង​ចោល​ទៅ​ក្រៅ ហើយ​ស្រែក​ថា​ឆ្កួត​មែនៗ ។ មួយ​សន្ទុះ​ក៏​ចេញ​ទៅ​រើស​យក​មក​វិញ ហើយ​គិត​ថា​នេះ​ជា​គំនិត​មួយ​ជួយ​ឲ្យ​ឈ្នះ​ស៊ុម៉ាអ៊ី​បាន ទើប​យក​ខោ​ទ្រនាប់​ក្នុង​របស់​ប្រពន្ធ​បត់​ទុក​យ៉ាង​ល្អ រួច​ហើយ​មក​អង្គុយ​នៅ​តុ ចាប់​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស៊ុម៉ាអ៊ី​ឲ្យ​ចេញ​ច្បាំង ។
      សេចក្ដី​ក្នុង​សំបុត្រ​មាន​ន័យ​ថា «ឯង​មក​ធ្វើ​សង្គ្រាម ឬ​មួយ​មក​លេង​បិទ​ពួន ហេតុ​អ្វី​បាន​ជា​មក​នៅ​សំងំ​តែ​ក្នុង​រូង ។ យើង​បាន​ឲ្យ​មនុស្ស​ទៅ​ជេរ​ម៉ែ​ឯង ជេរ​យាយ​ឯង ជេរ​រាល់​ថ្ងៃ រហូត​អស់​ពាក្យ​ជេរ​ទៀត​ហើយ បើក​វចនានុក្រម​មើល​រក​ពាក្យ​ជេរ​អាក្រក់ៗ​អស់​ពាក្យ​ហើយ​រក​មិន​បាន ទើប​សុំ​ផ្ញើ​ខោទ្រនាប់​ក្នុង​របស់​ប្រពន្ធ​យើង​មក​ឲ្យ​ឯង​ស្លៀក​ឲ្យ​ទាហាន​ខាង​ឯង​មើល ថា​ឯង​នៅ​នេះ​មិន​បាន​ទៅ​ណា​ទេ ។ បើ​ឯង​មិន​ចង់​ស្លៀក​ទេ សូម​ចេញ​មក​ច្បាំង​ជាមួយ​យើង​ឲ្យ​ដឹង​អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់ ។ ហត្ថលេខា ខុងបេង »
      ខុងបេង​សរសេរ​សំបុត្រ​ចប់​ហើយ​ក៏​ចូល​ដេក មាន​សេចក្ដី​សុខ​ណាស់ ដោយ​គិត​ថា រក​វិធី​កម្ចាត់​សត្រូវ​បាន​ហើយ ព្រម​ជាមួយ​គ្នា​នោះ ក៏​នឹក​សរសើរ​ប្រពន្ធ​ដែល​បាន​ផ្ញើ​ខោ​ទ្រនាប់​ក្នុង​មក​ឲ្យ ធ្វើ​ឲ្យ​មាន​គំនិត​ល្អៗ ។
      ស៊ុម៉ាអ៊ី ផ្ញើ​សំបុត្រ​មក​ខុងបេង ៖ «ជម្រាប់​ជូន​លោក​មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​ស្រុក​សែឈួន ។ សូម​អរគុណ​ដែល​បាន​មេត្តា​ផ្ញើ​សំបុត្រ​ពោរពេញ​ទៅ​ដោយ​មធុរស​វាចា ហើយ​ថែម​ទាំង​បាន​ប្រគល់​ខោទ្រនាប់​ក្នុង​របស់​លោក​ជំទាវ​មក​ឲ្យ​ផង ។ លោក​ពូកែ​យល់​ដឹង​មែន​ថា ខ្ញុំ​ចូល​ចិត្ត​ខោ​ទ្រនាប់​ស្រីៗ ទាស់​តែ​លោក​ពុំ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ចូល​ចិត្ត​ខោ​ទ្រនាប់​ស្រី​ក្មេងៗ​ដែល​មាន​ប៉ាក់​ភ្ញីផ្កា​ស្រស់​ស្អាត ដូច​ដែល​ស្រីៗ​ក្រមុំ​គេ​ចូល​ចិត្ត​ស្លៀក​សម័យ​នេះ​ទេ គឺ​ពុំ​មែន​ខោ​ទ្រនាប់​បែប​ដែល​ស្រី​កញ្ចាស់​គេ​ស្លៀក​នោះ​ទេ ទើប​ខ្ញុំ​សុំ​អនុញ្ញាត​យក​ខោ​ទ្រនាប់​របស់​លោក​ដែល​ផ្ញើ​មក​នោះ ទៅ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ជូត​ក្រចក​សេះ​ទ័ព​ទៅ​វិញ សង្ឃឹម​ថា​លោក​ពិត​ជា​ពុំ​ខឹង​ឡើយ ។ ចំណែក​សេចក្ដី​ក្នុង​សំបុត្រ​ដែល​លោក​ផ្ញើ​មក ខ្ញុំ​បាន​យក​ឲ្យ​គេ​ជួយ​មើល​ជាច្រើន​នាក់ សុទ្ធ​តែ​បាន​សរសើរ​លោក​ថា ចេះ​ជ្រើស​រើស​ពាក្យ​ពីរោះៗ​យ៉ាងច្រើន នេះ​បញ្ជាក់​ថា តាំង​ពី​នៅ​តូច លោក​ធ្លាប់​បាន​ទទួល​ការ​អប់រំ​ក្នុង​ចំណោម​មនុស្ស​ល្អៗ ទើប​ចេះ​ប្រើ​ពាក្យ​សម្ដី​បែប​នេះ​ជាប់​មាត់​ជា​និស្ស័យ​ខ្ជាប់​ខ្ជួន សូម្បី​បាន​មក​ធ្វើ​ធំ​ជា​មេ​បញ្ជាការ​ជាន់​ខ្ពស់​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ចេះ​ប្រើ​យ៉ាង​ប៉ិន​ប្រសប់ ។ មិន​ដឹង​ថា នៅ​ក្នុង​អាណាចក្រ​របស់​លោក អ្នក​ដែល​ចេះ​ប្រើ​ពាក្យ​ដូច​លោក​នេះ​ជា​ប្រចាំ មាន​ច្រើន​ប៉ុណ្ណា​ទេ តែ​តាម​ដែល​ខ្ញុំ​សង្កេត​ឃើញ ក្នុង​រយៈ​ពេល​ជាង​១០០​ថ្ងៃ​មក​នេះ អ្នក​ដែល​លោក​បញ្ជូន​មក​ឲ្យ​ជេរ​នៅ​មុខ​បន្ទាយ​របស់​ខ្ញុំ សុទ្ធ​តែ​ប្រើ​ភាសា​និយាយ​បែប​ជាមួយ​គ្នា ដូច​ភាសា​នៅ​ក្នុង​សំបុត្រ​របស់​លោក​ដែល​ផ្ញើ​មក​ទាំង​អស់ នេះ​បញ្ជាក់​ថា លោក​អប់រំ​ប្រជានុរាស្ត្រ​របស់​លោក​បាន​ល្អ​ណាស់ ។ ខ្ញុំ​បាន​ដឹង​ពី​អ្នក​កាន់​សំបុត្រ​របស់​លោក​ថា លោក​ស្គម ទទួល​ទាន​អាហារ​មិន​សូវ​បាន ខ្ញុំ​បារម្ភ​ពី​សុខភាព​របស់​លោក​យ៉ាង​ខ្លាំង ហើយ​បាន​ដំណឹង​ទៀត​ថា នៅ​សែឈួន​គេ​នឹង​បន្ថែម​តំណែង​ឲ្យ​លោក​ស្មើ​នឹង​នាយក​ទៀត​ផង ។ ខ្ញុំ​សូម​ជម្រាប​ថា លោក​អាយុ​ច្រើន​ណាស់​ហើយ កុំ​ខំ​ប្រឹង​ខ្លាំង​ពេក បាក់​កម្លាំង កុំ​ធ្វើ​ដូច​គេ​នៅ​វ័យ​ជំទង់ ប្រយ័ត្ន​បេះដូង​ខ្សោយ សែឈួន​នឹង​បាត់​បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​នេះ ។ មាន​ឱកាស​ទំនេរ ក៏​ទៅ​ម៉ាស្សា​ខ្លះ​ទៅ ។ ដោយ​សេចក្ដី​គោរព ។ ពី​អ្នក​តូច »
      ស៊ុម៉ាអ៊ី​បិទ​ស្រោម​សំបុត្រ​ហើយ ប្រគល់​ឲ្យ​អ្នក​កាន់​សំបុត្រ​មក​យក​ទៅ​ជូន​ខុងបេង​ផង ហើយ​ក៏​ហៅ​ទាហាន​មក​សួរ​ថា និយាយ​ជាមួយ​ពួក​គេ​បាន​រឿង​អ្វី​ខ្លះ ។ ទាហាន​ប្រាប់​ថា កងទ័ព​ខុងបេង​កំពុង​ខ្វះ​ស្បៀង​អាហារ ពួក​ទាហាន​ភាគ​ច្រើន​កើត​រោគ​នឹក​ផ្ទះ ។ លោក​មេទ័ព​ចាស់​ក៏​និយាយ​ឡើង​ថា «សង្គ្រាម​ជិត​ចប់​ហើយ ខុងបេង​នៅ​មិន​បាន​យូរ​ប៉ុន្មាន​ទៀត​ទេ !» ។
      ខុងបេង​ឃើញ​អ្នក​កាន់​សំបុត្រ​ត្រលប់​មក​វិញ ក៏​ប្រញាប់​ឲ្យ​ហៅ​មក​សួរ បាន​ការ​យ៉ាង​ណា​ខ្លះ ស៊ុម៉ាអ៊ី​ខឹង​ខ្លាំង​ទេ ។ អ្នក​កាន់​សំបុត្រ​ឆ្លើយ​ថា មិន​ឃើញ​មាន​ខឹង​អ្វី ហើយ​នៅ​សួរ​ពី​សុខភាព​របស់​លោក​ទៀត​ផង ថា​សព្វ​ថ្ងៃ​នេះ​ពិសារ​បាយ​បាន​ច្រើន​ទេ ។
      លោក​នាយក​ខុងបេង​បាន​ឮ​ដូច​នោះ ឈឺ​ចិត្ត​ខ្លាំង​ណាស់ យក​សំបុត្រ​ដែល​ស៊ុម៉ាអ៊ី​ផ្ញើ​មក​ឲ្យ អាន​ចប់​ហើយ ខឹង​ខ្លាំង​លោត​ទន្ទ្រាំ​ស្រែក​ឡូឡា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ក្រោយ​នោះ​ក៏​ចាប់​ឈឺ ។
      ចំណែក​ទាហាន​ស៊ុម៉ាអ៊ី បាន​អាន​សំបុត្រ​ខុងបេង បបួល​ឲ្យ​ចេញ​ច្បាំង ខឹង​ខ្លាំង​ណាស់​ដែល​ត្រូវ​មាក់ងាយ បាន​មក​ប្រជុំ​គ្នា​នៅ​មុខ​ទីតាំង​របស់​ស៊ុម៉ាអ៊ី សុំ​អនុញ្ញាត​ចេញ​ច្បាំង​ដើម្បី​ការពារ​កិត្តិយស ។ ស៊ុម៉ាអ៊ី​ឆ្លើយ​ដោយ​ចិត្ត​ត្រជាក់​ថា រឿង​នេះ​ត្រូវ​សរសេរ​ទៅ​សុំ​អនុញ្ញាត​ពី​ហង់តេ​សិន ។ ថា​ហើយ​ក៏​សរសេរ​លិខិត​ទៅ​ថ្វាយ​ហង់តេ សុំ​អនុញ្ញាត​នាំ​ទាហាន​ចេញ​ច្បាំង ក៏​ប៉ុន្តែ​បាន​ផ្ដាំ​នឹង​អ្នក​កាន់​សំបុត្រ​ឲ្យ​ជួយ​ទៅ​ខ្សិប​ប្រាប់​ហង់តេ​ផង​ថា​កុំ​អនុញ្ញាត ហើយ​ស៊ុម៉ាអ៊ី​ក៏​ច្រៀង​បទ​ចម្រៀង​លេង​ដោយ​ត្រជាក់​ចិត្ត ។
      គ្រប់​យ៉ាង​ទៅ​តាម​ផែនការ​របស់​ស៊ុម៉ាអ៊ី ព្រះចៅ​ចូយ៉យ​បញ្ជា​មក​ថា ឲ្យ​ទាហាន​តាំង​នៅ​ស្ងៀមៗ ហាម​អ្នកណា​ចេញ​ច្បាំង​ដោយ​គ្មាន​បញ្ជា ឲ្យ​ចាំ​ស្ដាប់​តែ​បញ្ជា​របស់​ស៊ុម៉ាអ៊ី​តែ​ម្នាក់​គត់ ។ ស៊ុម៉ាអ៊ី​នាំ​ព្រះរាជសារ​នោះ​មក​ប្រាប់​ឲ្យ​ទាហាន​គ្រប់​គ្នា​ដឹង ហើយ​នាំ​គ្នា​ច្រៀង​លេង​សប្បាយ​ត​ទៅ​ទៀត ព្រម​ជាមួយ​គ្នា​នោះ ក៏​ធ្វើ​ឲ្យ​លេច​ឮ​ដំណឹង​ដែល​ថា​ព្រះចៅ​ចូយ៉យ​មិន​ឲ្យ​ចេញ​ច្បាំង ឮ​ទៅ​ដល់​ត្រចៀក​របស់​ខុងបេង ។
      ខុងបេង​បាន​ដំណឹង​នេះ​ខឹង​ណាស់ និយាយ​ឡើង​ថា ពាក្យ​នេះ​ស៊ុម៉ាអ៊ី​ប្រឌិត​ឡើង​ដើម្បី​ដោះសារ​កុំ​ឲ្យ​គេ​ថា​ជា​មនុស្ស​កំសាក ព្រោះ​មិន​ដែល​មាន​មេទ័ព​នាំ​ទ័ព​ចេញ​ច្បាំង​ត្រូវ​ចាំ​ទទួល​បញ្ជា​ពី​ហង់តេ ។
      នាយក​ខុងបេង​ធ្វើ​អ្វី​មិន​កើត បោក​ប្រាស់​គេ​ក៏​មិន​សម្រេច ចាក់​រុក​គេ​ក៏​គេ​មិន​ខឹង ទើប​ដើរ​ចេញ​មក​ខាង​ក្រៅ​ខ្ទម មក​មើល​ផ្កាយ​ឲ្យ​បាន​ត្រជាក់​ចិត្ត ។ ដល់​ងើយ​មើល​ទៅ​លើ​មេឃ កាន់​តែ​ស្លុត​ចិត្ត កាល​បើ​បាន​ឃើញ​ផ្កាយ​មួយ​ដួង​រស្មី​កំពុង​អស់​ទៅៗ​ជិត​នឹង​រលត់ ទើប​ប្រញាប់​ដើរ​ត្រលប់​មក​ខ្ទម​វិញ ហើយ​ប្រើ​ទាហាន​ឲ្យ​ទៅ​ហៅ​ កៀងអ៊ុយ សិស្ស​ឯក​ឲ្យ​មក​ជួប​ជា​បន្ទាន់ ។
      លុះ​កៀងអ៊ុយ​មក​ដល់ លោក​នាយក​ដក​ដង្ហើម​ធំ ហើយ​ប្រាប់​ថា «កូន​អើយ ព្រឹក​ស្អែក​ពុក​មុខ​ជា​ស្លាប់​ហើយ ព្រោះ​ផ្កាយ​ប្រចាំ​ខ្លួន​ពុក កំពុង​តែ​អស់​រស្មី​...» ។
      កៀងអ៊ុយ​តប​ដោយ​សំឡេង​ញ័រៗ​ថា «ពុក​កុំ​អាល​ស្លាប់​ចោល​កូន ត្រូវ​នៅ​ជា​ម្លប់​ពោធិ​ម្លប់​ជ្រៃ​ឲ្យ​កូន​សិន អស់​ពុក​ទៅ​ហើយ កូន​មុខ​ជា​យ៉ាប់ ព្រោះ​អ្នក​ដទៃ​ច្រើន​នាក់​ណាស់​ចាំ​តែ​ជាន់​ពន្លិច​កូន ហើយ​ពុក​ជំនាញ​វិជ្ជា​ចូល​រូប ហេតុ​អ្វី​ក៏​មិន​ធ្វើ​ពិធី​ត​អាយុ​ផង​ទៅ ?» ។
      ខុងបេង​ទើប​នឹក​ឃើញ ទើប​ប្រាប់​ឲ្យ​កៀងអ៊ុយ​ត្រៀម​របស់​របរ​ធ្វើ​ពិធី​ត​អាយុ ។ កៀងអ៊ុយ​ធ្វើ​បាន​ដូច​ចិត្ត ប្រាប់​ភ្លាម​បាន​ភ្លាម លឿន​ជាង​ហនុមាន​ទៅ​ទៀត ។
      ស៊ុម៉ាអ៊ី​បញ្ជូន​មនុស្ស​មក​ស៊ើប​មើល ដឹង​ថា​ខុងបេង​កំពុង​លេង​ផ្លូវ​ងងឹត ទើប​បញ្ជូន​មនុស្ស​ឲ្យ​មក​ស្រែក​ជេរ​បំផ្លាញ​សមាធិ ។ អ៊ុយអៀន​ប្រញាប់​មក​រាយការណ៍​ឲ្យ​ខុងបេង ដឹង​ថា​មាន​មនុស្ស​មក​ស្រែក​សរសើរ​បុព្វបុរស​នៅ​ខាង​ក្រៅ ក៏​ប្រញាប់​រត់​ចូល​មក​ក្នុង​ខ្ទម​ពិធី ហើយ​ក៏​ទាត់​ទៅ​ត្រូវ​គោម​ពិធី​រលំ​ដួល​ដោយ​អចេតនា ។ ខុងបេង​ភ្ញាក់​ព្រើត បែក​ពិធី ទម្លាក់​ដាវ​ដែល​កំពុង​រេរាំ​ដូច​ខ្មោច​ចូល​នោះ​ចោល ហើយ​ស្រែក​ថា «ស្លាប់​ហើយ​ម្ដង​នេះ ស្លាប់​ប្រាកដ !» ។
      កៀងអ៊ុយ​ខឹង​ខ្លាំង​ណាស់ ដក​ដាវ​គិត​សម្លាប់​អ៊ុយអៀន​ចោល ខុងបេង​ចាប់​ដៃ​ជាប់ ហើយ​និយាយ​បែប​អស់​សង្ឃឹម​ថា «ណ្ហើយ​ចុះ ពុំ​មែន​ជា​កំហុស​របស់​វា​ទេ កម្ម​កំពុង​តាម​ពុក​មក​ទាន់​ហើយ» ។ ថា​ហើយ​ក៏​ក្អួត​ចេញ​ឈាម ពេល​នោះ​ស្រាប់​តែ​ស្រមៃ​មើល​ឃើញ​រូប​របស់​ជីវយី អណ្ដែត​ត្រលែត​មក​ ខុងបេង​ក៏​សន្លប់​នៅ​មួយ​កន្លែង ។
      លុះ​ព្រឹក​ឡើង ក៏​ឲ្យ​សេះ​លឿន​ប្រញាប់​ទៅ​ថ្វាយ​អាការ​របស់​ខុងបេង​ដល់​ព្រះចៅ​ឡៅសៀន ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ ក៏​បញ្ជា​ឲ្យ​រាជលេខា​មក​ភ្លាម ឲ្យ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា ខុងបេង​នឹង​ស្លាប់​ពិត​ប្រាកដ​នោះ ។ ខុងបេង​បាន​ផ្ដាំ​ផ្ញើ​នឹង​រាជលេខា​ឲ្យ​ទូល​ព្រះចៅ​ហង់តេ​ថា ពេល​ដែល​ខ្លួន​ស្លាប់​ទៅ សូម​ប្រគល់​ការងារ​រាជការ​ទៅ​ចៀវអ៊ួន ជា​មហា​ឧបរាជ​ជំនួស​ខ្លួន ។
      ខុង​បេង​បាន​ស្លាប់ ក្នុង​អាយុ​បាន​៥៤​ឆ្នាំ ។ មុន​ស្លាប់ ខុងបេង​បាន​សរសេរ​សំបុត្រ​ប្រគល់​ឲ្យ​កៀងអ៊ុយ​ជា​រឿង​ផ្ទាល់​ខ្លួន ឲ្យ​ចាត់ការ​រឿង​សព បិទបាំង​រឿង​ស្លាប់​ឲ្យ​បាន​យូរ​បំផុត ឲ្យ​អ្នក​ដឹង​មាន​តិច​បំផុត រក្សា​ទុក​ជា​ការ​សម្ងាត់ កុំ​ឲ្យ​ខាង​សត្រូវ​ដឹង ។
      ពួក​ទាហាន​មាន​ការ​សង្ស័យ​ដែល​មិន​ឃើញ​ខុងបេង តែ​សង្កេត​ឃើញ​កៀងអ៊ុយ​មុខ​ស្រពោន ក៏​ដឹង​ថា​ប្រហែល​កើត​រឿង​អ្វី​ហើយ ទើប​មាន​ការ​ខ្សិប​ខ្សៀវ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយៗ ។ កៀងអ៊ុយ​ដឹង​ហើយ​គិត​ថា រឿង​នេះ​មិទ​មិន​ជិត ទើប​ព្រម​និយាយ​តាម​ត្រង់​ថា ខុងបេង​ស្លាប់​ហើយ តែ​សូម​កុំ​ឲ្យ​ខូច​ទឹក​ចិត្ត ហើយ​ប្រាប់​ថា​មិន​បាច់​កាន់​ទុក្ខ​ទេ ។
      កាល​បើ​ដឹង​ការ​ពិត​ហើយ អ្នក​ខ្លះ​ក៏​ញញឹម អ្នក​ខ្លះ​ក៏​រត់​ទៅ​យំ​ក្នុង​ព្រៃ អ្នក​ខ្លះ​ស្រែក​ឡើង​ថា សង្គ្រាម​ចប់​ហើយ បិសាច​សង្គ្រាម​ស្លាប់​ហើយ យើង​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ ម្ដង​នេះ​កូន​លែង​កំព្រា​ឪពុក​ទៀត​ហើយ វា​នឹង​បាន​ធំ​ឡើង​ជា​មនុស្ស​ធំ ចេះ​ទទួល​ខុស​ត្រូវ មិន​មើល​ឃើញ​តែ​ខ្លួន​ឯង ដើរ​បោក​ប្រាស់​អ្នក​នេះ​អ្នក​នោះ ថា​មាន​តែ​ខ្លួន​ស្រលាញ់​ប្រជានុរាស្ត្រ ទុក​ដូច​កូនៗ​របស់​ខ្លួន ។
      ពាក្យ​សម្ដី​ទាំង​នេះ​បាន​លេច​ឮ​ទៅ​ដល់​ត្រចៀក​កៀងអ៊ុយ តែ​ពុំ​ហ៊ាន​និយាយ​អ្វី ព្រោះ​ពេល​នេះ​ក្នុង​កងទ័ព​គ្មាន​មេ​គ្មា​កើយ ហ៊ាន​ធ្វើ​ផ្ដេសផ្ដាស​អាច​ឈឺ​ខ្លួន​បាន ។ ម្យ៉ាង​ទៀត​ក៏​ជា​ការ​ល្អ​ដែរ បើ​ទាហាន​សប្បាយ សត្រូវ​នឹង​មិន​ដឹង​ថា​ខុងបេង​ស្លាប់ ។ កៀងអ៊ុយ​ប្រញាប់​បញ្ជា​ឲ្យ​ត្រៀម​ថយ​ទ័ព​ភ្លាម ហើយ​ទាហាន​ក៏​ត្រលប់​មក​កាន់​សែឈួន​វិញ​ដោយ​សុវត្ថិភាព ។
      ស៊ុម៉ាអ៊ី​ដឹង​ហើយ​ខ្ជិល​ដេញ​តាម ព្រោះ​ពេល​ខុងបេង​រស់​មិន​ខ្លាច​ផង ទៅ​ខ្លាច​អី​ខុងបេង​ស្លាប់​ជា​ខ្មោច​ទៅ​ហើយ ។ ពី​នេះ​ទៅ​បាន​សេចក្ដី​ថា ខុងបេង​ឈប់​ធ្វើ​សង្គ្រាម​ហើយ ។
      ជាតិ​សាសន៍​ខ្លះ ឲ្យ​មនុស្ស​របស់​គេ​និយម​អាន​រឿង​សាមកុក ព្រោះ​ថា​ជនជាតិ​ចិន ប្រកប​របរ​រក​ស៊ី​គ្រប់​ទិសទី​នៅ​លើ​ពិភពលោក ជា​ការ​ចាំ​បាច់​ត្រូវ​ឲ្យ​ស្គាល់​និស្ស័យ​ចិន ស្រណុក​រក​ស៊ី​លក់​ដូរ​ជាមួយ បាន​សេចក្ដី​ថា គេ​ស្គាល់​ចិន​តែ​ចិន​មិន​ស្គាល់​គេ ។
      ក្នុង​សង្គ្រាម​យូរ​អង្វែង​របស់​ចិន​សាមកុក​នេះ ធ្វើ​ឲ្យ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ធំ​មហិមា បាន​ត្រូវ​ទាហាន​ជាតិ​សាសន៍​ដទៃ​មក​ជាន់​ឈ្លី​តាម​ចិត្ត​ចង់ ទោះបី​៨​ជាតិ​សាសន៍​ដែល​មក​ជាន់​ឈ្លី​ចិន​នោះ​មាន​ប្រជាជន​រួម​គ្នា​ទាំង​អស់​តិច​ជាង​ចិន​ផង​ក៏​ដោយ ផែនដី​ចិន​ត្រូវ​ហែក​ហួរ​យក​ទៅ​តាម​ចិត្ត ។ មាន​កន្លែង​ខ្លះ​ជា​ផែនដី​របស់​ចិន​សុទ្ធសាធ តែ​មាន​ប្រកាស​ប្រាប់​ថា «ហាម​ជនជាតិ​ចិន​ និង​ឆ្កែ​ចូល» ។
      ជនជាតិ​ដទៃ​ធ្វើ​បែប​នេះ សួរថា ចិន​គ្មាន​នាយ​ទាហាន​ទេ​ឬ ? ឆ្លើយ​ថា អ្នក​ចម្បាំង​មាន តែ​ចូល​ចិត្ត​ធ្វើ​ធំ​តាម​រឿង​សាមកុក ចូល​ចិត្ត​ចម្លង​តាម​ការ​ប្រព្រឹត្ត​របស់​មហា​បុរស​ក្នុង​រឿង ពូកែ​បោក​ប្រាស់ ជិះជាន់​ជាតិ​សាសន៍​ឯង ទើប​ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន ចិន​ក៏​ត្រូវ​ពួក​ម៉ុងហ្គោលី​គ្រប់​គ្រង​ប្រហែល​១០០​ឆ្នាំ ។ ក្រោយ​មក​ទៀត តាំង​ខ្លួន​បាន​ហើយ ក៏​ត្រូវ​ពួក​ម៉ាន់ជូ​គ្រប់​គ្រង​ទៀត​ជាង​២០០​ឆ្នាំ ។
      សម្រាប់​ខុងបេង​ក្នុង​រឿង​សាមកុក​នេះ ចាត់​ទុក​ជា​មេទាហាន​ជា​ម្ចាស់​យុទ្ធសាស្ត្រ​ពូកែ​មែន តែ​កាលណា​ខុងបេង​ធ្វើការ​ណា​មិន​បាន​សម្រេច ក៏​បន្ទោស​ទៅ​មេឃ ទៅ​ផ្កាយ ថា​មិន​មេត្តា បន្ទោស​អ្នក​នេះ​អ្នក​នោះ ថា​ឲ្យ​ទៅ​ចាត់​ការ តែ​ធ្វើ​ខុស​បញ្ជា ពុំ​មែន​ជា​កំហុស​របស់​ខុងបេង​ទេ ។ នៅ​ពេល​ណា​ធ្វើ​អ្វី​បាន​សម្រេច ខុងបេង​ញញឹម​បិទ​មាត់​មិន​ជិត ព្រោះ​មាន​គេ​សរសើរ​ថា «មហា​ឧបរាជ​គិត​ការ​អ្វី​ក៏​សម្រេច​ដូច​អាទិទេព» ។ ខុងបេង​មិន​ដែល​ឆ្លើយ​ថា ព្រោះ​មេឃ​ផ្កាយ​ប្រទាន​នោះ​ឡើយ ។

      ក្រោយ​ខុងបេង​ស្លាប់

      ៣០​ឆ្នាំ​ក្រោយ​ខុងបេង​ស្លាប់ សែឈួន​ក៏​បាន​ធ្លាក់​ទៅ​ជា​ស្រុក​ចំណុះ​របស់​វុយកុក ។ កៀងអ៊ុយ​សិស្ស​ឯក មនុស្ស​ដែល​ខុងបេង​ស្រលាញ់​បំផុត ព្រោះ​មាន​និស្ស័យ​ដូច​ខុងបេង បាន​លើក​ទ័ព​ចេញ​ធ្វើ​សង្គ្រាម​ឥត​ឈប់​ឈរ រហូត​ធ្វើ​ឲ្យ​អ្នក​ផង​មាន​តែ​សេចក្ដី​ស្អប់​ខ្ពើម​ដោយ​សារ​សង្គ្រាម ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​រង​ទុក្ខ វេទនា​ឥត​ត្រើយ​ត្រាណ ទីបំផុត​ក៏​ត្រូវ​ទ័ព​វុយកុក​សម្រុក​ចូល​មក​ចាប់​សម្លាប់​បាត់​ទៅ ។
      អ្នក​កាន់​តំណែង​ខ្ពស់ៗ​ដែល​ខុងបេង​បណ្ដុះ​បណ្ដាល ជប់​លៀង​បីបាច់ ទុក​ឲ្យ​គ្រប់​គ្រង​កិច្ចការ​រាជការ​ជា​បន្ត​ជំនួស​ខុងបេង ក៏​សុទ្ធ​តែ​ជា​មនុស្ស​មិន​បាន​ការ ធ្វើ​ឲ្យ​រាជវងស្ស​ហាន​សម័យ​នោះ​អស់​មនុស្ស​ល្អ​មាន​ថ្វី​ដៃ ។
      កម្លាំង​ទាហាន​មិន​ប៉ុន្មាន​ពាន់​នាក់​របស់​វុយកុក​វាយ​លុក​ចូល​ទៅ​ដល់​ព្រះរាជវាំង តើ​កូន​សិស្ស​កូន​គុណ​របស់​ខុងបេង​ទៅ​ណា​អស់ មិន​មែន​ព្រោះ​តែ​ដណ្ដើម​អំណាច​គ្នា បែក​បាក់​សាមគ្គី​គ្នា​មែន​ទ ទើប​សែឈួន​ធ្លាក់​អន់​ថយ​បែប​នេះ ?
      មាន​ពាក្យ​សួរ​ថា ហេតុ​អ្វី​ក៏​ខុងបេង​មិន​ទៅ​នៅ​ជាមួយ​ចូឆូ ? ខុងបេង​មិន​អាច​ទៅ​នៅ​ជាមួយ​ចូឆូ​បាន​ទេ ព្រោះ​ចូឆូ​មាន​មនុស្ស​ចេះ​ដឹង​ឈ្លាសវៃ​ចំនួន​ច្រើន ពេល​ចេញ​សឹក​ម្ដងៗ សុទ្ធ​តែ​មាន​ផែនការ​ល្អិត​ល្អន់ ប្រមូល​ផ្ដុំ​ខួរ​ក្បាល​ពី​ច្រើន​នាក់​ស្នើ​សុំ​យោបល់​ រួច​ហើយ​ទើប​ចូឆូ​ដាក់​បញ្ជា ប្រគល់​ភារកិច្ច​ដល់​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ បើ​ខុស​ចូឆូ​ក៏​ទទួល​ថា​ខ្លួន​ឯង​ខុស មិន​ដែល​បន្ទោស​ទៅ​លើ​មេឃ លើ​ផ្កាយ​ថា​មិន​ជួយ ។ ចូឆូ​ចូល​ចិត្ត​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់​មាន​ឱកាស​បញ្ចេញ​សមត្ថភាព ខុស​ពី​ខុងបេង​ដែល​គិត​ថា មាន​តែ​ខ្លួន​ម្នាក់​ឯង ទើប​អាច​ធ្វើការ​ផង​ទាំង​ពួង​បាន​សម្រេច ។
      ចូឆូ​រើស​យក​អ្នក​បម្រើ​ការងារ មិន​រើស​ថា​មាន​សែ ឬ​ជាប់​សាច់​ញាតិ មិន​តាំង​អ្នក​ណា​ដែល​ខ្លួន​ស្រលាញ់​បំផុត ចង់​រើស​អ្នក​ណា​ក៏​ត្រូវ​ស្ដាប់​យោបល់​របស់​កូន​ចៅ គិត​ប្រយោជន៍​រាជការ​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន ចូឆូ​ជា​អ្នក​គិត​ការ​អ្វី​ហ្មត់ចត់ គ្រប់​ជ្រុង​ជ្រោយ ។ មាន​អ្នក​ខ្លះ​ថា ចូឆូ​បាន​បណ្ដេញ​មនុស្ស​ល្អ​ក៏​ច្រើន​នាក់​ដែរ តែ​ចូឆូ​ធ្វើ​នោះ​ត្រូវ​ត្បិត​អ្នក​ដែល​ចូឆូ​ដេញ​ទៅ​នោះ ច្រើន​ជា​មនុស្ស​ចូល​ចិត្ត​លើក​ខ្លួន​ឯង បង្អាប់​គេ ចូឆូ​មិន​ព្រម​ទុក​ប្រើ ទោះបី​ជា​ពូកែ​យ៉ាង​ណា​ក៏​ដោយ ព្រោះ​មនុស្ស​បែប​នេះ ធ្វើ​ឲ្យ​បែក​ក្រុម​ពួក ។ ចូឆូ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ការងារ​ជាក្រុម មិន​មែន​ពូកែ​តែ​ម្នាក់​ឯង ។ ទាំង​នេះ ចូឆូ​ខុស​ពី​ខុងបេង​ដែល​ចូល​ចិត្ត​អាង​ម្នាក់​ឯង ពូកែ​ម្នាក់​ឯង ។
      ជាមួយ​ស៊ុនគួន ខុងបេង​ក៏​ទៅ​នៅ​ជាមួយ​មិន​បាន សូម្បី​ជូកាត់កិន បង​ប្រុស​ខុងបេង រៀន​ចប់​មហាវិទ្យាល័យ ក៏​នៅ​តែ​ស៊ុនគួន​ចាត់​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ចុង​ប៉ូច​ចុង​ជួរ បើ​ខុងបេង​ត្រូវ​ទៅ​នៅ​ជាមួយ ត្រូវ​នៅ​ក្រោយ​ជួរ​បំផុត​ទៅ​ទៀត ។ ទៀវជៀវ ជា​មនុស្ស​ល្អ​បំផុត​របស់​ស៊ុនគួន ស្មើៗ​គ្នា​នឹង​ជីវយី ជា​មនុស្ស​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ ហ៊ាន​ដាស់​តឿន​ស៊ុនគួន​ឲ្យ​ធ្វើ​ល្អ​ជា​ប្រចាំ ធ្វើ​ឲ្យ​បក្ស​ស៊ុនគួន នៅ​បាន​យូរ​បំផុត​ក្នុង​ចំណោម​សាមកុក គ្រាន់​តែ​ទៀវជៀវ​មិន​មែន​អ្នក​និយាយ តែ​ជា​អ្នក​ប្រតិបត្តិការ អ្នក​ធ្វើ​ក៏​ពូកែ ទើប​ពុំ​សូវ​មាន​អ្នក​ណា​ស្គាល់ ។
      ពួក​សាមកុក​នេះ បើ​ពុំ​មាន​ទិដ្ឋិ​ធំ​តែ​បក្ស​មួយ ក៏​អាច​សាង​ប្រទេស​ចិន​ឲ្យ​រីក​ចម្រើន​យ៉ាង​ខ្លាំង ព្រោះ​សតិបញ្ញា​របស់​ម្នាក់ៗ បើ​រួម​គ្នា​ហើយ​អាច​ធ្វើ​ឲ្យ​សម័យ​សាមកុក ជា​សម័យ​ចម្រើន​បំផុត​ក៏​អាច​ថា​បាន ។ នៅ​ពេល​នោះ បើ​បក្ស​ចូឆូ បក្ស​ស៊ុនគួន បក្ស​ឡៅពី សម្រប​សម្រួល​គ្នា​កសាង​ជាតិ មិន​ធ្វើ​សង្គ្រាម​យូរ​អង្វែង តាម​ពាក្យ​ញុះញង់​របស់​ខុងបេង​ទេ ប្រជាជន​ចិន​មិន​រហេម​រហាម​ដោយ​សារ​សង្គ្រាម​នោះ​ឡើយ ។
      ខុងបេង​ស្លាប់​ទៅ​នៅ​គ.ស​២៣៤ ។ ទោះបី​ខុងបេង​ស្លាប់​ទៅ​ហើយ អ្នក​ជំនាន់​ក្រោយ​របស់​ចិន នៅ​តែ​ឆ្លៀត​ប្រើ​ឧបាយ ប្រើ​ល្បិច​បោក​ប្រាស់​បំផ្លាញ​អ្នក​ណា​ក៏​ដោយ​ដែល​ហ៊ាន​ឈរ​រាំង​ផ្លូវ​ មិន​ថា​អ្នក​នោះ​ជា​ញាតិ ជា​អ្នក​មាន​គុណ​ក៏​ដោយ នេះ​ព្រោះ​តែ​ឥទ្ធិពល​នៃ​រឿង​សាមកុក ។
      ចិន​រួបរួម​គ្នា​វិញ​ក្នុង​រាជវង្ស​ស៊ុយ គ.ស​៥៨៧ ក្រោយ​ខុងបេង​ស្លាប់​បាន​៣៥៣​ឆ្នាំ ។

      ចលនា​ខុងបេង​និយម

      តាម​ការ​សង្កេត​រឿង​ប្លែក​គ្នា​រវាង​មនុស្ស និង​សត្វ ឃើញ​ថា​ការ​ដែល​មនុស្ស​ចាត់​ថា​ខ្លួន​ជា​សត្វ​ប្រសើរ​ជាង​សត្វ​ទាំង​ពួង តែ​ទី​បំផុត​មនុស្ស​បែរ​ជា​ចង់​ធ្វើ​ជា​សត្វ​ច្រើន​ជាង ដូចជា​ហៅ​ឈ្មោះ​មនុស្ស​ដែល​ខ្លួន​ស្អប់​ជា​សត្វ​នេះ​សត្វ​នោះ​ជាដើម ។ ក្រៅ​ពី​នេះ មនុស្ស​និយម​ធ្វើ​តាម​បែប​សត្វ ដូចជា​ធ្វើ​តាម​អាកប្បកិរិយា​របស់​សត្វ​មាន​ស្វា​ជាដើម ហើយ​ការ​ហាត់​ក្នុង​វិជ្ជា​ការពារ​ខ្លួន​ខ្លះ ក៏​មាន​ការ​ហក់​លោត​ដូច​សត្វ ។
      មាន​ជាតិ​សាសន៍​ខ្លះ យក​សត្វ​មក​ធ្វើ​ជា​លក្ខណៈ​សម្គាល់​របស់​ជាតិ ហើយ​ខ្លះ​ទៀត​ក៏​តាំង​ឈ្មោះ​ខ្លួន​ឯង​ជា​ឈ្មោះ​សត្វ ដូច​ខុងបេង​ហៅ​ខ្លួន​ឯង​ថា «នាគ​មង្ករ» ។ តាម​ការ​ពិត នាគ​មង្ករ​ពី​ដើម​មក​ជា​លក្ខណៈ​សញ្ញា​សម្គាល់​ប្រចាំ​តួ​ហង់តេ (ក្សត្រ) ហាម​មនុស្ស​ធម្មតា​យក​មក​ប្រើ ។ មាន​តែ​ខុងបេង​ម្នាក់​ទេ ដែល​ហ៊ាន​យក​ឈ្មោះ​នេះ​មក​ប្រើ​មុន​គេ ហើយ​ក្រោយៗ​មក​ក៏​មាន​អ្នក​ខ្លះ យក​ឈ្មោះ​ខុងបេង​ទៅ​ប្រើ ដូចជា ខុងបេង​តូច ខុងបេង​កុមារ ខុងបេង​អាចារ្យ ជាដើម ។ នៅ​ក្នុង​សង្គម​ចិន មាន​អ្នក​ចង់​ធ្វើ​ខុងបេង​ក៏​មាន​ច្រើន ដូចជា ក្នុង​សម័យ​រាជវង្ស​ក្រោយ​យុគ​សាមកុក មាន​មេទ័ព​ខ្លះ​ពេល​ចេញ​ច្បាំង ក៏​ស្លៀក​ពាក់​បែប​ខុងបេង របៀប​បញ្ជាការ​ទ័ព​ក៏​ធ្វើ​បែប​ខុងបេង​គ្រប់​យ៉ាង ។ ដល់​ពេល​មេទ័ព​នេះ​ត្រូវ​ខាង​សត្រូវ​ចាប់​បាន ទើប​បន្លឺ​ពាក្យ​ថា ម្ដេច​ហ្ន៎​ដាក់​ផែនការ​គ្រប់​យ៉ាង​ដូច​ខុងបេង​ហើយ ហេតុ​អ្វី​ក៏​ទេវតា​មិន​ជួយ ? ចំណែក​ខាង​សត្រូវ​ហៅ​មេទ័ព​នេះ​ថា «ខុងបេង​ក្រដាស» ។ ឈ្មោះ​សំឡេង​ខុងបេង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាន់​តែ​ល្បី​ឡើងៗ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ចិន ដោយ​សារ​មាន​កវី​និពន្ធ​ខ្លះ​បាន​សរសេរ​សរសើរ​ពី​ខុងបេង ។
      ឈ្មោះ​ខុងបេង​ល្បី​មែនទែន​ក្នុង​យុគ​រាជវង្ស​ឈិង​របស់​ម៉ាន់ជូ ព្រោះ​ថា​រឿង​នេះ ហង់តេ​និយម​ចូល​ចិត្ត ទើប​បណ្ដា​មន្ត្រី​ធំៗ​យក​ទៅ​ធ្វើ​តាម ដូច​មាន​ពាក្យ​ថា បង​ធំ​ខុងបេង ខុងបេង​ជើងគោក ខុងបេង​ជើង​ទឹក ខុងបេង​កាំភ្លើង​ធំ ជាដើម បញ្ជាក់​ថា អ្នក​ទាំង​នោះ​ពូកែ​មែន​ទែន​ក្នុង​មុខ​នាទី រហូត​មាន​អ្នក​លក់​ដូរ​ខ្លះ​នាំ​ពាក្យ​នោះ​ទៅ​ប្រើ​តាម ដូចជា ខុងបេង​គុយទាវ ខុងបេង​តៅហ៊ូ ។ មនុស្ស​ពិការ​ក៏​មាន​នាំ​ពាក្យ​ខុងបេង​ទៅ​ប្រើ​ដែរ ដូចជា ខុងបេង​តា​ខ្វាក់ ខុងបេង​កំបុត​ជើង រហូត​ដល់​ស្រី​រក​ស៊ី​ក៏​ហៅ​ឈ្មោះ​គេ​ថា ខុងបេង​មាស ។
      ដែល​រៀបរាប់​មក​នេះ បាន​ដល់​អ្នក​ដែល​និយម​ខុងបេង ហើយ​ចង់​ធ្វើ​ខុងបេង ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច ។

      ប្រភពៈ ដកស្រង់​ពី​សៀវភៅ​ធនធាន​មនុស្ស​សម័យ​សាមកុក របស់​លោក ចាន់ សារៈ និង​ឯកសារ​ស្រាវជ្រាវ​ពី​អ៊ិនធឺណិត






      Read more: http://choukhmer.blogsome.com/entertainment/personages-of-three-kingdoms/#ixzz1VvGY506d








      No comments: