សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
Universal Declaration of Human Rights
យកមកពី http://women.open.org.kh/km/universal_human_rights
អនុម័ត និងប្រកាសតាមសេចក្ដីសម្រេចនៃមហាសន្និបាតលេខ ២១៧ A (III) ចុះនៅថ្ងៃទី ១០ ធ្នូ ១៩៤៨
Adopted proclaimed by General Assembly resolution 217 A (III) of 10 December 1948
Adopted proclaimed by General Assembly resolution 217 A (III) of 10 December 1948
បុព្វកថា
ដោយយល់ឃើញថា ការទទួលស្គាល់នូវសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលមានតាំងពីកំណើត និងសិទ្ធិស្មើភាពគ្នា និងដែលមិនអាចដកហូតបានរបស់ពូជពង្សមនុស្សគ្រប់រូប គឺជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។
ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយសិទ្ធិមនុស្ស បាននាំឲ្យកើតមាននូវអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ដែលជាទំនាស់យ៉ាងខ្លាំងដល់មនសិការមនុស្សជាតិ និងដោយហេតុថា មនុស្សដែលមានជីវិតរស់នៅក្នុងពិភពលោក ត្រូវមាននូវសេរីភាព ក្នុងការនិយាយស្ដី ជំនឿ និងសេរីភាព ផុតពីអំពើភេរវកម្ម និងភាពក្រីក្រតោកយ៉ាក ត្រូវបានប្រកាសថាជាសេចក្ដីប្រាថ្នាដ៏ឧត្ដមបំផុតរបស់មនុស្សទូទៅ។
ដោយយល់ឃើញថា ជាការចាំបាច់ដែលថា សិទ្ធិមនុស្សត្រូវតែមាននូវកិច្ចការពារដោយធម្មាធិបតេយ្យ ប្រសិនបើមនុស្សមិនត្រូវបានទទួលរងនូវការបង្ខិតបង្ខំឲ្យចាប់យកនូវគ្រឿងដោះបន្ទាល់ជាជម្រើសចុងក្រោយដើម្បីបះបោរប្រឆាំងនឹងអំណាចផ្ដាច់ការ និងការគាបសង្កត់ទេនោះ។
ដោយយល់ឃើញថា ជាការចាំបាច់ណាស់ដើម្បីលើកស្ទួយដល់ការពង្រីកនូវទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានា។
ដោយយល់ឃើញថា ជាការចាំបាច់ណាស់ដើម្បីលើកស្ទួយដល់ការពង្រីកនូវទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានា។
ដោយយល់ឃើញថា នៅក្នុងធម្មនុញ្ញ ប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិ បានប្រកាសសារជាថ្មីម្ដងទៀតនូវជំនឿរបស់ខ្លួនទៅលើសិទ្ធិសំខាន់ៗ សេចក្ដីថ្លៃថ្នូរ តម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ហើយប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិបានប្រកាសយ៉ាងប្ដូរផ្ដាច់ ដើម្បីលើកស្ទួយវឌ្ឍនភាពសង្គម និងបទដ្ឋានដ៏ប្រសើរនៃការរស់នៅក្នុងសេរីភាពដ៏ទូលំទូលាយ។
ដោយហេតុថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំងអស់បានសច្ចាធ្វើឲ្យបានសម្រេចនូវការលើកស្ទួយការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងការប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពសំខាន់ៗទាំងឡាយ។
ដោយយល់ស្របថា ការយល់ដឹងជាទូទៅនូវសិទ្ធិ និងសេរីភាពទាំងនេះមានសារសំខាន់ដ៏ធំធេងបំផុតដើម្បីធ្វើឲ្យបានទទួលយ៉ាងពេញលេញនូវការសច្ចាប្រណិធាននេះ។
ដោយហេតុនេះ នៅពេលនេះ
មហាសន្និបាតប្រកាសថា៖
មហាសន្និបាតប្រកាសថា៖
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្ដីសម្រេចបានរួមគ្នាមួយ សម្រាប់ប្រជាពលរដ្ឋ និងប្រជាជាតិទាំងអស់ ទៅកាន់ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ដែលរក្សាជាប់ក្នុងចិត្តជានិច្ចនូវសេចក្ដីប្រកាសនេះ ត្រូវខិតខំប្រឹងប្រែងតាមរយៈការបង្រៀន និងអប់រំដើម្បីលើកស្ទួយការគោរពសិទ្ធិ និងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិនិងអន្តរជាតិជាលំដាប់ៗទៅមុខ ដើម្បីធានាឲ្យបាននូវការទទួលស្គាល់និងការប្រតិបត្តិតាមជាសកល និងប្រកបដោយប្រសិទ្ធិភាព ទាំងក្នុងចំណោមប្រជាពលរដ្ឋនានានៃរដ្ឋជាសមាជិកខ្លួនឯង ទាំងក្នុងចំណោមប្រជាពលរដ្ឋនានាដែលរស់នៅក្រោមដែនអំណាចច្បាប់របស់ខ្លួន។
មាត្រា ១
មនុស្សទាំងអស់កើតមកមានសេរីភាព និងភាពស្មើៗគ្នាក្នុងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ។ មនុស្សគ្រប់រូបសុទ្ធតែមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈ ហើយត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីរាប់អានគ្នាជាបងប្អូន។
មាត្រា ២
មនុស្សគ្រប់រូបមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនេះ ដោយគ្មានការបែងចែកជាតិ សាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬឋានៈដទៃៗទៀតឡើយ។
បន្ថែមលើនេះទៀត មិនត្រូវធ្វើការបែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬឋានៈជាអន្តរជាតិនៃប្រទេស ឬដែនដីដែលបុគ្គលមួយរូបជាសមាជិកឡើយ ទោះប្រទេសនោះជាប្រទេសឯករាជ្យ ឬស្ថិតនៅក្រោមអាណត្តិគ្រប់គ្រង ឬមិនគ្រប់គ្រងដោយខ្លួនឯង ឬស្ថិតក្រោមការដាក់កម្រិតដទៃៗណាមួយនៃអធិបតេយ្យភាពយ៉ាងណាក៏ដោយ។
មាត្រា ៣
បុគ្គលម្នាក់ៗត្រូវមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។
មាត្រា ៤
គ្មានជនណាម្នាក់ត្រូវជាប់ក្នុងភាពជាទាសករ ឬក្នុងភាពជាអ្នកបម្រើគេឡើយ ហើយការជួញដូរទាសករក្នុងទម្រង់យ៉ាងណាក៏ដោយ ត្រូវហាមឃាត់។
មាត្រា ៥
គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្ម ឬការធ្វើបាប ឬការដាក់ទណ្ឌកម្មយ៉ាងសាហាវឃោរឃៅអមនុស្សធម៌ ឬយ៉ាងថោកទាបឡើយ។
មាត្រា ៦
មនុស្សគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថាជាបុគ្គលមួយរូប ចំពោះមុខច្បាប់នៅគ្រប់ទីកន្លែងទាំងអស់ ។
មាត្រា ៧
មនុស្សទាំងអស់មានភាពស្មើៗគ្នាចំពោះមុខច្បាប់ ហើយមានសិទ្ធិទទួលបាននូវកិច្ចការពារដោយច្បាប់ ដោយស្មើៗគ្នា ដោយគ្មានការរើសអើងណាមួយឡើយ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវកិច្ចការពារខ្លួនស្មើៗគ្នា ប្រឆាំងទល់នឹងការរើសអើងណាមួយដែលជាការរំលោភនូវសេចក្ដីប្រកាសនេះ និងប្រឆាំងទល់នឹងការញុះញង់ណាមួយដែលនាំទៅមានការរើសអើង។
មាត្រា ៨
មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវការដោះស្រាយដោយតុលាការជាតិ ដែលមានសមត្ថភាពចំពោះអំពើទាំងឡាយដែលរំលោភសិទ្ធិសំខាន់ៗរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬដែលមានចែងនៅក្នុងច្បាប់។
មាត្រា ៩
គ្មានបុគ្គលណាម្នាក់ត្រូវទទួលរងការចាប់ខ្លួន ការឃុំឃាំងខ្លួន ឬនិរទេសខ្លួន តាមអំពើចិត្តបានឡើយ។
មាត្រា ១០
ក្នុងការធ្វើសេចក្ដីសម្រេចជាចុងក្រោយអំពីសិទ្ធិ ឬកាតព្វកិច្ចរបស់ខ្លួន និងនៅក្នុងការចោទប្រកាន់អំពីបទឧក្រិដ្ឋណាមួយមកលើខ្លួន បុគ្គលគ្រប់រូបមានសិទ្ធិ មានភាពស្មើគ្នា យ៉ាងពេញលេញ ដើម្បីឲ្យមានសវនាការសាធារណៈ និងត្រឹមត្រូវ ដែលធ្វើឡើងដោយតុលាការឯករាជ្យនិងមិនលំអៀង។
មាត្រា ១១
១. បុគ្គលណាដែលគេត្រូវចោទប្រកាន់ចំពោះបទល្មើសព្រហ្មទណ្ឌ មានសិទ្ធិសំអាងថាខ្លួនជាជនគ្មានទោស រហូតដល់ពេលមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាខ្លួនមានទោស អាស្រ័យទៅតាមច្បាប់ នៅក្នុងការជំនុំជម្រះក្ដីជាសាធារណៈ ដែលមានការធានាគ្រប់គ្រាន់សម្រាប់បុគ្គលដើម្បីការពារខ្លួន។
២. គ្មានបុគ្គលណាម្នាក់ មានទោសពីបទព្រហ្មទណ្ឌ ចំពោះអំពើណាមួយ ឬការមិនប្រតិបត្តិតាមណាមួយ ដែលមិនបានចាត់ជាបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ជាតិ ឬអន្តរជាតិ នៅខណៈពេលដែលបទល្មើសបានប្រព្រឹត្តឡើង។ គ្មានទោសបញ្ញត្តិណាមួយ ត្រូវបានគេយកមកដាក់បង្ខំទៅលើជនណាម្នាក់ ឲ្យធ្ងន់ជាងទោសបញ្ញត្តិដែលបានអនុវត្តន៍នៅខណៈពេលដែលបទល្មើសព្រហ្មទណ្ឌនោះបានប្រព្រឹត្តឡើយ។
មាត្រា ១២
គ្មានបុគ្គលណាម្នាក់ ត្រូវទទួលរងនូវការជ្រៀតជ្រែកតាមអំពើចិត្ត ក្នុងកិច្ចការសម្ងាត់ផ្ទាល់ខ្លួន ក្នុងគ្រួសារ លំនៅស្ថាន ឬការឆ្លើយឆ្លង ឬវាយប្រហារទៅលើកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ បុគ្គលគ្រប់រូប មានសិទ្ធិទទួលបាននូវកិច្ចការពារខ្លួនដោយច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែក ឬការវាយប្រហារទាំងនេះ។
មាត្រា ១៣
១. បុគ្គលគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិមានទីលំនៅក្នុងព្រំដែននៃប្រទេសនីមួយៗ ។
២. បុគ្គលគ្រប់រូបមានសិទ្ធិចាកចេញពីគ្រប់ប្រទេស រួមទាំងប្រទេសរបស់ខ្លួន និងមានសិទ្ធិត្រឡប់មកមាតុប្រទេសរបស់ខ្លួនវិញ។
មាត្រា ១៤
១. បុគ្គលគ្រប់រូបមានសិទ្ធិស្វែងរក និងទទួលបាននូវសិទ្ធិជ្រកកោននៅក្នុងប្រទេសដទៃៗទៀតក្នុងករណីណាដែលមានការធ្វើទុក្ខបុកម្នេញមកលើរូបខ្លួន។
២. សិទ្ធិសុំការជ្រកកោននេះនឹងមិនអាចលើកមកសំអាងបានទេ នៅក្នុងករណីណាដែលការធ្វើទុក្ខបុកម្នេញនោះ កើតចេញពីបទល្មើសដែលពុំមែនជាបទល្មើសខាងនយោបាយ ឬដែលកើតចេញពីអំពើទាំងឡាយដែលផ្ទុយនឹងគោលបំណង និងគោលការណ៍របស់អង្គការសហប្រជាជាតិ។
មាត្រា ១៥
១. បុគ្គលគ្រប់ៗរូបមានសិទ្ធិទទួលបាននូវសញ្ជាតិមួយ។
២. គ្មានបុគ្គលណាម្នាក់ត្រូវគេដកហូតសញ្ជាតិរបស់ខ្លួន ឬត្រូវបានគេបដិសេធចោលនូវសិទ្ធិផ្លាស់ប្ដូរសញ្ជាតិរបស់ខ្លួន តាមអំពើចិត្តបានឡើយ។
មាត្រា ១៦
១. បុរស និងស្ត្រីពេញវ័យគ្រប់រូប ដោយគ្មានការដាក់កំហិតលក្ខខណ្ឌណាមួយ អាស្រ័យលើពូជសាសន៍ សញ្ជាតិ ឬសាសនា មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារមួយ។ បុរស និងស្ត្រីមានសិទ្ធិស្មើៗគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងអំឡុងពេលរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ និងនៅពេលលែងលះគ្នា។
២. អាពាហ៍ពិពាហ៍នឹងអាចប្រព្រឹត្តទៅបាន លុះត្រាតែមានការយល់ព្រមយ៉ាងពេញលេញ និងដោយសេរីពីសំណាក់អនាគតគូស្វាមីនិងភរិយា។
៣. គ្រួសារជាកត្តាពង្សធម្មជាតិ និងជាកត្តាពង្សគ្រឹះរបស់សង្គម ហើយគ្រួសារមានសិទ្ធិទទួលបាននូវកិច្ចការពារពីសង្គមនិងរដ្ឋ។
មាត្រា ១៧
១. មនុស្សគ្រប់រូប មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាបុគ្គលក្ដី ឬជាសមូហភាពក្ដី។
២. គ្មានជនណាម្នាក់ ត្រូវគេដកហូតកម្មសិទ្ធិរបស់គេតាមតែអំពើចិត្តបានឡើយ។
មាត្រា ១៨
មនុស្សគ្រប់រូប មានសិទ្ធិនិងមានសេរីភាពខាងផ្លូវគំនិត ខាងផ្លូវសតិសម្បជញ្ញៈ និងខាងផ្លូវសាសនា។ សិទ្ធិនេះ រាប់ទាំងសេរីភាពក្នុងការផ្លាស់ប្ដូរសាសនា ឬជំនឿ ព្រមទាំងសេរីភាពក្នុងការសំដែងចេញនូវសាសនា ឬជំនឿ តាមរយៈការបង្ហាត់បង្រៀន ការប្រតិបត្តិ ការគោរពបូជា ព្រមទាំងការប្រារព្ធពិធីសក្ការៈផ្សេងៗ ទោះតាមម្នាក់ឯងក្ដី ឬរួមក្នុងសហគមន៍ជាមួយអ្នកឯទៀតក្ដី និងទោះតាមសាធារណៈ ឬជាឯកជនក្ដី។
មាត្រា ១៩
មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពមានមតិ និងសេរីភាពក្នុងការសម្ដែងមតិ។ សិទ្ធិនេះរាប់ទាំងសេរីភាពក្នុងការប្រកាន់មតិ និងការសម្ដែងមតិ ដោយគ្មានការជ្រៀតជ្រែក ព្រមទាំងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា តាមរយៈប្រព័ន្ធឃោសនាណាមួយក៏ដោយ និងដោយឥតគិតពីព្រំដែនអ្វីឡើយ ។
មាត្រា ២០
១. មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ និងធ្វើសមាគមដោយសន្តិវិធី។
២. គ្មានជនណាម្នាក់ត្រូវគេបង្ខិតបង្ខំឲ្យចូលរួមក្នុងសមាគមណាមួយឡើយ។
មាត្រា ២១
១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈតំណាងទាំងឡាយ ដែលគេបានជ្រើសរើសដោយសេរី។
២. មនុស្សគ្រប់រូបមានសិទ្ធិចូលបម្រើការងារសាធារណៈនៃប្រទេសរបស់ខ្លួនស្មើៗគ្នា។
៣. ឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវតែជាមូលដ្ឋានគ្រឹះនៃអាជ្ញាធររបស់រដ្ឋាភិបាល។ ឆន្ទៈនេះនឹងត្រូវបានសម្ដែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលកំណត់ និងពិតប្រាកដ ដែលនឹងត្រូវធ្វើជាសកល និងមានសិទ្ធិបោះឆ្នោតស្មើៗគ្នា ហើយត្រូវធ្វើតាមរយៈសន្លឹកឆ្នោតសំងាត់ ឬតាមទម្រង់ការបោះឆ្នោតដោយសេរីណាមួយ ដែលមានតម្លៃស្មើ។
មាត្រា ២២
១. ក្នុងឋានៈជាសមាជិកនៃសង្គម មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវសន្តិសុខសង្គម និងមានសិទ្ធិយល់ដឹងអំពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ដែលជាសារសំខាន់ចាំបាច់សម្រាប់សេចក្ដីថ្លៃថ្នូរ និងការរីកចម្រើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួន តាមរយៈកិច្ចខិតខំរបស់ជាតិរដ្ឋនីមួយៗ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយស្របតាមអង្គការចាត់តាំង និងធនធាននៃរដ្ឋនីមួយៗ។
មាត្រា ២៣
១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើការងារ មានសិទ្ធិជ្រើសរើសការងារ និងមានសិទ្ធិធ្វើការងារក្នុងលក្ខណៈត្រឹមត្រូវ និងគួរពេញចិត្ត ព្រមទាំងមានសិទ្ធិទទួលបាននូវកិច្ចការពារទល់នឹងភាពឥតមានការងារធ្វើ។
២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សរ៍ស្មើគ្នាសម្រាប់ទង្វើការងារដូចគ្នា ដោយឥតមានការរើសអើងអ្វីឡើយ។
៣. ជនដែលធ្វើការងារ មានសិទ្ធិទទួលបាននូវប្រាក់បំណាច់ត្រឹមត្រូវ និងគួរពេញចិត្ត ដើម្បីធានាជីវភាពរស់នៅរបស់គេ និងគ្រួសារគេ ឲ្យមាននូវតម្លៃនៃសេចក្ដីថ្លៃថ្នូររបស់មនុស្ស ហើយត្រូវបានបំពេញបន្ថែមតាមមធ្យោបាយការពារផ្នែកសង្គមផ្សេងៗទៀត ប្រសិនបើមានការចាំបាច់។
៤. មនុស្សគ្រប់រូប មានសិទ្ធិបង្កើតសហជីព និងមានសិទ្ធិចូលជាសមាជិកនៃសហជីព ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
មាត្រា ២៤
មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និងលំហែកម្សាន្ត រាប់ទាំងការកំណត់ពេលម៉ោងធ្វើការសមហេតុសមផល ព្រមទាំងថ្ងៃបុណ្យឈប់សម្រាកតាមការកំណត់ ដោយបានទទួលប្រាក់បៀវត្សរ៍ទៀតផង។
មាត្រា ២៥
១. មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវជីវភាពគ្រប់គ្រងតាមបទដ្ឋាន សម្រាប់សុខភាពនិងសុខុមាលភាពរបស់គេ និងគ្រួសារគេ មានជាអាទិ៍ ចំណីអាហារ សំលៀកបំពាក់ លំនៅឋាន ការថែទាំសុខភាព និងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត ព្រមទាំងសិទ្ធិទទួលបាននូវសន្តិសុខក្នុងពេលគ្មានការងារធ្វើ ពេលមានជំងឺ ពេលធ្លាក់ខ្លួនពិការ ពេលប្ដូរភាពជាមេម៉ាយ ឬពោះម៉ាយ ពេលចាស់ជរា ឬការខ្វះខាតខាងជីវភាពដទៃៗទៀត ក្នុងកាលៈទេសៈដែលហួសពីភាពម្ចាស់ការរបស់គេ។
២. មាតុភាព និងកុមារភាព មានសិទ្ធិទទួលបាននូវការថែទាំ និងជួយទំនុកបម្រុងពិសេស។ គ្រប់កុមារទាំងអស់ ទោះកើតពីឪពុកម្ដាយរៀបអាពាហ៍ពិពាហ៍នឹងគ្នាក្ដី ឬមិនបានរៀបអាពាហ៍ពិពាហ៍ក្ដី ត្រូវបានទទួលកិច្ចការពារខាងសង្គមកិច្ចដូចគ្នា។
មាត្រា ២៦
១. មនុស្សគ្រប់រូប មានសិទ្ធិទទួលការអប់រំ។ ការអប់រំត្រូវតែធ្វើឡើងដោយឥតគិតថ្លៃ យ៉ាងហោចណាស់សម្រាប់ការអប់រំថ្នាក់បឋម និងមូលដ្ឋាន។ ការអប់រំជាន់ដំបូងត្រូវតែមានជាកាតព្វកិច្ច។ ការអប់រំខាងបច្ចេកទេស និងខាងវិជ្ជាជីវៈ ត្រូវតែរៀបចំឲ្យមានជាទូទៅ ហើយការអប់រំថ្នាក់ឧត្ដមត្រូវបើកឱកាសស្មើៗគ្នាឲ្យដល់មនុស្សគ្រប់រូបទាំងអស់ ដោយឈរលើមូលដ្ឋានគុណសម្បត្តិរបស់គេ។
២. ការអប់រំត្រូវតែផ្ដោតទៅរកការរីកចម្រើនលូតលាស់យ៉ាងពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា។ ការអប់រំនេះ វាលើកស្ទួយដល់ការយល់ដឹង ការអត់អោនអធ្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាជាតិ ពូជសាសន៍ ឬក្រុមសាសនាទាំងអស់ ហើយនឹងជួយអភិវឌ្ឍន៍ដល់សកម្មភាពនានារបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព។
៣. មាតាបិតា មានសិទ្ធិជាអាទិភាពក្នុងការជ្រើសរើសនូវប្រភេទនៃការអប់រំសម្រាប់បុត្រធីតារបស់គេ។
មាត្រា ២៧
១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ។
២. មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវកិច្ចការពារដល់ផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈដែលកើតចេញពីផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈដែលខ្លួនជាអ្នកបង្កើត។
មាត្រា ២៨
បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវរបៀបរៀបរយសង្គម និងរបៀបរៀបរយអន្តរជាតិ ដើម្បីឲ្យសិទ្ធិនិងសេរីភាពដែលចែងក្នុងសេចក្ដីប្រកាសនេះផ្ដល់ការយល់ដឹងយ៉ាងពេញលេញទៅបាន។
មាត្រា ២៩
១. បុគ្គលម្នាក់ៗមានករណីកិច្ចចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ ដែលអាចបង្កើតនូវការរីកចម្រើនពេញបរិបូរណ៍ និងដោយសេរីនូវបុគ្គលិកលក្ខណៈរបស់ខ្លួន។
២. ក្នុងការអនុវត្តន៍សិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតក្នុងការកំណត់ទាំងឡាយណា ដែលច្បាប់បានកំណត់ ក្នុងគោលបំណងឲ្យមានការទទួលស្គាល់ និងគោរពដល់សិទ្ធិ និងសេរីភាពទាំងឡាយរបស់អ្នកដទៃ និងដើម្បីឆ្លើយតបនឹងការតម្រូវយ៉ាងត្រឹមត្រូវអំពីសីលធម៌ របៀបរៀបរយសាធារណៈ និងនៃសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។
៣. ក្នុងករណីណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនោះមិនអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោលការណ៍របស់សហប្រជាជាតិឡើយ។
មាត្រា ៣០
ឥតមានបទបញ្ញត្តិណាមួយនៃសេចក្ដីប្រកាសនេះ ត្រូវបានគេបកស្រាយថា អាចឲ្យរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយ ដើម្បីធ្វើសកម្មភាព ឬប្រព្រឹត្តអំពើអ្វីមួយ ឆ្ពោះទៅការបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយ ដែលមានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ។
No comments:
Post a Comment