Friday, September 16, 2011

រឿង​មហា​ភារតយុទ្ធ


Home


មានផ្សាយនូវរាល់ឯកសារ​​ជាច្រើនសម្រាប់ជាតិខ្មែរដើម្បីខ្មែរជាភាសាខ្មែរ  (ចុចឆ្ពោះទៅគេហទំព័រ)

រឿង​មហា​ភារតយុទ្ធ (អារម្ភ​កថា)


ព្រះ​ស្នេហា​សារ ទេព ក្រសេម
ជា​អ្នក​នាំ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​អង្គរ បាន​រៀបរៀង
អារម្ភ​កថា
រឿង​មហា​ភារត​នេះ ជា​រឿង​ចម្បាំង​ដ៏​ធំ ១ ប្រហែល​គ្នា​នឹង​រឿង​រាមកេរ្តិ៍ ជា​រឿង​បូរាណ​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា មុន​រឿង​រាមកេរ្តិ៍​ទៅ​ទៀត ពួក​ឥណ្ឌា​ចូល​ចិត្ត​និយាយ​ចែក​គ្នា​ស្ដាប់​ជាង​រឿង​រាមកេរ្តិ៍ តែ​រឿង​នេះ​រាប់​ថា​ជា​រឿង​កំបាំង​បាត់​ទៅ​ជា​យូរ​ហើយ ព្រោះ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​សម័យ​នេះ មិន​សូវ​មាន​អ្នក​ណា​ចេះ​ដឹង អំពី​ដើម​ខ្មែរ​យើង​ដឹង​រឿង​នេះ​ជា​ប្រាកដ​ទើប​ឆ្លាក់​ជា​រូប​ភាព​ចម្បាំង​រឿង​នេះ នៅ​ប្រាសាទ​នគរ​វត្ត​នា​ព្រះ​របៀង​ទី ១ ដាន​ខាង​លិច​ភាគ​ខាង​ត្បូង កាល​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា គីត ឬ​អ្នក​នាំ​ផ្លូវ បាន​ជ្រាវ​រក​រឿង​នេះ​ទាល់​តែ​បាន​ចេះ​ដឹង ដូច​ដែល​បាន​នាំ​មក​សម្ដែង​ក្នុង​ទី​នេះ​ស្រាប់​ហើយ ។
កាល​ពុទ្ធ​សករាជ ២៤៧០ អ្នក​ស្រី ការប៉ឺឡែស ជា​បណ្ណារក្ស​នៃ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ជា​ចៅហ្វាយ​របស់​យើង​ខ្ញុំ បាន​អញ្ជើញ​ទៅ​មើល​ប្រាសាទ​នគរ ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​នាំ​មើល ហើយ​បរិយាយ​រឿង​នោះ ៗ ឲ្យ​ស្ដាប់​ផង ដល់​មក​ត្រង់​រឿង​នេះ អ្នក​ស្រី​ឃើញ​ថា​ជា​រឿង​គួរ​តែ​ដឹង​រាល់​គ្នា ទើប​បង្គាប់​ឲ្យ​យើង​ខ្ញុំ​រចនា​ឡើង ដើម្បី​យក​ទៅ​បោះពុម្ព​ផ្សាយ​ឲ្យ​បាន​ជ្រួតជ្រាប​ទូទៅ តែ​រឿង​នេះ​ដើម​ជា​ភាសា​សំស្ក្រឹត អ្នក​ប្រែ​ តៗមក ក៏​ចូល​ចិត្ត​ប្រើ​ភាសា​នោះ​ច្រើន សូម្បី​យើង​ខ្ញុំ​រចនា​ឡើង​ក្នុង​គ្រា​នេះ ក៏​តោង​ប្រើ​ភាសា​នេះ​ច្រើន ហើយ​ប្រើ​ពាក្យ​ប្លែក ៗ អំពី​ដែល​ធ្លាប់​ប្រើ​ច្រើន ដោយ​បំណង​ដើម្បី​ឲ្យ​អ្នក​មើល​រឿង​នេះ​ជ្រាប​ពាក្យ​នោះ ៗ ជា​ប្រយោជន៍​សម្រាប់​ខ្លួន ក្នុង​ទី​នេះ​យើង​ខ្ញុំ​សូម​អភ័យ​ដល់​អ្នក​មើល អ្នក​អាន​ទាំងឡាយ បើ​ទើស​ទាល់​ឆ្ងល់​ត្រង់​ណា សូម​ឲ្យ​សួរ​អ្នក​ចេះ​ដឹង​តទៅ កុំ​គប្បី​និន្ទា​ហើយ​ឈប់​ស្ងៀម​នៅ បើ​ធ្វើ​ដូច្នោះ​នឹង​បាន​ផល​ត្រឹម​តែ​ជា​អ្នក​មិនចេះ​ប៉ុណ្ណោះ ។
យើង​ខ្ញុំ​សូម​ឧទ្ទិស​រឿង​នេះ ជូន​អ្នក​ស្រី ការប៉ឺឡែស ដែល​ផ្ដើម​បង្កើត​រឿង​នេះ ហើយ​នឹង​ជាទី​រាប់អាន​ដ៏​ខ្ពស់​នៃ​យើង​ខ្ញុំ ។
ព្រះ​ស្នេហា​សាទេព ក្រសេម

ភាគ ១- សេចក្ដី​ឫស្យា​នៃ​ញាតិ


ក្នុង​យុគ​ជា​ដំបូងនៃ​ប្រជា​វតា​របស់​លោក ក្នុង​ប្រទេស​ឥណ្ឌាភាគ​លើ មាន​ក្សត្រិយ៍​ទ្រង់​ព្រះ​នាម​ថា សាន្តនុ ជា​ពូជ​ពង្ស​វង្ស​ព្រះ​ចៅ​ភរត ដែល​ជា​ឱរស​របស់​ព្រះ​ចៅ ទុសយន្ត និង​នាង សកុន្តលា ជា​បរម​ក្សត្រិយ៍ ដែល​ល្បីល្បាញ​ព្រះ​កិត្តិនាមជាង​ព្រះ​ចៅ សាន្តនុ ក្សត្រិយ៍​អង្គ​នេះ ទ្រង់​រក្សា​រាជ​ប្រវេណី នៃ​ប្រយូរវង្ស​របស់​ព្រះ​អង្គ​ទុក​ដោយ​ប្រពៃ យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ពេចពិល​រមិល​មើល សុខ​ទុក្ខ​របស់​ប្រជា​រាស្ត្រ ដោយ​ការុណ្យ​ចិត្ត​ជា​យ៉ាង​ក្រៃពេក អ្នក​នគរ​ស្មោះ​សរ​ស្រឡាញ់​ព្រះ​អង្គ ហាក់​បី​ដូចជា​ដួង​ហឫទ័យ​របស់​គេ រាប់អាន​តម្កុំកម្កើង​លើក​ឡើង​បូជា​ព្រះ​អង្គ បីដូច​ទេពតា​ក្នុង​សួគ៌ាល័យ រាជ​សត្រូវ​ស្ញប់ស្ញែង​ក្រែង​ព្រះ​តេជ​បារមី ដូច​កល​ខ្លាច​ស្ដេច​ខ្មោច​ក៏​ប្រហែល​គ្នា ព្រះ​ចរិយា​វត្ត​ដែល​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​យ៉ាង​រាស្ត្រ​អ្នក​ជា មិន​បាន​ប្រកាន់​ព្រះ​អង្គ កាន់​យក​តែ​យុត្តិធម៌ គឺ​សេចក្ដី​ជា​អ្នក​បរិសុទ្ធ​ប្រាស​ចាក​មន្ទិល និង​ពាក្យ​ដំនៀល​និន្ទា​ព្រះ​អាណា​សោត​ក៏​រឹងរឹត​រុងរឿង​បីដូច​សូរ្យ័ង្សី ។
សេចក្ដី​ស្ងប់​ក្នុង​ប្រទេស និរាស​ភ័យ​អរិរាជ​សត្រូវ និរាស​សេចក្ដី​រន្ធត់​នេះ​ឯង ជា​អាការ​ដ៏​សំខាន់​នៃការ​តាំង​នៅ​បាន​នៃ​ជាតិ និង​ពាណិជ្ជ​កម្ម​សព្វ​សារពើ​ដែល​ជា​លាន​ធំ សម្រាប់​ធ្វើ​ឲ្យ​ធន​សម្បត្តិ​ក្នុង​ប្រទេស​ដំណើរ​ឡើង​ទៅ​កាន់​សេចក្ដី​ចម្រើន ព្រះ​អង្គ​ជា​អ្នក​គ្រង​រាជ​នេះ ក៏​បាន​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​មើល​រាល់​វេលា ទ្រព្យ​សម្បត្តិ​ក៏​សម្បូណ៌​ឡើង​ក្នុង​ព្រះ​នគរ ទ្រង់​ជ្រះ​ថ្លា​ក្នុង​សាសន​កិច្ច សម្បូណ៌​ដោយ​ទស្សនៈ និង​មតិ ទ្រង់​ប្រើ​សេចក្ដី​គិត​អាន​កាញ់​គ្នេ ដោយ​យោបល់​តាម​មតិ​របស់​ជាតិ​ផ្សេង ៗ ឬ​របស់​គណៈ របស់​បុគ្គល​ឯក​ជន ទ្រង់​ចាត់​តាំង​របៀប​សមាគម និង​ទំនៀម​ជា​ប្រវេណី​គតិ​ទុក​រៀបរយ របស់​អំបាល​នេះ​ជា​ធម្មតា​ប្រចាំ​នៅ​ក្នុង​រាជ​អាណា​ចក្រ​ដ៏​ធំ​នេះ​ទួទៅ គ្មាន​អ្នក​ណា ១ ស្គាល់​ឡើយ​ថា​គ្រប់គ្រង​ដូច្នេះ ៗ ខុស​គន្លង​ធម៌ ទាំង​ទារុណ​កម្ម​ក្ដី អធម្មិក​រាជ​ក្ដី អយុត្តិ​ធម៌​ក្ដី គ្មាន​អ្នក​ណា​ស្គាល់​ថា​មុខ​មាត់​វា​យ៉ាង​ម៉េច ប្រជា​រាស្ត្រ​រាល់​គ្នា មាន​សេចក្ដី​ភក្ដី និង​ពេញ​ចិត្ត​ណាស់​ដែល​បាន​ម្ចាស់​សម​គួរ ជា​ប្រមុខ​មក​សោយរាជ្យ​ដូច្នេះ ។
ព្រះ​ចៅ សាន្តនុ ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ ទាល់​តែ​ជរា​ភាព​ហើយ ក៏​ស្ដេច​ទិវង្គត​ទៅ​តាម​យថាកម្ម វិចិត្រ​វិរយ ជា មកុដ​កុមារ​រជ្ជទាយាទ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​មក ក្សត្រិយ៍​នេះ មាន​ឱរស​ពីរ​អង្គ នាម ធ្ឫត​រាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាល​ព្រះ​អង្គ​ទិវង្គត​បង់​ទៅ​ហើយ ក៏​កើត​ជា​បញ្ហា​ចោទ​គ្នា​ឡើង​ថា នឹង​លើក​លោក​អង្គ​ណា​សោយរាជ្យ នេះ​ជា​រឿង​ដ៏​ជ្រៅ​សុខុម កម្រ​និង​ទម្លុះ​ទម្លាយ​ទៅ​បាន ព្រោះ​ថា ធ្ឫត​រាស្ត្រ ជា​រាជ​បុត្រ​ច្បង បើ​តាម​ព្រះ​វេណី​ត្រូវ​បាន​រាជ​សម្បត្តិ តែ​ខ្វាក់​បង់​អំពី​កំណើត ហេតុ​ដូច្នោះ​រាជ​សម្បត្តិ ទើប​ធ្លាក់​ទៅ​លើ បណ្ឌុ ជា​អនុជ​វិញ ព្រម​គ្នា​អញ្ជើញ បណ្ឌុ ឡើង​គ្រង​ពិភព ។
កាល បណ្ឌុ ឡើង​សោយរាជ្យ​មក មិន​យូរ​ប៉ុន្មាន​ក៏​ទ្រង់​រាជ​តម្រិះ​នឹង​ស្ដេច​ចេញ​ទៅ​នៅ​ព្រៃ សព្វ​ព្រះ​ហឫទ័យ​គ្រង​ជីវិត​នៅ​ដោយ​សេចក្ដី​វិវេគ​វិញ​ប្រសើរ តែ​មិន​មាន​បន្ទូល​ឲ្យ​អ្នក​ឯ​ណា​និមួយ​ដឹង ព្រោះ​ក្រែង​រាជ​បរិពារ​ទាំងឡាយ​មិន​យល់​ព្រម តែ​ក្នុង​ព្រះ​ហឫទ័យ​ក៏​នៅ​តែ​បំណង​ដូច្នេះ​ខ្ជាប់​មិន​ចេះ​អស់ មិន​ចេះ​ហើយ ក្នុង​ទី​បំផុត ក៏​ឲ្យ​កើត​នឿយណាយ​ដោយ​តូរ្យ​តន្ត្រី ដែល​ចោម​រោម​ជុំ​វិញ​រាជ​បល្លង្ក​រាល់​វេលា ទើប​ស្ដេច​ដាក់​រាជ​សម្បត្តិ​ចេញ​ចាក​ព្រះ​នគរ ពនេចរ​ទៅ​នៅ​ព្រៃ នាំ​យក​ទាំង​មហេសី​សម្លាញ់​ទៅ​ផង លុះ​កាល​កន្លង​យូរ​មក ព្រះ​រាជា បណ្ឌុ ក៏​ទិវង្គត​ក្នុង​ដំណាក់​ព្រៃ ឬ អាស្រម​នោះ​ឯង មាន​ឱរស ៥ អង្គ ទ្រង់​នាម យុធិស្ឋិរ ល្បី​នាម​ជា​អ្នក​ធ្ងន់​ក្នុង​សច្ចៈ និង​សទ្ធា​ជ្រះ​ថ្លា ភីម ល្បី​នាម​ថា​ទ្រង់​នៅ​ព្រះ​កាយ ពលមហិមា ខុស​នឹង​មនុស្ស​ធម្មតា មនុស្ស​ញញើត​ទួទៅ អរជុន ល្បី​នាម​ថា មាន​ថ្វី​ដៃ​ក្នុង​យុទ្ធ​វិធី និង​ការ​ប្រើ​អាវុធ នកុល និង សហទេព មួយ​គូ​នេះ​ជា​កូន​ភ្លោះ​ប្ងូន​បន្ទាប់​និង​អរជុន ។
កាល​ដំណឹង​ទិវង្គត​នៃ​ព្រះ​ចៅ បណ្ឌុ ឮ​ទៅ​ដល់​ព្រះ​នគរ អ្នក​នគរ​បាន​ពាក់​គ្រឿង​កាន់​ទុក្ខ​ថ្វាយ​តាម​ប្រវេណី នឹង​នាំ​គ្នា​យំ​សោក​សម្ដែង​អាការ​ស្ដាយ​ព្រះ​អង្គ ហាក់​បី​ដូច​ជា​ញាតិ​របស់​គេ​ម្នាក់​ស្លាប់​ទៅ​ដូច្នោះ ព្រះ​ញាតិ​វង្ស​ព្រម​ដោយ​រាជ​បរិពារ​បាន​នាំ​គ្នា​ទៅ​អញ្ជើញ​ព្រះ​នាង​ដ៏​ជា​វិធរា និង បាណ្ឌព​កុមារ ទាំង ៥ អង្គ ត្រឡប់​ចូល​មក​កាន់​ក្រុង​ហស្ដិន​បុរ​វិញ ឲ្យ​សំណាក់​នៅ​ក្នុង​វាំង​ព្រះ​ចៅ ធ្ឫត​រាស្ត្រ (ក្សត្រិយ៍​ខ្វាក់) ចំណែក​ឯ​ឱរស​ទាំង ៥ របស់​ព្រះ​នាង ធ្ឫត​រាស្ត្រ ជា​បិតុលា ក៏​ទ្រង់​ឧបត្ថម្ភ​ឲ្យ​រៀន​សូត្រ​សិល្ប​សាស្ត្រ​ផ្សេង ៗ ជា​មួយ​នឹង​ឱរស​របស់​ព្រះ​អង្គ មាន ទុរយោធន៍ ជាដើម ។
កាល​រាជ​កុមារ​បង​ប្អូន​ទាំង ៥ អង្គ ចម្រើន​វ័យ​ធំ​ឡើង រូប​រាង​សក្ដិ​សម ទ្រូង​សាយ អវៈយវៈ ទាំង​ពួង​បាន​លក្ខណៈ​គ្រប់​យ៉ាង​ទាំង​ដំណើរ​យាត្រា និង​កិរិយា​មារយាទ​ក៏​ល្អ​មាន​រាសី ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​នគរ​នឹក​សង្ឃឹម​ក្នុង​ព្រះ​រាជ​កុមារ​ទាំង ៥ ទ្វេរ​ចំនួន​ច្រើន​ឡើង​ដោយ​លំដាប់ គុណ​សម្បត្តិ​ជា​ទី​និយម​នៃ​ប្រជុំ​អនេក​និករជន ក្នុង​ព្រះ​រាជ​បិតា បាន​ឆ្លាក់​មក​ជា​មត៌ក​ដល់​ព្រះ​រាជ​កុមារ​ទាំង ៥ ពេញ​បន្ទុក យ៉ាង​ព្រះ​វររាជ​បិតា តែ​គុណ​សម្បត្តិ​ទាំង​នេះ​ត្រឡប់​ទៅ​ជា​របស់​ស្លែង ធ្វើ​ឲ្យ ទុរយោជន៍ ព្រម​ទាំង​បង​ប្អូន និង​បក្ស​ពួក​របស់ ទុរយោជន៍ នាំ​គ្នា​ឫស្យា​ក្នុង បាណ្ឌព​កុមារ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​ផង​គ្នា​ជា​យ៉ាង​ក្រៃពេក ។
ព្រះ​កុមារ​ទាំង ៥ បាន​សិក្សា​ការ​ប្រើ​អាវុធ​ផ្សេង ៗ រាល់​ថ្ងៃ​ក្នុង​រាជ​សេដ្ឋា​វិជ្ជា គឺ​ការ​ប្រើ​ធ្នូ​សរ ការ​ប្រើ​រថ​សឹក ការ​កាប់​ដាវ​និង​ដាវ ពួយ លំពែង គុន ដាល់ និង​ហាត់​វិជ្ជា​យ៉ាង​ដទៃ​ទៀត​ជា​ច្រើន​យ៉ាង ដែល​ជា​ភាគ​នៃ​រាជ​វត្ត ឬ​ការ​ហាត់​សម្រាប់ ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ក្នុង​សម័យ​នោះ​យ៉ាង​ស្ទាត់ គ្រូ​អ្នក​បង្វឹក​បង្ហាត់​រាជ​កុមារ អំបាល ជា​ព្រាហ្មណ៍​មាន​ត្រកូល​នាម ទោណ អាចារ្យ​ជា​ប្រាជ្ញ​មាន​គុណ​គួរ​រាប់អាន មាន​មុខងារ​ជា​អ្នក​ប្រិតប្រៀន​វិជ្ជា​ទាហាន ដល់​ក្សត្រិយ៍​គ្រប់​អង្គ​ក្នុង​ត្រកូល​នោះ ។
ទោណ​អាចារ្យ ត្រូវ​ជា​មា​ព្រះ ធ្ឫត​រាស្ត្រ កំណត់​ទុក​ថា កាល​រាជ​កុមារ អំបាល នេះ រៀន​យុទ្ធ​វិទ្យា​ចេះ​ស្ទាត់​ហើយ នឹង​បាន​ជា​កម្លាំង​ជួយ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ព្រះ​ចៅ​ផែនដី​បញ្ចាល​នគរ ដែល​ជា​រាជ​សត្រូវ​នឹង​ព្រះ​អង្គ​មក​អំពី​ថ្ងៃ​មុន ។
ទោណ​អាចារ្យ យក​ចិត្ត​ទុក​ដាក់​ប្រៀន​ប្រដៅ ហើយ​ស្រឡាញ់​ប្រណី បាណ្ឌ​កុមារ ទាំង ៥ ជា​សិស្ស​ច្រើន ការ​រៀន​គ្រា​នោះ អរជុន​មាន​ចំរឿន​លឿន​ទៅ​មុខ​បង​ប្អូន​ពោះ​មួយ និង​បង​ប្អូន​ជីដូន​មួយ​ទាំងអស់ ក្នុង​ផ្លូវ​វិទ្យា​អ្នក​ចម្បាំង មាន​សតិ​បញ្ញា​ស្រួច​ជាង​គេ ហើយ​ជា​អ្នក​ធ្ងន់​ក្នុង​ហិរិឱត្តប្ប ប្រដៅ​ជឿ​ស្ដាប់​ងាយ​ជាង​បង​ប្អូន​ទាំង​ពួង ការុណ្យ​ចិត្ត​ដែល ទោណ​អាចារ្យ សម្ដែង​ចេញ​មក​ខាង​ក្រៅ​ដូច្នេះ ធ្វើ​ឲ្យ ទុរយោជន៍ ទ្វេរ​សេចក្ដី​ឫស្យា​ក្នុង​កុមារ​ទាំង ៥ ថែម​ឡើង​ទៀត​ជាច្រើន​ហើយ​និង​ឫស្យា​ស្អប់ អរជុន ដែល​មាន​ថ្វី​ដៃ​ពូកែ​ជា​បំផុត ។
លុះ​កុមារ អំបាល នោះ រៀន​វិជ្ជា​ទាហាន​ចេះ​ចប់​បរិបូណ៌​ហើយ បាន​មាន​ការ​ប្រឡង​ថ្វី​ដៃ​កុមារ​អ្នក​ចម្បាំង​អំបាល​នោះ មាន​បណ្ដា​ជន​ជា​ច្រើន​នាំ​គ្នា​មក​កាន់​ទី​ប្រជុំ ដើម្បី​មើល​ការ​ប្រឡង បាន​ទះ​ដៃ​សម្ដែង​សេចក្ដី​ត្រេកអរ ឮ សូរ​សព្ទ​ទ្រហឹង​អឺងកង ពួក​អ្នក​ប្រឡង ក៏​ចូល​ប្រឡង តាំង​ចិត្ត​ប្រឹងប្រែង​សម្ដែង​ថ្វី​ដៃ​យ៉ាង​ពេញ​កម្លាំង តែ​មិន​យូរ​ប៉ុន្មាន​ការ​ប្រឡង​នោះ មិន​ត្រឹម​តែ​សាក​ចំណេះ​វិជ្ជា ឬ សម្ដែង​ឲ្យ​ល្អ​មើល ទាំង​សង​ខាង​បណ្ដាល​ទោស​ខ្លាំង​ឡើង ក៏​ស៊ូ​គ្នា​តែ​មែនទែន ទុរយោជន៍ ចាប់​តស៊ូ​គ្នា​នឹង ភិម គូ​បដិបក្ស​ទាំង​ពីរ​នេះ បាន​ចូល​ប្រឡូក​តយុទ្ធ​គ្នា​យ៉ាង​ពេញ​ថ្វី​ដៃ​ទាំង​សង​ខាង​ក៏​រឹត​តែ​បណ្ដាល​ទោស​ខ្លាំង​ឡើង ៗ ស្ទើរ​តែ​នឹង​ហុត​ឈាម​ទៅ​វិញ​ទៅ​មក គ្រា​នោះ​មាន​មនុស្ស​ចូល​ទៅ ហាម​ដោយ​ទទួល​បញ្ជា​ពី​ព្រះ​រាជា និង ទោណ​អាចារ្យ ជា​គ្រូ​ធំ ទើប​ក្រោក​ចេញ​ទៅ វេលា​រសៀល​ថ្ងៃ​នោះ មាន​អ្នក​ចម្បាំង​ប្លែក​មុខ ចូល​មក​ក្នុង​ទី​ប្រឡង​ម្នាក់​ទៀត​ឈ្មោះ​ថា កណ៌ តែ​ជា​ត្រកូល​ដូចម្ដេច​គ្មាន​អ្នក​ណា​ដឹង​ស្គាល់ បាន​ចូល​មក​ចាប់​គូរ​តស៊ូ​គ្នា​និង អរជុន ដែល​ជា​អ្នក​ក្លៀវក្លា​សំខាន់​សម្ដែង​ស្នាដៃ​ឲ្យ​អ្នក​មើល​ទាំងឡាយ​ឃើញ​ថា ខ្លួន​គេ​ជា​គូ​គួរ​គ្នា​នឹង អរជុន ទុរយោជន៍ ឃើញ​កម្លាំង​ស្នាដៃ កណ៌ ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​ណាស់ ឲ្យ​នាំ​ខ្លួន​ចូល​ទៅ​គាល់​ឯ​វាំង ប្រទាន​រង្វាន់​ជា​ច្រើន ហើយ​ទ្រង់​ជប់លៀង​ទុក​ជា​ទាហាន​របស់​ព្រះ​អង្គ ។
ការ​ប្រឡង​ថ្វី​ដៃ​គ្រា​នេះ​ជា​ហេតុ​រុក​រុញ ទុរយោជន៍ ឲ្យ​កើត​សេចក្ដី​ឫស្យា​ក្នុង បោណ្ឌ​កុមារ ណាស់​ឡើង ដោយ​ហេតុ​ដែល​ទទាក់​ទទួល​មនុស្ស​មាន​ជាតិ​ដ៏​ថោក​ទាប ដូច​យ៉ាង កណ៌ ទុក​នេះ​ក៏​ស្មើ​ដូច​ជា​យក​ឲ្យ​មក​បង់​ចុះ​ក្នុង​គំនរ​ភ្លើង ឬ​ថែម​ចំណី​ឲ្យ​ភ្លើង​ក៏​ប្រហែល​គ្នា រមែង​ពោល​អួត​ខ្លួន ហើយ​ញុះញង់​បង​ប្អូន ឬ មិត្ត​សម្លាញ់​របស់​គេ​ឲ្យ​បែក​គ្នា ។
កុមារ​ទាំង ៥ បង​ប្អូន​ជា​អ្នក​កំព្រា​បិតា បាន​សេចក្ដី​ចង្អៀត​ចង្អល់​ក្ដៅ​ក្រហាយ​ជា​រាល់​ថ្ងៃ តែ​ក៏​ទ្រាំ​អត់​សង្កត់​សេចក្ដី​ប្រមាទ និង​សេចក្ដី​មើល​ងាយ​គ្រប់​ប្រការ ទាំង​ក្នុង​ព្រះ​រាជ​ស្ថាន ទាំង​ក្នុង​ទី​ប្រជុំ មាន​កណ្ដាល​ថ្នល់​ជាដើម​មិន​ត​តប​វិញ មើល​ទៅ​មិន​ខុស​អី​នឹង​ឆ្កែ ឬ ឆ្មា ដែល​ជា​សត្វ​តិរច្ឆាន​នោះ​ឡើយ ធ្ឫត​រាស្ត្រ ទ្រង់​ជ្រាប​ការ​ប្រមាទ​ព្យាបាទ មើល​ងាយ​របស់ ទុរយោជន៍ ដោយ​ប្រាជ្ញា​ញាណ ដ៏​ជា​អ្នក​ឆ្លាស​ក្នុង​រដ្ឋ​ប្រសាសនោបាយ ហើយ​ទ្រង់​ក៏​ឲ្យ​បន្លែង​ឋាន​ក្មួយ​ទាំង ៥ ឲ្យ​ទៅ​នៅ​ឯ​វារណាវ័ត ទោះ​បី​ម្លឹងហើយ ទុរយោជន៍ ជា​មនុស្ស​ប្រកប​ដោយ ប្រទុស្ត​ចិត្ត​ជា​ប្រក្រតី ក៏​មិន​បណ្ដាល​ឲ្យ​កុមារ​ទាំង ៥ នៅ​ជា​សុខ​បាន​ឡើយ នៅ​តាម​ទៅ​បៀតបៀន​ទៀត គឺ​ទ្រង់​ឲ្យ​សាង​វាំង ១ ធំ ប្រកប​ដោយ​ក្រមួន​ជ័រ​ស្រល់ ជ័រ​ទឹក និង​វត្ថុ​ដទៃ​ទៀត​ដ៏​ជា​ចំណី​ភ្លើង ហើយ​យក​កំបោរ​បូក​ពី​ក្រៅ​យ៉ាង​ស្និទ្ធ ឲ្យ​មើល​ឃើញ​ដូច​យ៉ាង​ឥដ្ឋ​និង​សិលា ដើម្បី​អញ្ជើញ​កុមារ​ទាំង ៥ ឲ្យ​ទៅ​នៅ ដេល​សាង​ឡើង​ដូច្នេះ ដោយ​ចេតនា​បំណង​នឹង​បំផ្លាញ បោណ្ឌ​កុមារ ដោយ​អគ្រនី តែ​នៅ​មាន​អ្នក​អាណិត​គឺ​វិទូរ (ជា​ឱរស​នៃ​គុរុ) ជា​អ្នក​មាន​សតិ​បញ្ញា​វាងវៃ បាន​ខ្សឹប​ប្រាប់​ដំណឹង​នេះ​ឲ្យ​កុមារ​ទាំង ៥ ដឹង​ខ្លួន​ជា​មុន លុះ​សាង​មន្ទីរ​ស្រេច ទុរយោជន៍ ក៏​អញ្ជើញ​កុមារ​ទាំង ៥ ភាតា ឲ្យ​ទៅ​អាស្រ័យ​នៅ​ក្នុង​វាំង​ថ្មី​នោះ ដោយ​អាង​ហេតុ​ថា ក្នុង​ព្រះ​មហារាជ​វាំង​គ្មាន​ដំណាក់​នឹង​នៅ​ឲ្យ​គ្រប់​គ្នា ។
វេលា​គ្រោះ​អាក្រក់​មក​ដល់ ក្នុង​រាត្រី​កាល ១ នោះ​យប់​ងងឹត​ពពក​ខ្មៅ​មីរដេរដាស បិទ​បាំង​អាកាស​មើល​មិន​យល់​អ្វី អ្នក​ស្រុក​កំពុង​ដេក​លក់​សព្វ​រាល់​ផ្ទះ​សម្បែង​ស្ងាត់​ច្រៀប គ្មាន​មនុស្ស​ដើរ​ទៅ​មក តាម​ថ្នល់​ហ្វូង​ដល់​ម្នាក់​ឡើយ ខណៈ​នោះ​វាំង​ធំ​ដែល​សាង​ឡើង​ថ្មី ក៏​ស្រាប់​តែ​លេច​អណ្ដាត​ភ្លើង​ភ្លឺ​សន្ធោ​ឡើង ឮ សន្ធឹក​ផូងផាំង ៗ មួយ​ស្របក់ វាំង​ថ្មី​នោះ ក៏​ទ្រោម​ទៅ​ជា​ផះ​អស់ បោណ្ឌ​កុមារ ក៏​មិន​ឥត​គំនិត ឬ ធ្វេស​ប្រហែស​ក្នុង​រឿង​នេះ បាន​ទ្រង់​ជ្រាប​រហស្ស​កម្ម​មក​យូរ​ថ្ងៃ​ជា​មុន​ហើយ ទើប​បលាយនាការ​គេច​វះ អំពី​អគ្គីភ័យ​ទៅ​តាម​ផ្លូវ​ក្នុង​ដី ផុត​ភ្នែក ទុរយោជន៍ និង​អ្នក​ដទៃ គ្មាន​អ្នក​ណា​ដឹង​យល់​គ្រា​នោះ ទុរយោជន៍ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ណាស់ ដែល​បាន​ទម្លាយ​គូ​សត្រូវ​បាន​សម្រេច​ដូច​ប្រាថ្នា ទំនង​ដូច​គ្នា​នឹង​ពាល​រាជា ១ អង្គ​ទៀត ក្នុង​បុរាណ​សម័យ​បាន​ទ្រុង​ខ្លុយ​ឆ្វេក ៗ ក្រសាល​លេង​ជា​ទី​រីករាយ​កោមល​ហឫទ័យ​ក្នុង​ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​ផូងផាំង​នោះ​ឯង ។
កម៌ មុខ​គួរ​ស្ញែង ដែរ ទុរយោជន៍ បាន​ធ្វើ​ទៅ​ដោយ​ប្រទុស្ត​ចិត្ត​គ្រា​នេះ ជា​គ្រឿង​សម្ដែង​បំភ្លឺ​ឲ្យ​បណ្ដា​រាស្ត្រ​ទួទៅ​ដឹង​បាន​យ៉ាង​ច្បាស់​ថា គិត​នឹង​ដុត បោណ្ឌ​កុមារ ច្បង គឺ យុធិស្ឋិរ ដើម្បី​យក​រាជ​សម្បត្តិ​ជា​សិទ្ធិ​ដាច់​ខាត មក​ជា​របស់​ខ្លួន​ទាំង​មូល ទុរយោជន៍ បាន​គិត​បិទ​បាំង​រហស្ស​កម៌ ការ​សម្ងាត់​នេះ​ទុក​យ៉ាង​សំខាន់ តែ​បុរាណ​លោក​តែង​ថា សេចក្ដី​សម្ងាត់​ដែល​ប្រឹង​បិទ​បាំង​ណាស់ រមែង​លេច​ចេញ​បាន សូម្បី​កំបាំង​នៅ​ក្នុង​ដួង​ហឫទ័យ​របស់​បរម​ក្សត្រិយ៍ ព្រោះ​ធម្មតា​អណ្ដាត​មិន​ចេះ​ស្ងៀម រមែង​រលាស់​បញ្ចេញ​សូរ​សព្ទ​ជា​ដំណឹង​ទៅ​ខាង​ក្រៅ​ជា​អាចិន​ដំបូង ក៏​គញរាន់​តែ​ខ្សឹប​ខ្សៀវ​គ្នា លុះ​កន្លង​ទៅ​បន្តិច​មិន​យូរ​ប៉ុន្មាន ក៏​លាន់ ឮ ចេញ​មក​ខ្លាំង ៗ យ៉ាង​ដែល​សន្ទនា​គ្នា​ធម្មតា គ្រប់​ផ្ទះ​សម្បែង គ្រប់​កន្លែង​ថ្នល់​ផ្សារ ឥត​មាន​កោត​ក្រែង​ស្ដេច ឬ ចៅហ្វាយ​នាយ​ណា​ឡើយ ហេតុ​ដែល​កើត​មក​ទាំង​នេះ ជា​រឿង​មុខ​គួរ​ខ្ពើម​រអើម​ណាស់ ហេតុ​នោះ​កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន រហស្ស​កម៌​នោះ ក៏​លេច​ជ្រួតជ្រាប​ទួទៅ សម្លេង​និន្ទា​និង​ផរុសវាទ​ក៏​ធ្លាក់​មក​ត្រូវ ទុរយោជន៍ កល​បីដូច​ជា​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​អំពី​នភាកាស ។
ចំណែក​ឯ​កុមារ​ទាំង ៥ ភាតា ព្រម​ដោយ​ព្រះ​ជននី​ក៏​នាំ​គ្នា​លីលា​ចាក​ព្រះ​នគរ បែរ​មុខ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស យក​ព្រៃ​ព្រឹក្សា​ជា​ទី​ពឹង ក្នុង​រវាង​ដែល​ពនេចរ​ទៅ បាន​ត្រូវ​កំដៅ​ថ្ងៃ​ត្រូវ​ភ្លៀង និង​សេចក្ដី​នឿយ​លំបាក​ស្រេក​ឃ្លាន​សព្វ​ទិវា​រាត្រី មាន​តែ​សេចក្ដី​អំណត់​អត់​ធន់ គឺ​អធុវាសន​ខន្តី​នេះ​ឯង ជា​គ្រឿង​ការពារ​ក្ដៅ​រងារ និង​សេចក្ដី​ស្រេក​ឃ្លាន ជួន​កាល​ម្ដាយ​និង​កូន​អស់​កម្លាំង​ណាស់ ក៏​នាំ​គ្នា​ឈប់​សម្រាក​កាយ​ខាង​មាគ៌ា កាល​ល្ហែ​ហើយ​ក៏​នាំ​គ្នា ត្រេច​ពនេចរ​តទៅ ជួន​កាល​ក៏​ត្រូវ​ឆ្លង​គង្គា នាំ​គ្នា​ព្យាយាម​ហែល​ទៅ​កាន់​ត្រើយ​នាយ ខ្សែ​ទឹក​ផាត់​ផាយ​ផ្កាប់​ផ្ងារ​ទំរាំ​តែ​ដល់​ត្រើយ​ជល​សារ ដែល​ឆ្ងាយ​លន្លឹម​លន្លោច ក៏​អស់​កម្លាំង​ទៀប​ដាច់​ខ្យល់ បាន​រួច​អំពី​គ្រោះ​ថ្នាក់​ទៅ​ម្ដង ៗ ហាក់​ដូច​បាន​កើត​ឡើង​ជា​ថ្មី កាល​រួច​ទៅ​ហើយ​នឹង​រក​ទី​សំណាក់​អាស្រ័យ​ក៏​មិន​បាន តោង​នាំ​គ្នា​ដើរ​កាត់​ភូមិ​ប្រទេស​ដ៏​ដាច់​សង្វែង​នោះ​សង្សឹម ៗ ទៅ ទាល់​តែ​មាតា​ស្ងួត​ក​ស្រេក​ទឹក​ខ្លាំង​ណាស់ ក៏​ប្រះ​ប្រាណ​លើ​ប្រថពី ភីម អាណិត​ម្ដាយ​ក៏​ខំ​ត្រេច​រក​វារី តែ​ក៏​គ្មាន​អ្វី​នឹង​ដួស​ដង ទើប​ដោះ​សំពត់​ឆ្នួត​មក​ជ្រលក់​ទឹក ឲ្យ​ជោក​ហើយ ក៏​ម្នី​ម្នា​យក​មក​ពូត​បន្តក់​សម្រក់​ចូល​ក្នុង​មាត់​មាតា ជួយ​ជីវិត​មាតា​ឲ្យ​រួច​បាន​ទៅ ១ គ្រា តែ​ទឹក​ក្នុង​សំពត់​នោះ​តិច មិន​ល្មម​នឹង​រំលេម​បំពង់​ក​បង​ប្អូន ៤ នាក់​ទៀត​ដែល​នឿយ​លំបាក​មក​ជា​មួយ​គ្នា​ទាំង​ឃ្លាន​អាហារ​ក៏​សែន​ឃ្លាន គ្មាន​ប្រទះ​ផលាផល​ឯ​ណានីមួយ ដែល​គួរ​នឹង​បរិភោគ​ក្នុង​ថ្ងៃ​នោះ ម្ដាយ​និង​កូន​មិន​អាច​និង​ដើរ​ផ្លូវ​ទៅ​បាន ក៏​ឈប់​សម្រាក​កាយ​ក្រោម​ដើម​ព្រៃ​ព្រឹក្សា តែ​កាយ​និង​ចិត្ត ភីម មិន​បាន​សម្រាក​សម្រាន្ត​ឡើយ ដោយ​អំណាច​ឈឺ​ចាប់​ក្ដួល​ក្ដៅ​ក្នុង​ចិត្ត និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា អ្នក​ណា​មួយ នឹង​ជៀស​វាង​លិខិត​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​បាន ឱ​កម្ម​អើយ​កម្ម កម្ម​ដែល​បង​ប្អូន​យើង មក​ទ្រាំ​រង​វេទនា​គ្រា​នេះ ចិត្ត​យើង​ក្ដៅ​អី​ក្ដៅ​ម្ល៉េះ ទៅ​ខាង​មុខ​គ្រោះ​កាច នឹង​មាន​មក​ដល់​យើង​ជា​ច្រើន​ទៀត ឬ យុធិស្ឋិរ ជា​អ្នក​គួរ​បាន​រាជ​សម្បត្តិ ក្នុង​ប្រទេស​កុរុ​រដ្ឋ ឥឡូវ​នេះ​មក​ដេក នៅ​កណ្ដាល​ដី កណ្ដាល​ខ្សាច់ នឹង​រក​កម្រាល​ក្រាល​ដេក​ប៉ុន​បាត​ដៃ​ក៏​គ្មាន ចំណែក​ឯ ទុរយោជន៍ អ្នក​ដណ្ដើម​រាជ​សម្បត្តិ គេ​ដេក​អង្គុយ​លើ​កម្រាល ក្រាល​លាត​ស្អាត​ព្រម​ពាស​ពេញ​ដោយ​គ្រឿង​តម្កើង​កិត្តិយស​និង​អានុភាព ព្រះ​រៀម​របស់​យើង ជា​មនុស្ស​ចិត្ត​ទន់ មិន​សូវ​ចេះ​ប្រកាន់​ទោស ក្រោធ​ខឹង​នឹង​អ្នក​ឯ​ណា ចេះ​តែ​ឲ្យ​អភ័យ​ដល់​គេ​ងាយ ៗ កុំ​អី ..... ម្ល៉េះ​គេ​សោយ​សុខ​សម្បត្តិ​ត្រេក​ត្រអាល ចិត្ត​គេ​រីករាយ​ស្ទើរ​នឹង​អណ្ដែត​ទៅ​ជាប់​នឹង​ស្ថាន​សួគ៌ ។

ទៅ​ភាគ​ទី ២

ភាគ ២- ការស្វយម្ពរ​ ឬ​ការ​រើស​គូ នៃ​នាង​ទ្រៅ​បទី



សុំ​ឲ្យ​នឹក​មើល​ចុះ​ថា ម្ដាយ​និង​កូន​ដែល​ត្រូវ​និរទេស​ចាក​និវេសន៍​រាជស្ថាន​ទៅ​ក្នុង​យប់​នោះ រមែង​ល្ហិតល្ហៃ​យ៉ាង​ម្ដេច តែ​ទោះ​បី​ម្ល៉ឹង ជាតិ​ខន្តិយ​អ្នក​ចម្បាំង​រមែង​មាន​មានះ​ជា​ធម្មតា នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​ដោយ​ប្រមាណ​ស្មាន​ក្នុង​ចិត្ត មិន​ដឹង​ជា​គ្រោះ​កម្ម​វា​និង​នាំ​ទៅ​ដល់​ណា ១ ទៀត​នឹក​បារម្មណ៍​ក្រែង​ពួក​សត្រូវ​ដិត​ដោយ​តាម​មក​យាយី ទើប​ដោះ​គ្រឿង​ទ្រង់​ចេញ​អស់ យក​ផង់​ធូលី​ខ្មៅ​មក​ប្រឡាក់​លាប​កាយ ផ្លាស់​ផ្លែង​តែង​ខ្លួន​ជា​យោគី ដើម្បី​សុំ​ទៅ​បន្តិច​ប៉ុណ្ណោះ ឯ​ព្រះ​ជននី​សោត ក៏​តោង​ប្លម​ព្រះ​អង្គ​ជា​ស្រី​អនាថា។
ខណៈ​ដែល​ដើរ​ផ្លូវ​មក​ក្នុង​ថ្ងៃ ១ នោះ ម្ដាយ​និង​កូន​បាន​ជួប​នឹង​ព្រាហ្មណ៍ ១ ពួក គេ​ប្រាប់​ថា គេ​នឹង​ទៅ​ក្នុង​ការ ស្វយម្ពរធិតា ព្រះ​ចៅ បញ្ចា​រាជ ភារស្វយម្ពរ គ្រា​នេះ ជា​ការ​ធំ​អឹកធឹក ភ្នែក​មនុស្ស​នានា នឹង​ប្រទះ​ឃើញ​បាន ក៏​តែ​មួយ​ដង មួយ​គ្រា ប៉ុណ្ណោះ បាណ្ឌព​កុមារ បាន​ឮ​ដូច្នោះ ក៏​រៀបចំ​ខ្លួន​នឹង​ដើរ​ផ្លូវ​ទៅ​កាន់​ដែន​បញ្ចាល ដើម្បី​នឹង​ជៀស​ចាក​ភយន្តរាយ ជាង​ដែល​មាន​ចំណង់​នឹង​ទៅ​មើល​ការ​ស្វយម្ពរ ។
មក​ដល់​បញ្ចាល​រាជ​ធានី ជា​ប្រទេស​បដិបក្ស​គ្នា​មក​អំពី​ដើម ត ត ទ្រង់​ទើប​ធ្វើ​សង្គ្រាម​នឹង​គ្នា​មក​មិន​យូរ​ប៉ុន្មាន​ដោយ​បញ្ជា​ការ​នៃ ទោណ​អាចារ្យ តែ ទោណ​អាចារ្យ ឲ្យ​លើក​ទោស​ព្រះ​ចៅ បញ្ចល​រាជ ដ៏​ជា​មច្ចា​មិត្ត​ទុក​ជីវិត​ឲ្យ​ម្ដង ទាំង​បាន​ប្រគល់​ដែនដី​ដែល​មាន​ជ័យជំនះ​ឲ្យ​ត្រឡប់​ទៅ​វិញ តាំង​អំពី​នោះ ព្រះ​ចៅ ទ្រុបទ ព្រះ​ចៅ​ផែនដី​បញ្ចាល​រដ្ឋ​ឃើញ​សេចក្ដី​ក្លាហាន​ក្នុង​ពិជ័យ​សង្គ្រាម​នៃ បាណ្ឌព​កុមារ ទាំង ៥ អង្គ ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ មាន​ចំណង់​នឹង​ចង់​លើក​រាជ​ធីតា​ឲ្យ​ជា​បាទ​បរិចារិកា នៃ បាណ្ឌព​កុមារ គឺ​នឹង​ទ្រង់​លើក​ឲ្យ អរជុន តែ​រឿង​នេះ​ទ្រង់​នឹក​តែ​ក្នុង​ព្រះ​រាជ​ហឫទ័យ មិន​បាន​ចេញ​ព្រះ​វាចា ឬ​ប្រាប់​ព្រះ​រាជ​តម្រិះ​នេះ​ដល់​អ្នក​ឯ​ណា ព្រោះ​សិទ្ធិ​នៃ​ការ​រើស​គូ មិនមែន​នៅ​ក្នុង​អំណាច​ព្រះ​អង្គ​ជា​បិតា គឺ​ស្រេច​ហើត​តែ​នាង​ទ្រៅ​បទី​ដែល​ដ៏​ជា​ធីតា​ស្មោះ​ស្ម័គ្រ ឬ មិន​ស្មោះ​ស្ម័គ្រ តែ​ដើម្បី​នឹង​បដិបត្តិការ​ឲ្យ​សម​ព្រះ​រាជ​ហឫទ័យ​ក្នុង​រឿង​នេះ ទើប​ទ្រង់​ឲ្យ​ចាត់​ការ ១ យ៉ាង ដែល​ទ្រង់​ជឿ​មាំ​ក្នុង​ព្រះ​ហឫទ័យ​ថា នឹង​ធ្វើ​បាន​ក៏​តែ​អរជុន​មួយ​នាក់​ប៉ុណ្ណោះ គឺ​ទ្រង់​ឲ្យ​ធ្វើ​មហា​ធនូ ១ ធំ និង​រូប​ត្រី​មាស ១ ឲ្យ​យក​ទៅ​ព្យួរ​លើ​សសរ​ខ្ពស់ មាន​ចក្រ​វិល​ឆាល់​អំពី​ក្រោម ក្នុង​រឿង​នេះ​មាន​ខ​សន្យា​ថា អ្នក​ដែល​ជា​គូ​ព្រេង​របស់​ព្រះ​រាជ​ធីតា តោង​អាច​យិត​មហា​ធនូ​នោះ បាន​ដោយ​កម្លាំង​ដាក់​ព្រួញ​ផ្គង​បាញ់​ចាញ​ទៅ ឲ្យ​ព្រួញ​រត់​ទៅ​តាម​ចន្លោះ​ស្លាប​ចក្រ កុំ​ឲ្យ​ប៉ះ​ពាល់​ស្លាប​ចក្រ រហូត​ទៅ​ត្រូវ​ភ្នែក​ត្រី​មាស ដែល​ព្យួរ​ខាង​លើ ឲ្យ​ត្រី​នោះ​ធ្លាក់​ចុះ​ដល់​ដី អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ប្រឡង ដណ្ដើម​យក​នាង​រាល់ ៗ គ្នា បាញ់​តែ​ប្រាំ​ព្រួញ​ប៉ុណ្ណោះ ព្រោះ​ហេតុ​នោះ​បណ្ដាល​អ្នក​បាញ់​ទាំង​ប៉ុន្មាន ទ្រង់​ជឿ​ថា មាន​តែ​អរជុន​ប៉ុណ្ណោះ អាច​បាញ់​ត្រូវ​វង់​សម្គាល់​បាន ។
សម្រាប់​ក្នុង​ការ ស្វយម្ពរ​នេះ​ព្រះ​ចៅ បញ្ចាល​រាជ មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ចូល​ចាំង​ជម្រះ​ទី​កន្លែង​ដ៏​ធំ​ហើយ​ឲ្យ​សង់​ព្រះ​ពន្លា​ដាស​សំពត់​ស​មាន​កំពូល​យ៉ាង​មណ្ឌប​បិទ​មាស ប្រដាប់​មណី​ផ្សេង ៗ ច្រាល​រន្ទាល​មាន​ការ​លៀង​ភោជនាហារ និង​ល្បែង​លេង​នានា​ក្នុង​ព្រះ​រាជ​វាំង ក្នុង​វេលា​មុន​ប្រឡង​ធនូ​សិល្ប​ប្រមាណ​ជាង​ពីរ​សប្ដាហ៍ (ជាង​ពីរ​អាទិត្យ) លុះ​ដល់​ថ្ងៃ​ប្រឡង​ក្សត្រិយ៍​ទាំងឡាយ ដែល​ប្រាថ្នា​ព្រះ​រាជ​ធីតា​ជា​បំណាច់​ថ្វី​ដៃ ក៏​នាំ​គ្នា​មក​សន្និបាត​អង្គុយ​ចាំ​ត្រៀបត្រា​តាម​ទី​កន្លែង​របស់​ខ្លួន ក្នុង​រោង​ទង​មុខ​ព្រះ​ពន្លា​ហ្លួង​អង្គុយ​ដំ​កង់​ជា​វង់ ដូចជា​រូប​ព្រះ​ច័ន្ទ​ពាក់​កណ្ដាល​ដួង​បែរ​មុខ​ទៅ​ព្រះ​ពន្លា ។
លុះ​ក្សត្រិយ៍​ទាំងឡាយ​អង្គុយ​រៀបរយ​ស្រួល​ហើយ នាង ទ្រៅ​បទី ក៏​ស្ដេច​យាត្រា​ចូល​មក​ថ្កាន​ទី​ប្រជុំ ព្រះ​ហស្ថ​ដ៏​ទន់​ភ្លន់ ដូច​ប្រមោយ​ព្ធរាវណ៌ ក៏​កាន់​ភួង​មាល័យ​មួយ​មក​ផង ភួង​មាល័យ​នេះ​ប្រៀប​ដូច​ព្រះ​វលញ្ចករ (ត្រា) ដែល​នាង​នឹង​គប្បី​ប្រថាប់​ក្នុង​ការ​រើស​គូ​ស្ងួន​របស់​នាង​ឲ្យ​ដាច់​ខាត​ទៅ ។
បណ្ដា​ក្សត្រិយ៍​ដែល​ប្រជុំ​ក្នុង​ការ​ស្វយម្ពរ​គ្រា​នោះ មាន ទុរយោធន៍ កណ៌ បាណ្ឌព​កុមារ បង​ប្អូន ៥ អង្គ ក្រិស្ណ ពលរាម ជា​អនុជ ក្រិស្ណ ក្សត្រិយ៍​យាទព​ច្រើន​អង្គ ព្រះ​រាជា សិន្ទូ ព្រម​ទាំង​ឱរស (មិន​ប្រាកដ​ថា​ប៉ុន្មាន​អង្គ) ព្រះ​រាជា​ចេតិ ព្រះ​រាជា​កោសល ព្រះ​រាជា​ម័ទ្រ នៅ​មាន​ក្សត្រិយ៍​ក្រៅ អំពី​ដែល​ចេញ​ព្រះ​នាម​មក​ហើយ​ជា​ច្រើន​អង្គ តែ បាណ្ឌព​កុមារ ទាំង ៥ មិន​បាន​ចូល​ទៅ​អង្គុយ​ក្នុង​ចំណោម ក្សត្រិយ៍​អម្បាល​ណោះ​ទេ ទៅ​អង្គុយ​ក្នុង​ចំណោម​ពួក​ព្រាហ្មណ៍​មួយ​ពួក​ផ្សេង ព្រោះ​ទ្រង់​ប្លម​ជា​ព្រាហ្មណ៍​មក​ក្នុង​វេលា​នោះ ភ្នែក​មនុស្ស​ទាំងអស់​ក្នុង​វេលា​នោះ​សម្លឹង​មើល​តែ​ឆោម​លំអ​នៃ​នាង ទ្រៅ​បទី ទី​សន្និបាត​នោះ សូម្បី​មាន​មនុស្ស​ច្រើន​ច្រៀតបៀត​ញៀតញាត់​គ្នា​ទាំង​ម្ល៉ឹង​ក៏​ស្ងាត់​សម្លេង​ឈឹង​ភ្លាម ក្នុង​ខណៈ​ដែល​ធូស្តទយុម័ន ជា​អនុជ​របស់​នាង ទ្រៅ​បទី សូត្រ​ប្រកាស​តាម​ប្រវេណី​ដូច្នេះ ។
ព្រះ​អង្គ​ម្ចាស់​ក្សត្រី ទ្រៅ​បទី ទ្រង់​នៅ​ឆោម​ឆើតឆាយ មក​ឈរ​នៅ​ទី​នេះ ៗ អ្នក​ណា​អាច​យិត​ធនូ​នេះ​បាន​ហើយ បាញ់​រហូត​កង​ចក្រ​ដែល​កំពុង​វិល​ទៅ​ប្រហារ​ភ្នែក​ត្រី​ខាង​លើ​ឯ​ណោះ បើ​អ្នក​នោះ​ឯង​ជា​ផៅ​អ្នក​នេះ​សោត​និង​បាន​នាង​ចា​បាទ​បរិចារិកា ។
សូត្រ​ប្រកាស​ស្រេច​ហើយ ក៏​ទ្រង់​សូត្រ​បញ្ជី​រាយ​នាម​វង្ស និង​ប្រវត្តិ​ដោយ​សង្ខេប ពណ៌នា​គុណ​សម្បត្តិ​នៃ​ក្សត្រិយ៍​អំបាល​នោះ​ឲ្យ​នាង​ស្ដាប់​ហើយ​ឲ្យ​នាង​យក​ភួង​មាល័យ​ទៅ​បំពាក់​អ្នក​នោះ​ដែល​បាញ​ត្រូវ​វង់​តាម​ដែល​ប្រកាស​មក​ហើយ ។
លំដាប់​នោះ ក៏​ចាប់​ផ្ដើម​ប្រឡង​ធនូ​សិល្ប​រើស​ស្នាដៃ​ពូកែ ក្សត្រិយ៍​អំបាល​នោះ ខ្លះ​ក៏​នឹក​រា​ក្នុង​ព្រះ​ហឫទ័យ ដែល​មើល​ទៅ​ឃើញ​មហា​ធនូ​ដ៏​សម្បើម​និង​វង់​ដែល​ចាំ​តែ​គេច​ព្រួញ​ធនូ គិត​ថា​ម្ដេច​ក៏​បាញ់​មិន​ត្រូវ ឲ្យ​គ្រាន់​តែ​យិត​ធនូ​បាន​ក៏​រាប់​ថា​វិសេស​ណាស់​ទៅ​ហើយ ក្សត្រិយ៍​ទាំងឡាយ​ចូល​ទៅ​ប្រឡង​ម្ដង ១ អង្គ ៗ រួច​ហើយ​ក៏​ត្រឡប់​មក​អង្គុយ​តាម​ដើម​វិញ ដោយ​មិន​វិសេស​ប្លែក​អ្វី ធ្វើ​ឲ្យ​តែ​អ្នក​អង្គុយ​ចាំ​មើល លប​អស់​សំណើច​លេង​តែ​សាមី​ខ្លួន មាន​តែ​សេចក្ដី​ទោមនស្ស តូច​ចិត្ត​ពន់​ប្រមាណ ដែល​ខុស​គំនិត​គិត​ទុក​មក​នោះ​បែរ​ជា​មិន​សម​ប្រាថ្នា ព្រះ​ភក្ត្រ​មិន​ស្រួល​តែ​រាល់​អង្គ​ពួក​អ្នក​ច្បាំង​ដែល​ល្បី​ឈ្មោះ​ទាំង​ប៉ុន្មាន កាល​ដើរ​ទៅ​ជិត​មហា​ធនូ ក៏​ឲ្យ​រន្ធត់​មុខ​ស្លេក​ស្លាំង មិន​អាច​នឹង​លើក​មហា​ធនូ​នោះ​រួច​ឡើយ ខ្លះ​ដើរ​ចូល​ទៅ​ខែង​រែង​ជាង​គេ ដោយ​អំណាច​មានះ​ខំ​ធ្វើ​ឫក​ឡើង តែ​ក៏​គង់​ត្រឡប់​មក​អង្គុយ​ដដែល​វិញ មិន​ប្លែក​ទៅ​ជាង​អ្នក​មុន ៗ ទាំង​ពួង អ្នក​ដែល​ធ្វើ​ការ​មិន​សម្រេច​អម្បាល​នោះ ខ្លះ​ក៏​ក្លែង​ធ្វើ​ទឹក​មុខ​ឲ្យ​រីករាយ តែ​សេចក្ដី​អៀន​ខ្មាស​ក្នុង​ចិត្ត ខ្លះ​ក៏​ធ្វើ​ជា​ញញឹម​បែប​ស្ងួត ៗ ។
លំដាប់​នោះ កណ៌ ជា​មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ចំណាប់ ដើរ​ចូល​ទៅ​កាន់​មហា​ធនូ ចាប់​យិត​តម្លោះ​ធនូ​មក​បាន​ភ្លាម ព្រះ​ចៅ ទ្រុបទ និង​ឱរស ក៏​ស្ញើប​ក្នុង​ព្រះ​ហឫទ័យ ក្រែង កណ៌ ជា​មនុស្ស​ដែរ​ព្រះ​អង្គ​មិន​ស្គាល់​ជាតិ​កំណើត​ជា​ដូចម្ដេច ធ្វើ​ការ​សម្រេច តែ​មុន​នឹង​បាញ់​ចេញ​ទៅ​នាង ទ្រៅ​បទី បាន​ស្រែក​ប្រកាស​សេចក្ដី​បំណង​របស់​នាង​ថា នាង​មិន​សព្វ​ព្រទ័យ​នឹង កណ៌ ដ៏​ជា​បុត្រ​នាយ​សារថី កណ៌ ចេញ​ស្លក់​ទឹក​មុខ មាន​ក្រសែ​ឈាម​ទោស​ឡើង​ព្រល ៗ ទម្លាក់​ធនូ​ចុះ​ហើយ​ក៏​ត្រឡប់​មក​អង្គុយ​តាម​ដើម ។
នៅ​មាន​អ្នក​ចូល​ទៅ​ប្រឡង​ក្រោយ កណ៌ ទៀត​ជា​ច្រើន​បាន​ប្រឹងប្រែង​ក្លែង​ធ្វើ​មានះ​ខែង​រែង តែ​ក៏​មិន​សម្រេច​ដូច​ប្រាថ្នា ខ្លះ​ខិតខំ​ហួស​កម្លាំង ភ្លាត់​ចំណាប់​ដួល​ដេក​ច្រខែង​លើ​ផែន​ពសុធា បណ្ដា​អ្នក​អង្គុយ​មើល​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​សើច​លាន់ ដោយ​ឃើញ​ថា​ជា​រឿង​គួរ​អស់​សំណើច​ពួក បាណ្ឌព​កុមារ ដែល​អង្គុយ​នៅ​ក្នុង​កំឡុង​ពួក​ព្រាហ្មណ៍ ឃ្លាត​អំពី​ពួក​ក្សត្រិយ៍​ទៅ​បន្តិច អង្គុយ​មើល​ការ​គេ​ព្រងើយ ហាក់បី​ដូច​ជា​គ្មាន​កិច្ចការ​អ្វី​ជា​មួយ​នឹង​គេ​ក្នុង​ថ្ងៃ​នោះ​ទេ ខណៈ​នោះ មាណព​ឆោម​ស្រស់​ប្រិមប្រិយ​មួយ​នាក់ ក្រោក​ដើរ​ចេញ​មក​អំពី​ពួក​ព្រាហ្មណ៍​អម្បាល​នោះ បណ្ដា​អ្នក​ប្រជុំ​នៅ​ទី​នោះ ក៏​នាំ​គ្នា​សើច​ឃឹក ៗ ទួទៅ​ទាំង​ព្រះ​លាន ព្រោះ​មក​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា ព្រះ1 អ្នក​រៀន​តែ​ធម្ម​ធម្មោ ម្ដេច​ក៏​ក្លា​មក​ប្រកួត​អួត​ថ្វី​ដៃ​នឹង​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ដែរ ។
អាស្រ័យ​ហេតុ​នោះ​ព្រាហ្មណ៍​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ ទើប​និយាយ​ឃាត់​ព្រាហ្មណ៍​កម្លោះ​អ្នក​រួម​ភេទ​ជា​មួយ​គ្នា​នោះ​ថា កុំ​ទៅ​ប្រឡង​នឹង​គេ​អី អ្នក​ខ្លះ​និយាយ​ថា ជាតិ​ព្រាហ្មណ៍​រមែង​មាន​ថ្វី​ដៃ​គ្រប់​យ៉ាង ទាំង​ការ​គិត​អាន ទាំង​ការ​ប្រើ​អាវុធ​ផ្សេង ៗ មិនមែន​ចេះ​តែ​រឿង​សីល​ពរ​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ គ្រាន់​តែ​សម្លឹង​មើល​ព្រាហ្មណ៍​កម្លោះ​នោះ ដោយ​សេចក្ដី​អស្ចារ្យ​ឥត​មាន​ស្រដី​ថា​អ្វី ព្រាហ្មណ៍​កម្លោះ​ដោយ​គ្រឿង​យោគី ដ៏​ធ្វើ​ដោយ​ស្បែក​ម្រឹគ​ចេញ​គរ​ទុក​ក្នុង​ទី​ម្ខាង ហើយ​ដើរ​ចូល​ទៅ​កណ្ដាល​ស្នាម​យ៉ាង​រាជសីហ មើល​ទៅ​ទ្រូង និង​ស្មា​សាយ​ចង្កេះ​មូល​យ៉ាង​វាសុទេវិន ដើរ​ប្រទក្សិណ​ព្រម​ទាំង​ភាវនា​តែ​ក្នុង​ចិត្ត ចំណែក​ឯ​ភ្នែក​មនុស្ស​ជា​ច្រើន​ពាន់ ក៏​សម្លឹង​ចំពោះ​សំភី​មើល​តែ​ឆោម​ព្រាហ្មណ៍​កម្លោះ ៗ នោះ ក៏​កែ​ក្រាយ​ចាប់​លើក​មហា​ធនូ​ឡើង យិត​តម្លោះ​ក្រឹត មក​ដោយ​កម្លាំង​ដ៏​មហិមា បណ្ដា​អ្នក​អង្គុយ​មើល​ជុំ​វិញ​ស្នាម ក៏​ទះ​ដៃ​លាន់ នាំ​គ្នា​និយាយ​សរសើរ​ផ្សេង ៗ ត្រឹម​តែ​យិត​ធនូ​ទន់​មក​បាន​ប៉ុណ្ណេះ នៅ​មិន​ទាន់​អស់​រឿង នៅ​មាន​ការ​ដែល​សំខាន់​ជាង​នេះ​ដែល​គេ​ត្រូវ​ធ្វើ គឺ​បាញ់​ត្រូវ​វង់ អ្នក​មើល​ទាំងអស់​ឈប់​មើល​ឆោម​ព្រាហ្មណ៍ នាំ​គ្នា​សម្លឹង​ឆ្ពោះ​តែ​ទៅ​ត្រង់​វង់ មិន​បាន​ដាក់​ភ្នែក ព្រោះ​ជា​វេលា​ដ៏​សំខាន់ យក​ឈ្នះ​យក​ចាញ់​គ្នា​ក្នុង​វេលា​ប្រមាណ​មួយ​មីនុត​ទៀត​ប៉ុណ្ណឹង2 ។
គ្រា​នោះ​ព្រាហ្មណ៍​ក៏​ទម្លាក់​ក្រាញ់​កែ​ក្រាយ​រំពើន ហើយ​ស្រងេវ​នេត្រ​តម្រង់ លែង​តម្លោះ​ធនូ​ខ្វាប់​ចេញ​ទៅ​ប្រហារ​ភ្នែក​ត្រី​មាស​ធ្លាក់​ចុះ​ដល់​ធរណី ខាង​អ្នក​មើល​ក៏​ទះ​ដៃ​ប្រែស​ ៗ លាន់​ទាំង​ស្នាម​ធំ អ្នក​ដែល​មាន​ជ័យ​នោះ​ជា​អ្នក​ណា​ក៏​តាម គេ​មិន​ត្រូវ​ការ​នឹង​គិត​យក​មក​ជា​អារម្មណ៍ គេ​ត្រូវការ​តែ​សប្បាយ​ជា​ការ​ធំ និង​ត្រូវ​ការ​ឲ្យ​ដឹង​ផល​ជា​បំផុត​នៃ​ការ​នោះ ដែល​កំពុង​តែ​ឃ្លាន​ដឹង​រាល់​គ្នា គឺ​បាញ់​ត្រូវ ឬ​មិន​ត្រូវ​ប៉ុណ្ណោះ ។
តែ​កាល​ណា​ពួក​ក្សត្រិយ៍ អ្នក​ទ្រង់​មាលា​សៀត​រោម​សត្វ ឬ ទ្រង់​ឆ្នួត ដើរ​ត្រង់​ទៅ​កាន់​ទី​ធនូ​សិល្ប​ម្ដង ៗ ទ្រូង​នាង ទ្រៅ​បទី ក៏​ជួល​ច្រាល​ឡើង​មក​កាល​នោះ ត្រី​មាស​ដែល​ព្យួរ​តែងតោង​លើ​កង​ចក្រ ជា​គ្រឿង​សម្គាល់​យថាកម្ម​របស់​នាង ឥឡូវ​នេះ នាង​ក៏​កាន់​តែ​រីករាយ​ក្នុង​ហឫទ័យ​ខ្លះ​ហើយ ចិត្ត​របស់​នាង​នៅ​ចាប់​ប្រតិព័ទ្ធ​នឹង​ប្រុស​កម្លោះ ដែល​មាន​ស្បែក​ខ្លា ជា​គ្រឿង​ដណ្ដប់​កាយ​នោះ តាំង​តែ​គេ​ឈាន​ជើង​ទៅ​កណ្ដាល​ស្នាម នាង​ក៏​នឹក​ស្នេហា​ជាង​ក្សត្រិយ៍​ទាំងឡាយ ដែល​ទ្រង់​ប្រែ​ពណ៌​ស្វាយ ទោះបី​នាង​មិន​បាន​គិត​ទុក​ពី​ដើម​ថា ប្រុស​កម្លោះ​នោះ​នឹង​ចូល​មក​ធ្វើ​ការ​ប្រកួត​ថ្វី​ដៃ​នឹង​គេ​ក៏​ពិត តែ​ខណៈ​ដែល​គេ​ឈរ​កណ្ដាល​ស្នាម​នឹង​ធ្វើ​ការ​ប្រឡង ចិត្ត​របស់​នាង​រំជួល ដោយ​ចង់​ឲ្យ​គេ​បាន​ទទួល​សេចក្ដី​អំណរ​វេលា​នេះ ក៏​សម​ដូច​មនោ​រថ​របស់​នាង​ហើយ នាង​ញញឹម​ដោយ​អារម្មណ៍​ដ៏​រីករាយ ទើប​យាង​យាត្រា​ទៅ​រក​អ្នក​ដ៏​មាន​ជ័យ​ដោយ​រួសរាន់ យក​ភួង​មាល័យ​ទៅ​បំពាក់​ក ឲ្យ​ប្រុស​កម្លោះ ជា​គ្រឿង​ប្រកាស​សិទ្ធិ​ជា​ដាច់​ខាត​ថា ប្រុស​កម្លោះ​នេះ​ជា​គូ​ភិរម្យ​របស់​នាង បីដូច​ជា​ប្រថាប់​ដោយ​ព្រះ​វលញ្ចករ ។
ការ​ដែល​មើល​ទៅ​ឃើញ ទ្រៅ​បទី យក​ភួង​ផ្កា​ទៅ​បំពាក់​ឲ្យ​អ្នក​មាន​ជ័យ​នោះ បណ្ដា​អ្នក​រួម​ការ​ប្រឡង​ជា​មួយ​គ្នា តែ​មិន​សម្រេច​សម​ប្រាថ្នា នាំ​គ្នា​មក​អង្គុយ​ជូត​ញើស​នោះ ក៏​បណ្ដាល​ឲ្យ​កើត​សេចក្ដី​ឫស្យា និង​សេចក្ដី​ឈឺ​ចិត្ត រោល​រាល​ក្នុង​ចិត្ត​មហិមា នឹង​ទប់ទល់​អាត្មា​ពុំ​បាន ក៏​ប្រឹក្សា​គ្នា​ហើយ​យល់​ឃើញ​ព្រម​គ្នា​ថា ត្រូវ​តែ​សម្លាប់​អ្នក​ដែល​មាន​ជ័យ ដែល​មិន​ប្រាកដ​នាម​នេះ​មួយ​រំពេច​ជា​ដាច់​ខាត នឹង​ទុក​វា​ឲ្យ​រស់​នៅ​និង​កើត​សេចក្ដី​អប្ប​យស​ដល់​គេ​ឯង​រាល់​គ្នា​ទួទៅ ត្បិត​វា​ជា​យាចក​ដើរ​តែ​សូម​ទាន​គេ​តាម​ថ្នល់ ហើយ​មក​បាន​ធីតា​ក្សត្រិយ៍ ជា​បាទ​បរិចារិកា​ដូច្នេះ ធ្វើ​ឲ្យ​អាម៉ាស់​មុខ ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស ព្រោះ​វា​មក​មើល​ងាយ​រាជ​ត្រកូល កំពូល​ឥសូរ​របស់​យើង ត្រូវឃុំ​ខ្លួន​នាង ទ្រៅបទី ទុក​ព្រោះ​ជា​ស្រី​អត់​ខ្មាស ដាក់​ខ្លួន​បន្ទាប​ត្រកូល​សុខ​ចិត្ត​យក​ព្រាហ្មណ៍​អនាថា​ជា​ភស្ដា​មើល​ងាយ​បារមី​ព្រះ​បិតា និង​ព្រះ​រាជា​ទាំងឡាយ ដ៏​ជា​រាជ​សម្ពន្ធ​មិត្រ​សឹង​ទ្រង់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ យើង​រាល់​គ្នា​នឹង​មើល​ចំណាំ​តទៅ​ទៀត​ពុំ​បាន​ឡើយ។
ភ្លាម​ស្រែក​គំរាម​លាន់​ដោយ​ក្រោធ​ក្ដាត់ ពួក​ក្សត្រិយ៍​អ្នក​ធនូ​សិល្ប​ទាំង​ប៉ុន្មាន ក៏​លោក​ចេញ​អំពី​កន្លែង រាំ​ក្របី​ចិញ្ចែង​ចូល​ទៅ​រក​ព្រាហ្មណ៍​កម្លោះ ដែល​បាន​នាង​ជា​បំណាច់ កើត​តស៊ូ​គ្នា​ឡើង​ជា​កោលាហល គ្មាន​អ្នក​ណា​អាច​នឹង​រម្ងាប់​បាន ការ​យម្ពរ​ក្លាយ​ទៅ​ជា​ការ​កាប់​សម្លាប់​គ្នា​កណ្ដាល​ស្នាម​ធំ ក្សត្រិយ៍​ទាំងឡាយ​ដែល​មក​ដើម្បី​បាន​នាង ត្រឡប់​ជា​មក​ដេក​រនៀល​លើ​ផែន​ពសុធា​នាំ​គ្នា​ចូល​មក​ក្នុង​អន្ទាក់​មច្ចុរាជ​ដោយ​អង្គឺ​ហេតុ​ដ៏​គួរ​សម កណ៌ ជា​អ្នក​ល្បី​នាម​បាន​ចូល​ប្រឡង​យុទ្ធ​និង​ពួក​ព្រាហ្មណ៍​អ្នក​មាន​ជ័យ ត​ទល់​គ្នា​ល្មួត​អស់​វេលា​ជា​យូរ មួយ​ចាក់ មួយ​កាប់ មួយ​កាប់ មួយ​កាត់ មួយ​កែង មួយ​គេច កែ​ក្រាយ​រា​រង មួយ​រុក​មួយ​រុញ​សង្ខុញ​ចូល​ជិត សង្ឃ​ករិរោម​ត​រេរា​រាំ​ខ្ញង់​កល​បីដូច​ខ្យល់​កំបុត​ត្បូង ប្រហារ​ត្រូវ​ដៃ​ជើង​ព្រាហ្មណ៍​ដោយ​ព្រួញ​ធនូ​ជា​ច្រើន​អន្លើ រាប់​ថា​បាញ់​ត្រង់​គ្រាន់​បើ ។
ទ្រៅបទី វេលា​នោះ​ជា​ទុក្ខ​តឹង​ទ្រូង​ណាស់​ណា នឹក​ប្រទេច​ផ្ដាសា​មរត៌ក​នៃ​សេចក្ដី​លំអ​ឆោម​របស់​នាង​តែ​ក្នុង​ចិត្ត ដែល​ជា​ហេតុ​ឲ្យ​កើត​កាប់​សម្លាប់​គ្នា លោហិត​ច្រាល​ពាស​ស្នាម តែ​ត​មក​បន្តិច នាង​ក៏​រម្ងាប់​ទុក្ខ​នោះ​បាន ដោយ​ឃើញ​ថា​ខ្លួន​នាង​គ្មាន​មន្ទិល​សៅហ្មង ប្រការ ១ ទៀត ជីវិត​របស់​ប្រុស​ដែល​ជា​គូ​របស់​នាង​សោត ក៏​ប្រាស​ចាក​អន្តរាយ ត្បិត​វេលា​នេះ កណ៌ ឈប់​តស៊ូ​ហើយ ដោយ​ឃើញ​ថា​បើ​ពួក​គេ​ខំ​តស៊ូ​ទៅ ក៏​គង់​ស្លាប់​ក្នុង​កណ្ដាល​ដៃ​ព្រាហ្មណ៍​កម្លោះ​នេះ​ជា​មិន​ខាន គិត​ដូច្នោះ​ហើយ​គេ​ក៏​ស្រែក​សួរ​ព្រាហ្មណ៍​នោះ​ជា​ផ្លូវ​ញ៉ម​ខ្លាច​ថ្វី​ដៃ​ថា ម្នាល​លោក​ លោក​ជា​ត្រកូល​ព្រាហ្មណ៍​មែន ឬ តែ​ភាព​និង​មានះ​របស់​លោក​សម្ដែង​ឲ្យ​ឃើញ​ថា មិន​មែន​ជា​ត្រកូល​ព្រាហ្មណ៍​ឯ​ណា​មាន​ថ្វី​ដៃ អាច​នឹង​មក​ត​ដៃ​និង​ក្សត្រិយ៍​បាន វៀរ​លែង​តែ​បរសុរាម (រាមា​សូរ) ដែល​ប្រាកដ​​តាម​បរម្បរា​គតិ​ថា បាន​ប្រហារ​ក្សត្រិយ៍​ទួទៅ ទាំង​លោក ឯ​យាចក​អានាថា ធ្លាប់​តែ​ដើរ​សូម​ទាន​គេ​រាល់​ផ្ទះ​រាល់​រៀន​ផ្សារ និង ថា​ជា​អ្នក​ស្ទាត់​ចម្បាំង​មិន​បាន​ពិត​ដូច្នេះ បណ្ដា​អ្នក​ចម្បាំង​ដូច​គ្នា គ្មាន​អ្នក​ណា​មាន​ថ្វី​ដៃ​ច្បាំង​ល្អ​ដូច អរជុន ក្នុង​ពពួក​មនុស្ស​ដែល​គ្រង​ជីវិត​របស់​នៅ​សព្វ​ថ្ងៃ​នេះ និង​ត​ដៃ​នឹង​យើង​បាន ក៏​តែ​មួយ អរជុន ប៉ុណ្ណោះ ក្រៅ​អំពី​នោះ​គ្មាន ។
ព្រាហ្មណ៍​កម្លោះ​ញញឹម​តប ហើយ​ដើរ​ចូល​ទៅ​កាន់​ទី​កន្លែង​ដើម ទ្រៅបទី ក៏​លី​លា​តាម​គូ​ស្ងួន​របស់​នាង​ទៅ ។

ទៅ​ភាគ​ទី ៣



ភាគ​ទី ៣ អាវាហ​មង្គល​នៃ​នាង​ទ្រៅបទី


ស្រី​អនាថា អាស្រ័យ​នៅ​ក្នុង​រោង​នាយ​ស្មូន​ឆ្នាំង ចាំ​មើល​ផ្លូវ​កូន​ទាំង ៥ ដែល​នាំ​គ្នា​ទៅ​មើល​ការ​ស្វយម្ពរ​នាង ទ្រៅបទី បុត្រ​ទៅ​បាត់​យូរ​ពេក​ខុស​ពេល​វេលា នាង​ក៏​ព្រួយ​ក្នុង​ចិន្ដា ក្រែង​ថា​កើត​ហេតុ​ភេទ​ភ័យ​ឡើង​ក្នុង​ស្រុក​គេ ខណៈ​នោះ នាង​ឮ​សូរ​សន្ធឹក​ជើង​ដើរ​ចូល​មក​ដល់ ដឹក​ទាំង​ដៃ​នាង​ក្រមុំ​មួយ​មក​ផង សឹង​តែ​កាយ​ដោយ​គ្រឿង​ប្រដាប់​ដ៏​វិចិត្រ សុទ្ធ​តែ​ពេជ្រ-និល​ចិន្ដា​ព្រោង​ព្រាយ ខណៈ​ដែល​បែរ​ទៅ​ឃើញ​នាង​ធីតា​ទ្រង់​នូវ​ឆោម​ឆើត​ឆាយ សេចក្ដី​បីតិ​ត្រេកអរ​ក៏​ផ្សាយ​សព្វ​សារព៌ាង្គ​រាង​កាយ គ្រាន់​តែ​ក្រឡេក​ទៅ​ឃើញ នាង​ក៏​នឹក​រឿង​រហូត មាតា​និង​បុត្រ​ក៏​សន្ទនា​ប្រាស្រ័យ​គ្នា​តាម​ទំនៀម ព្រះ​រាជ​កុមារ​ទាំង ៥ ក៏​ទូល​រៀបរាប់​រឿង​សិទ្ធិ​ជោគ​ដែល​ខ្លួន​ធ្វើ​ការ​មាន​ថ្វី​ដៃ ឲ្យ​នាង ជននី ស្ដាប់ តាំង​ពី​ដើម​ដល់​ចុង ។
ឥឡូវ​នេះ នឹង​សម្ដែង​អំពី​ហេតុ​ការណ៍ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះ​រាជ​វាំង​ក្រុង​បញ្ចាល ព្រះ​រាជ ទ្រុបទ ប្រថាប់​ក្នុង​បន្ទប់​ក្រឡា​ព្រះ​បន្ទំ​តែ​មួយ​ព្រះ​អង្គ ក្រៅ​អំពី​នោះ​ក៏​មាន​អ្នក​ថ្វាយ​ង៉ាន​ផ្លិត (អ្នក​បក់​ថ្វាយ) ទ្រង់​ជញ្ជឹង​ជ្រប់​ដល់​ព្រះ​គ្រោះ​របស់​ព្រះ​អង្គ បន្តិច​ស្ដេច​ក្រោក​ឡើង​ទឹង​តាំង​ធាក់​អ្នក​នេះ​អ្នក​នោះ ដែល​នៅ​ជិត​ថ្វាយ​ង៉ាន​ផ្លិត​ក្នុង​វេលា​នោះ ខណៈ​នោះ​ព្រះ​រាជ​ឱរស​ចូល​ទៅ​គាល់​ក្នុង​បន្ទប់ មាន​ភក្ដ្រ​ផូរផង់​ញញឹម​ញញែម​រីករាយ​ព្រះ​រាជា​ធ្វើ​ព្រះ​ភក្ដ្រ​តឹងធ្មឹង​ទៅ​រក​ឱរស លុះ​ស្វាង​ព្រះ​ក្រោធ​ហើយ​ត្រាស់​សួរ​ថា ទ្រៅបទី នៅ​ឯ​ណា អ្នក​ណា​បាន​នាង ឱ​កូន​សំឡាញ់​ឪពុក ព្រះ​សូរ​សៀង​ដែល​ត្រាស់​ចេញ​មក ញ័រ​ហើយ​ស្អក​ស្អា ទ្រង់​គង់​ស្ងៀម​បន្តិច​ត្រាស់​តទៅ​ទៀត​ថា ឱ​កូន​ឪពុក អំពី​នេះ​ជាដើម​ទៅ​នាង​តោង​ដើរ​សូម​ទាន​គេ​ចិញ្ចឹម​ពោះ​រាល់​មាត់​ទ្វារ​ផ្ទះ​អ្នក​ដទៃ ទាន​វត្ថុ​ដែល​បុគ្គល​លះ​ដោយ​ការុណ្យ​ចិត្ត និង​ប្រាណី​នេះ​ឯង ជា​រាជ​បណ្ដាការ​របស់​នាង ភាជន ដែល​នាង​កាន់​ត្រាច់​សូម​ទាន​គេ​នោះ ទុក​ជា​គ្រឿង​ប្រដាប់​ត្បូង​របស់​នាង អនិច្ចា​ឪពុក​នឹង​ទ្រាំ​អត់​សេចក្ដី​វេទនា​អស់​នេះ​បានឬ កាល​ឃើញ​កូន​ស្រី​ស្ពាយ​យាម​នៅ​ស្មារ​ដើរ​សូម​ទាន​គេ ឪពុក​បាន​សាង​អកុសល​កម្ម​ទុក​អំពី​កាល​ណា​ហ៎្ន ទើប​បាន​ទទួល​សេចក្ដី​អវមាន (មើល​ងាយ) ដូច​នេះ អនិច្ចា ឪពុក​រម្ងាប់​ទុក្ខ​ក្នុង​រឿង​នេះ​មិន​បាន ហើយ​ព្យាយាម​ដូចម្ដេច ៗ វា​ក៏​មិន​បាត់​ក្រំ​ក្នុង អាពុក​ប្រឹង​អត់​សង្កត់​ណាស់ ទាស់​តែ​ស្គម​ទ្រម​ខ្លួន របស់​ដែល​ផុត​វិស័យ​សតិ​បញ្ញា​នឹង​កែ​ខៃ ឬ​អស់​ផ្លូវ​នឹង​ដើរ​ហើយ ឪពុក​នឹង​ធ្វើ​ម្ដេច​បាន ឪពុក​តាំង​ចិត្ត​ថា​នឹង​លើក​ឲ្យ​ទៅ​អរជុន តែ​ព្រះ​ដ៏​ធំ​ជា​ម្ចាស់​សួគ៌​មក​បណ្ដាល​ឲ្យ​ឃ្លៀង​ឃ្លាត​ទៅ​យ៉ាង​ដទៃ ឪពុក​ដឹង​ច្បាស់​ហើយ​ថា ការ​យំ​ខ្សឹកខ្សួល​មិន​ជា​ប្រយោជន៍ តែ​ទុក្ខ​នេះ​ជា​មរណ​ទុក្ខ​របស់​បិតា​ហើយ បិតា​មិន​អាច​នឹង​រម្ងាប់​បាន​បាន​ដោយ​ឧបាយ​យ៉ាង​ណា​ឡើយ ។
ធ្ឫស្ដ-ទយុម័ន ក្រាប​ទូល​ដោយ​សម្ដី​ដ៏​ល្ហែម​ថា បពិត្រ​ព្រះ​ជនក​នាថ សូម​ព្រះ​អង្គ​ចូល​បន្ទោរ​បង់​នូវ​សេចក្ដី​សោកសៅ​អស់​នេះ​ចេញ អំពី​ព្រះ​កោមល​ចុះ​ព្រះ​ករុណា អរជុន​ជា​អ្នក​បាន​នាង​ទៅ​ជា​ប្រាកដ​ហើយ ។
ព្រះ​រាជា​មាន​ព្រះ​អស្សុ​ជល​កំពុង​ហៀរ​ហូរ ក៏​ស្វាង​ចែស​ដោយ​ពលវ​បីតិ​ក្នុង​ខណៈ​នោះ ត្រាស់​សួរ​ជា​ប្រញាប់​ថា មែន​ឬ ឯង​ដឹង​បាន​យ៉ាង​ម្ដេច អើ​ឯង​និយាយ​ទៅ​មើល ។
ព្រះ​ឱរស​ទូល​ប្រព្រឹត្ត​ហេតុ​ថា កាល​ព្រាហ្មណ៍​នាំ​ព្រះ​នាង​បង (ព្រះ​ជេដ្ឋកគិនី) ទៅ​កាន់​ទី​សំណាក់ ទូល​ព្រះ​បង្គំ​បាន​លប​តាម​ទៅ​មើល​មិន​ឲ្យ​គេ​ឃើញ លុះ​គេ​ចូល​ទៅ​ក្នុង​ទី​សំណាក់​របស់​គេ ទូល​ព្រះ​បង្គំ​ផ្ទៀង​ត្រចៀក​លប​ស្ដាប់​អំពី​ក្រៅ​ទ្វារ បាន​ដឹង​រឿង​នេះ​ច្បាស់ ក្នុង​កាល​ដែល​និយាយ​រៀបរាប់​ឲ្យ​មាតា​គេ​ស្ដាប់ ទូល​ព្រះ​បង្គំ​ទើប​ដឹង​បាន​ថា​ព្រាហ្មណ៍ ១ ពួក​គ្នា ៥ នាក់ ស្លៀក​ដណ្ដប់​ស្បែក​អម្រឹត​នោះ​គឺ បាណ្ឌវ​កុមារ​បង​ប្អូន​ទាំង ៥ ប្លម​អង្គ​មក​មុខ​គួរ​អាសូរ បាណ្ឌព​កុមារ និង​មាតា​បាន​សេចក្ដី​ព្រួយ​លំបាក​ជា​បំផុត ព្រោះ​ទុយោជន៍​គិត​ឫស្យា​ដុត​មន្ទីរ​របស់​គេ ដើម្បី​ឲ្យ​ស្លាប់​ក្នុង​គំនរ​ភ្លើង តែ​គ្រោះ​ជា ពាណ្ឌព​កុមារ​ដឹង​ខ្លួន​បាន​ជា​មុន ទើប​នាំ​គ្នា​រត់​តាម​ផ្លូវ​បាដាល រួច​អំពី​ភ័យ​មក បាន​នាំ​គ្នា​ដើរ​ផ្លូវ​មក​ជា​មួយ​នឹង​ពួក​ព្រាហ្មណ៍ ទាល់​តែ​មក​ដល់​ក្រុង​បញ្ចាល​នេះ ព្រះ​រាជា​ទ្រង់​ជឿជាក់​អស់​សង្ស័យ ទើប​ត្រាស់​ថា កូន​ឯង​ចូរ​ទៅ​ប្រាប់​អគ្គ​មហា​សេនា​បតី ឲ្យ​គេ​ទៅ​ស៊ើប​សួរ​យក​សេចក្ដី​ពិត​មក​ឲ្យ​បាន ។
ខ្ញុំ​រាជការ​មួយ​ពួក​ទទួល​រាជ​ឱង្ការ​ហើយ នាំ​គ្នា​ដើរ​សំដៅ​ទៅ​ផ្ទះ​ស្មូន​ឆ្នាំង មន្ត្រី​អម្បាល​នោះ​ចូល​ទៅ​ថ្វាយ​គំនាប់​បាណ្ឌព​កុមារ ហើយ​ម្នាក់​ក្នុង​ពួក​មន្ត្រី​ដែល​ទៅ​នោះ ទូល​ប្រព្រឹត្ត​ហេតុ​ដល់​រាជ​កុមារ​ដែល​បាន ទ្រៅបទី ថាៈ យើង​ខ្ញុំ​នាំ​គ្នា​សម្ដែង​សេចក្ដី​អំណរ​ដែល​លោក​មាន​ជ័យ​ការ​ដែល​លោក​សម្ដែង​ស្នាដៃ​ក្នុង​ថ្ងៃ​នេះ ពួក​អ្នក​ចម្រៀង​នឹង​ចង​ជា​បទ​កាព្យ​ទុក​សម្រាប់​សង្គីតប្រគំ​ច្រៀង ពួក​ចិន្ត​កវី​រាជ​ប្រាជ្ញ​ពង្សាវតារ​នឹង​ចារឹក​រឿង​នេះ ទុក​ក្នុង​ពង្សាវតារ​ឲ្យ​ខ្ចរខ្ចាយ និករ​ជាតិ​ទាំងឡាយ​ក៏​នឹង​មនសិការ​ចាំ​ទុក រហូត​កល្បាវសាន​ដោយ​ឆន្ទ​និយម កាល​ក្សត្រិយ៍​ទាំងឡាយ​បាញ់​មិន​ត្រូវ​វង់​នោះ ខត្តិយា​ធិបតី​របស់​យើង​ព្រួយ​ព្រះ​ហឫទ័យ​ថា ព្រះ​រាជ​ធីតា​របស់​ព្រះ​អង្គ គង់​តោង​នៅ​ជា​លីវ​សាវកែ​រក​គូ​គ្មាន​រហូត​ជីវិត រឿង​នេះ​ជា​ទុក្ខ​ធំ​គ្រប​សង្កត់​ព្រះ​ហឫទ័យ តើ​ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរគុណ​លោក​យ៉ាង​ខ្ពស់​ដែល​លោក​បាន​កំចាត់​មេឃ​មីរ ពោល​គឺ​សេចក្ដី​កង្វល់​ដ៏​ធំ​សឹង​គ្រប​សង្កត់​ព្រះ​ហឫទ័យ​ព្រះ​ករុណា​ចេញ​ទៅ​បាន ក្នុង​វេលា​នេះ​យើង​ខ្ញុំ​យល់​ឃើញ​ថា ក៏​ល្មម​នាំ​មក​បញ្ចេញ​ចែក​គ្នា​ស្ដាប់​បាន ហើយ​មិន​មែន​ជា​ការ​ល្មើស ក្នុង​ការ​រក្សា​សេចក្ដី​សម្ងាត់​ក្នុង​ព្រះ​ហឫទ័យ​នោះ​ទេ គឺ​អំពី​ដើម​មក​ទ្រង់​បំណង​នឹង​ឲ្យ​អរជុន អ្នក​ដែល​ល្បី​នាម​ទួទៅ​ទាំង​សកល​ជម្ពូ​បាន​ធីតា​របស់​ព្រះ​អង្គ តែ​វេលា​នេះ​ក៏​ទ្រង់​ព្រះ​បីតិ​យ៉ាង​លើស​លន់ ព្រោះ​ព្រះ​ធីតា​មិន​តោង​នៅ​ជា​លីវ​សាវកែ ហើយ​ព្រះ​អង្គ​ឆ្ងល់​ខ្វល់​ព្រះ​ហឫទ័យ​ជា​ពន្លឹក ចង់​ជ្រាប​ជាតិ​ត្រកូល នឹង​ស្រុក​កំណើត​របស់​អ្នក​មាន​ជ័យ​រហូត​ដល់​វេលា​នោះ ដែល​មក​បាន​ដឹក​ដៃ ទ្រៅបទី ព្រះ​រាជ​ធីតា​មក ។
បាណ្ឌព​រាជ​កុមារ​អង្គ​ធំ (គឺ​យុធិស្ឋិរ) ទទួល​ភារៈ​ទទួល​និយាយ​ត​តប​ពួក​ខ្ញុំ​រាជការ​ដែល​មក ដោយ​ព្រះ​អង្គ​ឯង​ទ្រង់​មាន​បន្ទូល​ថា ខ​សន្យា​ការ​ស្វយម្ពរ​ដែល​ស្ដេច​ក៏​ទ្រង់​ដ៏​ទ្រង់​នូវ​ឥស្សរស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នក​ទាំងឡាយ បាន​ប្រកាស​ហើយ​នោះ​អ្នក​ទាំងឡាយ​នឹង​យើង​ទាំងអស់​គ្នា ក៏​បាន​ជ្រួតជ្រាប​សព្វ​គ្រប់​ហើយ អ្នក​ណា​ក៏​អាច​នឹង​ចូល​ទៅ​ប្រឡង​ល​ថ្វី​ដៃ​បាន​គ្រប់ ៗ គ្នា បណ្ដាល​ដែល​នៅ​ក្នុង​ទី​នោះ ឯ​ខ​សន្យា​នោះ​សុភាព​បុរស​នេះ​ណែ បាន​បដិព័ទ្ធ​ហើយ​ដោយ​ប្រពៃ ព្រោះ​ហេតុ​នេះ​ព្រះ​ធីតា​ជា​ម្ចាស់​របស់​អ្នក​ទាំងឡាយ​ទើប​បាន​ជា​គូ​ភិរម្យ​របស់​គេ ទោះបី​អាក្រក់​ល្អ​ក៏​តាម​យថាកម្ម ។
ពួក​ខ្ញុំ​រាជការ​អម្បាល​នោះ ចេញ​ទឹក​មុខ​ងឿង យុធិស្ឋិរ​មិន​ចង់​ឲ្យ​ខ្ញុំ​រាជការ​ទាំង​នោះ​ងឿង​ឆ្ងល់ ទើប​ពោល​ទៅ​ទៀត​ថា មនុស្ស​ទួទៅ​គ្មាន​អ្នក​ណា​មួយ​ឡើយ​សង្ស័យ​ថា អរជុន​ជា​អ្នក​ចម្បាំង​ដ៏​ឯក​រក​គូ​ប្រៀប​គ្មាន ហើយ​តោង​មិន​សង្ស័យ​តទៅ​ទៀត​ថា អរជុន​ប្រាកដ មិនមែន​អ្នក​ដទៃ​មក​អំពី​ណា​ដែល​បាន​ព្រះ​ធីតា​ជា​ម្ចាស់​របស់​អ្នក យើង​សូម​សម្ដែង​សេចក្ដី​គាប់​ចិត្ត​នឹង​អនុមោទនា​ដល់​ចៅហ្វាយ​នាយ​របស់​អ្នក ដែល​បាន​ឃើញ​ការ​សម្រេច​ផល​តាម​ប្រាថ្នា នូវ​របស់​សឹង​គិត​ទុក​មក​ជា​យូរយារ​ហើយ​នោះ ។
កាល​ពួក​ខ្ញុំ​រាជការ​បាន​ស្ដាប់​ដូច​នោះ ក៏​ក្រោក​ឡើង​ព្រម​គ្នា ថ្វាយ​គំនាប់​ឱន​លំទោន​ហើយ​ក៏​លា​ទៅ សេចក្ដី​បំណង​របស់​គេ​វេលា​នេះ​ក៏​សម្រេច​ពិត​ឥត​សង្ស័យ មក​ល​សួរ​យក​ការ​ពិត​បាន តាម​ដែល​ម្ចាស់​ជីវិត​ប្រើ​មក គេ​ក៏​រីករាយ​នាំ​គ្នា​ត្រឡប់​ទៅ​ក្រាប​ទូល​ប្រព្រឹត្ត​ហេតុ​ដល់​ព្រះ​រាជា​វិញ​ថា ការ​ដែល​ត្រាស់​ប្រើ​ទៅ​នោះ ឥឡូវ​សម្រេច​ដូច​ព្រះ​ហឫទ័យ​បំណង​ហើយ ។
កាល​បាន​សេចក្ដី តាម​ដែល​ត្រាស់​ប្រើ​ឲ្យ​ទៅ​ស៊ើប​ក្នុង​ជាន់​ក្រោយ​នោះ​ហើយ គ្រា​នោះ​ត្រាស់​ឲ្យ​មាន​មហោស្រព​ក្នុង​ព្រះ​រាជ​មន្ទីរ នឹង​ត្រាស់​ឲ្យ​ទៅ​អញ្ជើញ​បាណ្ឌវ​កុមារ​ទាំង ៥ ចូល​មក​គាល់ មាន​ការ​ទទួល​តាម​ខត្តិយ​ប្រវេណី ក្នុង​ទី​សម្រាប់​ទទួល​មន្ត្រី ទ្រង់​ចូល​ទៅ​ឱប​ឱរស​ប្រសា និង​បង​ប្អូន​ទាំង ៤ អង្គ ទៀត​តាម​លំដាប់ ត្រាស់​សន្ទរកថា​ទទួល​សម្ពន្ធ​មិត្រ​មេត្រី នឹង​ទទួល​ប្រកាន់​សព្វ​ភ័យ​ទាំង​ពួង​ក្នុង​រាជធានី​របស់​ព្រះ​អង្គ មិន​ឲ្យ​មាន​មោះ​ថ្លោះ​ការ​បាន ។
លំដាប់​នោះ​ទ្រង់​ឲ្យ​ចាត់​ការ​ស្វយម្ពរ​វិវាហ​មង្គល រាជ​ធីតា ទ្រៅបទី សម​ស័ក្ដិ សម​កិត្តិយស នៃ​ខត្តិយ​ធីតា​គ្រប់​ប្រការ ទាំង​ឲ្យ​មាន​ការ​ល្បែង​លេង​តាម​ទំនៀម​វិវាហ​សម្ពោធ ពួក​បាណ្ឌ​កុមារ​ក៏​ដោះ​គ្រឿង​ប្លម​ចេញ នៅ​ជា​សុខ​ក្នុង​អារក្ខា​របស់​ព្រះ​ចៅ​បញ្ចាល​រាជ ជា​រាជ​សម្ពន្ធ​មិត្រ​ដ៏​ប្រសើរ​ស្មើ​ចិត្ត​នោះ​ហោង ។

ត​ទៅ​ភាគ​ទី៤

ភាគ​ទី ៤ ទី​ប្រជុំ​រដ្ឋ​មន្ត្រី


កាល ទ្រៅបទី អភិសេក​សម​រស និង​អរជុន​កុមារ​សម្រេច​ហើយ បាណ្ឌវ​ក្សត្រិយ៍​ក៏​នៅ​ជា​សុខ​ក្នុង​អំណាច​រក្ខា​នៃ​បញ្ចាល​រាជ ការ​គ្រប់គ្រង​រក្សា​ដូច​នេះ ជាទី​ត្រូវ​ហឫទ័យ​បាណ្ឌវ​ក្សត្រិយ៍​ណាស់ នឹង​ប្លម​អង្គ​ដើរ​ហើរ​ទៅ​ឯ​ណា​ដូច​អំពី​ដើម​ទៀត​ពុំ​បាន​ឡើយ ព្រោះ​ទុយោជន៍​បាន​ឃើញ​ហើយ​ចាំ​បាន​ជា​ប្រាកដ​ថា រាជ​កុមារ​អម្បាល​នេះ​នៅ​មាន​ជីវិត​រស់​នៅ ទុយោជន៍​គង់​ជា​ភ្ញាក់​ខ្លួន​មិន​តិច​ដែរ មក​ឃើញ​បាណ្ឌវ​ក្សត្រិយ៍​នៅ​មាន​ជីវិត​រស់​នៅ​ក្នុង​លោក ហើយ​គង់​នឹង​ឆ្ងល់​ក្នុង​ហឫទ័យ​ជា​បំផុត ដែល​មក​ឃើញ​អរជុន​មាន​ជ័យ បាន​នាង​ក្សត្រិយ៍​បញ្ចាល ជា​បាទ​បរិចារិការ នោះ​ចិត្ត​ឫស្យា​របស់​ទុយោជន៍​គង់​ឈួល​ឡើង​រក​ទី​បំផុត​គ្មាន ដែល​មក​ឃើញ​ព្រះ​ញាតិ ដែល​ព្រះ​អង្គ​ធ្វើ​ឧបាយ​នឹង​បំផ្លាញ​ឲ្យ​វិនាស​ក្នុង​អគ្រនី​នោះ មក​ចង​ស្ពាន​មេត្រី​នឹង​ព្រះ​ចៅ ទ្រុបទ ដែល​ជា​សត្រូវ​នឹង​ព្រះ​អង្គ​តាំង​ពី​កាល​ណា​មក​ហើយ ។
មាន​ការ​ប្រជុំ​ធំ​នៅ​ក្រុង​ហស្ថិនបូរ ធ្ឫតរាស្ត្រ​ប្រថាប់​លើ​រាជ​បល្លង្ក​មាន​រាជ​បរិពារ​ឈរ​ព័ទ្ធ​ជុំវិញ​ត្រៀប បី​ដូច​ជា​ផ្កាយ​ហេម​រោម​ព្រះ​ចន្ទ​ស្ងាត់​សម្លេង​ច្រៀប ប្រុង​ស្ដាប់​សព្ទ​ព្រះ​រាជ​តម្រាស់ ព្រះ​រាជា​ក៏​ទ្រង់​ក្រោក​ឡើង​ឈរ មាន​ព្រះ​រាជ​ឱង្ការ​សីហនាទ​ត្រាស់​ថា ។
ម្នាល​មន្ត្រី​ទី​ប្រឹក្សា​ទាំង​សម្ចាយ​ដែល​មក​សន្និបាត​ក្នុង​ទី​នេះ សុទ្ធ​តែ​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​ក្នុង​រាជការ​ផែនដី អ្នក​ទាំងឡាយ​ជា​គោល​សិលា​របស់​ប្រទេស អាណា​ចក្រ​របស់​យើង​ដែល​នឹង​តាំង​នៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ​ជា​ភ្នែក ជា​ច្រមុះ​សេចក្ដី​ចម្រើន​រុងរឿង​ថ្កើង​កេរ្តិ៍ នឹង​សេចក្ដី​សុខ​សម្រាន្ត​របស់​រាស្ត្រ​ដែល​នឹង​វឌ្ឍនា​តទៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ សេចក្ដី​សត្យ​សុចរិត​នឹង​ផែនដី​នៃ​អ្នក​រាល់​គ្នា ក៏​គ្មាន​ផ្លូវ​ឲ្យ​រង្គៀស សេចក្ដី​ដែល​អ្នក​ទាំងឡាយ​ភក្ដី​នឹង​យើង ក៏​គ្មាន​បន្ទិល​មួហ្មង​សូម្បី​ប៉ុន​ល្អង​ធូលី របស់​មោះហ្មង​ឆ្គង​រាគី​ក៏​គ្មាន​ចូល​មក​លាយ​ឡំ​ក្នុង​សេចធាតុ​ពោល​គឺ​សេចក្ដី​ភក្ដី​នេះ​ឡើយ យើង​ឲ្យ​ហៅ​អ្នក​ទាំងឡាយ​មក​ប្រជុំ​ក្នុង​គ្រា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​ពិគ្រោះ​បញ្ហា​មួយ ៗ ដែល​តែ​អំពី​វិចារណញ្ញាណ​របស់​យើង​តែ​ម្នាក់​ឯង មិន​អាច​នឹង​ទំពា​ឲ្យ​បែក​ទៅ​បាន សូម​ប្រើ​ជា​ញាណ​អ្នក​រាល់​គ្នា​ចូល​ជួយ​ទំពា​យើង សូម​ឲ្យ​អ្នក​ទាំងអស់​ចូល​សម្ដែង​សេចក្ដី​ភក្ដី​ដល់​យើង នឹង​ចូល​បំពេញ​ចំពោះ​ដល់​ផែនដី​ក្នុង​គ្រា​នេះ​ម្ដង​ទៀត អ្នក​ទាំងឡាយ​ក៏​ជ្រាប​ហើយ​ថា ពួក​បាណ្ឌព​បាន​ចង​សម្ពន្ធ​មេត្រី​នឹង​ព្រះ​រាជា ទ្រុបទ ដែល​ជា​សឹក​សត្រូវ​នឹង​យើង ដើម្បី​នឹង​រំលាយ​លាង​អមិត្រ​អ្នក​គិត​ប្រទូស្តរាយ ឲ្យ​ចេញ​ចាក​មាគ៌ា​ពោល​គឺ ភយន្តរាយ អ្នក​ទាំងឡាយ​នឹង​គិត​ធ្វើ​ដូចម្ដេច​ស្រួល ។
ទុយោជន៍​ក្រោក​ឡើង​ឈរ ពោល​កែ​បញ្ហា​ជា​ដំបូង​ថា សេចក្ដី​យល់​របស់​ទូល​បង្គំ​ជា​ខ្ញុំ​ក្នុង​រឿង​នេះ គឺ​ត្រូវ​ឲ្យ​សូក​ពួក​សេនាបតី​ព្រះ​ចៅ ទ្រុបទ ធ្វើ​ឲ្យ​បែក​សាមគ្គី​ក្នុង​រវាង​ពួក​គេ​ឡើង​នេះ​ជា​ឧបាយ ១ ខ ទូល​បង្គំ​ជា​ខ្ញុំ​នៅ​មាន​ឧបាយ​ក្នុង​ចិត្ត​មួយ​យ៉ាង​ទៀត ដែល​នឹង​ឲ្យ​ផល​វិសេស​ជាង​ខ​មុន គឺ​ត្រូវ​រិះ​រក​ទោស​ដ៏​លាមក មក​បាច​ប្រឡាក់​នាង ទ្រៅបទី ឲ្យ​នាង​និយាយ​មិន​ចេញ​កែ​ខ្លួន​មិន​រួច ខ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​បាណ្ឌវ​ក្រោធ​មួហ្មង​ហើយ លះ​លែង​នាង​ចោល អំពី​នោះ​មិត្រ​ភ័ក្ដិ​រវាង​ពួក​បាណ្ឌវ និង​បញ្ចាល​រាជ​ក៏​នឹង​ដាច់​អំពី​គ្នា​ទៅ​ឯង ការ​ដែល​ត្រូវ​ធ្វើ​ត​អំពី​នោះ​ទៀត គឺ​ដាក់​ថ្នាំ​បំពុល ភីម យក្ស​ធំ​ឲ្យ​ស្លាប់​បង់ ប៉ុណ្ណេះ​ក៏​អស់​រឿង​អំពល់​ចិត្ត​យើង​ទៅ​ហើយ ទុយោជន៍​អង្គុយ​ចុះ កណ៌​ក្រោក​ឡើង​ឈរ​ថ្លែង​មតិ ។
សូម​ទ្រង់​អភ័យ​ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្នុង​ការ​ដែល​មាន​សេចក្ដី​ឃើញ​មិន​ដូច​ទ្រង់​ទុយោជន៍ ដែល​ជាទី​សំឡាញ់​របស់​យើង ទូល​ព្រះ​បង្គំ​ឃើញ​មាន​ថ្នាំ​កែ​តែ​មួយ​មុខ គឺ​អាស្រ័យ​កម្លាំង​ទាហាន​ដ៏​រឹង​រិទ្ធិ​របស់​យើង ឲ្យ​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ជា​យ៉ាង​ឆាប់ ទូល​ព្រះ​បង្គំ​ជឿ​ថា កងទ័ព​របស់​គេ​ទុពល​ភាព គង់​នឹង​ទប់ទល់​កម្លាំង​ទាហាន​របស់​យើង​មិន​បាន ដែល​នឹង​លើក​កម្លាំង​ទៅ​យាយី​គ្រា​នេះ ត្រូវ​ចាត់​ការ​ដោយ​រួស​រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ​ក្រិស្ណ ព្រះ​រាជា​គុជរាត មាន​ឱកាស​លើក​កម្លាំង​មក​ជួយ​គេ​បាន ។
លំដាប់​នោះ ព្រះ​ចៅ ធ្ឫត​រាស្ត្រ​ត្រាស់​សួរ ភីស្ម ក្សត្រិយ៍​ជរា​តើ​នឹង​មាន​យោបល់​យល់​ឃើញ​ដូចម្ដេច ភីស្ម ថ្លែង​ថា កាល​បើ​ព្រះ​ករុណា​សុំ​សេចក្ដី​ឃើញ​របស់​ទូល​ព្រះ​បង្គំ ក៏​ត្រូវ​ពោល​តែ​ពាក្យ​ពិត តែ​បុរាណ​លោក​ថា (ពាក្យ​ពិត​រែង​ស្លែង) ទូល​ព្រះ​បង្គំ​យល់​ឃើញ​ថា តាម​សិទ្ធិ​នៃ​រាជ​ប្រវេណី យូធិស្និរ​ជា​រជ្ជ​ទាយាទ តាម​ច្បាប់​ត្រូវ​បាន​រាជ​សម្បត្តិ បើ​ព្រះ​ករុណា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​លះ​រាជ​សម្បត្តិ​ទាំង​មូល​ឲ្យ​គេ​សោត ក៏​គួរ​បែង​ផែនដី​ឲ្យ​គេ​ពាក់​កណ្ដាល យុត្តិធម៌​នឹង​សេចក្ដី​ពិត​ត្រូវ​ឲ្យ​ទ្រង់​ប្រតិបត្តិ​ការ​ក្នុង​រឿង​នេះ​ដូច​នេះ បើ​ទ្រង់​កើប​កោយ​យក​ទ្រព្យ​សម្បត្តិ​ទាំង​ភាគ​ដែល​គេ​ត្រូវ​បាន​មក​សោត ទូល​បង្គំ​ព្យាករណ៍​ទុក​វេលា​នេះ​ថា សេចក្ដី​វិនាស​លិច​លង់​អាណា​ចក្រ​របស់​ទ្រង់ នឹង​មក​ដល់​ក្នុង​មិន​យូរ សេចក្ដី​លោភ​លន់​ហួស​ប្រមាណ នឹង​នាំ​នូវ​សេចក្ដី​វិនាស​យ៉ាង​ធំ​មក​ឲ្យ​ដល់​ប្រយូរ​វង្ស​របស់​ទ្រង់ ដំណឹង​ដែល​ឧរស​ព្រះ​ករុណា​គិត​ប្រទុស្ត​នឹង​ដុត​បង​ប្អូន​ទាំង​រស់​នោះ ល្បី​រហូត​ទៅ​ក្រៅ​អាណា​ចក្រ​រុកុ អ្នក​ស្រុក​ខាង​ក្នុង​ខាង​ក្រៅ​រាជ​អាណា​ចក្រ​ពោល​ខ្ទាំងខ្ទប់​ថា ទុយោជន៍​គិត​ប្រទុស្តរាយ​ទំលាយ​ព្រះ​ញាតិ ។
កណ៌​ក្រោក​ឈរ​ឡើង​ជា​គម្រប់​ពីរ​ដង ដើម្បី​បរិយាយ​វចន​វោហារ​របស់ ភីស្ម គេ​និយាយ​ថា ចិត្ត​របស់ ភីស្ម ប្រកប​ដោយ​ឆន្ទា​គតិ ភ្នែក​របស់ ភីស្ម ងងឹត​ក្នុង​យុត្តិធម៌ វិចរណញាណ​របស់ ភីស្ម ឃើញ​ឆេវ​ទៅ​ក្នុង​ផ្លូវ​ខុស ភីស្ម មាន​រោគាពាធ​ឯ​ណា​និមួយ​មក​បិទ​បាង ញ៉ាំង​ទស្សន​ញាណ​របស់​គេ​ឲ្យ​វិកល​ទៅ រឿង​នេះ​ជា​មុខ​ក្រសួង​របស់​ទី​ប្រឹក្សា ទី​ប្រឹក្សា​តោង​តប​បញ្ហា​ឲ្យ​ឆិត​ជិត​ទៅ​តែ​ម្ដង ដោយ​ទឹក​ចិត្ត​ដ៏​ត្រជាក់ មិន​ត្រូវ​ញញើត​នឹង​គ្រឿង​ខ្ទាំងខ្ទប់​ឯ​ណា​និមួយ សម្ដី​ទី​ប្រឹក្សា​អ្នក​ប្រកប​ដោយ​សេចក្ដី​ប្រហែស​ធ្វេស និយាយ​ចេញ​មក​ឃើញ​ថា ខ្សត់​វិចរណញាណ​មិន​គិត​ឲ្យ​ជុំ​ជិត​ជ្រុងជ្រោយ​សិន រមែង​នាំ​សេចក្ដី​វិនាស​មក​ឲ្យ​ប្រទេស ។
ទោណ​អាចារ្យ​ឃាត់​កណ៌​ថា ឈប់​សិន​ទៅ​កណ៌​អើយ ឈប់​រលាស់​អណ្ដាត ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​អួត​ទៅ​សិន​ទៅ អ្នក​មិន​បង្អង់​និយាយ ទាល់​តែ​សេចក្ដី​វិនាស​ធ្លាក់​មក​លើ​ខត្តិយ​ចង្ស​របស់​យើង​ទៅ​ឬ អាការ​ធ្ងន់​ណាស់​ព្រះ​គុណ​អើយ កុំ​ម៉្លោះ​ពេក វិទូរ​ក្រោក​ឈរ​ឡើង​ពោល​ទទឹង​ទាស់​នឹង​មតិ​ទុយោជន៍​ថា ។
មុខងារ​នាទី​របស់​ខ្ញុំ បង្គាប់​ខ្ញុំ​ឲ្យ​ពោល​ចេញ​មក​តាម​សេចក្ដី​ពិត​ត្រង់​ក្នុង​ចិត្ត ផល​ក្នុង​ទី​បំផុត​នឹង​បង្កើត​ឡើង​ដូចម្ដេច ទុក ១ អន្លើ ថា​បើ​បណ្ដោយ​ឲ្យ​ករណី​ហេតុ​ដំណើរ​ទៅ​ដូច​នេះ ក្នុង​ពេល​មិន​យូរ គង់​នឹង​ប្រទះ​អានិដ្ឋារម្មណ៍​ជា​មិន​ខាន ព្រះ​នាមាភិធ័យ​នៃ​វង្ស​ក្សត្រិយ៍​របស់​យើង​នឹង​សាបសូន្យ​ទៅ ព្រោះ​ហេតុ​នោះ​គំនិត​របស់​យើង​ខ្ញុំ ក៏​គឺ​នឹង​ឲ្យ​ផ្សះ​ផ្សា​សេចក្ដី​បែក​សាមគ្គី​រវាង​ព្រះ​ញាតិវង្ស ដោយ​ឧបាយ​ឯ​ណា​និមួយ​ដ៏​ប្រពៃ តាម​ផ្លូវ​យុត្តិធម៌ ។
ការ​ប្រឹក្សា​គ្នា​ក​ឈប់​ស្លេះ​តែ​ប៉ុណ្ណេះ ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ប្រកាស​កាត់​សំនួន ជា​ពាក្យ​ដាច់​ខាត​ចេញ​មក​ថា ត្រូវ​ទៅ​ទទួល​បាណ្ឌវ​ក្សត្រិយ៍​ដែល​ត្រូវ​និរទេស ត្រឡប់​មក​កាន់​ព្រះ​នគរ​វិញ យើង​នឹង​ប្រគល់​ផែនដី​ហស្ថិន​បូរ​ឲ្យ​ពាក់​កណ្ដាល ឲ្យ​បង​ប្អូន​ទាំង ៥ សេព​សោយ​សម្បត្តិ​តាម​ខត្តិយ​ប្រវេណី ។
លំដាប់​នោះ ទើប​ទ្រង់​ចាត់​ឲ្យ​រាជ​ទូត​នាំ​រាជ​សាសន៍​ទៅ​កាន់​ក្រុង​បញ្ចាល ដើម្បី​នឹង​អញ្ជើញ យុធិស្ឋិរ ព្រម​ទាំង​ប្អូន​បួន​នាក់​ត្រឡប់​មក​ព្រះ​នគរ កាល​រាជ​ទូល​អម្បាត​នេះ​ទៅ​ដល់​ក្រុង​បញ្ចាល នាំ​គ្នា​ចូល​គាល់​ក៏​ប្រទះ​គ្នា​នឹង​បាណ្ឌវ​កុមារ កំពុង​គាល់​សន្ទនា​រីករាយ ជា​មួយ​ព្រះ​ចៅ ទ្រុបទ ។
ព្រះ​រាជ ទ្រុបទ ត្រាស់​ព្រះ​សូរ​សៀង​យ៉ាង​អាណោច​អាធម​ថា យុធិស្ឋិរ គ្មាន​រឿង​អ្វី​ក្នុង​ពង្សាវតារ​របស់​លោក នឹង​ដូច​រឿង​របស់​អ្នក​ទេ មុខ​គួរ​វេទនា​អ្វី​ម៉្លេះ ដែល​ព្រះ​ញាតិ​របស់​អ្នក​ត្រឡប់​ទៅ​ជា​សត្រូវ ជា​គូ​ចង​ពៀរ​វេរា​នឹង​គ្នា​ដូច​នេះ ។
យុធិស្ឋិរ ពោល អារឿង​លាភ រឿង​អំណាច ទូល​ព្រះ​បង្គំ​មិន​ចង់​ឃើញ​មុខ​វា វា​ធ្វើ​ឲ្យ​បង​ប្អូន​ទាស់​ទែង​គ្នា ឪពុក​និង​កូន​ទាស់​គ្នា ទ្រព្យ​សម្បត្តិ អំណាច ស្ត្រី របស់ ៣ មុខ​នេះ ជា​មារ​សម្រាប់​ផ្ចាញ់​មនុស្ស​យើង​ឲ្យ​វិនាស​ហីនហោច​ទៅ ។
ព្រះ​រាជា ទ្រុបទ ឡើង​ព្រះ​ភ័ក្ដ្រ​ច្រាល​ដោយ​លោហិត ត្រាស់​ថា យើង​សុំ​ធ្វើ​ពាក្យ​ផ្ដេជ្ញា​ប្រកាស​ទុក​ក្នុង​ទី​នេះ ថា​បើ​អ្នក​ឯង​មិន​បាន​ចំណែក​ព្រះ​នគរ​ដោយ​ស្រួល​សោត យើង​នឹង​ជួយ​អ្នក​ឯង​ដោយ​កម្លាំង​អាវុធ ។
ខណៈ​នោះ​អ្នក​ភ្នាក់ងារ​មុខ​ក្រសួង​នាំ​ទូត​ចូល​ទៅ​គាល់ ទូត​អម្បាល​នោះ​ចូល​ទៅ​ក្រាប​ចំពោះ​ព្រះ​ភ័ក្ដ្រ​ក្រាប​ទូល​ថា ខត្តិយា​ធិបតី​ដ៏​ជា​ម្ចាស់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ត្រាស់​បញ្ជា​ឲ្យ​នាំ​ពារ​ដ៏​មាន​ដ៏​ជា​មង្គល​មក​ក្រាប​ទូល​ព្រះ​អង្គ​ឲ្យ​ទ្រង់​ជ្រាប ដ្បិត​ព្រះ​រាជា​មាន​ព្រះ​ហឫទ័យ​សោមនស្ស​ណាស់ ដែល​មក​ឃើញ​សេចក្ដី​រួបរួម​គ្នា​រវាង​រាជ​ត្រកូល​ទាំង​ពីរ គឺ បណ្ឌុ និង បញ្ចាល តែ​ព្រះ​រាជា​ដ៏​ជា​ប្រធាន​នៃ​កុរុរដ្ឋ​មាន​ព្រះ​រាជ​ហឫទ័យ​បំណង​នឹង​ឃើញ​វិមល​ភ័ក្ដ្រ​ព្រះ​ភាគិណៃ​ទាំង​ប្រាំ ព្រះ​រាជ​ជននី​សោត​ក៏​ចង់​យល់​ព្រះ​ភ័ក្ដ្រ​យុវតី​ស្រី​សុណិសា ប្រជាជន​ត្រៀម​ព្រម​គ្នា​ហើយ ដើម្បី​នឹង​ទទួល​ស្ដេច ។
ព្រះ​រាជា ទ្រុបទ មិន​សព្វ​ព្រះ​ហឫទ័យ​ក្នុង​រឿង​ដែល​បាណ្ឌវ​កុមារ​នឹង​គ្នា​ត្រឡប់​ទៅ​ក្រុង​ហស្ថិនបូរ​វិញ តែ​នឹង​ទ្រង់​ហាម​ឃាត់​សោត មើល​ទៅ​ជា​ការ​មិន​គួរ ក្នុង​ទី​បំផុត​ក៏​ទ្រង់​អនុញ្ញាត​តាម​សុំ ។
បាណ្ឌព​កុមារ ព្រម​ដោយ​ព្រះ​ជននី នឹង​នាង ទ្រៅបទី ក៏​រៀបចំ​រាជ​ដំណើរ ស្ដេច​ដើរ​ផ្លូវ​ទៅ​ថ្កាន​ក្រុង​ហស្ថិនបូរ មាន​ទាហាន​នឹង​រាជ​បរិពារ​ជា​ក្បួន​ហែហម នឹង​មាន​ភ្លេង​ត្រែ​សង្ខ​តូរ្យតន្ត្រី​ប្រគំ​សូរ​សព្ទ​ទ្រហឹង​អឺងអាប់​ទៅ​តាម​មគ្គ​វិថី ។
កាល​មក​ដល់​ក្រុង​ហស្ថិបូរ មន្ត្រី​ខ្ញុំ​រាជការ​អ្នក​ធំ​ចេញ​មក​ទទួល​នៅ​ទ្វារ​ព្រះ​នគរ រាស្ត្រ​និករ​ទាំង​ពួង​ក៏​ជ្រើមជ្រួល​បបួល​គ្នា​មក​ទទួល​ស្ដេច​ជាទី​ស្រឡាញ់​របស់​គេ ដោយ​បីតិ​ដ៏​មាន​កម្លាំង​សឹង​ពុំ​អាច​នឹង​ទប់​ជើង​ឲ្យ​នឹង លុះ​ឮ​សូរ​កាំភ្លើង ទឹង ទឹង ដែល​គេ​បាញ់​ថ្វាយ​គំនាប់​ខ្ទរ​ទាំង​ពសុធា អ្នក​នគរ​ក៏​ចូល​ចិត្ត​បាន​ថា បិយ​ក្សត្រិយ៍​របស់​គេ​ចូល​មក​ក្នុង​​ខេត្ត​ព្រះ​នគរ​ហើយ សេចក្ដី​រីករាយ​របស់​រាស្ត្រ​ទប់​ជើង​មកន​នឹង បណ្ដា​ស្រី​ប្រុស ចាស់​ក្មេង តូច​ធំ ស្រោក​ស្ររ​ហូរហៀរ​ចេញ​មក ដើម្បី​ឃើញ​បាណ្ឌវ​ក្សត្រិយ៍ ។
នៅ​ទី​ព្រះ​រាជ​វាំង និង​តាម​ផ្លូវ​ថ្នល់ ដោត​រាជវ័ត ឆ័ត្រ​ទ្រង់​ព្រោងព្រាត នៅ​មាត់​ទ្វារ​និមួយ ៗ ក៏​សុទ្ធ​តែ​ប្រដាប់​ដោយ​គ្រឿង​សម្ដែង​សេចក្ដី​បដិសណ្ឋារ​ត្រេកអរ​ទទួល នឹង​ជា​ទី​ប្រដាប់​កិត្តិយស​នៃ​ខត្តិយ​រាជ លុះ​បាណ្ឌវ​កុមារ​ចូល​មក​ដល់​ទី​គាល់​ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ស្ដេច​ចុះ​ចាក​រាជ​បល្ល័ង្ក ត្រង់​មក​ឱប​ក្មួយ​រាល់​អង្គ​តាម​លំដាប់ បាណ្ឌវ​កុមារ​ក៏​ក្រាប​ទៀប​បាទ​យុគល​ទទួល​ពរ ព្រះ​រាជជិនី នឹង​ពួក​នារី​ដែល​មាន​បណ្ដា​ស័ក្ដិ​ខ្ពស់​ក្នុង​រាជ​សំណាក់​ក៏​ដូច​គ្នា នាំ​គ្នា​ទៅ​ទទួល ទ្រៅបទី ទ្រៅបទី​ក៏​ក្រាប​ចុះ​ទៀប​បាទ សម្ដែង​សេចក្ដី​គោរព​តាម​បែប​សុភាព​ស្ត្រី មើល​ទៅ​កិរិយា​មារយាទ និង​រូប​ឆោម​របស់​នាង​ជាទី​ត្រូវ​ព្រះ​ហឫទ័យ ព្រះ​រាជ​វង្សានុវង្ស​ក្សត្រី​ជា​យ៉ាង​ក្រៃពេក ពួក​ប្រយូររវង្ស​គ្រប់​ព្រះ​អង្គ ក៏​ស្រឡាញ់​ពេញ​ហឫទ័យ និង​សរសើរ​គុណ​សម្បត្តិ​របស់​នាង​ជា​អនេក​ប្រការ ។
ការ​ផ្សះផ្សារ​រវាង​ព្រះ​ញាតិ​ដែល​ឃ្លាត​គ្នា​ទៅ បាន​សះ​ជា​ព្រម​ព្រៀង​ឡើង​វិញ​ដោយ​ប្រការ​ដូច​នេះ មធុរ​កថា​របស់​ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ត្រាស់​ប្រលោម​លួង​ឲ្យ​សាមគ្គី​គ្នា​ទៅ​វិញ​ជា​ច្រើន​ប្រការ ទោះបី​មិនស្និទ្ធ​គ្នា​ដូច​អំពី​ដើម​ក៏​អង្គឺ​ក្ដី ទ្រង់​ប្រាស្រ័យ​នឹង​យុធិស្ឋិរ​ជា​ក្មួយ​ច្បង​ថា សេចក្ដី​អារិ​ចិត្ត​រវាង​ក្មួយ​និង​មា វេលា​នេះ រាប់​ថា​គ្មាន​ហើយ តទៅ​ខាង​មុខ​សុំ​ឲ្យ​មេត្រី​រវាង​រាជ​ត្រកូល​កុរុ និង​បណ្ឌុ​គប្បី​មាន​ដល់​គ្នា ដែល​ជា​ព្រះ​ញាតិ​ជីដូន​មួយ​គ្នា មា​សុខ​ចិត្ត​បែង​ផែនដី​ឲ្យ​ក្មួយ​ពាក់​កណ្ដាល ក្មួយ​នឹង​តាំង​រាជធានី​ឡើង​ថ្មី​ទៀត​នៅ​ខណ្ឌ​វបថ ឬ​នៅ​ទី​ដទៃ​ក៏​បាន ហើយ​ចូរ​គ្រប់គ្រង​អាណា​ចក្រ​របស់​ក្មួយ​ឲ្យ​ជា​សុខ​សម្រាន្ត​ភិយ្យោយស​ចុះ ។
អាស្រ័យ​ហេតុ​នេះ រាជ​អាណា​ចក្រ​ក្រហស្ដិនបូរ ទើប​ត្រូវ​ញែក​ជា​ពីរ​ភាគ ទុយោជន៍​រើស​យក​ខេត្រ​ផ្សេង ៗ ក្នុង​ទិស​បូព៌ ដែល​សម្បូណ៌​ទៅ​ដោយ​ផលា​ផល​ជា​សិទ្ធិ​របស់​ខ្លួន យុធិស្ឋិរ​បាន​ភាគ​ខាង​លើ ដែល​ជា​ទី​អរញ្ញ​ប្រទេស តោង​កាប់​គាស់​រាន​សាង​ជា​រាជធានី​ទីក្រុង​ឡើង ។

ត​ទៅ​ភាគ​ទី ៥



ភាគ​ទី ៥ ឥន្ទ្របថ​រដ្ឋ រាជ​អាណា​ចក្រ​ថ្មី


ត​មក បាណ្ឌវ​ក្សត្រិយ៍​ទាំង ៥ អង្គ ក៏​នាំ​គ្នា​ទៅ​សាង​រាជធានី​ទីក្រុង​ថ្មី​នៅ​ខណ្ឌ​វបថ ផ្ដើម​កសាង​កាប់​គាស់​ឈើ​ព្រៃ ចូល​ចាំង​ជម្រះ​ដី ទី​ទួល​ឲ្យ​រាប​ទៀប​ស្មើ​ផ្ទៃ ស្រេច​ហើយ​នៃ ទើប​សាង​ព្រះ​រាជ​មន្ទីរ ព្រម​ទៅ​ដោយ​កំផែង​ដ៏​វិចិត្រ ហាក់​ដូចជា​ទេព​និម្មិត្រ​ក៏​ប្រហែល​គ្នា តាំង​នៅ​ឆ្នេរ​ទន្លេ​យមុនា​ខ្ពស់​ត្រដឹម​ស្កឹមស្កៃ លេច​កំពូល​ច្រូងច្រាង​ប្រាង្គ​លលៃ​គ្រប​ទៅ​លើ​ទន្លេ ជីក​ស្រះ​ជីក​គូ​នឹង​បន្លាយ​ជ្រលង​អូរ សម្រាប់​បង្ហូរ​ទឹក​ចេញ​ចូល​តាម​ត្រូវ​ការ ធ្វើ​ទាំង​ឱទ្យាន​សួន​ផ្កា និង​សួន​ច្បារ​ផលា​ផល​ជុំវិញ​ព្រះ​រាជ​មន្ទីរ​សុទ្ធ​សឹង​តែ​ព្រឹក្សា​លតា​ជាតិ​ដ៏​មាន​ផ្លែ​ផ្កា គួរ​ជាទី​ទស្សនា​នៃ​អ្នក​ដែល​បាន​ទៅ​យល់ មាន​ជ្រលង​ដង​ទឹក​ដ៏​ថ្លា ហូរ​អំពី​ទន្លេ​យមុនា​ចូល​ទៅ​ក្នុង​ឱទ្យាន ដក់​ទៅ​ក្នុង​ល្អាង​ដ៏​មាន​នៅ​ក្នុង​សួន​ជា​អន្លើ ៗ សម្រាប់​ចិញ្ចឹម​ឈើ​ព្រឹក្សា​លតា​ជាតិ​ឲ្យ​ស្រស់​ខ្ចី​ជានិច្ច មាន​ហ្វូង​រមាំង​ទ្រាយ​ទន្សាយ​ក្ដាន់​ជាដើម ដើរ​រក​ស៊ី​ស្មៅ​ក្នុង​ត្រិណុទ្យាន​ដ៏​ខៀវ​ខ្ចី​វិស័យ​ដូចជា​ព្រំ​ដ៏​វិចិត្រ មាន​ហ្វូង​បក្សី​នរ​ជាតិ ហិច​ហើរ​ឆ្វៀល​ឆ្វាត់​ចាប់​ព្រឹក្សា មយូរា​ដើរ​កែ​ក្រាយ​ក្បែរ​គុម្ព​ឈើ ខ្លះ​ទំ​លើ​មែក​ឈើ​ស្រសាស់​ស្លាប ក្ងោក​ប៉ោល​តោក​នូវ​សេក​ចាប យាស​យំ​កេបកាប​តាម​ភាសា សកុណា​ឆ្លាស់​ឆ្លើយ​រងំ​ព្រៃ ត្រូវ​នឹង​សម្លេង​រៃ​យំ​ងាំង ៗ ឮ​ហើយ​ភាន់​ភាំង​ឈាន​ឈប់​ឈរ​ស្ដាប់​សព្វ​បក្សី ។
អាស្រ័យ​លោក​សង្ខារ​តាក់តែង​ឡើង ដោយ​ធម្មតា​ឯង​ខ្លះ អាស្រ័យ​វិទ្យា​របស់​បុគ្គល​រចនា​ឡើង​ខ្លះ ឆោម​លំអ​នៃ​ធម្មជាតិ​ទាំងឡាយ​នោះ ទើប​ប្រមូល​មក​មាន​ព្រម​នៅ​ទី​នោះ ជាទី​សម្រាន្ត​រម្យ​រីករាយ​នៃ​អ្នក​ដ៏​ជា​ម្ចាស់ លុះ​សាង​ស្រេច​បាណ្ឌវ​ក្សត្រិយ៍​ក៏​ស្ដេច​ឡើង​គង់​វាំង​ថ្មី​តាម​វិធី​បុរាណ​សម្មត​នាម​ថា ឥន្ទ្របថ ព្រោះ​ល្អ​ប្រហែល​រម្យ​ស្ថាន​ក្នុង​ត្រៃត្រឹង្ស​ភព​របស់​សម្ដេច​អម្រិន្ទ្រាធិរាជ ។
គ្រា​នោះ​អ្នក​នគរ​ព្រម​គ្នា​អញ្ជើញ​យុធិស្ឋិរ​ឡើង​សោយរាជ​សម្បត្តិ​នា​ក្រុង​ឥន្ទ្របថ ដោយ​ម្លប់​ពោធិ​សម្ភារ​របស់​ព្រះ​អង្គ ប្រទេស​ក៏​ស្ដុកស្ដម្ភ​សម្បូណ៌​ឡើង​គ្រប់​យ៉ាង ប្រជា​រាស្ត្រ​នៅ​ជា​សុខ​ក្សេមក្សាន្ត​សព្វ​ទិវា​រាត្រី ឥត​មាន​ភិតភ៏យ​ដោយ​រឿង​អ្វី ទ្រង់​ផ្សាយ​ព្រះ​រាជាបុភាព​វាទ​ចេញ​ទៅ​បន្តិច​ម្ដង ៗ រឿយ ៗ ទៅ ទាល់​តែ​ឥន្ទ្របថ​រដ្ឋ​ធំ​ទូលាយ​ជាង​កំណត់​ដើម មិនមែន​តែ​មាន​ដែនដី​ធំ​ប៉ុណ្ណោះ នៅ​មាន​កម្លាំង​រេហ៍ពល​ដ៏​ក្លាហាន​ជា​អនេក ទ្រង់​នៅ​អំណាច​ឥស្សរ​ភាព​ក្នុង​ផ្លូវ​រដ្ឋ​ប្រសាសន​យ៉ាង​ស្រួច លុះ​ព្រះ​យុធិស្ឋិរ​ឃើញ​ថា ការ​ព្រះ​នគរ​បាន​ចម្រើន​ធំ​ទូលាយ​ដល់​ខ្នាត​ហើយ​ការ​គ្រប់គ្រង​ក៏​ខ្ជាប់ខ្ជួន​បរិបូណ៌​គ្រប់​យ៉ាង​ហើយ ទ្រង់​នៅ​ព្រះ​តេជានុភាព និង​ព្រះ​កិត្តិយស​ជា​មហា​រាជា ទ្រង់​ប្រាថ្នា​និង​ធ្វើ​ពិធី​សូយយ័ជនកម៌ ការ​បូជា​មហា​រាជ ដើម្បី​ប្រកាស​ឥស្សរ​ភាព​របស់​ទ្រង់ អ្នក​ជា​មហា​រាជា ឲ្យ​ប្រាកដ​ទៅ​ក្នុង​ពពួក​ក្សត្រី​នោះ​ដែរ​គ្រង​នគរ​តូច​តាច​នៅ​ជិត​ខាង​រាជ​រដ្ឋ​សីមា ទើប​ទ្រង់​ប្រើ​អនុជា​ទាំង ៤ អង្គ ឲ្យ​យាត្រា​ទៅ​ជាន់​ដែន​ប្រទេស​រាជ​ជិត​ខាង​អម្បាល​នោះ ដើម្បី​ប្រកាស​ឥស្សរ​ភាព​ជា​ក្សត្រិយ៍​ធំ​លើ​នានា​ប្រទេស​រាជ ពួក​ប្រទេស​រាជ​ដែល​ព្រម​ចុះ​ចូល ក៏​បាន​អញ្ជើញ​មក​ប្រជុំ​ក្នុង​ពិធី សូយយ័ជនកម៌ ចំណែក​ឯ​ប្រទេស​ដែល​រឹង​ទទឹង ឬ​តស៊ូ ក៏​ត្រូវ​ប្រហារ​ខ្ទេច​ទៅ ដែនដី​ក៏​ត្រូវ​រឹប​យក​មក​រួម​ជា​អាណា​ចក្រ​មហា​រាជា​ឥន្ទ្របថ ។
រាជ​សូយ​ពិធី​គ្រា​នេះ កើត​ផល​សម្រេច​យ៉ាង​ធំ​ក្នុង​ផ្លូវ​រដ្ឋ​ប្រសាសនោបាយ ធ្វើ​ឲ្យ​ព្រះ យុធិស្ឋិរ តាំង​មាំ​នៅ​ក្នុង​រាជ​សម្បត្តិ បាន​ផ្សាយ​រាជ​សម្បត្តិ​អាណា​ចក្រ​គ្រប​ទៅ​លើ​សាមន្តរាជ​តូច​ធំ​ទាំងឡាយ ជា​បច្ច័យ​ឲ្យ​ព្រះ​អង្គ​មាន​មិត្រ​មេត្រី នឹង​មហា​រាជា​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​លើ​ជា​ច្រើន​អង្គ ហើយ​ជួយ​ជ្ញជូន​ព្រះ​តេជានុភាព និង​កិត្តិ​ប្រវត្តិ​ឲ្យ​ខ្ចរខ្ចាយ​ទួទៅ​ក្នុង​នានា​ប្រទេស ។
ស្រេច​ការ​ពិធី​នេះ​ហើយ​មិន​យូរ​ប៉ុន្មាន ទុរយោជន៍​ព្រម​ដោយ​រាជ​បរិពារ និង​ព្រះ​សសុនិ ជា​បិតុលាធិរាជ​នៃ​គណៈ​ក្សត្រិយ៍​គោរព ស្ដេច​ទៅ​ប្រពាត​ឯ​នគរ​ឥន្ទ្របទ ដែល​ឧស្សាហ៍​ស្ដេច​ទៅ​ទាំង​ម៉្លេះ ដោយ​ព្រះ​ហឫទ័យ​ពេញ​ទៅ​ដោយ​សេចក្ដី​ឬស្យា ជាង​ទៅ​សម្ដែង​សេចក្ដី​ត្រេកអរ​ក្នុង​រឿង​សាង​រាជធានី​ថ្មី សារពើ​ដែល​ទ្រង់​បាន​ឃើញ សារពើ​ដែល​ទ្រង់​បាន​ស្ដាប់ សារពើ​ដែល​ទ្រង់​បាន​ប្រារព្ធ​ទៅ​ដល់ សុទ្ធ​តែ​ជា​គ្រឿង​រុញ​រុក​ឲ្យ​កើត​សេចក្ដី​ឬស្យា និង​អាឃាត​ឡើង នឹង​មើល​ភូមិ​ប្រទេស​ឥន្ទ្របទ​ក៏​ល្អ​ឯក​អស្ចារ្យ នឹង​មើល​ទៅ​មុខ​មាត់​ប្រជាជន ក៏​រីករាយ​ឆ្អែតឆ្អន់​ទៅ​ដោយ​សេចក្ដី​សុខ​សម្រាន្ត ព្រះ​រាជា​ណាចក្រ​រុងរឿង​សម្បូណ៌​ព្រម​ពេញ​ទៅ​ដោយ​របស់​ដ៏​មាន​តម្លៃ ជាទី​គួរ​មើល​គួរ​ឃើញ​របស់​ដែល​អស្ចារ្យ​បំផុត​ក៏​គឺ​ព្រះ​រាជ​វាំង ផុត​វិស័យ​ទុយោជន៍​នឹង​ប្រទះ​ឃើញ​ក្នុង​ទី​ដទៃ ការ​ដែល​ទៅ​ក្រុង​ឥន្ទ្របទ​គ្រា​នេះ សង្កេត​មើល​អាកប្ប​កិរិយា​ក៏​ដូចជា​ភ្ញៀវ​តាង​ប្រទេស​ទាំង​ពួង ដែល​គេ​តែង​ទៅ​កាន់​ប្រទេស​នានា​តាម​សព្វ​មួយ​ដង តែ​ក្នុង​ហឫទ័យ​ទុយោជន៍ ពេញ​ទៅ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​ដ៏​លើស​លន់ តែ​ទៅ​ដោយ​អំណាច​ដែល​មក​ឃើញ​របស់​ចំឡែក​អស្ចារ្យ​ដូច​នេះ ជាទី​ដឹក​ភ្នែក​ឲ្យ​មើល​ទាល់​តែ​ភ្លើន វេលា​ដែល​ទ្រង់​យាង​ទត​មហា​ស្ដាន ជួន​កាល​ព្រះ​សិរ​ទៅ​ប៉ះ​នឹង​ជញ្ជាំង ដែល​ខាត់​រលោង​ឡើង​ស្រមោល​ដូចជា​កញ្ចក់​ខ្ឌាំង ក្នុង​កាល​ដែល​ទ្រង់​ព្យាយាម​នឹង​យាង​ទៅ​ត្រង់​នោះ ដោយ​ស្មាន​ថា​ជា​ទី​ចន្លោះ​ដល់​ទៅ ១ កន្លែង​ទៀត ខណ​កាល​ទ្រង់​យាង​ពី​បន្ទប់ ១ ចូល​ទៅ​បន្ទប់ ១ ទៀត ទៅ​ប្រទះ​កន្លែង​បន្ទប់​ទឹក ប្រប៉ា1 ដែល​កំពុង​ខ្ពុល​បញ្ចេញ​សុគន្ធ​សា ៗ មាន​អាការ​ដូចជា​គ្រាប់​ភ្លៀង​ដ៏​ល្អិត ធ្លាក់​ចុះ​អំពី​ពិដាន​ស្រោច​ទទឹក​គ្រឿង​ទ្រង់​ជោក ដល់​ទៅ​មួយ​កន្លែង​ទៀត​ទ្រង់​លាត់​អង្ខើញ​ព្រះ​ភូសា ដោយ​សម្គាល់​ថា​ជា​ល្អាង​ទឹក តែ​ទឹក​នោះ​ជា​ផ្លូវ​ដើរ ជា​របស់​វិការ​ដោយ​ថ្វី​ដៃ​ជាង​ធ្វើ​បញ្ឆោត​ទុក ។
តែ​សេចក្ដី​ពិត មិនមែន​ជា​ពួក​បាណ្ឌវ​ក្សត្រិយ៍​បំណង​នឹង​ធ្វើ​លលេង ឬ​ធ្វើ​ដើម្បី​ឲ្យ​ទ្រង់​អាម៉ាស់​មុខ​នោះ​ទេ តែ​ទុយោជន៍​ឯង​មាន​សន្ដាន​ចិត្ត​ជា​បុគ្គល​ពាល ក៏​ចេះ​តែ​ចាំ​រើស​យក​រឿង​រញ៉ិករញុក​បន្តិច​បន្តួច​នេះ​ពូត​ឡើង​ជា​ដុំ ព្រោះ​ប្រទះ​ត្រង់​រឿង​ដែល​ទ្រង់​ល្ងើល​កាលណា ពួក​បាណ្ឌវ​ក៏​ទ្រង់​សម្រួល​កាល​នោះ ដោយ​អត់​មិន​បាន​ទ្រង់​សម្រួល​ឃឹក ៗ តាម​ភេទ​ជា​ញាតិ​ស្និទ្ធិ​មិនមែន​ជា​ទ្រង់​សម្រួល​ក្អាកក្អាយ​យ៉ាង​កញ្ជះ​គេ​នោះ​ទេ ទុរយោជន៍​នឹក​អៀន​ខ្មាស​ក៏​រក​រឿង​ចង​អាឃាដ​ទៅ​ឯង ប្រញាប់​ស្ដេច​ចេញ​មក​ពី​ទីក្រុង​ឥន្ទ្របទ លុះ​មក​ដល់​ព្រះ​នគរ ក៏​ទ្រង់​លើក​យក​រឿង​ដែល​បរិវិតក្ក​នោះ​មក​ប្រារព្ធ​នឹង​សកូនី​ជា​បិតុលា​ថា ៖
ទ្រង់​សកូនី ខ្ញុំ​ឈឺ​ចិត្ត​ណាស់ ពួក​បាណ្ឌវ​ជា​មនុស្ស​អាក្រក់​សល់​សែន បាន​ត្រៀម​ការ​ទុក​ធ្វើ​បាប​ខ្ញុំ ដោយ​ឧបាយ​ដ៏​លែប​ខាយ មាន​ទេវតា​ជា​ប្រធាន​ព្រះ​តុល គំនិត​របស់​គេ​គិត​តែ​មើល​ងាយ​ខ្ញុំ​ប៉ុណ្ណោះ សេចក្ដី​ប្រមាទ​មើល​ងាយ​អស់​នេះ ចត់​ល្វីង​ជាង​ខ្លឹម​ឈើ​ដែល​ល្វីង​ណាស់​ទៅ​ទៀត វា​តាំង​ចិត្ត​មើល​ងាយ​ប្រមាទ​គ្នា​មែន ៗ ហេតុ​នោះ​ពួក​វា​ទើប​ដើរ​តាម​ខ្ញុំ​ស្ររ ដូចជា​ឆ្កែ​តាម​ជើង​ដំរី ដើម្បី​នឹង​បាន​ឃើញ​ហេតុ​ភេទ​ដែល​វា​ក្លែង​ធ្វើ​ទត​គឺ​វា​ចាំ​មើល​តែ​ខ្ញុំ​ដែល​ភ្លាត់​ដួល​តិត​ដួល​តូង អារឿង​ដួល​វា​ក៏​សំខាន់​ណាស់​ដែរ ដូចជា​ធ្លាក់​អំពី​ទី​ខ្ពស់​រលាត់​ដៃ​ជើង​ទៅ​អស់​ក្រែល ព្រះ​រាជ​ហឫទ័យ​ព្រះ​ជនក​ខ្ញុំ​សោត​ក៏​ត្រជាក់​ល្ហិម ដោយ​ជរា​ភាព​បៀតបៀន ឥឡូវ​នេះ​ទ្រង់​មិន​អាច​នឹង​ត្រិះ​រិះ​កែ​បញ្ហា​ដែល​ជំពាក់​ទាក់​ទិន​នឹង​ជ្រៅ​សុខុម​នេះ​បាន តែ​ខ​នេះ​អស់​យើង​រាល់​គ្នា​ដែល​ជា​កូន​ប្រុស​មាន​ដៃ​មាន​ជើង​គ្រប់​បរិបូណ៌​មិន​ត្រូវ​មើល​បំណាំ ឬ​ទ្រង់​យល់​ដូចម្ដេច ព្រះ​ជន​លោក​ជរា​ណាស់​ហើយ ទ្រង់​ចាំ​តែ​ស្ដាប់​ទីប្រឹក្សា​យ៉ាង​អព្យាក្រិត ទើប​ឯ​ទីប្រឹក្សា​នោះ​សោត​និង​ទុក​ចិត្ត​វា ក៏​ដូចជា​ទុក​ចិត្ត​អសិរពិស អាពួក​ចង្រៃ​វា​លក់​ម្ចាស់​ឯង​ទ្រម វា​ទូល​ណែ​នាំ​ឲ្យ​ព្រះ​ជនក បែង​ព្រះ​រាជ​អាណា​ចក្រ​របស់​ខ្ញុំ​ឲ្យ​ទៅ​ពួក​បាណ្ឌវ​ពាក់​កណ្ដាល​ដែល​គេ​មិន​មាន​សិទ្ធិ ឬ​មុខ​ក្រសួង​និង​ត្រូវ​បាន​សោះ​ឡើយ ព្រះ​ជនក​លោក​គំនិត​ស្រាល​ណាស់ បើ​ប្រសិន​ជា​ត្រូវ​និរទេស​ចេញ​អំពី​ព្រះ​រាជ​វាំង​ទៅ​ម្ដង ប្រហែល​ជា​នឹង​ទ្រង់​ជ្រាប​ព្រះ​អង្គ​ថា ឱ​នេះ​ទោស​ព្រោះ​ចិញ្ចឹម​អសិរពិស​ទុក ១ ក្រោល​ធំ​នោះ​ឯង ខ្ញុំ​ពោល​មក​ទាំង​នេះ​ព្រោះ​ជា​ការ​ផ្ទុក​ផ្ទាល់​ខ្លួន ព្រះ​បិតុលា​ក៏​ឃើញ​នឹង​ព្រះ​នេត្រ​ស្រាប់​ហើយ​ថា ពួក​អធម៌​សេនាបតី​របស់​យើង បាន​កើប​កោយ​ព្រះ​រាជ​ទ្រព្យ​អំពី​ព្រះ​ឃ្លាំង ផ្ទុក​ផ្ទេរ​ទៅ​ឲ្យ​ចាក់​ទៅ​ឲ្យ​ពួក​បាណ្ឌវ​ប៉ុន្មាន ខ្ញុំ​មិនមែន​ជា​កូន​ស្រី និង​មក​ដេក​យំ​ហ៊‍ី ៗ តាម​សភាព​ជា​អ្នក​ចិត្ត​ទន់​នោះ​ទេ ខ្ញុំ​ចំ​ជា​កូន​ប្រុស​ខ្ញុំ​នឹង​ច្បាំង​ទាល់​តែ​ផុត​ដង្ហើម​អស្សាសបស្សាស​ជាទី​បំផុត តែ​ចង់​ក្របែល​អាពួក​ចង្រៃ​អប្បលក្សណ៍​អស់​នេះ​ជា​មុន ហើយ​នឹង​ងាប់​ទៅ​ក៏​តាម​ការ​ចុះ ខ្ញុំ​គ្នេរ​មើល​ឃើញ​ថា​កម្លាំង​កង​ទ៍ព​របស់​យើង​ក្នុង​វេលា​នេះ​ទន់​ណាស់ មិន​ល្មម​នឹង​ធ្វើ​ការ​ដណ្ដើម​ជ័យ​កណ្ដាល​យុទ្ធ​ភូមិ​ជា​មួយ​នឹង​សឹក ព្រោះ​វា​មាន​កម្លាំង​រឹង​រិទ្ធិ មាន​ទាំង​ពួក​សម្ពន្ធ​មិត្រ​ជិត​ខាង​ជំនួយ​ច្រើន​ផ្លូវ ឯ​សេចក្ដី​លំអ​រុងរឿង​ក្នុង​ប្រទេស​របស់​គេ ជា​គ្រឿង​ធ្វើ​ឲ្យ​រកាំ​ក្នុង​ភ្នែក​ខ្ញុំ​ណាស់ ស្មើ​ដូចជា​កន្ទុយ​ថ្លែន​ដែល​កើត​ក្នុង​ភ្នែក ខ្ញុំ​ចង់​តែ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​ដោយ​សេចក្ដី​អប្បយស​ដូច​នេះ ខ្ញុំ​នឹង​មាន​អាយុ​រស់​នៅ សូម្បី​ដូច​ជីវិត​ក្អែក​ក៏​តាម​ការ​ចុះ ។
សកុនិ អង្គុយ​ស្ដាប់​រឿង​ផ្ដេសផ្ដាស​នេះ​រឿយ​ទៅ មិន​មាន​ឆ្លើយ​ឆ្លង​ថា​អ្វី​ដល់​មួយ​ម៉ាត់ ទាល់​តែ​ទុរយោជន៍​ពោល​ចប់​ចុះ គេ​ជា​ខ្ញុំ​រាជការ​ធ្លាប់​តែ​ប្រចិប​ប្រចែង​ម្ចាស់ ស្ទាត់​ក្នុង​ការ​អង្គុយ​ស្ដាប់​ស្ងៀម ៗ នឹង​ស្ទាត់​ក្នុង​ពិធី​ប្រតិបត្តិ​មិន​ឲ្យ​ទាស់​អធ្យាស្រ័យ​ម្ចាស់ កាល​ឃើញ​ទុរយោជន៍​ខ្ញាល់​នឹង​ពួក​ព្រះ​ញាតិ​ណាស់​ណា ជា​ឱកាស​នឹង​បំពេញ​ឡើង​ឲ្យ​ដល់​ការ​គេ​ក៏​ក្អែរ​ពិស​ដាក់​បន្ថែម​ឡើង​ឲ្យ​ម្ចាស់​រឹត​តែ​ក្ដៅ​ក្រហាយ​ឡើង​ជាង​មុន ។
ទ្រង់​មាន​បន្ទូល​នេះ​គាប់​ហើយ មើល​ទៅ​កម្រ​នឹង​កាច់​កម្លាំង​ពួក​បាណ្ឌវ​បាន ព្រោះ​ប្រទេស​តូច​ធំ​រាប់អាន​គេ តែ​ត្រង់​ដែល​ទ្រង់​ត្រាស់​ថា ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​ដោយ​សេចក្ដី​អប្បយស នោះ​ជា​ព្រះ​តម្រិះ​ដ៏​ខុស​សោះ សេចក្ដី​អប្បយស​ប្រៀប​ដូច​អាកាស​ធាតុ​ក៏​ថា​បាន មិនដូច​នោះ​ទេ ក៏​ដូចជា​មុខ​ដំបៅ​អាច​នឹង​រក្សា​ឲ្យ​សះ​ជា​ទៅ​បាន​ក្នុង​មិន​យូរ សេចក្ដី​គិត​មួយ​យ៉ាង​បាន​មក​ដុះ​ឡើង​ក្នុង​ចិត្ត​ខ្ញុំ នឹង​ទូល​ឲ្យ​ទ្រង់​ជ្រាប​ដោយ​ឧបាយ​មួយ​យ៉ាង​ឃើញ​បាន​ការ​ជា​ប្រាកដ គឺ យុធិស្ឋិរ ចូល​ចិត្ត​លេង​ស្កា​រមែង​ដឹង​ឮ​រាល់​គ្នា​ហើយ ចំណែក​ឯ​ខ្ញុំ​ទ្រង់​ក៏​ទ្រង់​ជ្រាប​ហើយ ដែល​ថា​ស្ទាត់​ក្នុង​ការ​ល្បែង​ស្កា​យ៉ាង​ម្ដេច យុធិស្ឋិរ នៅ​ទន់​ហត្ថ​ណាស់ ខ្ញុំ​អាច​នឹង​លេង​យក​ជ័យ​ជម្នះ​បាន​ដោយ​ឧបាយ​ទាំង​ពាន់​ផ្លូវ គឺ​ខ្ញុំ​នឹង​លេង​ដោយ​កូន​ស្កា​បង្កប់​សំណរ​ជន្លរ​ឲ្យ​បាន​ចិត្ត​ខ្លាំង​ឡើង ៗ ប្រមាណ​តែ​ត្រឹម​ពាក់​កណ្ដាល​ឡូ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ហោច​ទៅ​តែ​ម្ដង នឹង​លេង​ឲ្យ​អស់​សាច់​ឈាម​ទៅ​តែ​ម្ដង នឹង​រឹប​យក​ទាល់​តែ​កាន់​អម្បែង​ដើរ​សុំ​ទាន ឬ នឹង​រឹត​គាត់​ឲ្យ​តឹង​ជាង​នេះ​ទៅ​ទៀត​ក៏​បាន ដោយ​សន្យា​ថា អ្នក​ចេញ​ត្រូវ​ចេញ​ចាក​ព្រះ​នគរ​ទៅ​នៅ​ព្រៃ​កំសត់​អស់​វេលា ១២ ឆ្នាំ យើង​អាច​នឹង​លាង​សឹក​សត្រូវ​របស់​យើង​ឲ្យ​អបជ័យ​រលីង​ទៅ ដោយ​គំនិត​លែប​ខាយ​ឧបាយកល​ខាង​ក្នុង​ដូច​នេះ មិនមែន​ចេញ​មុខ​ច្បាំង​គ្នា​ក្ឌុងក្ឌាំង​បំផ្លាញ​គ្រឿង​យុទ្ធ​ភណ្ឌ​ទៅ​ទទេ ៗ នោះ​ទេ ។

ត​ទៅ​ភាគ​ទី​៦


No comments: