“សាកល្បងបកស្រាយពីបាបកម្មទាំង ១៥”
រៀបចំដោយនិស្សិត ហ៊ន សុផល
រៀបចំដោយនិស្សិត ហ៊ន សុផល
និស្សិតអក្សរសាស្ត្រខ្មែរ ថ្មាក់(B)អាហាររូបករណ៏ជំនាន់ទី៣០
“នត្ថិ សន្តិ បរំ សុខំ”
“គ្មានសេចក្តីសុខណា ស្មើសេចក្តីស្ងប់”
“សព្វបាបស្ស
អករណំ កុសលស្សូ បសម្បទា
សចិត្តបរិយោទបនំ ឯតំ ពុទ្ធានសាសនំ”
“ការមិនធ្វើនូវអំពើបាបទាំងពួង១
ការបំពេញនូវអំពើកុសលទាំងពួង១
ការធ្វើចិត្តឱ្យផូរផង់១
ទាំង៣នេះជាពាក្យប្រៀនប្រដៅ
របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ”
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា គ.ស.២០១១
មាតិកា
អត្ថបទ
ទំព័រ
មាតិកា .......................................................................................................................០១
១. សេចក្តីផ្តើម ............................................................................................................០២
២.
បាបកម្មទាំង១៥យ៉ាង
..............................................................................................០៣
២.១. ទោសៈ
......................................................................................................០៣
២.២. សន្សំរឿង
..................................................................................................០៤
២.៣. រមិលគុណ .................................................................................................០៦
២.៤. លើកកម្ពស់ខ្លួន
...........................................................................................០៧
២.៥. ច្រណែន ....................................................................................................០៨
២.៦. កំណាញ់
....................................................................................................១០
២.៧. លាក់ទោសកំហុសទុក
..................................................................................១១
២.៨. អួត
...........................................................................................................១២
២.៩. ចចេស
......................................................................................................១៣
២.១០. ប្រជែងយកឈ្នះ
.......................................................................................១៤
២.១១. ទុកខ្លួនជាវិសេសវិសាលជាងគេ
...................................................................១៦
២.១២. មើលងាយគេ
..........................................................................................១៧
២.១៣. ស្រវឹងលង់ក្នុងគំនិត
..................................................................................១៨
២.១៤. ធ្វេសប្រហែស ..........................................................................................១៩
២.១៥. ជោរ
.......................................................................................................២១
៣.
សន្និដ្ឋានរួម ............................................................................................................២២
ឯកសារពិគ្រោះ
............................................................................................................២៣
១. សេចក្តីផ្តើម
ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា សត្វលោកតែងវិលកើតវិលស្លាប់នៅក្នុងវាលវដ្តសំសារ។
ការកើតស្លាប់នេះគឺមានកម្ម ជាបច្ច័យ
ហើយវានឹងបន្តនូវនិរន្តរភាពរបស់វាជានិច្ច លុះត្រាតែសត្វនោះបានសម្រេចនូវព្រះនិព្វាន
ដែលជាទីស្ថានបរមសុខ បញ្ចប់នូវរាល់សេចក្តីទុក្ខ។ ចំពោះពាក្យថាកម្ម នេះទៀតសោត គឺលោកសំដៅដល់អំពើ
ទោះអំពើល្អក្តីទោះអំពើអាក្រក់ក្តី លោកហៅថាកម្មទាំងអស់[1]។
កម្ម ត្រូវបានបែងចែកជាបីប្រភេទគឺ៖
១. កុសលកម្ម
គឺបានដល់អំពើទាំងឡាយជាកុសលឬអំពើល្អ
២.អកុសលកម្ម គឺបានដល់អំពើទាំងឡាយជាអកុសល ឬជាអំពើអាក្រក់ដែល
យើង ហៅថា បាបកម្ម
៣. អព្យាកតកម្ម
គឺបានដល់អំពើជាកណ្តាល
ក្នុងចំណោមកម្មទាំងបីប្រភេទខាងលើនេះ
បាបកម្ម គឺជាអំពើមួយដែលបុគ្គលអ្នកប្រាថ្នានូវសេចក្តីសុខគប្បីចៀសវាងឱ្យផុត
ព្រោះដោយហេតុថាវានឹងនាំមកនូវឧបទ្រពចង្រៃ
និងក្តីវិនាសអន្តរាយដល់បុគ្គលអ្នកប្រព្រឹត្ត។
បើយើងពុំចង់ឱ្យនរណាម្នាក់ធ្វើអំពើអាក្រក់(បាបកម្ម)មកលើរូបយើងទេនោះ
យើងមិនត្រូវធ្វើអំពើនោះទៅលើគេឡើយ ព្រោះបាបកម្មរមែងឱ្យផលដល់យើងវិញពុំលែងឡើយ។
បាបកម្ម ត្រូវបានគេផ្តល់និយមន័យយ៉ាងខ្លីថា អំពើអាក្រក់[2]។ បាបកម្ម
គឺជាអំពើអាក្រក់ អំពើអកុសល អំពើលាមក អំពើប្រកបដោយទោស
ជាអំពើដែលសម្រេចបានតាមទ្វារទាំងបីគឺ កាយ វាចា និងចិត្ត។ ពេលខ្លះលោកហៅថា
ជាអគតិធម៌
ព្រោះតែចិត្តមានអគតិធម៌នេះហើយដែលបណ្តាលឱ្យមនុស្សហ៊ានប្រព្រឹត្តអំពើអាក្រក់
ប្រព្រឹត្តអំពើបាប ដោយមិនខ្លាចរអែងឡើយ[3]។
អ្នកដែលធ្វើនូវបាបកម្មច្រើន គឺរមែងជួបប្រទះនូវសេចក្តីទុក្ខវេទនាទាំងក្នុងជាតិនេះ
និងជាតិខាងមុខ។ ក្នុងបច្ចុប្បន្នជាតិ
បុគ្គលប្រភេទនេះច្រើនត្រូវគេស្អប់ខ្ពើមមើលងាយ ឬខ្លាចរអា ខ្វះអ្នករាប់អាន
ហើយបើបាបកម្មដែលគេប្រព្រឹត្តនោះខុសទៅនឹងច្បាប់រដ្ឋទៀតនោះគេនឹងត្រូវមានទោសជាប្រាកដ(តាមផ្លូវលោក)។
មិនត្រឹមតែប៉ុណ្ណោះ ពេលគេស្លាប់ទៅនឹងត្រូវទៅសោយទុក្ខគ្រប់បែបយ៉ាងនៅបរលោក(ឋាននរក)ថែមទៀតផង(តាមផ្លូវធម៌)។
ដូច្នេះយើងសង្កេតឃើញថាបាបកម្មនេះ
គឺជាអំពើមួយដែលងាយប្រព្រឹត្តបំផុត
ហើយក៏ផ្តល់នូវសេចក្តីអន្តរាយដល់យើងទាំងក្នុងបច្ចុប្បន្ននិងអនាគត។
តើបាបកម្មនេះផ្តល់ទុកទោសអ្វីខ្លះដល់អ្នកដែលបានប្រព្រឹត្ត?
តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីចៀសវាងនូវអំពើបាបកម្មទាំងនេះ?
២. បាបកម្ម១៥យ៉ាង
បាបកម្មមានច្រើនប្រភេទណាស់
ហើយយើងក៏អាចធ្វើវាបានដោយងាយតាមរយៈផ្លូវកាយ(ការវាយដំច្រំធាក់ ឬការសម្លាប់ជីវិតមនុស្សសត្វ...)
ផ្លូវវាចា(ការពោលពាក្យកុហកញុះញុងចាក់ដោតធ្វើឱ្យអ្នកដទៃឈឺចាប់
ឬខូចប្រយោជន៍...) និងផ្លូវចិត្ត(ការចងគំនុំ ឬប៉ុនប៉ងព្យាបាទអ្នកដទៃ...)
ជាហេតុដែលធ្វើឱ្យយើងត្រូវប្រុងស្មារតីជាប់ជានិច្ចទើបអាចចៀសវាងបាន។ តទៅនេះយើងនឹងលើកយកបាបកម្មទាំង១៥យ៉ាង
មកធ្វើការសិក្សាម្តងមួយៗដូចខាងក្រោម៖
២.១. ទោសៈ
ក. អត្ថន័យ
ទោសៈ បានដល់ការប្រទូស្ត, កំហឹង, សម្អប់, កំហុស, មានទោសធ្ងន់[4]។
ទោសៈជាភ្លើង ដែលដុតកម្តៅចិត្តរបស់យើងឱ្យឆេះសន្ធោសន្ធៅឡើងនៅពុំស្រណុកស្រួល។
វាជាភ្លើងកំហឹង ដែលធ្វើឱ្យមនុស្សបាត់ក្តីមេត្តានៅក្នុងខ្លួន
ហើយនាំគេឱ្យប្រព្រឹត្តអំពើបាបបានដោយគ្មានខ្លាចរអា។
ខ. ការលេចឡើងនៃទោសៈ
ទោសៈនេះកើតឡើងពីការច្រណែនឈ្នានីស
ការចងអាឃាដប៉ុនប៉ងព្យាបាទចំពោះអ្នកដទៃជាដើម។
វាផ្តើមចេញពីភាពគ្មានមេត្តា គ្មានក្តីអាណិតអាសូរ
អគតិនៅពេលដែលអ្វីដែលខ្លួនប្រាថ្នាមិនបានសម្រេចដូចចិត្ត។ បុគ្គលដែលមានកំហឹងច្រើននៅក្នុងសន្តានចិត្ត
គឺងាយនឹងត្រូវទោសៈចូលមកគ្របសង្កត់ណាស់។ ពេលទោសៈគ្របសង្កត់យើង
យើងធ្វើអំពើអាក្រក់ចំពោះខ្លួនយើងផង ចំពោះអ្នកដែលនៅជុំវិញខ្លូនយើងផង។
គ. លក្ខណៈនៃមនុស្សដែលមានទោសៈ
ទោសៈនេះតែងឆេះនៅក្នុងចិត្ត និង រាងកាយ
ធ្វើឱ្យមុខរបស់យើងប្រែពណ៌ជាក្រហម បេះដូងដើរញាប់ខុសពីធម្មតា ដៃជើងញ័រ
ជាដើម។ល។ ដោយសារកម្លាំងរបស់ទោសៈ បុគ្គលខ្លះជេរប្រទេចផ្តាសាគេ
ខ្លះវាយតប់គេ និងខ្លះទៀតអាចឈានទៅដល់ការសម្លាប់ជីវិតគេថែមទៀតផង។ ពេលទោសៈនៅក្នុងខ្លួន
បុគ្គលងាយនឹងប្រព្រឹត្តអំពើបាបកម្មណាស់ ព្រោះត្បិតថាកម្លាំងនៃភ្លើងកំហឹងធ្វើឱ្យគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
ជាក់ស្តែងដូចជាតួអង្គបិលកយក្ស ដែលត្រូវបានភ្លើងទោសៈគ្របសង្កត់ធ្វើឱ្យលែងដឹងខុសត្រូវ
យកខ្មៅជាសល្អជាអាក្រក់លើកដៃប្រហារសុវណ្ណសាមដែលជាមនុស្សល្អ[5]។
នេះគឺដោយសារការលុះក្នុងអំណាចនៃទោសៈ
ទើបធ្វើបិលកយក្សភ្លាត់សតិលែងដឹងអីបែបនេះ។
ឃ. លទ្ធផល
ដោយសារតែទង្វើដែលប្រកបដោយទោសៈ
ជាអំពើដែលខ្វះការពិចារណា ជាអំពើដែលប្រកបដោយទោស ជាអំពើដែលធ្វើទៅតាមភ្លើងកំហឹងមួយរយៈនោះ
ទើបមនុស្សដែលធ្វើអំពើនោះនឹងមានវិប្បដិសារីជាក់ជាពុំខាន
ព្រោះអំពើដែលគេប្រព្រឹត្តនោះ គឺមិនមែនដោយអំណាចនៃចិត្តរបស់គេនោះទេ
តែគឺជាអំណាចនៃទោសៈទៅវិញ។ យើងបានឃើញបុណ្ណកយក្សជាតួយ៉ាងស្រាប់ហើយ
គឺបន្ទាប់ពីបានបាញ់សុវណ្ណសាមរួចមក
ប៉ុណ្ណកយក្សមានការសោកស្តាយចំពោះទង្វើអមនុស្សធម៌របស់ខ្លួន។
ដូច្នេះទោសៈ
មានឥទ្ធិពលខ្លាំងណាស់មកលើផ្លូវចិត្តរបស់មនុស្ស
ហើយប្រសិនបើមានទោសៈនៅក្នុងខ្លួនហើយនោះ
យើងមិនត្រឹមតែមិនអាចស្វែងរកសេចក្តីសុខមកដាក់នៅក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះទេ
តែថែមទាំងអាចផ្តល់នូវសេចក្តីទុក្ខដល់អ្នកដទៃទៀតផង។ តែទោះជាយ៉ាងណាក្តី
យើងពិតជាអាចបំបាត់ភ្លើងកំហឹងនេះបានដោយការចម្រើនមេត្តា។
មេត្តាប្រៀបដូចជាទឹក ដែលអាចរំលត់ភ្លើងបានគឺទោសៈនោះឯង។ មួយវិញទៀត
បើសិនជាយើងយកទឹកក្តៅដែលកំពុងពុះចេញពីចង្ក្រានហើយទុកយូរបន្តិចនោះ
ទឹកក្តៅនោះឯងនឹងចាប់ផ្តើមត្រជាក់បន្តិចម្តងៗ។
២.២. សន្សំរឿង
ក. អត្ថន័យ
សន្សំ មានន័យថាប្រមែប្រមូលពីតិចឱ្យបានទៅជាច្រើន[6]។
ឯរឿងគឺសម្តៅដល់ ហេតុ, ការណ៍,
ដើមហេតុ, អធិករណ៍[7]។ ដូច្នេះសន្សំរឿង គឺចង់និយាយអំពីការប្រមូលផ្តុំ, សន្សំរឿងរ៉ាវ,
បញ្ហា(ជម្លោះ)ផ្សេងៗ ពីតិចទៅច្រើនក្នុងគោលបំណងដើម្បីជាលេសរករឿង ឬ
ធ្វើបាបនរណាម្នាក់។ សន្សំរឿង
គឺជាអំពើអសីលធម៌មួយដែលនឹងនាំទៅដល់ជម្លោះទាស់ទែង, ការប្រទូស្ត,
ការបែកបាក់គ្នាជាដើម។ វាគឺជាមធ្យោបាយមួយដែលបុគ្គលអ្នកប្រទូស្តចូលចិត្តយកមកធ្វើជាដើមហេតុក្នុងការបង្កជម្លោះ។
ខ. ការលេចឡើងនៃការសន្សំរឿង
វាច្រើនកើតចេញមកពីការមិនពេញចិត្ត,
ភាពល្ងង់ខ្លៅ, ការចង់ប្រទូស្ត ឬការចង់ប្រជែងយកឈ្នះនឹងនរណាម្នាក់។
នេះគឺមកពីកង្វះបញ្ញាក្នុងការពិចារណាថា ការសន្សំបញ្ហាគឺជារឿងឥតប្រយោជន៍
ជារឿងដែលនាំមកតែភាពសៅហ្មង
ជារឿងដែលនាំមកតែការប្រេះឆាបែកបាក់សាមគ្គីតែប៉ុណ្ណោះ។
ម្យ៉ាងទៀតគឺមកពីគេមិនដែលគិតថា
អ្នកដទៃគេក៏ចង់បាននូវសេចក្តីសុខចម្រើន សុភមង្គលដូចយើងដែរ។
គ. លក្ខណៈនៃមនុស្សដែលសន្សំរឿង
បុគ្គលអ្នកដែលសន្សំរឿង
ច្រើនជាអ្នកចូលចិត្តធ្វើបាបគេឬសប្បាយលើគំនរទុក្ខរបស់អ្នកដទៃ។
ជាមនុស្សរករឿងឥតហេតុផល និងចង់តែយកឈ្នះចំពោះអ្នកដទៃតែប៉ុណ្ណោះ។
បើគេចង់ធ្វើបាបនរណាម្នាក់ហើយនោះ គេតែងតែព្យាយាមរកនឹក
ឬរំពៃរ៍មើលរកទោសកំហុស
ចំណុចអវិជ្ជមានផ្សេងៗដែលគេអាចយកមកធ្វើជាដើមហេតុដើម្បបង្កជម្លោះធ្វើយ៉ាងណាឱ្យតែគេវិនាស។
ភស្តុតាងដ៏ជាក់លាក់ដែលខ្មែរគ្រប់រូបចងចាំមិនភ្លេចនោះគឺ
ការព្យាយាមសន្សំរឿងជាមួយខ្មែរម្តងហើយម្តងទៀត
ពីសំណាក់ជនជាតិសៀមនាពេលបច្ចុប្បន្នកាលនេះ។ ជនជាតិសៀមតែងតែរកលេសផ្សេងៗដើម្បីឈ្លានពាន
ខ្មែរ ដោយម្តងថាប្រាសាទព្រះវិហារជារបស់ខ្លួន
ម្តងថាខ្មែរឈ្លានពានទឹកដីរបស់ខ្លួនជាដើម។ នេះគឺជាចរិតដ៏ថោកទាបមួយ
របស់ជនជាតិសៀមដែលជាអ្នកចូលចិត្តសន្សំរឿងបង្កជម្លោះ។
ឃ. លទ្ធផល
សន្តិភាពនិងសាមគ្គីភាព
នឹងមិនអាចកើតមាននៅកន្លែងដែលមានមនុស្សចូលចិត្តសន្សំរឿងនោះឡើយ។
ផលល្អដែលកើតចេញពីការសន្សំរឿងនោះគឺមិនមាន
តែអ្វីដែលមាននោះគឺក្តីវិនាសទៅវិញទេ។ ក្តីស្រឡាញ់ ការគោរព
និងសេចក្តីសុខចម្រើនក៏នឹងមិនអាចកើតមានដល់បុគ្គលអ្នកចូលចិត្តសន្សំរឿងនោះទេ
ព្រោះដោយហេតុថាមនុស្សប្រ ភេទនេះ ជាអ្នកខ្សត់ញាតិមិត្ត តែសម្បូរសត្រូវទៅវិញ
នេះក៏ដោយសារតែគេមិនដែលចងមិត្ត ដោយរវល់តែដើរសន្សំរឿងជាមួយអ្នកដទៃ។
ដូចមានប្រទេសសៀមជាឧទាហរណ៍ស្រាប់
គឺអំពើដ៏លាមករបស់គេនោះធ្វើឱ្យខ្មែរក៏ដូចជាពិភពលោកស្អប់ខ្ពើម
និងថ្កោលទោសយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យសៀមអាប់ឱនកិត្តិយស
ហើយលទ្ធសំខាន់ដែលគេទទួលបានគឺចំណងប្រេះឆា បែកបាក់សាមគ្គីជាមួយខ្មែរនោះឯង។
ជារួម
ការសន្សំរឿងពុំបានញ៉ាំងនូវប្រយោជន៍អ្វីឱ្យកើតឡើងបាននោះទេ
គឺវានាំមកតែច្រៃឧបទ្រពតែប៉ុណ្ណោះ។
ពេលខ្លះក្តីអន្តរាយដែលខ្លួនចង់ឱ្យគេទទួលនោះក៏អាចធ្លាក់មកលើខ្លួនឯងវិញក៏ថាបាន។
ដូច្នេះដើម្បីចៀសវាងជម្លោះមួយនេះ
បុគ្គលគប្បីប្រកាន់យកនូវធម៌អហិង្សាគឺមិនបៀតបៀនអ្នកដទៃ
ហើយព្យាយាមកសាងមិត្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ប្រយោជន៍គឺដើម្បីរក្សាសុខសន្តិភាពនិងដើម្បីការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។
២.៣. រមិលគុណ
ក. អត្ថន័យ
រមិលគុណ មានន័យថា ឃើញគុណឬនឹកគុណដែរតែស្បើយៗ
មិនសូវយកចិត្តទុកដាក់[8]។
រមិលគុណ គឺជាការប្រទូស្តទៅនឹងបុគ្គលដែលបានធ្វើអំពើល្អមកលើខ្លួន។
ពាក្យនេះគឺច្រើនប្រើសម្តៅទៅលើបុគ្គលដែលអ្នកដទៃបានធ្វើគុណមកលើខ្លួន
ហើយមិនត្រឹមតែមិនតបស្នងចំពោះអំពើល្អរបស់គេទេ
តែបែរជាជចង់ធ្វើឱ្យគេវិនាសទៅវិញ។
ខ. ការលេចឡើងនៃការរមិលគុណ
ដើមដំបូងនៃការរមិលគុណ
គឺចេញមកពីកង្វះនូវធម៌កតញ្ញូនៅក្នុងខ្លូន។
បើកាលណាកង្វះនូវធម៌មួយនេះហើយនោះ ទោះបីជាយើងខិតខំធ្វើសេចក្តីចម្រើនដល់គេរាប់ដងមិនឈ្នះក៏ដោយចុះ
ក៏គេនៅតែមិនដឹងគុណូបការៈរបស់យើងដែរ។
មួយវិញទៀត
ភាពអវិជ្ជាមិនស្គាល់ខុសត្រូវគុណទោសនេះក៏ជាប្រការមួយដែលធ្វើឱ្យគេអាចទ្រុស្តអ្នកមានគុណបានដោយងាយ។
ជាពិសេសមោហៈ ងាយនឹងបិទបាំងអំពើល្អនេះណាស់ ព្រោះនៅពេលមោហ៍បា
ជាធម្មតាកតញ្ញូជន តែងញ៉ាំងនូវប្រយោជន៍ឱ្យកើតជា
គ. លក្ខណៈនៃមនុស្សរមិលគុណ
បុគ្គលដែលរមិលគុណគេ
ច្រើនជាមនុស្សដែលមានចិត្តលោភលន់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
គេអាចហ៊ានដល់ទៅសម្លាប់អ្នកដែលបានជួយសង្គ្រោះខ្លួន
ដោយគ្រាន់តែសម្លឹងឃើញនួវលាភសក្ការៈបន្តិចបន្តួចតែប៉ុណ្ណោះ។ ជាធម្មតា
អកតញ្ញូជនជាមនុស្សដែលមិនចេះខ្មាសបាប មិនខ្លាចកម្មពៀរវេរា
មិនស្គាល់ទោសដែលកើតពីការរមិលគុណ ដែលចំណុចនេះខុសគ្នាស្រឡះពីកតញ្ញូជន
ដែលតែងញ៉ាំងនូវប្រយោជន៍ឱ្យកើតជារឿយៗចំពោះអ្នកដែលបានធ្វើអំពើល្អមកលើខ្លួន
ហើយរមែងរិះរកគ្រប់វិធីធ្វើយ៉ាងណាដើម្បីតបគុណគេវិញ។ នេះសមមានឧទាហរណ៍ដូចជាតួអង្គក្រពើ
ដែលចង់ស៊ីសាច់អ្នកបររទេសដែលបានជួយសង្គ្រោះខ្លួនឱ្យរួចផុតពីសេចក្តីស្លាប់ដូច្នោះដែរ[9]។
ហេតុនេះហើយទើបបានជាខ្មែរយើងច្រើនតែហៅមនុស្សដែលរមិលគុណគេនេះថាជាក្រពើ
ឬជួនកាលហៅថា អាក្រពើវង្វេងបឹងនោះឯង។
ឃ. លទ្ធផល
អត្ថិភាពរបស់ទឹកសន្សើមមិនមាននាវេលាត្រូវពន្លឺរបស់ព្រះអាទិត្យ
មានសភាពយ៉ាងណា ផលនៃជនរមិលគុណក៏មានសភាពលក្ខណៈដូច្នោះដែរ។
សេចក្តីសុខសេចក្តីចម្រើន នឹងមិនដែលកើតមានចំពោះមនុស្សជំពូកនេះឡើយ
ព្រោះនៅពេលដែលគេស្គាល់ពីកិច្ចកលរបស់អកតញ្ញូជននេះហើយ
គេនឹងលែងជួយយកអាសាតទៅទៀត ហើយទីបំផុតនោះបុគ្គលបែបនេះនឹងវិនាសអន្តរធានដោយឯកឯង។
មួយវិញទៀតមនុស្សបែបនេះច្រើនត្រូវបានគេស្អប់ពុំរាប់រកនោះទេ។
ដំណើរមួយនេះ គឺដូចទៅនឹងក្រពើដែលដល់នូវក្តីមរណ៍ដោយហេតុព្រោះតែមិនស្គាល់គុណអ្នកបររទេះនោះឯង។
សរុបឃើញថា
ការរមិលគុណនេះជាអំពើប្រទូស្តមួយដែលនឹងផ្តល់នូវសេចក្តីសុខសេចក្តីចម្រើនដល់យើងគ្រប់គ្នានោះគឺមិនមែនទេ
តែផលនៃភាពអកតញ្ញូនេះគឺមានតែសេចក្តីវិនាសអន្តរាយតែប៉ុណ្ណោះ។
គូបដិបក្ខដ៏សំខាន់របស់ការរមិលគុណគឺកតញ្ញូ
ហើយដើម្បីបំបាត់នូវការរមិលគុណនេះបានគឺមានតែការចម្រើននូវធម៌កតញ្ញូឱ្យមានជាប់ជាប្រចាំនៅក្នុងខ្លួនតែប៉ុណ្ណោះ។
ម្យ៉ាងទៀតបុគ្គលគប្បីពិចារណាពីបាបកម្មដែលកើតពីការមិនស្គាល់គុណគេ
និងបុណ្យដែលកើតពីការតបគុណគេនេះឱ្យបានច្បាស់ទើបអាចរក្សាខ្លួនឱ្យស្ថិតនៅក្នុងអំពើល្អជានិច្ចនិរន្តរ៍បាន។
២.៤. លើកកម្ពស់ខ្លួន
ក. អត្ថន័យ
លើក មានន័យថា យកពីក្រោមឡើងទៅលើ, យកពីទីទាបទៅទីខ្ពស់,
ទ្រឡើង, ធ្វើឱ្យខ្ពស់[10]។
ឯកម្ពស់ គឺមានន័យថា ភាពខ្ពស់[11]។
ដូច្នេះលើកកម្ពស់ខ្លួន គឺសម្តៅទៅដល់ការទុកខ្លួនឯងថាជាបុគ្គលប្រសើរ,
ការអួតខ្លួនថាជាមនុស្សខ្ពង់ខ្ពស់
និងការព្យាយាមធ្វើឱ្យអ្នកដទៃជឿចូលចិត្តថា ខ្លួនពិតជាឧត្តមប្រសើរមែន
តែធាតុពិតវិញនោះគឺពុំដូច្នោះឡើយ។ ពាក្យនេះគេច្រើនប្រើដោយចំអកចំពោះមនុស្ស
ដែលចូលចិត្តនិយាយអ្វីឱ្យហួសពីសមត្ថភាពពិតរបស់ខ្លួន
ដូចជាគេច្រើនហៅថា មនុស្សលើកកម្ពស់ខ្លួន ឬមនុស្សអួតដូច្នេះជាដើម។
ខ. ការលេចឡើងនៃការលើកកម្ពស់ខ្លួន
អំនួតមួយនេះ
កើតឡើងដោយសារមាននូវមានះនៅក្នុងខ្លួនប្រកាន់ស៊ប់មាំនៅក្នុងចិត្តគិតខ្លាចខ្មាសគេ,
មិនចង់ឱ្យគេមើលងាយខ្លួនថាអសមត្ថភាពឬអន់ជាងគេ ទើបបានជាខិតខំកុហកខ្លួនឯង
ឬពោលលើកសរសើរបំប៉ោងខ្លួនឯងឱ្យបានខ្ពង់ខ្ពង់ដូចគេ ជួនកាលលើសគេទៀតផង។
ម្យ៉ាងវិញទៀត បើកាលណាបុគ្គលនោះពុំស្គាល់ខ្លួនឯងថាជានរណាឱ្យបានច្បាស់លាស់ទេនោះ
គឺងាយនឹងលុះនៅក្នុងបាបកម្មមួយនេះខ្លាំងណាស់។
គ. លក្ខណៈរបស់មនុស្សដែលចូលចិត្តលើកកម្ពស់ខ្លួន
មនុស្សលើកកម្ពស់ខ្លួនឯង
គឺមនុស្សដែលចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយការប្រៀបផ្ទឹមនោះទៀតសោតគឺគេតែងយល់ថាអ្នកដទៃពុំស្មើនឹងខ្លួនឯងឡើយ
ទោះបីជាធាតុពិតនោះយ៉ាងណាក៏ដោយ។
គេគឺជាមនុស្សដែលប្រកាន់ខ្លួនហួសហេតុ
ពុំចូលចិត្តរាប់អានជាមួយអ្នកមានឋានៈតូចទាប
ឬក្រខ្សត់ជាងខ្លួននោះទេ ព្រោះដោយហេតុថាវានឹងនាំឱ្យគេអាប់ឱនដោយសារមិត្តភាពមួយនេះ។
បុគ្គលប្រភេទយើងអាចហៅថា បុគ្គលអញនិយម ដោយក្នុងផ្នត់គំនិតរបស់គេមានតែពាក្យថាអញ
គ្មានអ្នកណាដល់អញ ហើយគឺមានតែអញទេដែលខ្ពង់ខ្ពស់ជាងគេ។
ចំណុចត្រង់នេះគឺដូចគ្នាទៅនឹងព្រះបាទមហាចក្រាមហិស្សរាធិបតី
បដិសេធនឹងចំណងមេត្រីភាពរបស់ស្តេចស្រមោចខ្មៅ
ព្រោះដោយទ្រង់យល់ថាស្រមោចជាសត្វថោកទាប
មិនសក្តិសមដល់ព្រះអង្គដែលជាស្តេចធំរាប់អានឡើយ
ហើយចំណងមិត្តភាពនេះវាអាចធ្វើឱ្យអាប់ឱនកិត្តិយសរបស់ទ្រង់[12]។
ឃ. លទ្ធផល
ផលនៃការលើកកម្ពស់ខ្លួននេះ
គឺមានតែការខ្សត់ញាតិមិត្តតែប៉ុណ្ណោះព្រោះថា ក្នុងជីវិតរបស់គេ
គេពុំដែលឱ្យតម្លៃនរណាម្នាក់ក្រៅតែពីខ្លួនឯង
ហើយគេក៏ពុំបានចងមិត្តឱ្យបានច្រើនឯណា
នេះក៏ដោយសារតែគេរវល់តែឈ្លក់វង្វេងចំពោះខ្លួនឯងនោះអី។
មិនត្រឹមតែប៉ុណ្ណោះ
គេក៏អាចនឹងស្តាយក្រោយចំពោះទង្វើមួយនេះជាពិសេសគឺនៅពេលដែលគេជួបប្រទះនូវឧបសគ្គហើយគ្មាននរណាជួយបាន
ដូចព្រះបាទមហាចក្រាមហិស្សរាធិបតី ពេលមានគ្រោះភ័យបែរត្រឡប់ទៅពឹងស្រមោច
រួចទើបនឹកស្តាយក្រោយនូវទង្វើរបស់ខ្លួនកាលពីថ្ងៃមុន។
និយាយឱ្យខ្លីមក
ការលើកកម្ពស់ខ្លួនឯងនេះគឺជាអំពើមួយខុសឆ្គងបំផុត
ព្រោះវាកើតចេញពីភាពឆោតល្ងង់លង់ក្នុងផ្លូវខុស
ដោយមើលឃើញតែពីចំណុចល្អខ្លួនឯង ត្រង់អ្នកដទៃបែរជាមើលពុំឃើញទៅវិញ។
ដូច្នេះបុគ្គលគួរគ្បីស្គាល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន
និងអ្នកដទៃប្រយោជន៍ដើម្បីកុំឱ្យលើកតម្កើងខ្លួនឯងជ្រុលហួសពេក
ឬក៏បន្ទាបបន្ថោកគេខ្លាំងពេកនោះដែរ។
២.៥. ច្រណែន
ក. អត្ថន័យ
ច្រណែន មានន័យថា មិនសុខចិត្តដោយគេបានលើសខ្លួន ឬដោយគេបានខ្លួនមិនបាន[13]។
ច្រណែន បានដល់ឥស្សាចិត្តដែលតែងតែឈ្នានីសអ្នកទៃ។
វាជាអកុសលធម៌មួយដ៏ព្រៃផ្សៃដែល ដែលនាំទៅដល់ការបែកបាក់ប្រេះឆា
ជម្លោះទាស់ទែង ចង្រៃអពមង្គលគ្រប់បែបយ៉ាង។ ទីណាមានការច្រណែន
ទីនោះនឹងរកសេចក្តីសុខសន្តិភាពពុំឃើញនោះឡើយ។
ខ. ការលេចឡើងនៃការច្រណែន
ការច្រណែន
គឺមានលោភៈនេះជាដើមហេតុ ព្រោះនៅពេលដែលបុគ្គលមានសេចក្តីលោភលន់ហើយនោះ
គេនឹងឃើញតែពីខាងបាន ឃើញតែពីខាងចំណេញតែប៉ុណ្ណោះ
លុះដល់ឃើញអ្នកដទៃគេបានដូចខ្លួនឬលើសខ្លួនតែបន្តិចបន្តួចនោះចិត្តច្រណែនក៏កើតឡើងមួយរំពេច។
មួយវិញទៀត ក៏គឺបណ្តាលមកពីកង្វះមុទិតាធម៌។
បើបុគ្គលមាននូវមុទិតានៅក្នុងខ្លួននោះ
គេប្រាកដជាមានសេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកដទៃគេបានសុខ
អ្នកដទៃគេបានទ្រព្យ អ្នកដទៃគេបានសក្តិយសដូចខ្លួន
តែប្រសិនបើគ្មានមុទិតាវិញនោះ គេមិនតែមិនសប្បាយចិត្តនោះទេ
តែថែមទាំងច្រណែនឈ្នានីសចង់រករឿងឈ្លោះទាស់ទែងទៀតផង។
គ. លក្ខណៈនៃមនុស្សច្រណែន
បុគ្គលដែលមានការច្រណែននៅក្នុងខ្លួន
ជាធម្មតាតែងតែចាំឃ្លាំមើលអ្នកដទៃក្រែងគេទទួលបានផលប្រយោជន៍អ្វីច្រើនជាងខ្លួន។
ជាអ្នកដែលតែងតែខ្វល់ខ្វាយច្រើនពីរឿងតិចច្រើនលើសខ្វះ ព្រោះចិត្តមិនចង់ឱ្យគេបានច្រើនជាងខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ គេគឺជាមនុស្សដែលចូលចិត្តសួរដេញដោល
ចាក់ឬសចាក់គល់ដើម្បីចង់ដឹងពីបញ្ហាផ្សេងៗ
ដោយហេតុខ្លាចគេបានប្រយោជន៍អ្វីមួយហើយលាក់បាំងនឹងខ្លួន
មិនឱ្យខ្លួនដឹង។ ប្រសិនបើឃើញគេធ្វើអ្វីមួយហើយកើតប្រយោជន៍នោះ
គេក៏នឹងបង្ករឿង ដើម្បីធ្វើឱ្យគេខូចប្រយោជន៍។
ជាក់ស្តែងគឺដូចជាពួកដៃជើងនិងមាត់ ដែលនាំគ្នាច្រណែននឹងក្រពះដែលជាអ្នកទទួលបាននូវប្រយោជន៍គឺអាហារ
ហើយនាំគ្នាឈប់ធ្វើការដើម្បីឱ្យមាត់ខាតប្រយោជន៍នោះឯង[14]។
ឃ. លទ្ធផល
ផលដែលកើតពីការច្រណែន
គឺមិនមានអ្វីក្រៅតែអំពីការបែកបាក់សាមគ្គី ជម្លោះទាស់ទែងគ្នា
ភាពសៅហ្មងនៅក្នុងចិត្ត ហើយនៅទីបំផុតគឺអន្តរាយនោះឯង។
នេះក៏ព្រោះមកពីគេចេះតែពុំសុខពុំសុខកាយពេលឃើញអ្នកដទៃគេមានសេចក្តីសុខចម្រើន
ជាងខ្លួនហើយគិតតែពីរឿងតិចច្រើនលើសខ្វះខ្លាំងពេក ទើបធ្វើឱ្យមានការប្រេះឆានោះឯង។
នេះសមដូចទៅនឹងដៃជើងនិងមាត់
ដែលនាំគ្នាទៅច្រណែននឹងក្រពះហើយគិតព្យាយាមធ្វើឱ្យគេខូចប្រយោជន៍
រហូតដល់ស្ទើរតែធ្វើឱ្យខ្លួនឯងវិនាសដែរ។
ដូច្នេះការច្រណែន
ពុំបាននាំសេចក្តីសុខមកឱ្យយើងសូមបីតែបន្តិចក៏គ្មានដែរ
តែគឺនាំនូវភាពសៅហ្មងឯណោះវិញទេ។ ដើម្បីបំបាត់ការច្រណែន
គឺត្រូវខិតខំគ្របសង្កត់លោភៈកុំឱ្យកើតឡើង
ហើយត្រូវចម្រើននូវមុទិតាជារឿយៗទើបយើងអាចចៀសផុតពីអកុសលធម៌មួយនេះបាន។
ត្រូវព្យាយាមធ្វើខ្លួនជាមនុស្សស្រឡាញ់សន្តិភាព
ហើយកុំធ្វើអ្វីតាមចិត្តកម្លៅឱ្យសោះ ព្រោះវានាំតែភាពហិនហោចតែប៉ុណ្ណោះ។
២.៦. កំណាញ់
ក. អត្ថន័យ
កំណាញ់ គឺសម្តៅទៅលើ ការកាញ់គ្នេរ,
ដែលហួងហែងទ្រព្យរបស់ទុកមិនចាយ មិនប្រើ ឬ មិនឱ្យសាធារណ៍ទួទៅដល់អ្នកឯទៀត[15]។
កំណាញ់ គឺជាការចង់រក្សាទុកអ្វីដែលខ្លួនមានសម្រាប់តែម្នាក់ឯងប៉ុណ្ណោះ
ទោះបីជាអ្នកដទៃខ្វះខាតឬត្រូវការជំនួយពីខ្លួនយ៉ាងណាក្តី
ក៏ស៊ូលាក់ទុកតែម្នាក់ឯង ព្រោះដោយហេតុថាមិនចង់ឱ្យគេបានដូចខ្លួន,
មានជាងខ្លួន ឬខ្លាចខូចប្រយោជន៍ខ្លួនឯងផ្ទាល់។
ខ. ការលេចឡើងនៃការកំណាញ់
សេចក្តីកំណាញ់នេះ
គឺវាផ្តើមចេញពីការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
ផលប្រយោជន៍គ្រួសារឬក្រុមបក្សពួករបស់ខ្លួនខ្លាំងពេក
ទើបបានជាមិនឃើញផលប្រយោជន៍អ្នកដទៃ ឬសាធារណៈសោះ។
មួយទៀតគឺសេចក្តីឆោតល្ងង់ដោយគិតថា ប្រសិនបើជួយគេខ្លាចក្រែងវិនាសទ្រព្យរបស់ខ្លួនអស់
ហេតុនេះហើយបានជាស៊ូទ្រាំធ្វើគធ្វើថ្លង់មិនហ៊ានចំណាយ ឬជួយគេឡើយ។
ដើមហេតុមួយទៀត
គឺមកពីមិនស្គាល់ប្រយោជន៍ដែលកើតពីការជួយយកអាសាអ្នកដទៃ
ទាំងក្នុងលោកនេះនិងបរលោក។
គ. លក្ខណៈនៃមនុស្សកំណាញ់
បុគ្គលកំណាញ់គឺជាមនុស្ស
សន្សំទ្រព្យទុកហើយពុំហ៊ានសូម្បីតែចាយខ្លួនឯង ឬផ្តល់ឱ្យអ្នកដទៃ
ហើយពេលខ្លះទៀតសូម្បីតែកូនប្រពន្ធខ្លួនឯងក៏គេមិនឱ្យចាយវាយដែរ។
ជាមនុស្សដែលខ្លាចគេចេះជាងខ្លួន
ព្រោះនៅពេលគេឆ្ងល់អ្វីហើយមកសួរខ្លួននោះក៏កំណាញ់មិនប្រាប់ដោយខ្លាចបាត់លាភសក្ការៈ
ឬឥស្សរភាពរបស់ខ្លួន។ គេគឺជាមនុស្សខ្លាចខាតខ្លាំងពេក
រហូតដល់ពេលខ្លះមិនចង់ឱ្យភ្ញៀវមកលេងព្រោះខ្លាចអស់បាយអស់ទឹក
ខាតអុសខាតភ្លើងហើយរអ៊ូរទាំនៅក្នុងជាប់ជានិច្ចរហូតជាដើម។ល។
ដំណើរមួយនេះដូចគ្នាទៅនឹងសត្វចចកកំណាញ់ទៅបបួលសត្វទុងសំឡាញ់ឱ្យមកឆីអាហារ
តែបែរជាដាក់អាហារក្នុងភាជន៍ មានផ្ទៃរាបស្មើប្រៀបដូចថាសរាប
ជាហេតុធ្វើឱ្យទុងនឹងរកអាស្រ័យអាហារពុំបាន
ព្រោះជាសត្វមានចំពុះវែងទើសនឹងថាសរាបរឹង[16]។
ឃ. លទ្ធផល
នៅពេលដែលយើងកំណាញ់ហួសហេតុពេកនោះ
យើងប្រាកដជាបាត់បង់សន្តានញាតិមិត្តអស់ជាក់ជាពុំខាន
ព្រោះយើងជាមនុស្សគិតតែពីខាងខ្លួនខ្លាំងពេក
នឹងរកគេពឹងពាក់អាស្រ័យម្តងម្កាលនោះពុំបានសោះ
ហើយប្រសិនបើយើងមានគ្រោះអាសន្នអ្វីមួយជាយថាហេតុនោះ គេក៏នឹងមើលយើងនឹងភ្នែកដូចគ្នាដែរ។
បើយើងកំាណាញ់ក្រៅតម្រាពេកនោះ គឺច្រើននឹងត្រូវគេស្អប់
ហើយគេអាចនឹងកំណាញ់ដាក់យើងវិញ
ដូចសត្វចចកត្រូវសត្វទុងសងសឹកវិញដោយអញ្ជើញទៅឆីអាហារនៅផ្ទះខ្លួន
តែដាក់ចំណីនៅក្នុងដបមានមាត់តូច ធ្វើឱ្យចចកនឹងរកអាស្រ័យផងពុំបាន។
ដូច្នេះយើងគួរគប្បីលះសេចក្តីកំណាញ់ចេញពីសន្តាន
ហើយចេះចែករំលែកនូវទ្រព្យសម្បត្តិដើម្បីប្រើប្រាស់សម្រាប់ខ្លួងឯងខ្លះ
គ្រួសារខ្លះ និងជួយដល់អ្នកជិតខាង ឬប្រយោជន៍សាធារណៈខ្លះ
ដើម្បីសេចក្តីសុខពេញបរិបូរសម្រាប់ទាំងអស់គ្នា
ជាពិសេសគឺដើម្បីទាំងនៅក្នុងលោកយើងនេះ និងទាំងនៅក្នុងបរលោក។
២.៧. លាក់ទោសកំហុសទុក
ក. អត្ថន័យ
លាក់ គឺមានន័យថា បិទបាំង, បំបាំងឬទុកមិនឱ្យគេឃើញ
មិនឱ្យគេឃើញ[17]។ ឯទោសកំហុស គឺសម្តៅទៅលើសេចក្តីខុសដែលនឹងនាំទៅដល់ការប្រទូស្ត,
កំហឹង, សម្អប់ ឬជម្លោះជាដើម។ លាក់បាំងទោសកំហុសទុក
គឺជាការព្យាយាមបិទបាំងនូវទង្វើមិនល្អ
ទង្វើអាក្រក់របស់ខ្លួនពុំឱ្យគេដឹង ព្រោះខ្លាចគេចាប់ទោសអូសដំណើរ
ឬសងសឹកមកលើខ្លួនវិញ។ ជាអំពើមួយដែលអ្នកគ្មានទំនួលខុសត្រូវតែងតែធ្វើ
ជាពិសេសគឺជនទុច្ចរិត។
ខ. ការលេចឡើងនៃការលាក់ទោសកំហុសទុក
ការបិទបាំងមិនហ៊ានឱ្យគេដឹងនេះ
កើតឡើងនៅពេលបុគ្គលបានប្រព្រឹត្តនូវអំពើពុំគប្បីណាមួយហើយយល់ថា
បើមានគេដឹងនោះខ្លួននឹងមានទោសទណ្ឌ ទើបបានកើតជាការលាក់កំបាំង
ពុំព្រមសារភាព។ ពេលខ្លះគឺមកពីគេខ្លាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស
ឬឥស្សរភាពរបស់គេផងដែរ ព្រោះថាគេស្រឡាញ់កិត្តិយសនិងឥស្សរភាពនេះពេក
ទើបធ្វើឱ្យមិនហ៊ានប្រឈមនឹងការពិត។ ផ្តើមចេញពីភាពគ្មានទំនួលខុសត្រូវទាំងអស់នេះហើយ
ទើបអំពើលាក់បាំងចេះតែកើតមានជារឿយៗជារៀងរាល់ថ្ងៃឥតឈប់ឈរ។
គ. លក្ខរបស់មនុស្សដែលលាក់ទោសកំហុសទុក
ពេលដែលមនុស្សណាម្នាក់
ចង់លាក់ទោសកំហុសខ្លួនហើយនោះ
គេនឹងខិតខំនិយាយកុហកឬនិយាយរកលេសដោះសារដោយប្រការផ្សេងៗ
ដើម្បីឱ្យអ្នកដទៃគេយល់ចូលចិត្តជឿជាក់ថាខ្លួនជាមនុស្សល្អស្លូតត្រង់គ្មានកំហុស។
មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចនឹងសម្តែងនូវអាកប្បកិរិយាប្លែកៗដូចជា
ភ័យខុសពីធម្មតាឬព្យាយាមចាកចេញពីកន្លែងកើតហេតុដោយខ្លាចគេចាប់ចំណុចខ្សោយរបស់ខ្លួនបាន។
ពេលខ្លះគេក៏នឹងព្យាយាមបង្ករឿងផ្សេងៗដើម្បីបំបែរការចាប់អារម្មណ៍
ឬក៏បំបាត់ភស្តុតាងផងដែរ។ ឧទាហរណ៍ដូចជាកូនខ្លះដែលលួចលុយឪពុកម្តាយយកទៅចាយ
ហើយចង់លាក់បាំងមិនឱ្យពួកគាត់ដឹងនោះ គេនឹងព្យាយាមឆ្លើយថាមិនដឹង
ឬក៏គេចចេញពីផ្ទះដើម្បីកុំឱ្យគេសង្ស័យ និងគេចខ្លួននោះឯង។
ឃ. លទ្ធផល
នៅពេលគេដឹងការពិតហើយនោះ
គេក៏នឹងត្រូវតែនឹងទទួលទោសទៅតាមកម្រិតធ្ងន់ស្រាលរបស់ខ្លួនដោយចៀសមិនផុត។
ចំពោះក្នុងរង្វង់ក្រុមគ្រួសារវិញ ទង្វើបែបនេះនឹងនាំមានការសង្ស័យគ្នា
មិនទុកចិត្តគ្នា ឧបទ្រពចង្រៃឈ្លោះគ្នាពេញតែផ្ទះបែកទាំងស្រុក
ផ្អើលអស់ញាតិជិតខាងអាស្រូវកេរ្តិ៍តែប៉ុណ្ណោះ។ បើតែយ៉ាងនេះ
តើឱ្យទៅរកសេចក្តីសុខសុភមង្គលឯណានឹងនោះ។
ដូច្នេះយើងគួរតែមានសេចក្តីអៀនខ្មាសចំពោះខ្លួងឯង
នៅពេលដែលយើងជាមនុស្សកំសាក
គ្មានស្មារតីទទួលខុសត្រូវមិនហ៊ានប្រឈមមុខនឹងការពិតដូច្នោះ។
យើងគួរតែសុំការលើកលែងទោសពីគេ ប្រសិនបើយើងបានប្រព្រឹត្តឆ្គាំឆ្គង
ធ្វើបែបនេះទើបអាចកាត់បន្ថយជម្លោះបាន
ហើយនេះក៏វាស្របទៅនឹងសុភាសិតរបស់ខ្មែរយើងមួយឃ្លាថា"ថោកអីនឹងដៃ
ថ្លៃអីនឹងមាត់"។
២.៨. អួត
ក. អត្ថន័យ
អួត បានដល់កិរិយា និយាយលើកសរសើរ, ប្រកាសគុណ,
ប្រកាសសេចក្តីល្អឱ្យអ្នកដទៃស្តាប់
ឬនិយាយលើកបំផ្លើសលើសហេតុឱ្យគេស្ងើច[18]។
អួត គឺជាការពោលរៀបរាប់ពីអ្វីមួយដែលហួសពីវិស័យ
របស់ខ្លួនធ្វើបាន។
វាជាចេតនាក្នុងការបង្ហាញពីអ្វីដែលខ្លួនមានឱ្យគេឃើញ ឱ្យគេដឹង
ឱ្យគេបានឮ ក្នុងគោលបំណងដើម្បីឱ្យគេស្ងើចសរសើរចំពោះខ្លួន។
ខ. ការលេចឡើងនៃការអួត
ការអួតនេះគឺដោយសារបុគ្គលនោះ
មានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក ទើបធ្វើឱ្យគេឈ្លក់វង្វេងនឹងអ្វីដែលគេមាន
ហើយចេះតែយល់ថាត្រូវតែឱ្យគេដឹងទើបជាការគួរ។
មួយវិញទៀតគឺដោយសារភាពចង់បានមុខមាត់ពេក
ព្រោះថាបើពុំអួតទេតើថ្ងៃណាគេនឹងដឹង? ពេលខ្លះគឺដោយសារ
ចង់ឱ្យគេស្ញប់ស្ញែងខ្លួន ចង់ឱ្យគេស្គាល់ខ្លួន
ចង់ឱ្យមនុស្សគ្រប់គ្នាចូលចិត្តថាខ្លួនជាមនុស្សមានឧបការៈច្រើនគួរឱ្យចង់រាប់អាន
គួរឱ្យគោរពនឹងជាមនុស្សដែលគួរដល់នូវការគោរពបូជា។
គ. លក្ខណៈរបស់មនុស្សអួត
គឺជាប្រភេទមនុស្ស
ដែលចូលចិត្តនិយាយពីគុណសម្បត្តិរបស់ខ្លួនជារឿយៗ
ប្រាប់អ្នកដទៃដើម្បីឱ្យគេបានដឹង។ គេតែងតែប្រាប់អ្នកដទៃថា
ខ្លួនអាចធ្វើនេះបានធ្វើនោះបានដើម្បីឱ្យគេយល់ថាខ្លួនមានសមត្ថភាព
ខ្លួនជាអ្នកពូកែជាងគេ។ ពេលខ្លះទៀត គេខិតខំតុបតែងខ្លួនឱ្យហ៊ឺហា
ប្រើប្រាស់សម្ភារៈទំនើបៗដាច់គេដើម្បីអួតខ្លួនថាជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ពេលខ្លះទៀត ក៏តាំងខំធ្វើចរិតដូចជាអ្នកចេះដឹង
ឬពោលសរសើរពីឬទ្ធិអំណាចខ្លួនហួសពីការពិតឱ្យគេស្តាប់ដើម្បីឱ្យគេកោត។
លក្ខណៈនេះគឺដូចគ្នាទៅនឹងសត្វគីង្គក់ជើងខ្លី
ដែលចង់ឱ្យកន្លង់ស្ងើចសរសើរទើបខំអួតថាខ្លួនអាចទៅមកភ្នំព្រះសុមេរុក្នុងរយៈពេលតែមួយថ្ងៃ[19]។
ឃ. លទ្ធផល
កិរិយានៃការខិតខំទៅស្វែងរកដួងព្រះចន្ទដែលប្រាកដរូបនៅក្នុងទឹកបឹង
ឬស្ទឹងមិនមានផលយ៉ាងណា ប្រយោជន៍ដែលកើតពីការអួតអាងក៏មានសភាពដូច្នោះដែរ។
ពេលខ្លះដោយសារយើងនិយាយអួតច្រើនពេក
ក៏ធ្វើឱ្យគេធុញទ្រាន់ខ្ជិលនឹងស្តាប់ទៀត។
ការអួតនេះមិនត្រឹមតែមិនជួយយើងឱ្យគេកោតសរសើរនោះទេ
តែថែមទាំងធ្វើឱ្យយើងត្រូវគេមើលងាយសើចចំអក
ផ្ចាញ់ផ្ចាលភ្លាមៗទៀតផង។
បញ្ហានេះមានឧបមាដូចជាសត្វគីង្គក់ដែលខំពោលអួតឬទ្ធិរបស់ខ្លួន
ហើយត្រូវសត្វកន្លង់និយាយផ្ចាញ់នៅនឹងមុខមួយរំពេចនោះឯង។
និយាយឱ្យចំ យើងមិនគួរមានអំនួតឬមោទនភាពចំពោះខ្លួនឯងពេកទេ
គឺត្រូវចេះគិតថាអ្នកដទៃក៏គេមានគុណសម្បត្តិរបស់គេដែរ ពោលគឺពុំត្រូវមើលស្រាលអ្នកដទៃឡើយ
ព្រោះថាមនុស្សយើងមានសមត្ថភាពខុសគ្នា។
យើងត្រូវចេះឱ្យតម្លៃគ្នាទៅវិញទៅមក ប្រយោជន៍គឺដើម្បីស្វែងរកសាមគ្គីភាព
និងសុខសន្តិភាពជូនសង្គមជាតិ។
២.៩. ចចេស
ក. អត្ថន័យ
ចចេស មានន័យថា ទទូចធ្វើបំពានលើបំរាម[20]។
ចចេស គឺសម្តៅទៅលើ ភាពរឹងរូស,
ម្នះ, មុខរឹង ហាមមិនសា្តប់។
ពាក្យនេះគេច្រើនប្រើចំពោះមនុស្សណាដែលគេដាស់តឿនជារឿយៗហើយ
ប៉ុន្តែនៅតែមានះជម្នះតាមទំនើងចិត្តរបស់ខ្លួនពុំព្រមស្តាប់ហេតុផល
ឬការពន្យល់អ្វីនោះទេ។
ខ. ការលេចឡើងនៃភាពចចេស
មូលហេតុដ៏សំខាន់
គឺមកពីមិនជឿនូវអ្វីដែលគេប្រាប់
ហើយយល់ថាទាំងអស់នោះមិនមែនជាការពិតនោះទេ។ ចំណុចមួយទៀតនោះ
គឺមកពីចង់សាកល្បងដោយខ្លួនឯងផ្ទាល់ ចង់ដឹងថាតើដំណើរនោះវាយ៉ាងម៉េច
លុះតែដឹងការពិតទើបព្រមជឿតែអ្វីៗវាហួសពេលអស់ទៅហើយ។
ភាពចចេសនេះក៏បណ្តាលមកពីខ្វះការពិចារណា ព្រោះយល់ថា
គេហាមមិនឱ្យធ្វើនេះព្រោះគេមិនចង់ឱ្យខ្លួនបានចម្រើន ទើបបានខំបង្កើតនូវរឿងផ្តេសផ្តាសយកមកបន្លាចឱ្យខ្លាចជាដើម។
គ. លក្ខណៈនៃមនុស្សចចេស
បុគ្គលមានះ
ច្រើនជាមនុស្សក្អេងក្អាងមិនស្តាប់ចាស់ទុំធ្វើអ្វីតាមតែអំពើចិត្តរបស់
ខ្លួន ហើយពុំចូលចិត្តស្តាប់ហេតុផលនោះទេ។
ពេលខ្លះគេស្តាប់តែពេលនៅនឹងមុខប៉ុណ្ណោះ
តែលុះទៅដល់ក្រោយខ្នងក៏តាំងធ្វើបំពានភ្លាមៗតែម្តង។ ជាមនុស្សកម្រនឹងទូន្មានបានណាស់
ព្រោះមានចរឹតរឹងត្អឹងចូលចិត្តធ្វើឌឺដង ។
ជាមនុស្សសង្ស័យច្រើន ព្រោះមិនជឿនូវអ្វីដែលគេបានទូន្មានហើយដោយប្រពៃ។
ចំណុចនេះគឺដូចទៅនឹងសត្វប្រើសដែលមិនព្រមស្តាប់ការទូន្មានរបស់សត្វក្អែកជាសំឡាញ់
ទៅសេពគប់នឹងសត្វចចកព្រោះដោយភាពចចេសរឹងរូសនោះឯង[21]។
ឃ. លទ្ធផល
ការមិនអាចតាំងនៅរបស់ដុំអំបិល
នាវេលាដែលគេទម្លាក់ចូលទៅក្នុងឆ្នាំងសម្ល មានឧបមាយ៉ាងណា
ផលនៃភាពចចេសរឹងរូសក៏មានឧបមេយ្យដូច្នោះដែរ
ព្រោះថាគេជាបុគ្គលដែលមើលមិនឃើញនូវក្តីអន្តរាយដែលនៅនឹងមុខនោះ
ហើយព្យាយាមរត់ទៅរកគ្រោះថ្នាក់ដោយខ្លួនឯង។ បុគ្គលប្រភេទនេះ
ទាល់តែក្តីវិនាសមកកៀកនឹងខ្លួនទើបភ្ញាក់ខ្លួនស្តាយក្រោយចំពោះការមើលងាយពាក្យទូន្មានរបស់គេ។
ដំណើរនេះមានទំនងដូចសត្វប្រើសដែលបំពានការដាស់តឿនរបស់សត្វក្អែក
ទើបត្រូវចចកនាំទៅជាប់អន្ទាក់ ស្ទើរតែដល់នូវមរណា
ទើបស្តាយកំហុសខ្លួនជាខាងក្រោយ។
ជារួម
ភាពចចេសរឹងរូសគឺជាអំពើមួយដែលគួរចៀសវាង
ព្រោះវាពុំបាននាំសេចក្តីសុខមកឱ្យយើងឡើយ។ យើងត្រូវចេះស្តាប់ហេតុផលមនុស្សចាស់
ឬអ្នកដែលធ្លាប់មានបទពិសោធខ្លះទើបជាការប្រសើរ
ព្រោះពួកគាត់ធ្លាប់ហែលឆ្លងកាត់មុនយើងហើយទោះជាយ៉ាងណាក្តី
ក៏ពួកគាត់មិនចង់ឱ្យយើងវិនាសនោះឡើយ។
២.១០. ប្រជែងយកឈ្នះ
ក. អត្ថន័យ
ប្រជែង មានន័យថា ដណ្តើមជែងកាត់មុខគ្នា, ដណ្តើមយកឈ្នះ[22]។
ឯ ឈ្នះ មានន័យថា មានជម្នះ,
ប្រកបបានពីលើគេ[23]។
ប្រជែងយកឈ្នះ
គឺសម្តៅដល់ការដណ្តើមយកប្រៀបពីលើគេ ឬធ្វើយ៉ាងណាឱ្យគូបដិបក្ខបរាជ័យ។
វាជាសកម្មភាពមួយ ប្រព្រឹត្តតាមរយៈផ្លូវកាយ ផ្លូវវាចា
និងផ្លូវចិត្តក្នុងគោលបំណងឱ្យគេទទួលស្គាល់ថាខ្លួនជាមនុស្សខ្លាំងឬគ្រាន់បើ។
ខ. ការលេចឡើងនៃការប្រជែងយកឈ្នះ
ការប្រជែងយកឈ្នះនេះ កើតមកពីការខឹង សេចកី្តច្រណែន
ជាពិសេសគឺមកពីមិនចង់ឱ្យមាននរណាម្នាក់ល្អជាងខ្លួនទើបបានជាខំប្រជែងយកប្រៀបពីលើគេ។
វាផ្តើមចេញពីឥស្សាចិត្តដែលចេះតែដឹកនាំឱ្យធ្វើការប្រជែង ហើយការប្រជែងនេះទៀតសោតគឺពុំមែនដើម្បីល្បងសមត្ថភាពនោះទេ
តែគឺដើម្បីតែយកឈ្នះតែប៉ុណ្ណោះគឺធ្វើយ៉ាងណាឱ្យគេចាញ់
ឬវិនាសទើបខ្លួនសប្បាយចិត្ត។ ពេលខ្លះគឺបណ្តាលមកពីមិនចូលចិត្ត
ឬខឹងនឹងគេហើយក៏តាំងព្យាយាមយកឈ្នះគេតែម្តងទៅ។
គ. លក្ខណៈរបស់មនុស្សដែលប្រជែងយកឈ្នះ
គេច្រើនជាប្រភេទមនុស្សដែលចូលចិត្តចាប់កំហុស
ហើយធ្វើការនិយាយប្រឆាំងតបតភ្លាមៗ
ដោយមិនគិតពិចារណារកការពិតថាវាយ៉ាងណាៗនោះទេ
ឱ្យតែខ្លួនយល់ថាមិនត្រឹមត្រូវហើយនោះ ក៏តាំងប្រកែកយកឈ្នះតែម្តង
ពោលគឺគេប្រឆាំងដើម្បីតែការប្រឆាំងតែប៉ុណ្ណោះ។
គេក៏ជាប្រភេទមនុស្សដែលចង់បានមុខមាត់ ហើយមិនចង់ឱ្យអ្នកណាម្នាក់កន្លងលើខ្លួនបាន
ហេតុនេះទើបបានជាព្យាយាមកាច់បំបាក់គេឱ្យគេថមថយប្រជាប្រិយភាព
នឹងអាលចេញមុខចេញមាត់ឬឱ្យគេទទួលស្គាល់ច្រើន។ មួយវិញទៀតគឺជាមនុស្សដែលមានទោសៈច្រើន
ខឹងនឹងគេដោយសារគេឈ្នះខ្លួន ហើយធ្វើការប្រជែងដើម្បីសងសឹក។
ឧទាហណ៍ដូចជាអ្នកតាទឹកដែលខកចិត្តមិនបានកូនក្រមុំយាយតា
ក៏បែរជាខេរខឹងប្រឹងទៅប្រកួតប្រជែងនឹងអ្នកតាភ្នំដើម្បីយកឈ្នះ ដោយគ្មានពិចារណាពីហេតុដែលធ្វើឱ្យអ្នកតាភ្នំទទួលបានកូនក្រមុំយាយតាសោះ
គឺគាត់ប្រជែងដើម្បីតែយកឈ្នះប៉ុណ្ណោះ[24]។
ឃ. លទ្ធផល
ការប្រជែងដើម្បីតែឈ្នះ
ដោយគ្មានមូលដ្ឋានច្បាស់លាស់
ឬដោយមិនពិចារណារកហេតុផលឱ្យបានគ្រប់ជ្រុងជ្រោយដូច្នេះ
គឺនឹងទៅរកជ័យជំនះពីទីណាក៏មិនឃើញដែរ ព្រោះវាគ្មានសច្ចភាព
ហើយវាក៏ងាយនឹងឱ្យគេកាច់បំបាក់យើងវិញបានដោយងាយដែរ។
បើយើងប្រឆាំងដោយគ្រាន់ដើម្បីប្រឆាំងនោះ
យើងប្រាកដជានឹងត្រូវគេសើចចំអកមើលងាយ
ហើយបរាជ័យយ៉ាងជូរចត់ជាក់ជាពុំខាន។ ដំណើរនេះមានឧបមាដូចអ្នកតាទឹកដែលខំប្រជែងទាំងងងើល
ទើបត្រវបរាជ័យទាំងអាម៉ាស់។
ដូច្នេះយើងមិនគួរប្រជែងដើម្បីតែការឈ្នះប៉ុណ្ណោះទេ
តែគឺធ្វើត្រូវធ្វើការប្រជែងដើម្បីវឌ្ឍនភាពសម្រាប់ទាំងអស់គ្នា
ពោលគឺត្រូវចេះកែលម្អគ្នាទៅវិញទៅមកដើម្បីយើងដើរលើផ្លូវត្រូវទាំងអស់គ្នា។
ម្យ៉ាងវិញទៀត
យើងគួរព្យាយាមស្វែងរកការពិតឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងប្រឆាំងលើអ្វីមួយ
ហើយគួរចៀសវាងការការប្រឆាំងដោយគ្មានមូលដ្ឋានច្បាស់លាស់
ឬប្រឆាំងទាំងងងើល។
២.១១. ទុកខ្លួនជាវិសេសវិសាលជាងគេ
ក. អត្ថន័យ
វិសេសវិសាល មានន័យថា ទូលាយប្លែក, ទូលាយណាស់, ប្រសើរប្លែក, ល្អប្លែក[25]។ ទុកខ្លួនជាវិសេសវិសាលជាងគេ
គឺមានន័យថា ការតម្កល់ ឬសម្គាល់ខ្លួនថាជាមនុស្សដែលល្អដាច់គេ
ឬថាជាមនុស្សអស្ចារ្យគ្មាននរណាដូចឬប្រៀបបាន។ វាបានដល់ការ
ដែលវង្វេងស្រវឹងនឹងខ្លួនឯងខ្លាំងពេក
រហូតដល់ចាត់ទុកខ្លួងឯងជាបុគ្គលឯកនៅក្នុងលោកក៏មាន។
ខ.
ការលេចឡើងនៃការដែលទុកខ្លួនជាវិសេសវិសាលជាងគេ
ការទុកខ្លួនឯងជាវិសេសជាងគេនេះ
គឺបណ្តាលមកពីមានអវិជ្ជាជាដើមហេតុទើបធ្វើឱ្យយល់ថាក្នុងលោកនេះនឹងទៅរកបុគ្គលឯណានីមួយឱ្យស្មើអញនោះគឺគ្មានឡើយ។
នេះក៏ព្រោះ មិនដឹងថាក្នុងលោកនេះមានរឿងអស្ចារ្យប្លែកៗជាច្រើន
ហើយមនុស្សអច្ឆរិយៈក៏មានច្រើនដែរ។ ហេតុមួយទៀតក៏គឺមក
ពីការយល់ថាខ្លួនជាអាចារ្យ ខ្លួនជាអ្នកចេះដឹងច្រើន
ឬក៏ខ្លួនជាអ្នកត្រូវបានគេអប់រំដោយប្រពៃ បើដូច្នេះហើយតើនឹងឱ្យទៅរកបុគ្គលនៅឯណាមកប្រៀបនឹងបាននោះ។
សេចក្តីស្រវឹងចំពោះខ្លួនឯងនេះហើយ ដែលធ្វើឱ្យមានគំនិតបែបនេះនោះ។
គ.
លក្ខណៈរបស់មនុស្សដែលទុកខ្លួនជាវិសេសជាងគេ
មនុស្សជំពូកនេះ
ជារឿយៗតែងតែបង្គាប់បញ្ជាគេឱ្យគោរពបូជាចំពោះខ្លួន
ព្រោះយល់ថាខ្លួនជាអរិយបុគ្គល មានជាតិកំណើតដ៏វិសេស
គួរដល់នូវការធ្វើសក្ការៈ។ ជាមនុស្សមានអំនួត
ឬមោទនៈភាពចំពោះខ្លួនឯងខ្លាំងពេក ហើយចូលចិត្តនិយាយលើកសរសើរខ្លួនឯងប្រាប់អ្នកដទៃ
ជាមនុស្សមានះណាស់ទោះបីគេប្រាប់
ឬឃើញថាមានគេប្រសើរជាងខ្លួនហើយក៏នៅតែពុំព្រមចូលចិត្តជឿឡើយ
គឺតោងតែព្យាយាមពិសោធម្តងហើយម្តងទៀតៗក៏នៅតែពុំអស់ចិត្តដែរ។
ត្រង់នេះគឺសឹងមានឧបមាដូច រាហ៊ូអសុរិន្រ្ទ ដែលជាបុគ្គលទុកខ្លួនថាវិសេសលើសគេនោះ
លុះបានឮភរិយាអួតសរសើរពីព្រះពុទ្ធក៏ពុំជឿ
ទាំងខ្លួនបានឃើញផ្ទាល់ហើយក៏ពុំអស់ចិត្ត ហើយតាមពិសោធលួចវាស់កម្ពស់របស់ព្រះពុទ្ធម្តងហើយម្តងទៀត[26]។
ឃ.
លទ្ធផល
អ្នកដែលទុកខ្លួនជាវិសេសជាងគេនោះ
ក៏រមែងនឹងត្រូវគេមិនសូវរាប់អានឬឱ្យតម្លៃឡើយ
ព្រោះភាពវិសេសវិសាលនោះគឺពុំមែនអ្នកទីទៃឯណាក្រៅតែពីខ្លួងឯងជាអ្នកឱ្យនោះទេ។
ដូច្នេះផលដែលគេរំពឹងទុកនោះក៏នឹងមិនកើតឡើងដល់គេឡើយ
ហើយអ្វីដែលនឹងកើតមានចំពោះគេនោះគឺភាពអាម៉ាស់ឯណោះទៅវិញទេ។
ចំណុចនេះគឺដូចរាហ៊ូអសុរិន្រ្ទដែលត្រូវអាប់ឱនដោយភាពវង្វេងរបស់ខ្លួនដូច្នោះដែរ។
សរុបមក
ភាពវិសេសវិសាលដែលខ្លួនយើងជាអ្នកឱ្យដោយខ្លួនឯងនោះ
គឺពុំមែនជារឿងអស្ចារ្យនោះទេ តែបើសិនវាជាតម្លៃដែលអ្នកដទៃផ្តល់ឱ្យយើងនោះទើបជាភាពវិសេសដ៏ពិតប្រាកដមែន។
ម្យ៉ាងទៀតយើងគួរស្វែងយល់ពីពិភពខាងក្រៅខ្លះផង
កុំឱ្យដូចជាកង្កែបដែលនៅតែក្នុងអណ្តូង មិនស្គាល់ថាមេឃកម្ពស់ណានោះ។
២.១២.
មើលងាយគេ
ក. អត្ថន័យ
មើលងាយ មានន័យថា មើលឃើញថាងាយ, មើលយល់ថាងាយ
គឺមើលទៅឃើញថាងាយស្តី ងាយថា ងាយធ្វើជាដើម(មាក់ងាយគេជាដើម)[27]។ មើលងាយគេ
គឺសម្តៅទៅដល់ការប្រមាថកាតទានចំពោះអ្នកដទៃ ការបៀតបៀនចំពោះអ្នកដទៃគឺធ្វើឱ្យគេឈឺចាប់ឬខូចប្រយោជន៍។
វាគឺជាការញាំញីចំពោះគេ ការបន្ទាបបន្ថោកគេ គិតថាគេអន់ជាងខ្លួន
ឬគេនោះមិនគួរឱ្យចង់រាប់អានជាដើម។
ខ.
ការលេចឡើងនៃការមើលងាយគេ
វាផ្តើមចេញពី ការមិនឱ្យតម្លៃគ្នាទៅវិញទៅមក
ឬគំនិតដែលគិតថាអ្នកដទៃមិនសំខាន់
ឬមិនមានអ្វីអស្ចារ្យគួរឱ្យគោរពនោះទេ។
មួយទៀតគឺដោយសារចង់ធ្វើបាបគេហើយក៏ចេះតែរករឿងរកហេតុ
ដោយគិតថាគេមិនមានអំណាចអ្វីនឹងអាចតបតនឹងខ្លួនវិញបានទើបបានជាចេះតែធ្វើអ្វីទៅតាមទំនើងចិត្តរបស់ខ្លួន។
ពេលខ្លះគឺមកពី ការបែងចែកវណ្ណៈ ដោយអាងខ្លួងជាអ្នកមានអំណាចឬទ្រព្យសម្បត្តិ
លុះដល់ឃើញអ្នកតូចទាបឬក្រខ្សត់ក៏តាំងចាប់ផ្តើមមើលងាយមើលថោកគេតែម្តងទៅ។
គ.
លក្ខណៈនៃមនុស្សដែលមើលងាយគេ
គឺជាមនុស្សដែលចូលចិត្តវាយឬក
មិននិយាយស្តីរកអ្នកមានឋានៈតូចទាបជាងខ្លួនឡើយ។
ចូលចិត្តប្រើពាក្យសម្តីគំរោះគំរើយ ឬស្តីឱ្យអ្នកដទៃឱ្យគេអាម៉ាស់មុខឬអាប់ឱនកិត្តិយសជាដើម។ល។
ពេលខ្លះគេប្រើកាយវិការមិនសមរម្យទៅលើអ្នកដទៃដូចជា កាន់ក្បាល
ទះកំផ្លៀង ឬវាយដំច្រំធាក់ អំពើហិង្សាផ្សេងៗទៅលើអ្នកទន់ខ្សោយជាងខ្លួន។
ជនខ្លះទៀតជេរផ្តាសាគេ ប្រៀបធៀបគេទៅនឹងសត្វធាតុដោយប្រការផ្សេងៗ
មិនអាចនឹងពណ៌នាបាន។ អ្នកខ្លះទៀតសើចចំអកឱ្យគេ
យល់ថាគេមិនមានសមត្ថភាពដូចខ្លួន
ឬក៏មិនអាចយកឈ្នះខ្លួនបានផងក៏សឹងមាន។ ដណើរមួយនេះដូចទៅនឹងសត្វចចក
ដែលមើលងាយអណ្តើកថាជាសត្វជើងខ្លីរំពឹងអីនឹងលោតឆ្លងស្ទឹងឈ្នះខ្លួននោះ[28]។
ឃ. លទ្ធផល
បុគ្គលដែលចូលចិត្តមើលគេ
នេះនឹងមានញាតិរាប់អានច្រើននោះគឺមិនមែនទេ
តែនឹងបានជួបសេចក្តីសុខចម្រើននោះក៏ទេដែរ ផ្ទុយមកវិញផលដែលគេនឹងទទួលបាននោះគឺសេចក្តីស្អប់ខ្ពើមពីមនុស្សដែលនៅជុំវិញឯណោះទេ។
បើគេមើលងាយអ្នកដទៃកាន់តែខ្លាំង
អ្នកដទៃក៏នឹងមើលងាយគេកាន់តែខ្លាំងវិញដែរ។
ជួនកាលគេក៏ត្រូវអាម៉ាសមុខ
ដោយសារតែការមើលស្រាលរបស់ខ្លួននោះវិញផងដែរ គឺដូចជាសត្វចចកដែលមើលងាយអណ្តើកថាជើងខ្លីនឹងលោតអីឈ្នះខ្លួន
តែផ្ទុយមកវិញបែរជាចាញ់ដៃអណ្តើកទៅវិញ។
និយាយរួម
ការមើលងាយគេជាអំពើមួយមិនគួរគប្បីទាល់តែសោះព្រោះវាពុំបាននាំប្រយោជន៍អ្វីមកដល់យើងទេ
តែវានាំមកតែជម្លោះតែប៉ុណ្ណោះ។
យើងគប្បីគោរពស្រឡាញ់អ្នកដទៃឱ្យដូចជាយើងគោរពស្រឡាញ់ខ្លួនឯង
ព្រោះមនុស្សយើងគ្រប់រូបមានសិទ្ធិស្មើៗគ្នា
ដូច្នេះបើយើងមិនចង់ឱ្យគេរំលោភសិទ្ធិយើងទេគឺយើងក៏មិនត្រូវរំលោភលើសិទ្ធិគេដែរ
ធ្វើយ៉ាងនេះទើបយើងអាចស្វែងរកនូវសេចក្តីសុខមួយដ៏ពេញលេញបាន។
២.១៣. ស្រវឹងលង់ក្នុងគំនិត
ក. អត្ថន័យ
ស្រវឹង មានន័យថា ប្រែស្មារតី ឬងោង, ភ័ន្ត, វង្វេងស្មារតី
ខុសពីប្រក្រតី ដោយសេពសុរាជាដើម[29]។
ឯ លង់ មានន័យថា ជ្រុល, ស៊ុន, ហួស[30]។
គំនិត គឺសំដៅទៅដល់ ការគិត
ឬយោបល់[31]។ ស្រវឹងលង់ក្នុងគំនិត គឺបានសេចក្តីថា
វង្វេងងប់ងល់ជ្រុលគំនិត ជឿស៊ប់ចំពោះខ្លួនឯង មិនអាចដកខ្លួងបានឬមិនភ្ញាក់ស្មារតី។
វាសំដៅទៅលើការយល់ខុសចំពោះរឿងអ្វីមួយថាជាការត្រឹមត្រូវ
ទោះបីជាអ្នកដទៃគេប្រឹងពន្យល់ប្រាប់ពីការពិតយ៉ាងណាក៏នៅតែពុំយល់ ពុំព្រមជឿចូលចិត្តនោះទេ
គឺនៅតែប្រកាន់យកគំនិតរបស់ខ្លួនថាត្រឹមត្រូវជានិច្ច។
ខ. ការលេចឡើងនៃការស្រវឹងលង់ក្នុងគំនិត
ដើមហេតុដែលនាំឱ្យមានការស្រវឹងលង់ក្នុងគំនិតនេះ
គឺមកពីភាពអវិជ្ជាខ្វះបញ្ញាក្នុងការត្រិះរិះពិចារណារកហេតុផល
មើលមិនឃើញនូវការពិតថាជាយ៉ាងណាៗនោះទេ។ មានអស្មិមានះ
រឹងត្អឹងពុំជឿនូវអ្វីដែលជាការពិតនោះទេ
ព្រោះដោយសារវាខុសនឹងអ្វីដែលខ្លួនធ្លាប់ដឹងធ្លាប់ឮ ទើបយល់ថាមិនត្រឹមត្រូវមិនគួរឱ្យចូលចិត្ត។
មួយទៀតគឺមកពីមានមោទនភាពចំពោះខ្លួនឯងពេក
គឺមានតែគំនិតរបស់ខ្លួនទេដែលត្រឹមត្រូវ
ឯអ្នកដទៃនិយាយមកដូចជាមិនត្រូវ មិនសមហេតុផលដូចខ្លួនបន្តិចសោះ។
គ. លក្ខណៈរបស់មនុស្សដែលស្រវឹងលង់ក្នុងគំនិត
បុគ្គលបែបនេះ
គឺជាមនុស្សដែលចូលចិត្តនិយាយអួតពីខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ
ឬពុំទទួលថាគេគ្រាន់បើជាងខ្លួននោះទេ។
ពេលខ្លះគេតែងព្យាយាមទៅបញ្ចុះបញ្ចូលអ្នកដទៃ ឱ្យមានជំនឿចំពោះខ្លួនដោយឥតហេតុផលថែមទៀតផង។
ជាមនុស្សដែលចូលចិត្តប្រមាទគិតអ្វីងាយៗ ព្រោះខ្លួនគ្មានបញ្ញានឹងយល់ឱ្យបានស៊ីជម្រៅ
រួចក៏តាំងប្រកាន់មាំថាគំនិតរបស់ខ្លួនត្រឹមត្រូវឥតខ្ចោះ។
គេគឺជានុស្សដែលគិតខុស ស្លុងទៅតាមការយល់របស់ខ្លួន
ដូចជាគិតថាម៉ែឪគ្មានគុណ ផលនៃកម្មមិនមាន បរលោកមិនមាន
មនុស្សស្លាប់ហើយគឺសូន្យគ្មានការចាប់កំណើតជាថី្មឡើងវិញជាដើម។ល។
បុគ្គលបែបនេះគឺជាមនុស្សដែលគេទូន្មានបានដោយកម្រណាស់
ព្រោះត្បិតគេវង្វេងងប់ងល់ទៅហើយ។
ឃ. លទ្ធផល
មនុស្សដែលស្រវឹងលង់ក្នុងនេះ
ច្រើនជួបប្រទះនឹងសេចក្តីអន្តរាយពុំលែងឡើយ
ព្រោះដោយហេតុថាគេប្រាប់ពីផ្លូវត្រូវហើយក៏នៅមិនទទួលធ្វើតាមនោះទេ។
បើគិតតាមសាសនាវិញលោកថាជាមនុស្សគម្រក់ពេកណាស់
ព្រោះពុំស្គាល់ឧបការគុណរបស់។ ពេលនៅរស់ បុគ្គលបែបនេះច្រើនត្រូវគេស្អប់ដៀលត្មះមិនរាប់អាន
លុះដល់ស្លាប់ទៅក៏គង់តែនឹងទៅរងទុក្ខវេទនាក្នុងអបាយភូមិជាមិនខានឡើយ។
ដូច្នេះយើងពុំត្រូវវង្វេងចំពោះគំនិតរបស់ខ្លួននោះទេ
គឺត្រូវចេះប្រើបញ្ញាពិចារណារកការពិតខ្លះផង
គឺតោងត្រូវចេះស្តាប់ហេតុផលនិងយកគំនិតអ្នកដទៃមកថ្លឹងថ្លែងស្វែងរកសច្ចភាព។
មួយវិញទៀតត្រូវចេះទទួលស្គាល់ការពិត កុំនៅតែឈ្លក់វង្វេងនឹងគំនិតខុសឆ្គងនោះ
គហើយត្រូវចេះកែប្រែអ្វីដែលខុសឱ្យមកត្រឹមត្រូវវិញទើបជាការគួរ។
២.១៤. ធ្វេសប្រហែស
ក. អត្ថន័យ
ធ្វេស មានន័យថា ធ្លោយ, ប្រហែស[32]។
ឯ ប្រហែស មានន័យថា ធ្វេសស្មារតី,
មិនសូវប្រយ័ត្ន, បណ្តែតបណ្តោយ[33]។
ធ្វេសប្រហែស គឺមានន័យថា
បណ្តែតបណ្តោយមិនសូវនឹកនា។ វាគឺជាការភ្លេចស្មារតី ឬមើលងាយការ
មិនយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ដោយយល់ថាអ្វីៗនឹងដំណើរការតាមសម្រួលដូចអ្វីដែលបានគ្រោងទុក្ខជាមុន។
ខ. ការលេចឡើងនៃការធ្វេសប្រហែស
ការធ្វេសប្រហែស
គឺមានសេចក្តីប្រមាទជាឬសគល់ទើបបានជាបណ្តែតបណ្តោយពុំព្រមអើពើធ្វើបង្ហើយកិច្ចការឱ្យរួចរាល់នោះទេ។
ពេលមានសេចក្តីប្រមាទហើយនោះ វានឹងនាំឱ្យមិនសូវខ្វាយខ្វល់
ឬប្រយ័ត្នប្រយែងនោះទេ។
មួយវិញទៀតគឺមកពីឧស្សាហ៍ភ្លេចស្មារតីជារឿយៗ
រកនឹកមិនឃើញក៏កើតជាធ្វេសប្រហែសខូចការតែម្តងទៅ។
ពេលខ្លះវាបណ្តាលមកពីមិនបានគិតគូរឱ្យបានសព្វជ្រុងជ្រោយ
ទើបធ្វើឱ្យមានចន្លោះប្រហោងធ្វើឱ្យធ្លោយការមិនបានសម្រេចដូចបំណងក៏សឹងមានដែរ។
គ. លក្ខណៈនៃមនុស្សធ្វេសប្រហែស
ជាមនុស្សដែលមិនសូវហ្មត់ចត់
ចូលចិត្តធ្វើអ្វីមិនពេញដៃមិនពេញជើង ហើយរំលែកកិច្ចការដែលត្រូវធ្វើតែមួយថ្ងៃហើយ
ឱ្យទៅជាច្រើនថ្ងៃដោយរំពឹងគិតថាគង់តែនឹងរួចដដែលកុំបាច់ប្រញាប់ទៅណាធ្វើលេងៗសិនទៅជាដើម។
មិនត្រឹមតែប៉ុណ្ណោះ
គេជាមនុស្សដែលមិនចេះទុកដាក់ទ្រព្យសម្បត្តិឱ្យបានស្រួលបួលនោះទេ
ព្រោះចេះតែយល់ថាវាមិនចេះដើរទៅឯណាឬក៏គ្មានអ្នកណាយកវាទៅណានោះទេ
ទើបបណ្តែតបណ្តោយទៅៗ លុះដល់ទ្រព្យរលស់ចេញអស់ទើបនឹកស្តាយក្រោយ។
ជាមនុស្សខ្ជិលច្រអូសចូលចិត្តធ្វើអ្វីៗនៅនាទីចុងក្រោយ
ទោះបីជាខ្លួនទំនេរក៏ពុំព្រមធ្វើឱ្យហើយដែរ ដោយយល់ថាការងារប៉ុណ្ណឹងធ្វើតែមួយភ្លែតរួចហើយដូច្នេះចាំជិតដល់ពេលចាំធ្វើក៏បានដែរ។
ជាក់ស្តែងសិស្សខ្លះ ពេលលោកគ្រូ ឬអ្នកគ្រូដាក់កិច្ចការឱ្យធ្វើនោះ
គឺពុំព្រមធ្វើភ្លាមៗនោះទេដោយដំអក់ចាំជិតដល់ថ្ងៃប្រមូលទើបចាប់ផ្តើមធ្វើ
លុះដល់ធ្វើពុំទាន់ក៏តាំងឆ្លេឆ្លានឹកស្តាយក្រោយព្រោះក្តីធ្វេសប្រហែសមើលងាយការរបស់ខ្លួនក៏សឹងមាន។
ឃ. លទ្ធផល
បុគ្គលដែលមានសេចក្តីធ្វេសប្រហែស
រមែងនឹងធ្វើអ្វីពុំបានសម្រេចនោះទេព្រោះជាមនុស្សដែលមានសេចក្តីប្រមាទច្រើន។
ដោយសារសេចក្តីធ្វេសប្រហែស
បុគ្គលអាចនឹងត្រូវវិនាសអស់ទ្រព្យសម្បត្តិក៏មាន
ព្រោះគេមិនដែលគិតគូរប្រយ័ត្នក្នុងការថែរក្សាឱ្យបានគត់មត់។
ទីបំផុតមរតកដែលសេចក្តីធ្វេសប្រហែសបន្សល់ទុកឱ្យនោះ
គឺវិប្បដិសារីតែប៉ុណ្ណោះឯង។
ជារួម
យើងត្រូវលះសេចក្តីប្រមាទ(ធ្វេសប្រហែស)នេះ
ឱ្យអស់ពីក្នុងខ្លួនទើបជ័យជំនះនិងសេចក្តីសុខចម្រើនកើតមានដល់ខ្លួនយើងបាន។
បន្ថែមពីលើនេះទៀតនោះ យើងត្រូវជាមនុស្សដែលមានស្មារតីភ្ញាក់រលឹករឿយៗ
ចេះប្រយ័ត្នប្រយែងសព្វគ្រប់កិច្ចការទាំងអស់
ទើបយើងនឹងមិនជាអ្នកដែលជួបប្រទះនូវសេចក្តីវិនាសអន្តរាយបាន។
២.១៥. ជោរ
ក. អត្ថន័យ
ជោរ មានន័យថា ពោរឡើង, ឡើងចិត្ត, ស្រស់ចិត្ត,
រីកចិត្តដោយពាក្យបញ្ជោរ[34]។
ជោរ
គឺសម្តៅដល់កិរិយាត្រេកអរនឹងពាក្យបញ្ចើចបញ្ចើរបស់អ្នកដទៃ។ វាជាសភាពមួយរបស់មនុស្ស
ដែលតែងតែកើតមានជាប្រក្រតីនៅពេលដែលមាននរណាម្នាក់
មកពោលសរសើរលើកជើង ឬរៀបរាប់ពីគុណសម្បត្តិរបស់យើងភ្លាម
យើងក៏ចាប់ផ្តើមមានអារម្មណ៍ពេញចិត្ត ចូលចិត្ត
ចង់ឮចង់ស្តាប់ជារឿយៗនូវពាក្យសម្តីទាំងនោះ។
ខ. ការលេចឡើងនៃភាពជោរ
ភាពជោរនេះគឺវាបណ្តាលមកពី
អារម្មណ៍ភ្លើតភ្លើនឆាប់ត្រេកអរទៅនឹងពាក្យលួងលោមរបស់អ្នកដទៃ។ វាក៏មកពីចិត្តដែលចង់តែឱ្យគេនិយាយល្អៗពីខ្លួន
ឬចង់ឱ្យគេទទួលខ្លួនថាជាមនុស្សល្អពិតៗ។
ពេលខ្លះវាមកពីភាពរវើរវាយចង់បានឬធ្វើនូវអ្វីមួយ លុះដល់មានអ្នកមកបន្ទរថែមក៏កើតចិត្តជោរក្លាហានខុសរឿងក៏មានដែរ។
គ. លក្ខណៈរបស់មនុស្សជោរ
មនុស្សស៊ីខ្សែជោរ
ជាមនុស្សដែលឆាប់រំភើបបំផុតនៅពេលដែលឮគេនិយាយលើកសរសើរពីគុណសម្បត្តិរបស់ខ្លួន។
គេជាមនុស្សងាយយកចិត្ត ហើយអាចនឹងឱ្យរបស់របរផ្សេងៗទៅអ្នកដទៃប្រសិនបើគេនោះនិយាយត្រូវចំចំណុច
ឬត្រូវចិត្តរបស់ខ្លួនដែលកំពុងតែចង់បាន។
ជាមនុស្សចូលចិត្តយកមុខយកមាត់ ដើម្បីឱ្យស្គាល់កាន់តែច្រើន។ ពេលខ្លះ
គ្រាន់តែគេសរសើរភ្លាមក៏ចាប់ផ្តើមវាយឬកមួយរំពេចក៏មានដែរ។
គេក៏ជាមនុស្សឆោត ដែលនឹងងាយត្រូវគេបោកប្រាស់ណាស់ដែរ
ដូចមានឧបមាពីសត្វក្អែកស៊ីជោរត្រូវកញ្ជ្រោងបញ្ជោរលើកជើងរហូតដល់ភ្លេចខ្លួនក៏ធ្លាក់ដុំសាច់ពីមាត់ទៅដី
បានដៃកញ្ជ្រោងឆីជាអាហារនោះឯង[35]។
ឃ. លទ្ធផល
នរជនណាដែលជាមនុស្សចូលចិត្តស្តាប់ពាក្យបញ្ជោររបស់អ្នកដទៃ
នរជននោះនឹងងាយខាតបង់ប្រយោជន៍ឬទ្រព្យសម្បត្តិណាស់
ព្រោះនឹងត្រូវជនខិលខូចគេលួងលោមបោកប្រាស់បានដោយងាយ។ ភាពជោរនឹងនាំនូវសេចក្តីចម្រើនដល់យើងនោះក៏ទេ
នាំមកនូវសេចក្តីសុខដល់យើងនោះក៏ទេដែរ
តែអ្វីដែលវានាំមកឱ្យយើងនោះគឺការខាតប្រយោជន៍ព្រោះចាញ់បោកមនុស្សខិលខូច
ប៉ិនអែបអបយកលាភសក្ការៈនោះទៅវិញទេតើ។
គតិមួយនេះគឺដូចសត្វក្អែកដែលត្រូវអត់អាហារដោយសារតែជោរ
ចាញ់បោកពាក្យបញ្ចើចបញ្ចើរបស់កញ្ជ្រោងរួចទើបនឹកស្តាយក្រោយ។
ដូច្នេះយើងគប្បីអប់រំចិត្តរបស់ខ្លួនឱ្យបានល្អប្រសើរ
និងមិនគួរឆាប់ញាប់ញ័រនឹងពាក្យកុហកបញ្ជោររបស់គេនោះទេ។
ម្យ៉ាងវិញទៀតយើងត្រូវរៀនស្គាល់ខ្លួនឯងឱ្យបានច្បាស់
ទើបយើងនឹងមិនងាយនឹងទោរទន់តាមពាក្យបញ្ចើចបញ្ចើទាំងនោះ។
ហើយចូរចងចាំថា ដរាបណាយើងជាមនុស្សងាយបញ្ជោរ ដរាបនោះយើងក៏ជាមនុស្សងាយនឹងបោកប្រាស់ដែរ។
៣. សន្និដ្ឋានរួម
ថ្នាំពុលដែលនឹងផ្តល់ក្តីអន្តរាយដល់អ្នកដែលផឹកវាចូលក្នុងពោះមានឧបមាយ៉ាងណា
បាបកម្មក៏នឹងផ្តល់ក្តីវិនាសដល់អ្នកទ្រទ្រង់វាយ៉ាងនោះដែរ។ ផលនៃបាបកម្មនោះស្រាលឬធ្ងន់គឺវាអាស្រ័យលើចេតនាចិត្តនិងទង្វើរបស់យើង
ថាតើចិត្តយើងប្រកាន់មាំប៉ុណ្ណា ហើយអំពើរបស់យើងធ្ងន់ធ្ងរប៉ុណ្ណាដែរ។
បើចិត្តរបស់យើងត្រេកអរទៅនឹងការបំពេញបាបនោះកាន់តែខ្លាំង
ផលនៃកម្មនោះក៏នឹងផ្តល់ឱ្យយើងកាន់តែខ្លាំងដែរ។
ផលនៃបាបកម្មនេះមានអានុភាពខ្លាំងក្លាណាស់
ព្រោះដោយហេតុថាវាមិនត្រឹមតែផ្តល់ផលដល់យើងក្នុងបច្ចុប្បន្នជាតិតែប៉ុណ្ណោះទេ
តែវានឹងបន្តតាមផ្តល់ដល់យើងនៅក្នុងអនាគតជាតិថែមទៀតផង។ អំពើបាបនាំសត្វឱ្យធ្លាក់ក្នុងអបាយភូមិប្រៀបបានទៅនឹងដុំថ្មដែលធ្ងន់រមែងតែនឹងលិចទៅក្នុងទឹក
ចំណែកបុណ្យវិញប្រៀបបានទៅនឹងទូកដែលអាចទ្រទ្រង់សត្វឬដុំថ្មមិនឱ្យលិចទៅក្នុងទឹក
ហើយចម្លងសត្វដល់ត្រើយសុភមង្គលបានទៀតផង។ដូច្នេះនរជនណាដែលជាអ្នកប្រាថ្នានូវសេចក្តីសុខ
នរជននោះគប្បីវៀរចាកនូវការប្រព្រឹត្តបាបកម្មទាំងពួងឱ្យបាន
ហើយខិតខំបំពេញអំពើបុណ្យ អំពើជាកុសលទើបអាចជួយយើងឱ្យរួចផុតពីសេចក្តីទុក្ខបាន។
សេចក្តីឈ្លាសក្នុងការបំពេញបុណ្យ
ឬក្នុងការប្រព្រឹត្តអំពើល្អប្រកបដោយសទ្ធានិងបញ្ញាគឺពិតជានឹងនាំយើងឱ្យជួបប្រទះសេចក្តីសុខ
សេចក្តីចម្រើនទាំងក្នុងលោកនេះនិងបរលោក៕៚
ឯកសារពិគ្រោះ
១. ជួន ណាត, វចនានុក្រមខ្មែរ,
ភ្នំពេញឆ្នាំ១៩៦៧, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ,
១៤១៧ទំព័រ
២. គូ សុភាព, មាគ៌ាជីវិត,
ឆ្នាំ២០០៦, ៩៤ទំព័រ
៣. ដុង សុភឿន,
អធិប្បាយសិង្គាលកសូត្រ, ឆ្នាំ២០០៩
៤. ត្រឹង ងា, អរិយធម៌ខ្មែរ, បោះពុម្ពឡើងវិញឆ្នាំ២០០៨,
គ្រឹះស្ថានបោះពុម្ពអង្គរ, ១៤១ទំព័រ
៥. ដៀប សុផល, អរិយធម៌ខ្មែរ, ឆ្នាំ២០១០,
រោងពុម្ពជោគជ័យ, ៣៨០ទំព័រ
៦. សម្តេចព្រះមហា ឃោសានន្ទ,
មួយជំហានម្តង, បកប្រែនិងរៀបចំបោះពុម្ពដោយ
ភិក្ខុ ញែម គឹមតេង
៧. សុត្តន្តប្រីជា ឥន្ទ, គតិលោក
ភាគ៣, ៥ និង៦, បោះពុម្ពលើកទី៥ ព.ស.២៥០២,
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
៨. ក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ, ប្រជុំរឿងព្រេងខ្មែរ
ភាគ៧និង៩, បោះពុម្ពឡើងវិញ
ឆ្នាំ២០០៣, រោងពុម្ពអប់រំ
៩. ប៉ាង ខាត់, ស្រីហិតោបទេស,
បោះពុម្ពឡើងវិញឆ្នាំ២០០៣
១០. ក្រសួងអប់រំ,
អក្សរសិល្ប៍ថ្នាក់ទី៩, ឆ្នាំ១៩៨៨, ១២៨ទំព័រ
១១. សេ អឿន និង អ៊ិត សុធា,
វិជ្ជានិពន្ធ, ឆ្នាំ២០០០
[9] សូមមើលសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៧ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
បោះពុម្ពឆ្នាំ២០០៣ ទំព័រទី៨
[12] សូមមើល គតិលោកភាគទី៥ របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ
បោះពុម្ពលើកទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥០២ ទំព័រទី២៩
[14] សូមមើល គតិលោកភាគទី៦ របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ
បោះពុម្ពលើកទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥០២ ទំព័រទី៨០
[16] សូមមើល គតិលោកភាគទី៥ របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ
បោះពុម្ពលើកទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥០២ ទំព័រទី១
[19]សូមមើល
គតិលោកភាគទី៣ របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បោះពុម្ពលើកទី៥
ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥០២ ទំព័រទី១
[21] សូមមើល ស្រីហិតោបទេសភាគ១ របស់ភិក្ខុ ប៉ាង
ខាត់វិរិយបណ្ឌិតោ បោះពុម្ពឡើងវិញឆ្នាំ២០០៣ ទំព័រទី១៨
22, 23 វចនានុក្រមខ្មែរ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧ ទំព័រទី៤៧៤ និង២១៣
[26] សូមមើលសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៩ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
បោះពុម្ពឆ្នាំ២០០៣ ទំព័រ១០១
[28] សូមមើលសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៧ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
បោះពុម្ពឆ្នាំ២០០៣ ទំព័រទី១៩
32, 33 វចនានុក្រមខ្មែរ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧ ទំព័រទី៣៥៩ និង៤៩៥
[35] សូមមើល វិជ្ជានិពន្ធ
របស់សាស្ត្រាចារ្យ សេ អឿន និង អ៊ិត សុធា បោះពុម្ពឆ្នាំ២០០០ ទំព័រទី៩១
No comments:
Post a Comment